កុមារក្រីក្រ ២នាក់បងប្អូនមកពីខេត្តសៀមរាប ដែលនៅបម្រើក្នុងផ្ទះឈ្មួញផលិតថង់ប្លាស្ទិក ត្រូវសមត្ថកិច្ចរកឃើញថា មានការបង្ខាំងធ្វើទារុណកម្មផ្លូវកាយ និងផ្លូវភេទច្រើនឆ្នាំមកហើយ។ បច្ចុប្បន្ន ប៉ូលិសក្រសួងមហាផ្ទៃ ព្រះរាជអាជ្ញា និងអង្គការក្រៅរដ្ឋាភិបាល សហការរំដោះកុមារទាំង២ពីភូមិគ្រឹះលេខ១៩ ផ្លូវ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក កាលពីថ្ងៃទី២៩ ខែកក្កដា ប៉ុន្តែប៉ូលិសមិនទាន់បញ្ចប់ការស៊ើបអង្កេតករណីនោះនៅឡើយ។
មន្ត្រីអង្គការលីកាដូ (Licadho) ឲ្យដឹងថា ប៉ូលិសព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងព្រះរាជអាជ្ញា កំពុងដំណើរការលើបណ្ដឹងរបស់គ្រួសារកុមារក្រីក្រមួយ ដែលឲ្យកូនស្រី និងកូនប្រុសជាអនីតិជន បម្រើនៅផ្ទះឈ្មួញឈ្មោះ សឿង ហឿង ជាជនសង្ស័យទាក់ទងនឹងការចោទប្រកាន់ ថាធ្វើទារុណកម្មលើពួកគេ។
មន្ត្រីជាន់ខ្ពស់នៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា គ្រួសារកុមារក្រីក្រប្ដឹងមកអង្គការលីកាដូ ឲ្យជួយរំដោះកូនទាំង២នាក់ ដែលត្រូវជនសង្ស័យជាឈ្មួញឈ្មោះ សឿង ហឿង បង្ខាំងទុកធ្វើទារុណកម្មផ្លូវកាយ និងផ្លូវភេទ។ លោកថា ឈ្មួញឈ្មោះ សឿង ហឿង នោះ ក្រសួងមហាផ្ទៃ មិនទាន់ចាប់ខ្លួននៅឡើយ ទើបតែហៅអ្នកបម្រើ និងអង្គរក្សមកសាកសួរនៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីយប់ថ្ងៃទី២៩ និងព្រឹកថ្ងៃទី៣០ ខែកក្កដា៖ «ល្ងាចមិញហ្នឹង គឺប៉ូលិសបានហៅ ២នាក់ គឺអ្នកដាំបាយ និងអង្គរក្ស មកធ្វើការសាកសួរនៅយប់មិញ មកតែ ២នាក់ហ្នឹងទេ ហើយម្ចាស់ផ្ទះ ប៉ូលិសថានឹងធ្វើការសាកសួរតាមក្រោយ»។
មេប៉ុស្តិ៍សង្កាត់ទឹកល្អក់៣ លោក ស៊ិន ប៊ុនរី ឲ្យដឹងថា លោក សឿង ហឿង បានប្រកបរបរផលិតថង់ប្លាស្ទិក រស់នៅភូមិគ្រឹះលេខ១៩ ផ្លូវ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ លោកថា បញ្ហាកើតឡើងពាក់ព័ន្ធក្មេងទាំង ២នាក់នោះ គឺនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះចាត់ការផ្ទាល់ ចំណែកប៉ូលិសមូលដ្ឋាន មិនបានដឹងរឿងនោះទេ ប៉ុន្តែលោកបានសហការក្នុងករណីនោះដែរ៖ «ជនរងគ្រោះទៅប្ដឹងនៅក្រសួង អ៊ីចឹងករណីៗរបស់ក្រសួង គ្រាន់តែគេសុំសហការមក បានខ្ញុំសហការ ខ្ញុំគ្រាន់តែជួយចង្អុលផ្ទះគេហ្នឹងទៅ បញ្ហាអីៗខ្ញុំអត់ដឹង»។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា រឿងនោះជាភារកិច្ចរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ លោក អ៊ិន បូរ៉ា មានប្រសាសន៍ថា លោកកំពុងជាប់ប្រជុំ មិនអាចសុំការបំភ្លឺបានទេ នៅថ្ងៃទី៣០ ខែកក្កដា។
លោក អំ សំអាត ឲ្យដឹងថា រឿងហេតុបង្ខាំងក្មេងនោះ បានបែកការបន្ទាប់ពីគ្រួសារកុមារទាំង២ ទៅស្នើសុំជួបកូន និងសុំយកកូនចេញពីផ្ទះនោះ។ ប៉ុន្តែឈ្មួញ សឿង ហឿង នោះមិនព្រមឲ្យចេញ និងមិនឲ្យជួបកូន ទើបមានការសង្ស័យ ហើយគ្រួសារបានប្ដឹងទៅអង្គការលីកាដូ កាលពីថ្ងៃច័ន្ទ សប្ដាហ៍មុន។ អង្គការលីកាដូ បានសុំកិច្ចសហការពីក្រសួងមហាផ្ទៃ ហើយក៏មានការគាំទ្រពីអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស។ កាលពីថ្ងៃច័ន្ទ ទី២៨ ខែកក្កដា កុមារាត្រូវគេប្រើឲ្យទិញឥវ៉ាន់ បានដើរចេញក្រៅផ្ទះ ក្រុមគ្រួសារបានឃើញ ក៏នាំកុមារាយកទៅប្ដឹងនៅក្រសួងមហាផ្ទៃ។ នៅថ្ងៃទី២៩ ខែកក្កដា ព្រះរាជអាជ្ញា និងសមត្ថកិច្ចចុះឆែកឆេរលំនៅឋានលេខ១៩ ផ្លូវ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រកឃើញមានអាវុធ ដំបងឆក់ និងសម្លៀកបំពាក់យោធា និងប៉ូលិស។
លោកថា កុមារា គឺមានអាយុ ១២ឆ្នាំ ទើបមករស់នៅក្នុងផ្ទះឈ្មួញ សឿង ហឿង ពីឆ្នាំ២០១២ ទេ។ ចំណែកបងស្រី បច្ចុប្បន្នអាយុប្រហែលជា ១៨ឆ្នាំ ត្រូវឈ្មួញបង្ខាំងទុកប្រើពីឆ្នាំ២០០២ ពេលនាងនៅជាកុមារីអាយុ ៨ឆ្នាំ។ លោកថា ក្មេងទាំងពីរត្រូវក្រសួងមហាផ្ទៃ បញ្ជូនទៅកន្លែងមានសុវត្ថិភាពហើយ។ ចំណែកសមត្ថកិច្ចក្រសួងមហាផ្ទៃ និងតុលាការ មិនទាន់បញ្ចប់ការស៊ើបអង្កេតនៅឡើយ។
លោក អំ សំអាត ឲ្យដឹងថា នៅឆ្នាំ២០១៤ នេះ អង្គការលីកាដូ បានទទួលបណ្ដឹងធ្វើទារុណកម្មលើកុមារចំនួន ៤ករណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
