ទិវាសិទ្ធិនារីអន្តរជាតិ នឹងមកដល់នៅថ្ងៃទី៨ ខែមីនា ខាងមុខ។ នៅថ្ងៃនោះ ប្រទេសជាច្រើនជុំវិញពិភពលោក នឹងនាំគ្នាប្រារព្ធពិធីដើម្បីលើកកម្ពស់សិទ្ធិស្ត្រីគ្រប់រូប ព្រមទាំងការពារកុំឲ្យមានអំពើហិង្សាលើស្ត្រីផង។ ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលជាសមាជិកនៃអង្គការសហប្រជាជាតិ បានតាក់តែងច្បាប់ប្រឆាំងអំពើហិង្សាលើស្ត្រី និងកុមារ ព្រមទាំងដាក់ច្បាប់នោះឲ្យប្រើប្រាស់ប្រហែល ១០ឆ្នាំមកហើយ ក៏ប៉ុន្តែគេនៅតែមើលឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ អំពើហិង្សាលើស្ត្រីនៅមិនទាន់មានការថយចុះទេ។
សម្ព័ន្ធអង្គការកម្ពុជា ដែលធ្វើការផ្ដោតលើសមភាពយេនឌ័រចំនួនជាង ៩០ (NGO-CEDAW) បានរួមគ្នាធ្វើការតាំងពិព័រណ៍រូបថតស្ត្រីខ្មែរដែលជាជនធ្លាប់រងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារជាច្រើននាក់ នៅក្នុងខេត្តសៀមរាប។ ការតាំងពិព័រណ៍រូបថតស្ត្រីដែលធ្លាប់រងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ ដោយឲ្យពួកគេស្លៀកពាក់តាមរបៀបប្រពៃណីខ្មែរដ៏ស្រស់ស្អាត នៅក្រោមប្រធានបទ សេចក្តីថ្លៃថ្នូរ នោះ ចាប់ផ្ដើមពីថ្ងៃទី២០ ខែកុម្ភៈ រហូតទៅដល់ថ្ងៃទី៨ ខែមីនា នៅភោជនីយដ្ឋានមួយកន្លែងឈ្មោះ ១៩៦១ ខូវើកឃីង អែន អាត ស្បេស (1961 Coworking and Art Space) នាទីក្រុងសៀមរាប ក្នុងគោលបំណងលើកស្ទួយស្ត្រីខ្មែរឲ្យរឹងមាំ ព្រមទាំងប្រឆាំងអំពើហិង្សាលើស្ត្រី និងកុមារ។
នាយិកាអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ក្នុងចំណោមអង្គការជាច្រើនទៀតដែលរៀបចំការតាំងពិព័រណ៍នោះ គឺអ្នកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក។ អ្នកស្រីមានប្រសាសន៍ថា ការតាំងពិព័រណ៍រូបស្ត្រីជាច្រើននេះ គឺមានបំណងចង់ឲ្យបុរសដែលជាប្ដីខ្លះ បញ្ឈប់ការវាយធ្វើបាបប្រពន្ធ ដែលបង្កើតឲ្យមានអំពើហិង្សានៅក្នុងគ្រួសារ។ អ្នកស្រី ពុង ឈីវកេក មានប្រសាសន៍បន្ថែមទៀតថា រូបភាពរបស់ស្ត្រីទាំងអស់ដែលស្លៀកពាក់តែងខ្លួនតាមបែបប្រពៃណីខ្មែរនេះ គឺជាអ្នកដែលធ្លាប់រងគ្រោះដោយសារអំពើហិង្សានៅក្នុងគ្រួសារ។ ពួកគេមានសម្រស់ស្រស់ស្អាតដូចជាស្ត្រីដទៃទៀតដែរ ប៉ុន្តែពួកគេអភ័ព្វ ដោយសាររៀបការជាមួយបុរសដែលមិនចេះថ្នមថ្នាក់ ហើយចូលចិត្តវាយធ្វើបាប។ អ្នកស្រី ពុង ឈីវកេក ប្រឆាំងនឹងអំពើហិង្សាទាំងនោះ ពីព្រោះថា ស្ត្រីគ្រប់រូប គឺមានសេចក្តីថ្លៃថ្នូរដូចគ្នា៖ « យើងចង់បង្ហាញថា ស្ត្រីនៅតែមានសេចក្តីថ្លៃថ្នូរ ថ្វីត្បិតតែអភ័ព្វរៀបអាពាហ៍ពិពាហ៍ទៅជួបនឹងបុរសដែលជាស្វាមីធ្វើបាប »។
រូបភាពរបស់ស្ត្រីជាច្រើនដែលស្លៀកពាក់តាមបែបបុរាណខ្មែរផ្សេងៗពីគ្នា ភ្ជាប់ជាមួយនឹងសារជាច្រើន ដូចជាស្ត្រីទាំងអស់គួរតែទទួលបាននូវការគោរព ស្ត្រី និងបុរសមានតម្លៃស្មើគ្នា ស្ត្រីត្រូវយល់ដឹងពីសិទ្ធិខ្លួនឯង និងការទាមទារឲ្យកម្លាំងនគរបាល ត្រូវតែចាត់វិធានការជាបន្ទាន់ទៅលើអ្នកប្រើអំពើហិង្សាលើស្ត្រី រួមទាំងការពារជនរងគ្រោះជាដើមនោះ ត្រូវបានគេបិទបង្ហាញនៅតាមជញ្ជាំងឲ្យសាធារណជនចូលទស្សនា។
