សង្គម​ស៊ីវិល​បារម្ភ​ពី​សកម្មភាព​ចាប់​ខ្លួន​និង​ផ្ដន្ទាទោស​សកម្មជន​ដីធ្លី​និង​នយោបាយ

0:00 / 0:00

ក្រុម​អង្គការ​សង្គម​ស៊ីវិល ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​បច្ចុប្បន្ន ពាក់ព័ន្ធ​នឹង​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​ដីធ្លី សិទ្ធិ​មនុស្ស និង​សកម្មជន​នយោបាយ នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា។ នៅ​ក្នុង​សន្និសីទ​កាសែត​នេះ ពួក​គេ​បាន​ធ្វើ​ការ​វាយ​តម្លៃ​ថា ការ​ចាប់​ខ្លួន​អ្នក​ទាំង​នោះ ក្រោម​ហេតុផល​នយោបាយ និង​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​ចាប់​ខ្លួន និង​ផ្ដន្ទាទោស​សកម្មជន​ដីធ្លី សិទ្ធិ​មនុស្ស និង​សកម្មជន​នយោបាយ​ជា​បន្តបន្ទាប់ តាម​រយៈ​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ជា​ឈ្នាន់ និង​បាន​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង។

ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា (CHRAC) លោក សួន ប៊ុនស័ក្តិ ថ្លែង​ថា ការ​ចាប់​ខ្លួន​ពលរដ្ឋ​នៅ​ពេល​ពួក​គេ​អនុវត្ត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ខ្លួន និង​ការ​ជួប​ជុំ​គ្នា​ដោយ​សន្តិវិធី ដើម្បី​ប្រាប់​ពី​បញ្ហា និង​កង្វល់​របស់​ខ្លួន​ទៅ​អាជ្ញាធរ គឺ​ជា​ការ​គំរាម​កំហែង​ដល់​ការ​អនុវត្ត​សិទ្ធិ​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ។

លោក សួន ប៊ុនស័ក្តិ៖ «បច្ចុប្បន្ន ការ​ដោយសារ​តែ​គម្រោង​ការ​អភិវឌ្ឍន៍​នៅ​បឹងកក់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​លិច​លង់​អី​ផ្សេងៗ យើង​ឃើញ​ថា រដ្ឋបាល​ភ្នំពេញ ជួស​មុខ​ឲ្យ​រដ្ឋាភិបាល​ទាំង​មូល​ហ្នឹង អត់​បាន​ទៅ​ដោះស្រាយ​ជូន​ពួក​គាត់ ធ្វើ​ម៉េច​កុំ​ឲ្យ​លិច​លង់ មាន​ជា​លូ​បង្ហូរ​អី​ផ្សេងៗ គ្នា​គ្រាន់​តែ​តវ៉ា​ទទួល​រង​ការ​ចាប់​ខ្លួន។ ខ្លួន​ឯង​ខ្វះ​ការ​បំពេញ​ភារកិច្ច​ឲ្យ​បាន​មាំទាំ តែ​ទៅ​ប្រើប្រាស់​វិធានការ​ច្បាប់​ដើម្បី​ទៅ​បង្ក្រាប​គ្នា​ទៅ​វិញ នេះ​គឺ​ជា​ការ​ដ៏​ខុស​ឆ្គង​មែន​ទែន។ សូម​អំពាវនាវ​ឲ្យ​អាជ្ញាធរ​រដ្ឋ រក​មធ្យោបាយ​តាម​ផ្លូវ​ច្បាប់ ដើម្បី​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​បឹងកក់ ក៏ដូចជា​សកម្មជន​នយោបាយ​ផ្សេងៗ ដោះ​លែង​ដោយ​គ្មាន​លក្ខខណ្ឌ​ក្នុង​គោល​បំណង​ដើម្បី​ជា​ប្រយោជន៍​ទៅ​ដល់​សិទ្ធិ​ស្រប​ច្បាប់​របស់​គេ»

ការ​ថ្លែង​នេះ នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​រៀបចំ​ដោយ​សមាគម​អាដហុក (adhoc) នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា ដែល​មាន​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស ដីធ្លី សង្គម​ស៊ីវិល​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​បណ្ដាញ​ព្រះសង្ឃ។

