សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ជា​ថ្មី​អំពី​ករណី​ហិង្សា​និង​ឃាតកម្ម​លើ​ស្ត្រី

0:00 / 0:00

សង្គម​ស៊ីវិល សម្ដែង​ក្តី​ព្រួយ​បារម្ភ​ជា​ថ្មី​ចំពោះ​អំពើ​ហិង្សា និង​ឃាតកម្ម​កើត​លើ​ស្ត្រី។ ក្តី​ព្រួយ​បារម្ភ​នេះ ដោយសារ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ មាន​ករណី​អំពើ​ហិង្សា និង​ឃាតកម្ម​សាហាវ​លើ​ស្ត្រី បាន​ក្លាយ​ជា​ប្រធានបទ​នៃ​ការ​ផ្សព្វផ្សាយ និង​ពិភាក្សា​គ្នា​ជាប់​មិន​ដាច់​នៅ​ឡើយ ទាំង​នៅ​លើ​ទំព័រ​សារព័ត៌មាន ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ជាដើម។

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្វើ​ការងារ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី បាន​មើល​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​មិន​មាន​ប្រសិទ្ធភាព និង​ធូរ​រលុង​នេះ​ហើយ ដែល​ជា​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ជាច្រើន​ទៀត ដែល​ធ្វើ​ឲ្យ​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​តែ​បន្ត​កើត​មាន មិន​ថា​ក្នុង​សង្គម​គ្រួសារ និង​សង្គម​ជាតិ​ទាំង​មូល។

នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលការ (SILAKA)និង​ជា​ប្រធាន​ដឹក​នាំ​នៃ​គណៈកម្មាធិការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ អ្នកស្រី ធីតា ឃឹះ មាន​ប្រសាសន៍​ថា មូលហេតុ​ចម្បង​មួយ​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី គឺ​ការ​រើសអើង​ពី​សង្គម មិន​ឲ្យ​តម្លៃ ដែល​សង្គម​នៅ​ចាត់​ទុក​ស្ត្រី​ថា​ជា​ភេទ​ដែល​អាច​ប្រមាថ និង​បំពាន​សិទ្ធិ​ពី​ដៃគូ​ជា​បុរស។ ករណី​នេះ អ្នកស្រី​ជំរុញ​ឲ្យ​សមត្ថកិច្ច​មាន​ចំណាត់​ការ​ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ស្ត្រី​រងគ្រោះ៖ « សង្គម​យើង​នៅ​មាន​ការ​រើសអើង ការ​មើល​ស្រាល​ទៅ​លើ​ស្ត្រី មិន​ទទួល​ស្គាល់​ស្ត្រី ថា​ជា​មនុស្ស​ពេញ​លក្ខណៈ។ ខ្ញុំ​សូម​ឲ្យ​សមត្ថកិច្ច​ផ្ដន្ទាទោស​តាម​បទប្បញ្ញត្តិ »

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត សង្កេត​ឃើញ​ថា អំពើ​ហិង្សា​គ្រប់​រូបភាព​លើ​ស្ត្រី​នៅ​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ ក្នុង​នោះ​រួម​ទាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ឃាតកម្ម ការ​រំលោភ​សេពសន្ថវៈ អំពើ​ហិង្សា​ផ្លូវ​ភេទ និង​ការ​កេង​ប្រវ័ញ្ច ជាដើម។ លោក​បន្ត​ថា បញ្ហា​នេះ​កើត​ឡើង​ភាគ​ច្រើន​មក​ពី​ការ​អនុវត្ត​គោល​នយោបាយ និង​ប្រព័ន្ធ​ច្បាប់​នៅ​ខ្វះ​ចន្លោះ ខ្វះ​ការ​គាំទ្រ​ឲ្យ​ស្ត្រី​ចេញ​មុខ​ទាមទារ​យុត្តិធម៌ វប្បធម៌​និទ្ទណ្ឌភាព ការ​សម្រុះសម្រួល និង​ផ្ដល់​សំណង​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ចំណេះ​ដឹង​ផ្នែក​យេនឌ័រ ជាដើម។

អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ ស្នើ​រដ្ឋាភិបាល​គួរ​មាន​គោល​នយោបាយ​ច្បាស់លាស់ ពង្រឹង​សមត្ថភាព​ផ្នែក​បច្ចេកទេស​មន្ត្រី​សមត្ថកិច្ច ក្នុង​ការ​អនុវត្ត​ច្បាប់ និង​ស៊ើប​អង្កេត ពិសេស​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ៖ « រដ្ឋាភិបាល​គួរ​តែ​ពិចារណា​ឡើង​វិញ​អំពី​សមត្ថកិច្ច​ឲ្យ​ធ្វើ​ការ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព បូក​ផ្សំ​ទាំង​តុលាការ​ផង ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ម៉ត់ចត់ »

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​កិច្ចការ​នារី ដើម្បី​ដឹង​ពី​វិធានការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ។

ករណី​ហិង្សា​លើ​ស្ត្រី​នេះ​ដែរ ក្នុង​ឱកាស​ចុះ​សួរ​សុខ​ទុក្ខ​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ប្រធាន​កាកបាទ​ក្រហម​កម្ពុជា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ក៏​អំពាវនាវ​ប្រជាពលរដ្ឋ​កម្ពុជា ទាំងអស់ នាំ​គ្នា​លុប​បំបាត់​អំពើ​ហិង្សា​នានា និង​ការ​ជួញ​ដូរ​មនុស្ស កុមារ និង​គ្រឿង​ញៀន​ផ្សេងៗ ដើម្បី​ស្ថិរភាព​សង្គម​កម្ពុជា។

ក្នុង​រយៈពេល​ជិត​មួយ​ខែ​មក​នេះ នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ជាពិសេស​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​ផ្សព្វផ្សាយ​ករណី​អំពើ​ហិង្សា​ធំៗ​លើ​ស្ត្រី​មួយ​ចំនួន ដែល​រួម​មាន ករណី​ឃាតកម្ម​លើ​ស្ត្រី​ម្នាក់​ដោយ​កាត់​ក្បាល​នៅ​ខេត្ត​សៀមរាប ករណី​ជះ​ទឹក​អាស៊ីត​លើ​ស្ត្រី​ដែល​ជា​កម្មករ​រោងចក្រ​នៅ​ខេត្ត​កំពង់ចាម និង​ករណី​ស្ត្រី​ដែល​ស្លាប់​ដោយ​ត្រូវ​ប្ដី​បើក​ឡាន​បុក ជាដើម។

របាយការណ៍​របស់​អង្គការ​លីកាដូ បង្ហាញ​ថា គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៦ នេះ អង្គការ​លីកាដូ ទទួល​បាន​ករណី​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​ប្រទេស​កម្ពុជា បាន​ជិត ២០​ករណី ភាគ​ច្រើន​ជា​ករណី​ហិង្សា​ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​២០១៥។ មូលហេតុ​សំខាន់ៗ​នៃ​អំពើ​ហិង្សា​ទាំង​នោះ គឺ​កើត​ឡើង​ដោយសារ​ជម្លោះ​ស្នេហា​ត្រីកោណ ការ​គុំកួន និង​ការ​ប្រច័ណ្ឌ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។