ក្រុមអង្គការមិនមែនរដ្ឋាភិបាលធ្វើការងារលើកស្ទួយសិទ្ធិស្ត្រី រកឃើញថា ដើម្បីដោះស្រាយបញ្ហាដែលស្ត្រី និងកុមារកំពុងជួបប្រទះ គឺទាមទារអោយរដ្ឋាភិបាលបង្កើតអោយមានវិធានការពិសេសជាក់លាក់បន្ថែមទៅបទដ្ឋានច្បាប់ដែលមានស្រាប់។
ដើម្បីជំរុញអោយរដ្ឋាភិបាលថ្មីដែលកើតចេញពីការបោះឆ្នោតយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ ក្រុមអង្គការសមាគមទាំងនេះនឹងរៀបចំអោយមានកម្មវិធីពិភាក្សាមួយនៅថ្ងៃទី៣ ខែកក្កដា ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយចំនួន៨ ដែលបានចុះឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣។
ក្រុមអង្គការមិនមែនរដ្ឋាភិបាលប្រមាណ ២០អង្គការសមាគម រួមគ្នាបង្កើតវេទិកាថ្នាក់ជាតិស្ដីពីវិធានការពិសេស ដើម្បីដោះស្រាយបញ្ហាស្ត្រី និងកុមារ ដែលនឹងផ្ដល់អោយគណបក្សនយោបាយបានពិភាក្សាអំពីគោលនយោបាយគណបក្សទាក់ទងនឹងការដោះស្រាយបញ្ហាស្ត្រី និងកុមារ។
មន្ត្រីសម្របសម្រួលយេនឌ័រ និងអប់រំនៃអង្គការខុមហ្រ្វែល (Comfrel) និងជាតំណាងអ្នករៀបចំវេទិកាពិភាក្សា អ្នកស្រី សឺនកេត សេរីលក្ខណ៍ មានប្រសាសន៍ថា កន្លងមកអង្គការមិនមែនរដ្ឋាភិបាលបានរកឃើញថា បញ្ហាដែលស្ត្រី និងកុមារជួបប្រទះហាក់មិនសូវបានទទួលការយកចិត្តទុកដាក់ដោះស្រាយឡើយ បើទោះជាមានបទដ្ឋានច្បាប់ជាច្រើនត្រូវបង្កើតដើម្បីការពារសិទ្ធិ អត្ថប្រយោជន៍របស់ស្ត្រី និងកុមារ។
អ្នកស្រី សេរីលក្ខណ៍ បន្តថា លើសពីនេះ ការបង្កើនចំនួនស្ត្រីក្នុងវិស័យនយោបាយក៏ទាមទារអោយមានវិធានការពិសេសដោះស្រាយ៖ «អំពើហិង្សា ការរំលោភសេពសន្ថវៈដូចកន្លងមក ឃើញបុរសចាស់រំលោភលើទារកបីបួនឆ្នាំ ឬទើបបានប៉ុន្មានខែអីចឹង វាជារឿងឈឺចាប់ដែលអត់មានការដោះស្រាយ។ រឿងមួយទៀតដែលសំខាន់ហ្នឹង គឺការចូលរួមក្នុងវិស័យនយោបាយអ្នកដឹកនាំរបស់យើងជាស្ត្រីហ្នឹង ក៏ជាបញ្ហាធំដែរ។ យើងចង់អោយគណបក្សចាប់ឆ្នោតហ្នឹងកំណត់ប្រព័ន្ធកូតាក្នុងច្បាប់បោះឆ្នោត ឬក្នុងបទបញ្ជាផ្ទៃក្នុងបក្ស ឬក្នុងផែនការសកម្មភាពរបស់គាត់»។
ក្នុងវេទិកាពិភាក្សាក្រៅពីតំណាងគណបក្សនយោបាយទាំង៨ ដែលចូលរួម ក៏មានអ្នកចូលរួមចំនួន ២០០នាក់ ដែលជាតំណាងអង្គការសង្គមស៊ីវិល ក្រុមយុវជន ស្ត្រីវ័យក្មេង និងក្រុមសហគមន៍មកពីបណ្ដាខេត្តនានា។
តំណាងស្ត្រីវ័យក្មេងមកពីខេត្តកំពង់ស្ពឺ កញ្ញា តឹក នីម បានបញ្ជាក់ថា នាងចង់អោយមានដំណោះស្រាយករណីអំពើហិង្សាក្នុងគ្រួសារធ្ងន់ធ្ងរ ដែលឈានដល់ការកាប់សម្លាប់គ្នារវាងប្ដី និងប្រពន្ធ និងការផ្ដល់សេវាសុខភាពសម្រាប់ស្ត្រីក្រីក្រ៖ «នៅថ្នាក់មូលដ្ឋានខ្ញុំហ្នឹង គាត់យកពូថៅកាត់ក្បាលប្រពន្ធគាត់ ហើយមួយទៀតដោយសារតែគាត់មិនអោយប្ដីរួមរស់ជាមួយ ធ្វើអោយគ្រួសារមានអំពើហិង្សាកើតឡើង។ យើងបានដោះស្រាយ ប៉ុន្តែប្ដីនៅតែមិនបានទទួលទោស។ សំខាន់ទៀត គឺដែរ យើងផ្ដោតលើសុខភាពរបស់គាត់។ នៅមូលដ្ឋានខ្ញុំជាក់ស្ដែង ការផ្តល់សេវាសុខភាពដូចអត់សូវដិតដល់ ហើយដោយការយល់ដឹងពួកគាត់នៅមានកម្រិត»។
ការបង្កើតអោយមានកិច្ចពិភាក្សាពិសេសរវាងម្ចាស់ឆ្នោត និងតំណាងគណបក្សនយោបាយ ស្ដីពីបញ្ហាស្ត្រី គឺបន្ទាប់ពីក្រុមអង្គការមិនមែនរដ្ឋាភិបាលសង្កេតឃើញថា គោលនយោបាយរបស់គណបក្សនយោបាយដែលចូលរួមការបោះឆ្នោតភាគច្រើន ត្រូវបានតាក់តែងបានយ៉ាងល្អគួរជាទីចាប់អារម្មណ៍ ប៉ុន្តែប្រសិនបើគិតពីការអនុវត្ត គឺចាំបាច់ត្រូវមានយុទ្ធសាស្ត្រជាក់លាក់ ដើម្បីធានាថា រាល់សកម្មភាពទាំងអស់នឹងទទួលបានទាំងការគាំទ្រ ដែលជាឆន្ទៈនយោបាយរបស់បក្ស និងធនធានថវិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