រហូត​មក​ដល់​ពេល​នេះ ព្រះសង្ឃ សកម្មជន​ដីធ្លី សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​នយោបាយ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់ សរុប ១៧​នាក់ មាន​ដូចជា ព្រះសង្ឃ ៣​អង្គ សកម្មជន​ដីធ្លី ១០​នាក់ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ៤​នាក់។ អ្នក​ទាំង​នោះ​ជាប់​ចោទ​ពី​បទ​មួយ​ចំនួន​ដូច​ជា បទ​ផ្ដើម​គំនិត​ហិង្សា​ដោយ​ចេតនា បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ដឹក​នាំ​ចលនា​កុបកម្ម បទ​ប្រឆាំង​នឹង​មន្ត្រី​រាជការ​សាធារណៈ និង​បទ​បង្ក​ការ​កក​ស្ទះ​ចរាចរណ៍​សាធារណៈ ជាដើម។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​សង្គម​ស៊ីវិល​បាន​សរសេរ​ថា ការ​ចាប់​ឃាត់​ខ្លួន និង​ផ្ដន្ទាទោស​អ្នក​ទាំង​នោះ ថា​ហាក់​ដូច​ជា​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា វិល​មក​រក​ភាព​តានតឹង ព្រម​ទាំង​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ធ្លាក់​ចុះ។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ការ​ចាប់​បេក្ខជន​តំណាង​រាស្ត្រ សកម្មជន មន្ត្រី​នយោបាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នេះ គឺ​គួរ​តែ​ត្រូវ​បាន​បញ្ចប់ ដោយសារ​កិច្ច​ព្រមព្រៀង​ថ្ងៃ​ទី​២២ កក្កដា។ ផ្ទុយ​ទៅ​វិញ ការ​ចាប់​ខ្លួន​នេះ គឺ​ជា​រឿង​នយោបាយ​សុទ្ធសាធ។ លោក​ថា គណបក្ស​ទាំង​ពីរ​ត្រូវ​តែ​ចាប់​ផ្ដើម​ជជែក​គ្នា ងាក​ទៅ​រក​ដំណើរ​ការ​នៃ​ការ​កែ​ទម្រង់​លើ​ស្ថាប័ន​នានា។ លោក គល់ បញ្ញា បញ្ជាក់​ថា គណបក្ស​ទាំង​ពីរ ត្រូវ​ខិតខំ​រក​មធ្យោបាយ​ដើម្បី​បញ្ចប់​នូវ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ជា​ការ​គំរាម​កំហែង​ខាង​នយោបាយ និង​ដាក់​សម្ពាធ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​នៃ​គណបក្ស​ទាំង​ពីរ។

លោក គល់ បញ្ញា៖ «គណបក្ស​ទាំង​ពីរ​ហ្នឹង​ក៏​ត្រូវ​តែ​ចាប់​ផ្ដើម​ជជែក​គ្នា ក្នុង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង ព្រោះ​ការ​ជជែក​គ្នា កម្រិត​នៃ​ការ​ជឿ​ទុក​ចិត្ត​រវាង​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ នេះ នៅ​ទាប​ណាស់។ អ៊ីចឹង​ទៅ​គេ​ត្រូវ​ថ្នម​គ្នា ដើម្បី​ជជែក​រក​នូវ​ចំណុច​ស្រុះស្រួល​គ្នា​អនុវត្ត​កិច្ច​ព្រមព្រៀង ហើយ​បើ​លេង​ប្រើប្រាស់​តុលាការ​តាម​ចាប់​មន្ត្រី​គណបក្ស​ប្រឆាំង​អ៊ីចឹង​ទៅ។ ការ​ដាក់​សម្ពាធ​របៀប​នេះ ប្រាកដ​ជា​ប៉ះពាល់​ខ្លាំង​ទៅ​លើ​ការ​អនុវត្ត ហើយ​បន្ថយ​នូវ​ការ​ជឿ​ជាក់​គ្នា​ក្នុង​ការ​ពិភាក្សា​គ្នា​ហ្នឹង​អាច​បន្ថយ​ច្រើន»

ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​ថា ការ​ចាប់​ខ្លួន​អ្នក​ទាំង​នេះ គឺ​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​ជា​រឿង​នយោបាយ​នេះ អ្នក​នាំ​ពាក្យ និង​ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព បាន​បដិសេធ​ថា ជា​រឿង​នីតិវិធី​របស់​តុលាការ។ លោក​អះអាង​ថា ការ​លើក​ឡើង​ដូច្នេះ គឺ​ជា​សកម្មភាព​លាប​ពណ៌​ទៅ​តុលាការ។

បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ និង​សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម បាន​កត់​សម្គាល់​ថា នៅ​តាម​ទី​វត្ត​អារាម​មួយ​ចំនួន ក៏​មាន​ការ​ឡោមព័ទ្ធ​ដោយ​កម្លាំង​អាជ្ញាធរ បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​មនុស្ស​ជា​បន្តបន្ទាប់។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ចូលរួម​តវ៉ា​ក្នុង​សកម្មភាព​សង្គម មាន​ការ​ថយ​ចុះ។

ជុំវិញ​ការ​ចាប់​ខ្លួន​នេះ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស សម រង្ស៊ី ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​ព្រះសង្ឃ ប្រជាពលរដ្ឋ និង​សកម្មជន​នយោបាយ​ទាំងអស់​ជា​បន្ទាន់ និង​គ្មាន​លក្ខខណ្ឌ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។