សង្គម​ស៊ីវិល​ស្នើ​លោក ចន ឃែរី លើកឡើង​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ជាមួយ​លោក ហ៊ុន សែន

ដោយ យាង សុជាមេត្តា
2016-01-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ចន ឃែរី (John Kerry) ២០១៦ ៨៥៥
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក ចន ឃែរី (John Kerry) ធ្វើ​សន្និសីទ​កាសែត​នា​ប្រទេស​អូទ្រីស (AUSTRIA) កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៦។
Photo AFP

នៅមុន​ដំណើរ​បំពេញ​ទស្សនកិច្ច របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក លោក ចន ឃែរី (John Kerry) មក​កម្ពុជា ក្រុម​សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ​រដ្ឋមន្ត្រីការបរទេស​ប្រទេស​មហា​អំណាច​មួយ​នេះ លើកឡើង​នូវ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស ជាមួយ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ដោយឡែក សាច់ញាតិ​របស់​មន្ត្រី​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា ដែល​កំពុង​ជាប់​ក្នុង ពន្ធនាគារ ក៏​អំពាវនាវ​ឲ្យ​លោក ចន ឃែរី អន្តរាគមន៍​ជួយ​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ។

គេ​នៅ​ចាំ​បាន​ថា នៅមុន​ដំណើរ​ទស្សនកិច្ច​មកកាន់​កម្ពុជា​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​កម្ពុជា​ជា ម្ចាស់ផ្ទះ កាលពី​ឆ្នាំ ២០១២ ក្រុម​អង្គការ​សង្គម​ស៊ីវិល ពិសេស​ពលរដ្ឋ​ដែល​រងគ្រោះ ដោយសារ​ការរំលោភ​សិទ្ធិ​មនុស្ស រំលោភបំពាន​ដីធ្លី និង​អំពើ​អយុត្តិធម៌​ផ្សេងៗ បាន​ស្នើ​ឲ្យ ថ្នាក់ដឹកនាំ​របស់​អាមេរិក លើក​យក​បញ្ហា​របស់​ពួកគេ ទៅ​ជជែក​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ម្ចាស់ផ្ទះ។

មិន​ខុសគ្នា​ដែរ​នៅ​ពេល​នេះ សង្គម​ស៊ីវិល នៅតែ​បន្ត​ទទូច​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​របស់​សហ​រដ្ឋ​អាមេរិក ដែល​គ្រោង បំពេញ​ទស្សនកិច្ច​មកកាន់​កម្ពុ​ជា​ក្នុង​ពេល​ខាងមុខនេះ លើកឡើង​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស ជា​ថ្មី​ទៀត​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ សង្គម​ស៊ីវិល យល់​ឃើញ​ថា ស្ថានភាព​គោរព​សិទ្ធិ មនុស្ស​នៅ​កម្ពុជា ពុំ​ទាន់​ប្រសើរ​នៅឡើយ។

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា សង្គម​ស៊ីវិល​ចង់​ឃើញ​ដំណើរ​ទស្សនកិច្ច​របស់​លោក ចន ឃែរី បានជា​ប្រយោជន៍​សម្រាប់​ពលរដ្ឋ និង​សង្គម​កម្ពុជា ពិសេស​គឺ​ការ​កែ​លម្អ​នូវ​ស្ថានភាព​សិទ្ធិមនុស្ស និង​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក អំ សំអាត ថ្លែង​ថា បញ្ហា​ដែល​ពលរដ្ឋ​កម្ពុជា​ជួបប្រទះ​ក្នុង​ពេល​បច្ចុប្បន្ន មាន​ដូចជា ការ​រឹតត្បិត​ទៅ​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្ដុំ និង​សម្ដែង​មតិ បញ្ហា​និទណ្ឌភាព ឬ​ភាព​គ្មាន ទោសពៃរ៍ ដោយហេតុថា​អ្នក​ដែល​បាន​បាញ់សម្លាប់​កម្មករ តំណាង​សហជីព អ្នកការពារ បរិស្ថាន សិល្បករ ឬ​អ្នក​វាយដំ​ទៅលើ​មន្ត្រី និង​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ឲ្យ​រង​របួស មិន​ត្រូវ​បាន អាជ្ញាធរ​ចាប់ខ្លួន​ផ្ដន្ទាទោស​នោះ​ឡើយ។

