មន្ត្រីកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ សហការជាមួយតម្រួតថៃ ខិតខំស្វែងរកពលករខ្មែរ ជិត៩០នាក់ បន្ទាប់ពីទទួលព័ត៌មានថាពលករទាំងនោះ កំពុងត្រូវមេខ្យល់ឃុំឃាំងសម្រាតសំលៀកបំពាក់និងធ្វើទារុណកម្ម រហូតបណ្ដាលឲ្យកុមារ២នាក់ដែលទៅជាមួយឳពុកម្ដាយបានស្លាប់។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការលោក កុយ គួង ប្រាប់វិទ្យុអាស៊ីសេរីថា ពលករខ្មែរម្នាក់បានទូរស័ព្ទពីប្រទេសថៃ ប្រាប់អាជ្ញាធរកម្ពុជាកាលពីថ្ងៃទី៨ វិច្ឆិកាថា មានពលករខ្មែរ ជិត៩០នាក់ កំពុងជាប់ឃុំនៅសមុទ្របាកាន ប្រទេសថៃ និងកំពុងរងការវាយធ្វើបាបពីសំណាក់ មេខ្យល់ ហើយកុមារ២នាក់ត្រូវបានគេទាត់ធាក់រហូតស្លាប់។ ប្រភពដដែលនោះក៏បានស្នើសុំឲ្យ អាជ្ញាកម្ពុជាជួយសង្គ្រោះពួកគេ។
លោក កុយ គួង បញ្ជាក់ថាក្រោយទទួលព័ត៌មាននេះភ្លាម មន្ត្រីកុងស៊ុលកម្ពុជា បានសហការ ជាមួយតម្រួតថៃ ស្វែងរកទីតាំងដែលមានការឃុំឃាំងពលករនោះ តាមបណ្ដាញ ទូរស័ព្ទដែល ប្រភពហៅមកអាជ្ញាធរកម្ពុជា។ ប៉ុន្តែជាលទ្ធផល ព័ត៌មានដែលថាមានការបង្ខាំងពលករខ្មែរនោះ ជារឿងមិនពិត៖ « ទីបំផុតទៅគេបានដឹងកន្លែងដែលប្រភពព័ត៌មានផ្ដល់ឲ្យហើយ គេបានទៅដល់កន្លែងនោះ ហើយគឺអយុធ្យាគឺកន្លែងដែរមានរោងចក្រសហគ្រាសច្រើន នៅទីនោះហើយពលករ យើងក៏ធ្វើការ នៅទីនោះច្រើនដែរ គេបានទៅដល់នោះហើយ ហើយគេបានទៅជួបពលករខ្មែរនៅនោះ គឺគេបានស្គាល់ម្នាក់នឹងហើយ ហើយម្នាក់នោះបានដឹងខ្លួនថានិយាយផ្ដេសផ្ដាសទៅ ដឹងថាសមត្ថកិច្ចជិតមក ពិនិត្យមើលព័ត៌មាននៅកន្លែងនឹង ២នាក់ប្ដីប្រពន្ធក៏រត់គេចខ្លួនបាត់ទៅ ខ្ញុំមិនដឹងថាតើគាត់មកដល់ប្រទេសខ្មែរហើយឬនៅទេ ។ សរុបមកព័ត៌មានទាំងនោះសុទ្ធតែជាព័ត៌មានភូតភរទាំងអស់ពលរដ្ឋយើងនៅ ទីនោះគឺធ្វើការមានសេរីភាពត្រឹមត្រូវទេ»។
លោក កុយ គួង មិនបានបញ្ជាក់ពីចំណាត់ការយ៉ាងណា ចំពោះជនដែលបានភូតកុហកអាជ្ញាធរ ពាក់ព័ន្ធនឹងការបង្ខាំងពលករខ្មែរខុសច្បាប់នោះទេ។ ប៉ុន្តែលោកថា សមត្ថកិច្ចនឹងចាត់វិធានការ ករណីនេះតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
