កសិករមួយគ្រួសារនៅឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កំពុងស្វែងរកអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល ដើម្បីតតាំងផ្លូវច្បាប់ប្រឆាំងនឹងយោធាម្នាក់ មេព្រៃម្នាក់ និងមន្ត្រីបរិស្ថានម្នាក់ទៀត ដែលបានប្រើអាវុធបាញ់គំរាម ព្រមទាំងបង្ខំទារប្រាក់ពីរូបគាត់។
បុរសអ្នកភូមិគោកសំព័រ នៃឃុំលំទង គឺលោក លួន ឡត។ លោកអះអាងកាលពីព្រឹកថ្ងៃសៅរ៍ ទី៩ ខែមករា ថា កាលពីថ្ងៃទី៦ ខែមករា កន្លងទៅ លោកបានជួលត្រាក់ទ័រ ១គ្រឿងទៅភ្ជួរដាស់ដីស្រែ ស្រាប់តែមេភូមិរហាល បាននាំទាហានម្នាក់ មេព្រៃម្នាក់ និងមន្ត្រីបរិស្ថានម្នាក់ ប្រដាប់ដោយអាវុធអាកា (AK47) ១ដើម ទៅបាញ់គំរាម ធ្វើឲ្យគាត់ភិតភ័យជាខ្លាំង។ បន្ទាប់មក ក្រុមអ្នកទាំងនោះ បានចាប់យកត្រាក់ទ័រ ហើយបង្ខំឲ្យលោកបង់ប្រាក់ ១០ម៉ឺនរៀលឲ្យពួកគេ ទើបដោះលែងវិញ៖ «បាញ់អាត្រាក់រួចទៅ ខ្ញុំក៏រត់ប្រវេប្រវា ភ័យស្លន់ស្លោបាក់ស្មារតីអស់រលីង រហូតមកដល់ថ្ងៃនេះ ខ្ញុំនៅតែញ័រជើងញ័រដៃ»។
អ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន មានប្រសាសន៍ថា លោកទើបតែបានទទួលដំណឹងចំពោះអំពើហិង្សានេះ ហើយលោកនឹងចុះអង្កេតនៅពេលឆាប់ៗ។
មន្ត្រីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ឲ្យដឹងថា នៅខេត្តឧត្តរមានជ័យ គឺឧស្សាហ៍កើតមានអំពើរំលោភសិទ្ធិមនុស្ស ដោយក្រុមអ្នកមានអំណាច ដូចជា ទាហាន ប៉េអិម វាយដំទៅលើជនស៊ីវិលជាញឹកញាប់ ក៏ប៉ុន្តែប្រព័ន្ធច្បាប់មិនបានចាត់វិធានការប្រឆាំងនឹងការប្រើអំណាចខុសច្បាប់ទាំងនោះឲ្យខ្លាំងក្លាទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