លើស​ពី​នេះ ការ​រឹបអូស​យក​ដីធ្លី​ពលរដ្ឋ ការ​បណ្តេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន​ដោយ​បង្ខំ ករណី​ចាប់ខ្លួន និង​ដាក់​ពន្ធនាគារ​មន្ត្រី​បក្ស​ប្រឆាំង ភាព​រអាក់រអួល​នៃ​វប្បធម៌​សន្ទនា​របស់ អ្នក នយោបាយ ក៏​សុទ្ធ​សឹង​ជា​ប្រធានបទ​ដែល​លោក អំ សំអាត យល់ថា លោក ចន ឃែរី គួរ​លើក​ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល៖ «ខ្ញុំ​គិត​ថា​ទស្សនកិច្ច​របស់​លោក ចន ឃែរី ក៏​ពាក់ព័ន្ធ​នឹង​កិច្ចប្រជុំ​អាស៊ាន​នៅ​សហរដ្ឋ អាមេរិក​នៅ​ខែ​២​ខាងមុខនេះ ហើយ​យើង​សង្ឃឹមថា​ក្រោយពី​ទស្សនកិច្ច​របស់​លោក ចន ឃែរី នៅ​កម្ពុជា ការប្រជុំ​អាស៊ាន​ខាងមុខ​នឹង​អាច​ស្នើសុំ​ឲ្យ​កម្ពុជា​យើង​មានការ​កែប្រែ​ស្ថានភាព​សិទ្ធិ មនុស្ស និង​ស្ថានភាព​មួយ​ចំនួន​ទៀត​នៅ​កម្ពុជា ឲ្យ​កាន់តែ​ល្អ​ប្រសើរ»

សហរដ្ឋអាមេរិក គឺជា​ប្រទេស​មហាអំណាច​នាំមុខ​មួយ​ដែល​តែង​រិះគន់​ទៅលើ​ស្ថានភាព​រំ លោភ​សិទ្ធិមនុស្ស និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

របាយការណ៍​សិទ្ធិមនុស្ស​ប្រចាំ​ឆ្នាំ​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ស្ដីពី ស្ថានភាព សិទ្ធិមនុស្ស​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៤ បាន​ចាត់​ថ្នាក់ បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ជាទូទៅ នៅ​កម្ពុជា​ថា​មាន​ភាព​ធ្ងន់ធ្ងរ។

បញ្ហា​រំលោភ​សិទ្ធិមនុស្ស​សំខាន់ៗ​ទាំងនោះ រួមមាន ការ​បាញ់​សម្លាប់ ការ​វាយដំ ការ​ចាប់ខ្លួន សកម្មជន​សិទ្ធិមនុស្ស កម្មករ​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់ ការ​ប្រើ​ហិង្សា​និង​ទារុណកម្ម ដោយ​កម្លាំង​សមត្ថកិច្ច​លើ​អ្នក​តវ៉ា និង​អ្នកសារព័ត៌មាន ស្ថានភាព​លំបាក​ផ្សេងៗ​នៅ​ក្នុង​ពន្ធនាគារ ការ​ចាប់​និង​ការ​ឃុំ​ខ្លួន​ដោយ​រំលោភបំពាន អំពើពុករលួយ​របស់​ចៅក្រម ព្រះរាជអាជ្ញា និង​មន្ត្រី​តុលាការ ការ​ចាប់ខ្លួន​តំណាងរាស្ត្រ និង​សកម្មជន​បក្ស​ប្រឆាំង ការ​រឹត​បន្តឹង សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ ប្រព័ន្ធ​តុលាការ​គ្មាន​ប្រសិទ្ធភាព និង​មានការ​ជ្រៀតជ្រែក​ពី​អ្នក នយោបាយ ការ​រំលោភបំពាន​លើ​អ្នក​ជាប់ឃុំ អំពើពុករលួយ ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​គ្មាន ប្រសិទ្ធភាព អំពី​និទណ្ឌ​ភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ ជាដើម។

