សង្គម​ស៊ីវិល​និង​អ្នកវិភាគ​យល់ថា​កង្វះ​នីតិរដ្ឋ​ធ្វើ​ឲ្យ​មាន​និទណ្ឌភាព​នៅ​កម្ពុជា

0:00 / 0:00

ស្រប​ពេល​ដែល​ពិភពលោក​ប្រារព្ធ​ខួប​១​ឆ្នាំ នៃ​ទិវា​អន្តរជាតិ​ដើម្បី​បញ្ចប់​និទណ្ឌ​ភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា នៅ​សកល​វិទ្យាល័យ​ខេមរៈ មាន​រៀបចំ​សិក្ខាសាលា​មួយ ស្ដីពី​ការ​បញ្ចប់​និទណ្ឌភាព​នៅ​កម្ពុជា ដែល​មាន​មន្ត្រី​រដ្ឋាភិបាល អ្នកវិភាគ និង​និស្សិត​ប្រមាណ​ជាង​១​រយ​នាក់​ចូលរួម។

សិក្ខាសាលា​ដែល​សហការ​រៀបចំឡើង​ដោយ​សកល​វិទ្យាល័យ​ខេមរៈ និង​អង្គការ​តម្លាភាព​កម្ពុជា ពេលនេះ ធ្វើឡើង​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​អ្នកចូលរួម ជាពិសេស គឺ​និស្សិត​និង​យុវជន ស្វែងយល់​អំពី​បញ្ហា​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា និង​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​បាន​ស្ដាប់ និង​ចូលរួម​ជា​មតិយោបល់ ឬ​ការយល់ឃើញ​ទៅលើ​បញ្ហា​នេះ​។

អ្នកវិភាគ​ព្រឹត្តិការណ៍​សង្គម​ឯករាជ្យ លោកបណ្ឌិត កែម ឡី ដែល​ជា​វាគ្មិន​ម្នាក់​នៅ​ក្នុង​សិក្ខាសាលា កត់​សម្គាល់​ថា ស្ថានភាព​និទណ្ឌភាព​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន នៅ​មាន​កម្រិត​ខ្ពស់​នៅឡើយ ហើយ​ភាគច្រើន​នៃ​និទណ្ឌភាព​នោះ​ទៀតសោត កើតមាន​ចំពោះតែ​អ្នក​ដែល​មាន​អំណាច និង​អ្នកមាន​ទ្រព្យសម្បត្តិ។

លោក​បណ្ឌិត កែម ឡី កត់សម្គាល់​បន្ថែម​ថា ដើម្បី​ដឹង​ថា​ប្រទេស​មួយ​មាន​និទណ្ឌភាព ឬក៏​អត់​នោះ​គេ​ត្រូវ​ពិនិត្យ​មើល​ទៅ​លើ​សន្ទស្សន៍​នៃ​នីតិរដ្ឋ​របស់​ប្រទេស​នោះ។ លោក​ថា​បើ​ផ្អែក​តាម​របាយការណ៍​របស់​គម្រោង​យុត្តិធម៌​ពិភពលោក ដែល​ធ្វើការ​វាយតម្លៃ​ប្រចាំ​ឆ្នាំ ទៅលើ​ប្រទេស​ទាំងអស់ បង្ហាញ​ថា កម្រិត​នៃ​ការអនុវត្ត​នីតិរដ្ឋ ឬ​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា នៅ​មាន​កម្រិត​ទាប​ខ្លាំង​ណាស់។ លោក​បណ្ឌិត កែម ឡី អះអាង​ថា នៅ​ពេល​ដែល​ការអនុវត្ត​នីតិរដ្ឋ​ក្នុង​ប្រទេស​មួយ​ទាប វា​ធ្វើ​ឲ្យ​មាន​និទណ្ឌភាព ហើយ​នៅ​ពេល​ដែល​មាន​និទណ្ឌភាព​ច្រើន វា​ធ្វើ​ឲ្យ​ពលរដ្ឋ​មានការ​ភ័យខ្លាច​ក្នុង​ការ​ចូលរួម​សកម្មភាព​តវ៉ា​ឬ​ទាមទារ ហើយ​នៅ​ទីបំផុត វា​នឹង​បណ្ដាល​ឲ្យ​មានការ​រំលោភ​សិទ្ធិមនុស្ស មាន​អំពើពុករលួយ ឬ​ធ្វើ​ឲ្យ​ស្ថានភាព​រស់នៅ​របស់​ពល​រដ្ឋ​កាន់តែ​ក្រីក្រ​ទៅ​ៗ ដែល​អាច​ឈាន​ដល់​ឲ្យ​មានការ​បះបោរ​នៅ​ក្នុង​សង្គម៖ «ក្នុង​ប្រទេស​កម្ពុជា​យើង​ដោយសារតែ​ការដឹកនាំ​មួយ​មិន​តាម​បែប​ប្រជាធិបតេយ្យ ការដឹកនាំ​មួយ​តាម​បែប​បក្សពួកនិយម គ្រួសារនិយម ហើយ​ក្រោម​នយោបាយ​មួយ​ដែល​មិន មាន​ភាព​ស្មោះត្រង់ គឺ​វា​ធ្វើ​ឲ្យ​អំណាច​ហ្នឹង​ប្រមូល​ផ្តុំ អ្នក​ដែល​មាន​អំណាច​ហ្នឹង​គឺ​ប្រើប្រាស់ អំណាច​របស់​ខ្លួន​ទៅលើ​ប្រព័ន្ធ​សង្គម កាលណា​ប្រើប្រាស់​អំណាច​របស់​ខ្លួន​ទៅលើ​ប្រព័ន្ធ​សង្គម អ្នកនោះ​បង្កើត​នូវ​បក្សពួកនិយម​គ្រួសារនិយម វា​ធ្វើ​ឲ្យ​សមាជិក​ដែល​ទទួលរង​នូវ​ទំ នាក់​ទំនង​ជាមួយ​អ្នក​មាន​អំណាច អាច​ធ្វើ​បាប​គេ»។

ក្រៅពី​បញ្ហា​អំណាច​ប្រមូល​ផ្ដុំ លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា​បញ្ហា​ប្រព័ន្ធ​តុលាការ​កម្ពុជា​ក៏​នៅ​ទន់ខ្សោយ ​ចំណែក​អង្គ​នីតិប្បញ្ញត្តិ ដែល​មាន​តួនាទី​ត្រួត​ពិនិត្យមើល​ការអនុវត្ត​ច្បាប់​នោះ ក៏​ខ្សោយ​ថែមទៀត។

ជាមួយ​គ្នា​នេះ​ដែរ នៅ​ថ្ងៃ​ទី​២ វិច្ឆិកា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក៏​ចេញ​សេចក្ដី​ថ្លែងការណ៍ និង​កំណត់ត្រា​សង្ខេប ដើម្បី​បង្ហាញ​ពី​និទណ្ឌភាព​នៅ​កម្ពុជា និង​ដើម្បី​អំពាវនាវ​ពលរដ្ឋ​ខ្មែរ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​និទណ្ឌភាព​នេះ។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ថ្លែង​ថា​ដោយសារតែ​កង្វះ​ឆន្ទៈ​ក្នុង​ការ​ផ្ដន្ទាទោស​លើ​ជន​ប្រព្រឹត្ត​បទល្មើស បាន​ធ្វើ​ឲ្យ​បទល្មើស​តែងតែ​មិន​ត្រូវ​បាន​ស៊ើបអង្កេត​ឲ្យ​ត្រឹមត្រូវ និង​ឯករាជ្យ ឬ​មាន​សំណង​សមរម្យ​សម្រាប់​ជនរងគ្រោះ​ឡើយ។ អង្គការ​សិទ្ធិមនុស្ស​ដដែល​នេះ បញ្ជាក់​ថា​វប្បធម៌​និទណ្ឌភាព បាន​គំរាម​កំហែង​ទៅលើ​សិទ្ធិ​ទទួល​បាន​ការពិត យុត្តិធម៌ និង​សំណង​ត្រឹមត្រូវ ហើយ​បង្ក​ឲ្យ​មាន​ភាព​ភ័យខ្លាច​ក្នុង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​នៃ​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី។ ប្រការ​ទាំងនេះ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ជឿជាក់​ថា នឹង​កាន់តែ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការវិវឌ្ឍន៍ នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ចំពោះ​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង មានប្រសាសន៍ថា ការ​អះអាង​របស់​សង្គម​ស៊ីវិល​ដែល​ថា​រដ្ឋាភិបាល គ្មាន​ឆន្ទៈ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​និទណ្ឌភាព​នៅ​កម្ពុជា គឺជា​សេរីភាព​របស់​ពួកគេ ប៉ុន្តែ​លោក​ថា ការ​លើក​ឡើង​នេះ មិន​ត្រឹមត្រូវ​នោះ​ឡើយ៖ «ព្រោះ​បើ​គ្មាន​ឆន្ទៈ​ប្រហែលជា​ជាន់គ្នា​ងាប់​ហើយ ការដែល​យើង​រៀបចំ យើង​ដឹង ហើយ​ឆ្នាំ​១៩៩៧ អ្នកណា​ក៏​កាន់​កាំភ្លើង​ដែរ គ្មាន​អ្នកណា​នឹក​ស្មានថា​ម៉ោង​នេះ ការ​គោរព​ច្បាប់​អំពី​អាវុធ​មាន​ប្រសិទ្ធភាព​ដូចនេះ​ទេ អញ្ចឹង​បើ​គ្មាន​ឆន្ទៈ​របស់​រដ្ឋាភិបាល សួរ​ថា អ្នកនោះ​មាន​ពេល​ហ្នឹង​និយាយ ពាក្យ​មិន​ពិត​ហ្នឹង​ទេ​អត់​ទេ»។

ទោះជា​យ៉ាងណា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នៅតែ​ទទូច​ឲ្យ​រដ្ឋាភិបាល ចាត់វិធានការ​ឲ្យ​បាន​ហ្មត់ចត់ ឯករាជ្យ និង​ប្រកបដោយ​ប្រសិទ្ធភាព ទៅលើ​ករណី​រំលោភ​សិទ្ធិ​មនុស្ស និង​អំពើ​ឃាតកម្ម​លើ​អ្នកការពារ​សិទ្ធិមនុស្ស និង​អ្នកសារព័ត៌មាន។ អង្គការ​នេះ​ក៏​អំពាវនាវ​រដ្ឋាភិបាល​ឲ្យ​បញ្ចេញ​ជា​សាធារណៈ នូវ​រាល់​ព័ត៌មាន ដែល​បាន​មក​ពី​ការស៊ើបអង្កេត​ទាំងអស់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។