អភិបាល​ខេត្ត​មណ្ឌលគិរី​ព្រមាន​ចាប់​ខ្លួន​អ្នក​ដឹកនាំ​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគ​តិច

0:00 / 0:00

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី អះអាង​ថា នឹង​ចាប់​ខ្លួន​តំណាង​ជនជាតិ​ដើម​ភាគ​តិច​ដែល​ដឹកនាំ​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគតិច​ពិភពលោក ដោយ​មិន​សុំច្បាប់​អនុញ្ញាត​ជា​មុន។

ការ​ព្រមាន​ចាប់​ខ្លួន​នេះ បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​នេះ ហាម​ពលរដ្ឋ​មិន​ឲ្យ​សង់​វេទិកា​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​លើក​ទី​២១ ឆ្នាំ​២០១៥ ក្រោម​ហេតុផល​ថា ការ​រៀបចំ​ពិធី​នេះ​គ្មាន​ច្បាប់​អនុញ្ញាត។ ចំណែក​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ចាត់​ទុក​ការ​ព្រមាន​របស់​អាជ្ញាធរ​ខេត្ត​នេះ​ថា ផ្ទុយ​ពី​សេចក្ដី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ខេត្ត​ចំនួន ៣ នៅ​ភាគ​ឦសាន ដូចជា​ខេត្ត​ស្ទឹងត្រែង ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​ឆ្នាំ​២០១៥ នៅ​ថ្ងៃ​តែ​មួយ គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​សីហា ​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច។ ប៉ុន្តែ​ការ​ប្រារព្ធ​ទិវា​នេះ ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ទាំង​នោះ​មិន​អាច​ធ្វើ​ទៅ​បាន​រលូន​នោះ​ទេ ក្នុង​ចំណោម​ខែត្រ​ទាំង​បី​នោះ ខេត្ត​ដែល​ប្រឈម​ការ​គំរាមកំហែង​ចាប់​ខ្លួន និង​រារាំង​ដោយ​កងកម្លាំង​ប្រដាប់​អាវុធ​ចម្រុះ គឺ​ខេត្ត​មណ្ឌលគិរី។

​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​មណ្ឌលគិរី អះអាង​ថា សហគមន៍​ប្រារព្ធ​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ពិភពលោក​នៅ​ឆ្នាំ​នេះ មក​ពី​គ្រប់​បណ្ដា​ស្រុក​ទូទាំង​ខេត្ត​មណ្ឌលគិរី ចំនួន​ជាង ៥០០​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ដើម​ភាគ​តិច ដូចជា ព្នង ព្រៅ គ្រឹង និង​មួយ​ចំនួន​ទៀត​ជា​ជនជាតិ​ភាគ​តិច​ចាម ជា​ដើម។

​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង លោក ក្រើង តុលា ចោទ​ប្រកាន់​ថា អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី មាន​ចេតនា​រឹត​បន្តឹង​សេរីភាព​បញ្ចេញ​មតិ និង​បំបិទ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ដែល​មាន​ចែង​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ទៀត​ផង។ លោក​កត់សម្គាល់​ថា កងកម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ជាង ១០​នាក់ ប្រដាប់​ដោយ​អាវុធ ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ឃ្លាំមើល និង​គំរាម​ចាប់​ខ្លួន​លោក ក្រោម​ហេតុផល​ថា ការ​ប្រារព្ធ​ទិវា​នេះ​ពុំ​មាន​ច្បាប់​អនុញ្ញាត​ជា​មុន។ បន្ថែម​ពី​លើ​នេះ​ទៀត សហគមន៍ ប្រារព្ធ​ទិវា​នេះ ចាប់​ផ្ដើម​នៅ​ព្រឹក​ម៉ោង ៨:០០ និង​បញ្ចប់​នៅ​ម៉ោង ២​រសៀល ក្រោម​កម្ដៅ​ថ្ងៃ និង​ទឹក​ភ្លៀង ដោយសារ​តែ​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​រារាំង​ពលរដ្ឋ​មិន​ឲ្យ​សង់​រោង​ប្រារព្ធ​ទិវា​នេះ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា។