សហរដ្ឋអាមេរិក ក៏បាន​រិះគន់​ទៅលើ​ការ​វាយដំ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​២​រូប គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ដោយ​អ្នកគាំទ្រ​បក្ស​កាន់អំណាច​កាលពី​ខែ​តុលា​កន្លងទៅ ហើយ​សម្ដែង​ការ​ខកចិត្ត​ចំពោះ​រដ្ឋសភា​កម្ពុជា ដែល​បាន​ដក​សមាជិកភាព​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បង្ខំ​ឲ្យ​ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​ត្រូវ​និរទេស​ខ្លួនឯង​ទៅ ក្រៅ​ប្រទេស​រហូត​មក​ទល់​សព្វ​ថ្ងៃ។

ក្នុងអំឡុងពេល​ទស្សន​កិច្ច​នៅ​កម្ពុជា ក្រៅ​តែ​ពី​ជួប​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ការបរទេស​លោក ហោ ណាំហុង លោក ចន ឃែ​រី ក៏​គ្រោង​នឹង​ជួប​ថ្នាក់ដឹកនាំ​គណបក្ស ប្រឆាំង​ផង​ដែរ។

យ៉ាងណា អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មិនទាន់​ធ្វើ​អត្ថាធិប្បាយ ថា​តើ​គណបក្ស​ប្រឆាំង នឹង​លើក​យក​បញ្ហា​ការ​ចាប់​ខ្លួន ការ​វាយដំ​មន្ត្រី​បក្ស​ប្រឆាំង ទៅ​ជជែក ជាមួយ​លោក ចន ឃែរី ឬ​យ៉ាងណា​នោះ​ទេ។ លោក​គ្រាន់តែ​បញ្ជាក់​ថា នឹង​ជជែក​ពី​រឿង​ទូទៅ ដូចជា នយោបាយ សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ៖ «យើង​លើក​ជា​រួម​គឺ​បញ្ហា​នយោបាយ ហើយ​នឹង​បញ្ហា​ប្រជាធិបតេយ្យ បញ្ហា​សិទ្ធិមនុស្ស ខ្ញុំ​មិន​ចង់​ជម្រាប​ឲ្យ​ចំ​ថា​បញ្ហា​ណាៗ​ទេ»

ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោក ចន ឃែរី មក​កម្ពុជា​នេះ​ដែរ កូនស្រី​របស់​លោក មាជ សុវណ្ណារ៉ា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ចាប់ខ្លួន បាន​ផ្ញើ​លិខិត ទៅកាន់​លោក ចន ឃែរី ស្នើ​អន្តរាគមន៍​ឲ្យ​ជួយ​ឪពុក​ដែល​មាន​សញ្ជាតិ​អាមេរិក​ដែរ​នោះ។

កូនស្រី​លោក មា​ជ សុវណ្ណារ៉ា គឺ​កញ្ញា សុជាតា បាន​ប្រាប់​លោក ចន ឃែរី ថា ឪពុក​កញ្ញា​មិន បាន​ប្រព្រឹត្ត​ទោសកំហុស​អ្វី​ឡើយ និង​បាន​រៀបរាប់​ពី​ស្ថានភាព​ជំងឺ​របស់​ឪពុក​ក្នុង​ពន្ធនាគារ ព្រមទាំង​ត្អូញត្អែរ​ពី​ការ​លំបាក​នៅ​ពេល​ដែល​គ្មាន​ឪពុក​ជា​បង្គោល​គ្រួសារ​នៅ​ក្បែរ។ កញ្ញា សុជាតា ក៏បាន​រម្លឹក​ប្រាប់​លោក ចន ឃែរី ពី​ករណី​ដែល​បាតុករ​បក្ស​កាន់អំណាច បាន​វាយដំ ទៅលើ​លោក ញ៉យ ចំរើន តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ដែល​មាន​សញ្ជាតិ​អាមេរិក​ដូច​ឪពុក​កញ្ញា​ដែរ​នោះ។

គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា តើ​លោក ចន ឃែរី នឹង​លើក​យក​បញ្ហា​រំលោភ​សិទ្ធិមនុស្ស ឬ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​បក្ស​ប្រឆាំង ដែល​ជា​បញ្ហា​រំ​សើ​ប​បំផុត​នេះ ទៅ​ជជែក​ជាមួយ​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ពុំ​សូវ​ចូលចិត្ត​ឲ្យ​គេ​រិះគន់​ពី​ការដឹកនាំ​របស់​លោក ឬក៏​យ៉ាងណា​នោះ​ទេ។

ប៉ុន្តែ គម្រោង​ដែល​លោក ចន ឃែរី ឆ្លៀតពេល​ដ៏​មមាញឹក​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ជួប​ជាមួយ​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង គឺជា​កាយវិការ​ការទូត​មួយ​បង្ហាញ​ថា មន្ត្រី​ជាន់ខ្ពស់​ប្រទេស​មហាអំណាច​លេខ​១​លើ​ពិភពលោក​រូប​នេះ មិន​ព្រងើយកន្តើយ​ចំពោះ​ការ​លំបាក​របស់ បក្ស​ប្រឆាំង​ឡើយ ហើយ​កាយវិការ​ការទូត​នេះ ក៏​ជា​ការ​បំបាក់មុខ​បក្ស​កាន់អំណាច​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

What would be the difference suggestion if the President of The United is Asian American not Africian American?

Jan 23, 2016 08:26 PM

អ្នក​អាន​អនាមិក

បើវៀតណាមមិនបានអនុញ្ញត ហ៊ុន សែនគ្មានពេលហ៊ានបញ្ជូន ពួកម៉ុងតាញ៉ាអស់នោះទៅទេ នេះគ្រាន់តែជានយោបាយរបស់វៀតណាមនិងហ៊ុន សែនប៉ុណ្ណោះមុនពេលបោះឆ្នោត ដើម្បីចង់បង្ហាញអន្តរជាតិនិងសង្គមខ្មែរ ថាខ្លួនមិនរំលោភសិទ្ធមនុស្ស ក្រោយពីបានជំនួយពីគេ និងក្រោយបោះឆ្នោតច្បាស់លើសដើមមិនខាន ចាំតែមើលទៅ

Jan 23, 2016 09:46 AM

អ្នក​អាន​អនាមិក

បើនិយាយពិសិទ្ធិមនុស្សនៅស្រុកខ្មែរ គឺសេរីជាងអាមេរិករាប់រយដងឯណោះ ព្រោះសង្គមស៊ីវិលខ្លះ ជាពិសេសបក្សប្រឆាំងតែងតែធ្វើហួសពីសិទ្ធិខ្លួនឯងហើយទៅប៉ះពាល់ដល់សិទ្ធិអ្នកដ៍ទៃរហូត បើនៅអាមេរិកជាប់គុគគ្មានថ្ងៃចេញទេ។

Jan 22, 2016 09:11 PM

អ្នក​អាន​អនាមិក

talk about khmergang.

Jan 22, 2016 12:27 PM

GW. Bush

ពី Ha Noi

Johnny! got serious this one with Gaddhafi 2 Hun Sen even clock is ticking for him that don't mess up with US, OKay

Jan 22, 2016 10:27 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល