មន្ត្រី​សិទ្ធិ​មនុស្ស​និង​គ្រួសារ​ទារ​បង្ហាញ​ទីតាំង​ឃុំ​ខ្លួន​ជន​សង្ស័យ​ចាប់​ពេល​បង្ក្រាប​បាតុកម្ម

ក្រុម​គ្រួសារ​កម្មករ និង​មន្ត្រី​សង្គម​ស៊ីវិល​ប្រមាណ​ជាង ២០​នាក់ ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ មករា នោះ រហូត​មក​ដល់​ពេល​នេះ​ពុំ​ទាន់​ដឹង​ថា ពួក​គេ​ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ណា​មួយ​ពិត​ប្រាកដ​នោះ​ទេ។ មន្ត្រី​សិទ្ធិ​មនុស្ស និង​អ្នក​ពាក់ព័ន្ធ ជាពិសេស​គ្រួសារ​ជន​ជាប់​សង្ស័យ ទាមទារ​សុំ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ពី​ទីតាំង​ឃុំ​ខ្លួន និង​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារ ព្រម​ទាំង​មេធាវី​បាន​ចូល​ជួប​សួរ​សុខ​ទុក្ខ ពីព្រោះ​ពួក​គាត់​ម្នាក់ៗ​សុទ្ធ​តែ​មាន​ជំងឺ​ប្រចាំ​កាយ និង​ត្រូវ​សមត្ថកិច្ច​វាយ​ដំ​ឲ្យ​មាន​របួស​យ៉ាង​ធ្ងន់ធ្ងរ។

0:00 / 0:00

មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ហៅ​ថា ការ​ឃុំ​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ​ប្រមាណ​ជាង ២០​នាក់​នោះ ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង រំលោភ​សិទ្ធិ​មនុស្ស និង​ខុស​នីតិវិធី។

ក្នុង​ចំណោម​មន្ត្រី​សិទ្ធិ​មនុស្ស និង​កម្មករ​ទាំង​នោះ​មាន លោក វន់ ពៅ ជា​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មួយ​រូប​ផង ដែល​ត្រូវ​ចាប់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កង​កម្លាំង​ប្រដាប់​អាវុធ បង្ក្រាប​បាតុកម្ម​របស់​កម្មករ​ដែល​ចេញ​ធ្វើ​បាតុកម្ម​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្នុង​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែនជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ មករា និង​នៅ​សួន​កាណាឌីយ៉ា តាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង សង្កាត់​ចោមចៅ កាល​ពី​ថ្ងៃ​ទី​៣ មករា ដើម្បី​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ ១៦០​ដុល្លារ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ពេញ​មួយ​សប្ដាហ៍ ហើយ​ក្រុម​គ្រួសារ និង​មន្ត្រី​សិទ្ធិ​មនុស្ស ពុំ​ទាន់​ដឹង​ព័ត៌មាន​ច្បាស់​លាស់​អំពី​ទីតាំង​ឃុំ​ខ្លួន​នោះ​ទេ ដោយ​ខ្លះ​ថា​កំពុង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ក្នុង​ខេត្ត​ពោធិ៍សាត់ ខ្លះ​ទៀត​ថា​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​នៅ​ខេត្ត​កំពង់ចាម ប៉ុន្តែ​ពុំ​ទាន់​មាន​ការ​បញ្ជាក់​ពី​មន្ត្រី​ពន្ធនាគារ​ថា​ជា​ការ​ពិត ឬ​យ៉ាង​ណា​នោះ​ទេ៖ «យើង​ឃើញ​អ្នក​ពន្ធនាគារ​នៅ​ហ្នឹង​ទូរស័ព្ទ​មក ហើយ​ក្រុម​គ្រួសារ​គាត់​ក៏​ទទួល​បាន​ព័ត៌មាន​ផ្សេងៗ​មក ប៉ុន្តែ​ពុំ​ទាន់​មាន​អ្នក​ណា​មួយ​បាន​ជួប​ពួក​គាត់​នៅ​ឡើយ។ សូម្បី​តែ​មេធាវី​ក៏​នៅ​ដែរ បាទ! មេធាវី​ក៏​នៅ​ដែរ ព្រោះ​មេធាវី​បាន​ជួប​តុលាការ ជួប​អគ្គនាយកដ្ឋាន​ពន្ធនាគារ ប៉ុន្តែ​នៅ​តែ​មិន​បង្ហាញ​កន្លែង​ឃុំ​ខ្លួន​របស់​អ្នក​ទាំងអស់​នោះ​នៅ​ឡើយ​បាទ»