លោក​ថា គោលបំណង​សំខាន់​ដែល​សហគមន៍​ចង់​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគតិច​ពិភពលោក គឺ​ដើម្បី​ចង់​បង្ហាញ​នូវ​ទុក្ខ​កង្វល់​ទាក់ទិន​សិទ្ធិ​ជន​ជាតិ​ដើម​ភាគតិច​ដែល​កំពុង​រង​ការ​រំលោភ​បំពាន ការ​បាត់បង់​ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម​ភាគតិច ការ​បាត់បង់​ធនធាន​ធម្មជាតិ និង​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​ជាដើម ដែល​ជា​ដើមចម​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវិត​រស់​នៅ​របស់​ជន​ជាតិ​ដើម​ភាគតិច៖ «ទោះ​ជា​ឃាត់ ឬ​ដាក់​ខ្នោះ ដាក់​គុក​យ៉ាង​ណា​ក៏​ខ្ញុំ​មិន​ខ្វល់​ដែរ ខ្ញុំ​គិត​ថា អ្វី​ដែល​ខ្ញុំ​ធ្វើ​គឺ​ត្រឹមត្រូវ»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ អភិបាល​ខេត្ត​មណ្ឌលគិរី លោក អេង ប៊ុនហ៊ាង អះអាង​ថា អាជ្ញាធរ​តម្រូវ​ឲ្យ​សហគមន៍​ត្រូវ​សុំ​ច្បាប់​អនុញ្ញាត​ជា​មុន​សិន​មុន​ចាប់​ផ្ដើម​ប្រារព្ធ​ទិវា​នេះ។ ក៏​ប៉ុន្តែ​តំណាង​សហគមន៍​នៅ​តែ​មិន​អនុវត្ត​តាម​សេចក្ដី​ណែនាំ​របស់​អាជ្ញាធរ ដូច្នេះ​អាជ្ញាធរ​នឹង​ត្រូវ​ចាប់​ខ្លួន​ដើម្បី​អនុវត្ត​ច្បាប់៖ «អា​ហ្នឹង​បើ​ធ្វើ​ទៅ​បើ​មិន​ស្ដាប់​បញ្ជូន​ទៅ​តុលាការ​កាត់​ទៅ អា​ហ្នឹង​វា​ខុស​របៀប​ម៉េច? បើ​គាត់​ធ្វើ​អត់​គោរព​ច្បាប់ គេ​ឲ្យ​ធ្វើ​ច្បាប់​មិន​ព្រម​ធ្វើ»

​យ៉ាង​នេះ​ក្តី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា មាន​ប្រសាសន៍​ថា ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច គឺ​ជា​ទិវា​អន្តរជាតិ ហើយ​សហគមន៍​ដែល​ប្រារព្ធ​ទិវា​នេះ គឺ​មិន​ចាំបាច់​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ខេត្ត​នោះ​ទេ គឺ​ត្រឹមតែ​ជូន​ដំណឹង​តែប៉ុណ្ណោះ។ លោក​សង្កត់ធ្ងន់​ថា អាជ្ញាធរ​តម្រូវ​ឲ្យ​សហគមន៍​សុំ​ច្បាប់​អនុញ្ញាត គឺ​ជា​ចេតនា​រារាំង​បំបិទ​សិទ្ធិ បញ្ចេញ​មតិ​ជនជាតិ​ដើម​ភាគ​តិច​ដែល​ផ្ទុយ​ពី​គោលការណ៍​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ៖ «នៅ​មាន​មន្ត្រី​ដែល​មាន​ចរិត​ ផ្ដាច់ការ​បែប​ហ្នឹង សមាគម​យើង​ខ្ញុំ​មាន​ការ​សោកស្ដាយ​ខ្លាំង​ណាស់ សូម្បី​តែ​ប្រជាពលរដ្ឋ​ក៏​ពួកគាត់​មាន​ក្តី​អស់​សង្ឃឹម​ច្រើន​ដែរ»