អ្នកជំនាញផ្នែកសិល្បៈ និងថតរូប កញ្ញា ម៉ូណា ស៊ីម៉ន (Mona Simon) មានប្រសាសន៍ថា នាងបានជួយតុបតែង និងថតរូបស្ត្រីទាំងនោះមកដាក់តាំងពិព័រណ៍ ពីព្រោះនាងចង់ឲ្យមនុស្សគ្រប់រូបដែលរស់នៅលើពិភពលោកដឹងថា ស្ត្រី និងបុរស គឺមានសិទ្ធិស្មើគ្នា ព្រមទាំងចង់ឲ្យមានការគោរពគ្នាទៅវិញទៅមកជាមួយនឹងសេចក្តីស្រឡាញ់ផង។ ម៉ូណា យល់ថា បើពិនិត្យទៅលើច្បាប់ស្រីសម័យបុរាណ បានចាត់ទុកស្ត្រីដូចជាសម្លៀកបំពាក់ ឯបុរសវិញមានតម្លៃស្មើនឹងមាសនោះ វាគឺជារឿងមួយដែលធ្វើឲ្យនាងមានអារម្មណ៍សោកស្ដាយបំផុត៖ « ទ្រឹស្ដីមួយនេះ គឺជាទស្សនៈមួយដែលចាស់គំរឹលជាយូរមកហើយ។ វានៅតែដក់ក្នុងផ្នត់គំនិតបុរស ហើយឲ្យតម្លៃទាបមកលើស្ត្រី។ មូលហេតុដែលខ្ញុំថតរូបស្ត្រីខ្មែរជាច្រើនមកតាំងពិព័រណ៍ពេលនេះ ពីព្រោះខ្ញុំចង់ឲ្យស្ត្រីដែលរងគ្រោះដោយអំពើហិង្សា ដឹងថា ខ្លួនឯងក៏ស្រស់ស្អាតដូចអ្នកឯទៀតដែរ។ សូមប្រឹងប្រែងតស៊ូក្នុងជីវិតតទៅទៀត »។
សម្ព័ន្ធអង្គការកម្ពុជា ដែលធ្វើការផ្ដោតលើសមភាពយេនឌ័រ ឲ្យដឹងថា តាមការស្រាវជ្រាវរបស់រដ្ឋាភិបាលដែលផ្សព្វផ្សាយជាសាធារណៈ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៥ ឲ្យដឹងថា អំពើហិង្សាក្នុងគ្រួសារនៅតែកើតមានលើស្ត្រីរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ក៏ប៉ុន្តែទោះយ៉ាងណា គេមិនបានដឹងអំពីតួលេខជនរងគ្រោះច្បាស់លាស់ទេ។
អ្នកពិគ្រោះយោបល់សម្រាប់សម្ព័ន្ធអង្គការកម្ពុជា សម្រាប់សមភាពយេនឌ័រ កញ្ញា ដាណា វេលលេក (Dana Wallack) មានប្រសាសន៍ថា បច្ចុប្បន្ន ស្ត្រីមេផ្ទះជាច្រើននាក់នៅប្រទេសកម្ពុជា នៅតែទទួលរងគ្រោះពីអំពើហិង្សាក្នុងគ្រួសារ។ កញ្ញា ដាណា ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា គួរតែបន្ថែមនូវការអប់រំពលរដ្ឋឲ្យយល់ដឹងថា អំពើហិង្សា គឺជាទង្វើខុសច្បាប់ ហើយបញ្ជ្រាបអំពីសិទ្ធិមនុស្សដល់ពួកគេ ព្រមទាំងរឹតបន្តឹងការអនុវត្តច្បាប់ប្រឆាំងអំពើហិង្សាលើស្ត្រី និងកុមារឲ្យមានប្រសិទ្ធភាពខ្ពស់៖ « ខ្ញុំគិតថា យើងត្រូវតែកែប្រែទម្លាប់ចាស់របស់សង្គមចោល ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជា គ្រប់រូប បានដឹងថា អំពើហិង្សាក្នុងគ្រួសារ មិនមែនជារឿងឯកជននោះទេ ពីព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់អនាគតកុមារដែលកំពុងសិក្សា ហើយវាក៏ជាជំងឺមហារីកដែលអាចរាលដាលដល់សង្គមទាំងមូលដែរ »។
អង្គការសិទ្ធិមនុស្សលីកាដូ ឲ្យដឹងថា កាលពីឆ្នាំ២០១៥ កន្លងទៅ អំពើហិង្សាលើស្ត្រីមានចំនួនជាង ២០០ករណី។ ចំនួននេះ គឺស្ថិតនៅលើកម្រិតគួរឲ្យព្រួយបារម្ភនៅឡើយ។ អង្គការលីកាដូ កត់សម្គាល់ឃើញថា តាំងពីឆ្នាំ២០០៥ ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ត្រូវបានសភាអនុម័តឲ្យប្រើប្រាស់ ក៏ប៉ុន្តែក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ យុវជនជាច្រើននៅតាមសាកលវិទ្យាល័យ និងអនុវិទ្យាល័យ ហាក់មិនបានដឹងអំពីច្បាប់ទាំងនោះទេ។ អង្គការក្រៅរដ្ឋាភិបាល ចង់ឲ្យរដ្ឋាភិបាល ជំរុញការផ្សព្វផ្សាយច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនេះនៅតាមសាលារៀន និងតាមភូមិ-ឃុំឲ្យបានច្រើនថែមទៀត ដើម្បីឈានទៅរកការកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ ឲ្យនៅកម្រិតទាបបំផុតយ៉ាងមានប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