លោក​បន្ត​ថា នៅ​ក្នុង​ដីកា​ឃុំ​ខ្លួន​របស់​ចៅក្រម មាន​លក្ខណៈ​ចម្លែក​ពី​ដីកា​ឃុំ​ខ្លួន​នៃ​ជន​ជាប់​ចោទ​ដទៃ​ទៀត៖ «ពីព្រោះ​នៅ​ក្នុង​ដីកា​ឃុំ​ខ្លួន គឺ​សម្រេច​ឲ្យ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ អ៊ីចឹង​មិន​ដឹង​ជា​ពន្ធនាគារ​ណា​មួយ​ទេ ពីព្រោះ​ពន្ធនាគារ​នៃ​អគ្គនាយកដ្ឋាន​នេះ​វា​មាន​ច្រើន​ណាស់ អា​នេះ​ហើយ​ដែល​ជា​អាថ៌កំបាំង​មួយ​ដែល​ខុស​ពី​រឿង​ដទៃ គេ​ចេញ​មក​បើ​ឃុំ​នៅ​ពន្ធនាគារ​ណា​មួយ គេ​ដាក់​ចំ​ឈ្មោះ​តែ​ម្តង ប៉ុន្តែ​អ្នក​ទាំង ២៣​នាក់​នេះ​គេ​អត់​ដាក់​ចំ​ឈ្មោះ​ទេ គឺ​ដាក់​ឲ្យ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ អ៊ីចឹង​គេ​អាច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ណា​មួយ​ក៏​បាន​ដែរ នេះ​ជា​អាថ៌កំបាំង​បំផុត​សម្រាប់​អ្នក​ទាំង ២៣​នាក់​នោះ»

ចំណែក​គ្រួសារ លោក វន់ ពៅ និង​គ្រួសារ​កម្មករ​ដទៃ​ទៀត​ក៏​ពុំ​ទាន់​ដឹង​ច្បាស់​នូវ​កន្លែង​ឃុំ​ខ្លួន​ដូច​គ្នា​ដែរ។ ភរិយា លោក វន់ ពៅ គឺ​លោកស្រី ប្រាក់ សុវណ្ណារី មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ ទី​០៧ មករា ថា លោកស្រី​ផ្ទាល់​រហូត​មក​ដល់​ពេល​នេះ​ក៏​ពុំ​ទាន់​ដឹង​ថា ប្ដី​គាត់​ត្រូវ​ឃុំ​ខ្លួន​នៅ​ទីណា និង​មាន​ស្ថានភាព​រស់​នៅ​យ៉ាង​ណា​នោះ​ទេ៖ «មក​ដល់​ពេល​នេះ ខ្ញុំ​បាន​ឮ​ដូច​គ្នា​ពី​អ្នក​ស្គាល់​យើង​ពី​អ្នក​អាណិត​ស្រឡាញ់​យើង ដែល​អាណិត​ស្វាមី​ខ្ញុំ​គេ​បាន​ប្រាប់​ថា​ម្តង​ថា នៅ​ពោធិ៍សាត់ ទៅ​ម្តង​ថា​នៅ​កំពង់ចាម ស្រែខ្លុង អី​អ៊ីចឹង​ទៅ ប៉ុន្តែ​វា​មិន​ទាន់​ពិត​ប្រាកដ​ទេ ដោយសារ​ខាង​ប្ដី​ខ្ញុំ​មាន​មេធាវី ដល់​ពេល​អ៊ីចឹង កាតព្វកិច្ច​របស់​មេធាវី​គាត់​អាច​ដឹង​ថា​កូន​ក្តី​ខ្លួន​ឯង​នៅ​ទីណា​ពិត​ប្រាកដ តែ​មក​ដល់​ពេល​នេះ មេធាវី​គាត់​នៅ​តែ​បដិសេធ​ជាមួយ​យើង​ថា ខាង​ព្រះរាជ​អាជ្ញា​គេ​មិន​បញ្ជាក់​ប្រាប់​យើង​ថា​មក​ដល់​ពេល​នេះ​គាត់​នៅ​ណា»

អ្នកស្រី​បាន​ថ្លែង​ពី​ការ​ឈឺ​ចាប់​ដែល​ក្រុម​កម្លាំង​ប្រដាប់​អាវុធ​នៃ​កង​ទាហាន​ឆត្រ​យោង​៩១១ បាន​ចាប់​ប្ដី​គាត់ និង​វាយ​ដំ​ធ្វើ​ទារុណកម្ម​ដូច​សត្វ​ធាតុ៖ «គាត់​វ៉ៃ​បង​ពៅ​យ៉ាង​សាហាវ​បំផុត នៅ​ពេល​គាត់​មិន​បាន​ត​ដៃ​អ្វី​ទាំងអស់ នៅ​ពេល​ដែល​គេ​ចាប់​គាត់ គឺ​គាត់​បាន​បោះ​ដៃ​ទៅ​ខាង​ក្រោយ ហើយ​តែ​បែរ​ជា​ទាញ​គាត់​មក​វ៉ៃ​គាត់​ពីរ​បី​ដំបង ខ្ញុំ​ឃើញ​ច្បាស់ គឺ​បំពង់​ទីប ហើយ​នៅ​ពេល​ដែល​វ៉ៃ​គាត់​សន្លប់​នៅ​នឹង​ដី​ហើយ បាន​ទាញ​ជើង​គាត់​បញ្ច្រាស​ចូល​ទៅ​ខាង​ក្នុង​រោងចក្រ​តែ​ម្តង ហើយ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ជួប​នៅ​តុលាការ ខ្ញុំ​បាន​សួរ​គាត់​បន្ត គាត់​ថា​នៅ​ពេល​ដែល​គាត់​ភ្ញាក់​ដឹង​ខ្លួន ហើយ​គេ​បាន​ទាត់​គាត់​បន្ថែម​ទៀត។ អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​ហ្នឹង ក្បាល​របស់​គាត់​ខាង​ក្រោយ​ហ្នឹង​បាន​បែក​ដេរ ៩​ថ្នេរ ហើយ​ខ្លួន​ប្រាណ​របស់​គាត់​ត្រូវ​បាន​គេ​ទាត់​សុសសាច់ ហើយ​អ្វី​ដែល​សាហាវ​បំផុត​នោះ គឺ​គេ​ទាត់​ចំ​កន្លែង​ដែល​គាត់​ទើប​តែ​វះ ហើយ​ខ្ញុំ​បាន​សួរ​គាត់ គាត់​ថា​ពិបាក​ក្នុង​ការ​ដើរ​សូម្បី​តែ​ការ​អង្គុយ ការ​ដេក គឺ​គាត់​ពិបាក​ទាំងអស់ ដោយ​គេ​ទាត់​ចំ​កន្លែង​ដែល​គាត់​ទើប​តែ​វះ»

លោកស្រី​បញ្ជាក់​ថា មុន​ពេល​ចាប់​ខ្លួន លោក វន់ ពៅ មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ និង​ត្រូវ​លេប​ថ្នាំ​ជា​ប្រចាំ ដោយសារ​គាត់​មាន​ជំងឺ​មហារីក​ដុំ​សាច់​នៅ​ក្រលៀន ដែល​ទើប​វះ​កាត់​ហើយ និង​រោគ​ពោះវៀន ក្រពះ គឺ​មាន​ពង​បែក​នៅ​ក្នុង​នោះ ហើយ​ត្រូវ​លេប​ថ្នាំ​ព្យាបាល​រាល់​ថ្ងៃ។ លោកស្រី​បន្ត​ថា ដោយសារ​ភាព​ជំងឺ​បែប​នេះ​ហើយ ទើប​គាត់​ស្នើសុំ​ឲ្យ​មន្ត្រី​ពន្ធនាគារ ឬ​រដ្ឋាភិបាល​បញ្ជាក់​ឲ្យ​ច្បាស់​ថា ប្ដី​គាត់​នៅ​ទីណា​ពិត​ប្រាកដ សុំ​ឲ្យ​មាន​សេវា​ពេទ្យ​ព្យាបាល និង​សុំ​ឲ្យ​មាន​មេធាវី​ចូល​ជួប​ការពារ​គាត់​តាម​ផ្លូវ​ច្បាប់។

ចំណែក​គ្រួសារ លោក ថេង សារវឿន ដែល​ជា​មន្ត្រី​សង្គម​ស៊ីវិល​ម្នាក់​ទៀត ក៏​កំពុង​មាន​ក្តី​បារម្ភ​ដូច​គ្នា​នេះ​ដែរ៖ «ឥឡូវ​សំខាន់​ខ្ញុំ​គ្រាន់​តែ​ចង់​ដឹង​ថា គាត់​នៅ​កន្លែង​ណា មាន​ពេទ្យ​មើល​គាត់​អត់? ហើយ​ណា​មួយ​មិន​ដឹង​ថា​គាត់​មាន​អី​ផ្លាស់​ប្ដូរ​អត់​ព្រោះ​អី​ខោអាវ​របស់​ពួក​គាត់​តាំង​ពី​ថ្ងៃ​ចាប់​រហូត​មក​ដល់​ឥឡូវ​ហ្នឹង មាន​តែ​មួយ​កំប្លេ​ហ្នឹង​គត់ មិន​ដឹង​ថា​គេ​ឲ្យ​សម្ភារៈ​គាត់​ប្រើ​អត់​ទេ ហើយ​ណា​មួយ​បាយ​ទឹក​គាត់​ហូប​អត់​សូវ​បាន​ទេ គាត់​រលាក់​បំពង់ក គាត់​ញ៉ាំ​បាន​តែ​របស់​ទន់ៗ​ទេ»

