សាលារាជធានីភ្នំពេញ បដិសេធសំណើរបស់ក្រុមពលរដ្ឋប្រមាណ ២ពាន់នាក់មកពីសហគមន៍ផ្សេងៗ ក្នុងការហែញត្តិទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី៧ ឧសភា ទាមទារឲ្យបញ្ឈប់ការចោទប្រកាន់ និងដោះលែងមន្ត្រីសិទ្ធិមនុស្សដែលកំពុងជាប់ពន្ធនាគារ។
មន្ត្រីសាលារាជធានីភ្នំពេញ ឲ្យដឹងថា ការសម្រេចរបស់សាលារាជធានីភ្នំពេញ គឺផ្អែកលើមូលហេតុមួយចំនួនពាក់ព័ន្ធនឹងការថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ។ ទោះបីជាយ៉ាងណា តំណាងក្រុមពលរដ្ឋទាំងនោះអះអាងថា ពួកគេនឹងនៅតែហែញត្តិតាមគម្រោង បើទោះជាមានការបង្ក្រាបក៏ដោយ។
នាយករដ្ឋបាលសាលារាជធានីភ្នំពេញ លោក មាស ចាន់យ៉ាដា ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅល្ងាចថ្ងៃទី៥ ឧសភា ថា ការសម្រេចរបស់សាលារាជធានីភ្នំពេញ គឺដោយផ្អែកលើមូលហេតុចំនួន៤។
មូលហេតុទីមួយដែលលោក មាស ចាន់យ៉ាដា លើកឡើង គឺដោយសារក្រុមពលរដ្ឋទាំងនោះមិនមានស្នាមមេដៃគាំទ្រពីពលរដ្ឋតាមចំនួន ដែលបញ្ជាក់ក្នុងលិខិតរបស់ខ្លួន។ មូលហេតុទី២ គឺពលរដ្ឋទាំងនោះមិនបានជូនដំណឹងឲ្យបាន ៥ថ្ងៃមុនថ្ងៃហែញត្តិ។
លោកបញ្ជាក់ថា ថ្ងៃដែលពលរដ្ឋទាំងនោះគ្រោងហែញត្តិ គឺជាន់នឹងថ្ងៃដែលសហភាពអឺរ៉ុប រៀបចំការជិះកង់ហែក្បួន ដែលមានការចូលរួមពីពលរដ្ឋប្រមាណ ៤ពាន់នាក់។ លោកបារម្ភថា ប្រសិនបើអនុញ្ញាតឲ្យព្រឹត្តិការណ៍ទាំងពីរកើតឡើងព្រមគ្នា នោះអាចនឹងធ្វើឲ្យមានការកកស្ទះចរាចរណ៍ និងប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ៖ « ការជិះកង់នេះ នឹងកាត់តាមស្ថានទូតផ្សេងៗហើយ ក៏កាត់តាមមហាវិថីព្រះនរោត្ដម ហ្នឹងដែរ។ ដូច្នេះ ប្រសិនបើប៉ះគ្នា តើវាប៉ះពាល់យ៉ាងណា ?»។
មូលហេតុចុងក្រោយដែលនាយករដ្ឋបាលសាលារាជធានីភ្នំពេញរូបនេះលើកឡើង គឺដោយសារលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងអនុប្រធានអង្គភាពនេះ បានបកស្រាយប្រាប់តំណាងក្រុមពលរដ្ឋទាំងនោះក្នុងជំនួបនៅសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៥ ឧសភា រួចរាល់ហើយ។
ទោះបីជាយ៉ាងណាក៏ដោយ តំណាងក្រុមពលរដ្ឋប្រមាណ ២ពាន់នាក់នោះ អ្នកស្រី មាស លក្ខិណា អះអាងថា ពួកគេនឹងនៅតែប្រមូលផ្ដុំគ្នាហែញត្តិតាមការគ្រោងទុក ទោះក្នុងករណីមានការបង្ក្រាបពីសមត្ថកិច្ចក៏ដោយ៖ « សហភាពអឺរ៉ុប ជិះកង់បាន យើងជាពលរដ្ឋខ្លួនឯងសោះ សុំតែហែដាក់ញត្តិសោះ តើវាមានអីត្រូវខុស ? ប្រាប់ទៅ ពួកយើងសុទ្ធតែជាខ្មែរដូចគ្នា។ យើងអាចនិយាយគ្នាបានតើអូន ! អ៊ីចឹងយើងអត់មានទៅបង្កទៅជាលក្ខណៈហិង្សា ឬអីទេ។ យើងគ្រាន់តែសុំដើរទៅដាក់ញត្តិជាធម្មតាតែប៉ុណ្ណឹងទេ »។
តំណាងពលរដ្ឋដែលបានផ្ដិតមេដៃលើលិខិតដាក់ទៅសាលារាជធានីភ្នំពេញ ចុះថ្ងៃទី៤ ឧសភា សុំហែញត្តិ គឺជាពលរដ្ឋដែលមកពីសហគមន៍រងគ្រោះដោយសារទំនាស់ដីធ្លីក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