ទោះ​ជា​យ៉ាង​ណា សហគមន៍​អះអាង​ថា រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ដដែល គេ​ពុំ​ឃើញ​សមត្ថកិច្ច​ប្រដាប់​អាវុធ​ចាប់​ខ្លួន​តំណាង​ជន​ជាដើម​ភាគ​តិច​នោះ​ទេ ហើយ​សហគមន៍​ជា​ច្រើន​នាក់​កំពុង​ការពារ​ពី​សុវត្ថិភាព​តំណាង​ជនជាតិ​ដើម​ភាគ​តិច​ដែល​ដឹកនាំ​ទិវា​នេះ ប្រសិន​មាន​ការ​ចាប់​ខ្លួន​មែន ពួកគេ​នឹង​ត្រៀម​ខ្លួន​ដើម្បី​តវ៉ា។

ចំណែក​នៅ​ខេត្ត​ស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​សីហា នេះ សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​ឃុំ​ក្បាលរមាស ចំនួន​ជិត ២០០​នាក់ ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគតិច​នៅ​មុខ​វត្ត​ពោធិ៍ការាម ហៅ​វត្ត​ក្បាលរមាស ក្នុង​ឃុំ​ក្បាលរមាស ស្រុក​សេសាន។ ការ​ប្រារព្ធ​ទិវា​នេះ ក៏​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​មក​ពី​រាជធានី​ភ្នំពេញ និង​ពុំ​មាន​ការ​រារាំង​ពី​កងកម្លាំង​សមត្ថកិច្ច​ឡើយ។

តំណាង​សហគមន៍​ឃុំ​ក្បាលរមាស លោក ដាំ សំណាង លើក​ឡើង​ថា គោលបំណង​សំខាន់​ដែល​សហគមន៍​ប្រារព្ធ​ទិវា​នេះ គឺ​ជា​សារ​ផ្ញើ​ទៅ​កាន់​រដ្ឋាភិបាល ថា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចង់​ថែរក្សា​អភិរក្ស​ធនធាន​ធម្មជាតិ​ឲ្យ​គង់វង្ស ដូចជា ព្រៃឈើ ទន្លេ និង រ៉ែ​ជាដើម។ លោក​បន្ត​ថា សហគមន៍​ជន​ជាត​ដើម​ភាគតិច​ចង់​ចងក្រង​ឯកសារ​ដ៏​មាន​សារប្រយោជន៍​ស្ដីពី​ជីវិត​រស់​នៅ​របស់​ជន​ជាតិ​ដើម​ភាគ​តិច និង​បញ្ហា​ប្រឈម​ផ្សេងៗ​ស្ដីពី​ផល​ប៉ះពាល់​ទាក់ទិន​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន៖ «គឺ​​គាត់​ផ្ដោត​សំខាន់ គឺ​រក្សា​បាន​នូវ​អត្តសញ្ញាណ និង​វប្បធម៌។ ការ​គោរព​នេះ​ចង់​បង្ហាញ​ថា ជនជាតិ​ដើម​ភាគ​តិច​គាត់​ក៏​មាន​ឆន្ទៈ​ក្នុង​ការ​គោរព​អត្តសញ្ញាណ​របស់​ ខ្លួន»

​ដោយ​ឡែក​នៅ​ខេត្ត​រតនគីរី មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក លោក ឆាយ ធី ឲ្យ​ដឹង​ថា តាម​ការ​គ្រោង​ទុក សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​បាន​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគតិច​ចំនួន ៣​កន្លែង​ក្នុង​ស្រុក​ចំនួន​បី គឺ​ស្រុក​អូរជុំ មាន​ពលរដ្ឋ​ចូលរួម​ចំនួន​ជាង ៣០០​នាក់ ស្រុក​អណ្ដូងមាស មាន​ពលរដ្ឋ​ចូលរួម​ចំនួន​ជិត ៣០០​នាក់ និង​ក្រុង​បានលុង ប្រារព្ធ​នៅ​ទីតាំង​បឹង​យក្សឡោម មាន​ពលរដ្ឋ​ចូលរួម​ចំនួន​ជិត ៣០០​នាក់ ហើយ​ពលរដ្ឋ​ដែល​ចូល​រួម​ភាគ​ច្រើន​គឺ​ជា​ជនជាតិ​ដើម​ភាគ​តិច ដូចជា ទំពួន ព្រៅ គ្រឹង និង​ចារ៉ាយ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។