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ទៅ​មន្ត្រី​ជាន់​ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៅ​ថ្ងៃ​អង្គារ ទី​៧ មករា ដើម្បី​សុំ​ការ​បញ្ជាក់​ថា កម្មករ និង​មន្ត្រី​សង្គម​ស៊ីវិល​សរុប​ប្រមាណ​ជាង ២០​នាក់​នោះ កំពុង​ឃុំ​ខ្លួន​នៅ​ទីណា​ខ្លះ និង​មាន​សុខ​ទុក្ខ​យ៉ាង​ណា ប៉ុន្តែ​មន្ត្រី​ទាំង​នោះ​ធ្វើ​អត្ថាធិប្បាយ​បញ្ជាក់​ថា​យ៉ាង​ណា​ទេ។

មន្ត្រី​សិទ្ធិ​មនុស្ស លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ឃុំ​ខ្លួន​ជន​សង្ស័យ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​បែប​នេះ ដោយ​មិន​ឲ្យ​ដំណឹង​មក​ក្រុម​គ្រួសារ​ចូល​ជួប និង​មិន​មាន​សេវា​មេធាវី​ដើម្បី​ប្រឹក្សា​ផ្នែក​ច្បាប់​នោះ ជា​ការ​រំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ​លើ​ក្រុម​គ្រួសារ និង​ជន​ជាប់​ចោទ។ ម្យ៉ាង​ទៀត ការ​លាក់​បាំង​កន្លែង​ឃុំ​ឃាំង​នោះ​ទៀត ជា​ប្រការ​មួយ​ខុស​ច្បាប់។

ចំពោះ​ការ​បិទ​បាំង​ទីកន្លែង​ឃុំ​ខ្លួន​នេះ បើ​សិន​ជា​មាន​បញ្ហា​អ្វី​មួយ​កើត​ឡើង​ចំពោះ​ជន​សង្ស័យ រដ្ឋាភិបាល និង​តុលាការ ត្រូវ​ទទួល​ខុស​ត្រូវ ហើយ​ករណី​បែប​នេះ​បាន​ធ្វើ​ឲ្យ​មតិ​ជាតិ និង​អន្តរជាតិ​រិះគន់​ថា​តុលាការ​មិន​ឯករាជ្យ​ទេ៖ «រឿង​ដែល​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​ដោយ​ក្រុម​សមត្ថកិច្ច យើង​ចាប់​យើង​អី ហេតុ​អី​ក៏​មិន​ប្រាប់​គេ​ថា​ឃុំ​នៅ​ឯណា? អា​ហ្នឹង​ដោយសារ​អី ដោយសារ​គេ​មើល​ឃើញ​ធ្វើ​ឲ្យ​គេ​យល់​ថា តុលាការ គឺ​ស្ថិត​នៅ​ក្រោម​អ្នក​នយោបាយ​នៃ​អាជ្ញាធរ បាទ! អា​ហ្នឹង​វា​បង្ហាញ​នូវ​ភាព​មិន​ឯករាជ្យ​អ៊ីចឹង»

ប្រធាន​អង្គការ​នៃ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក សុក សំអឿន បាន​ពន្យល់​តាម​ផ្លូវ​ច្បាប់​ថា ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​មិន​ឲ្យ​ជួប​អ្នក​ណា​ម្នាក់​នោះ គឺ​មាន​រយៈពេល​តែ ២៤​ម៉ោង​ទេ៖ «តែ​ក្រោយ ២៤​ម៉ោង គឺ​មាន​សិទ្ធិ​ជួប ហើយ​បើ​យើង​បិទ​មិន​ឲ្យ​ជួប​អ៊ីចឹង មាន​ន័យ​ថា រំលោភ​សិទ្ធិ រំលោភ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ខ្លួនឯង»

ទោះ​យ៉ាង​ណា​ក្តី មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ពុធ ទី​០៨ មករា មន្ត្រី​នៃ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា រួម​ជាមួយ​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​មួយ​ចំនួន​ទៀត នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ពន្ធនាគារ​មួយ​ចំនួន ដែល​គេ​សង្ស័យ​ថា​មាន​ឃុំ​ខ្លួន​ជន​សង្ស័យ​នៅ​ទីនោះ ដើម្បី​សុំ​ជួប​ប្រាស្រ័យ​ទាក់ទង និង​ពិនិត្យ​ស្ថានភាព​ជន​សង្ស័យ​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។