ឪពុកម្ដាយយុវជនម្នាក់ដែលបាត់ខ្លួនក្នុងករណីហិង្សានៅផ្លូវវ៉េងស្រេង កាលពីពីរឆ្នាំមុន ទទូចរកយុត្តិធម៌ពីស្ថាប័នជាតិ និងអន្តរជាតិ។ សំណើនេះ ធ្វើឡើងខណៈដែលស្ថាប័នរដ្ឋបិទបញ្ចប់ការស៊ើបអង្កេតករណីនេះ ប៉ុន្តែពួកគាត់នៅតែរកមិនឃើញកូនប្រុសរបស់ខ្លួន។ មន្ត្រីសង្គមស៊ីវិល និងគណបក្សប្រឆាំង ជំរុញរដ្ឋាភិបាលឲ្យធ្វើការស្រាវជ្រាវឲ្យអស់លទ្ធភាព ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
ខឹម សុផាត គឺជាយុវជនម្នាក់ដែលបានបាត់ខ្លួននៅក្នុងព្រឹត្តិការណ៍បង្ក្រាបដោយហិង្សានៅផ្លូវវ៉េងស្រេង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។
អង្គុយនៅក្នុងបន្ទប់ផ្ទះសំណាក់មួយនៅរាជធានីភ្នំពេញ មនុស្ស ៣នាក់ដែលជាឪពុក ម្តាយ និងប្អូនស្រីរបស់ ខឹម សុផាត បានធ្វើដំណើរពីខេត្តស្វាយរៀង មកដល់ភ្នំពេញ នៅថ្ងៃទី២ ខែមករា ដើម្បីប្រារព្ធខួបនៃការបាត់ខ្លួនកូនប្រុសរបស់គាត់ នៅថ្ងៃទី៣ ខែមករា។
មានមុខរបរជាកសិករ លោក ខឹម សឿន ជាឪពុករបស់ យុវជន ខឹម សុផាត និយាយថា កាលពីមុន លោកធ្វើពិធីរំឭកខួបឲ្យកូនប្រុសនៅខេត្តស្វាយរៀង ប៉ុន្តែឆ្នាំនេះមកធ្វើនៅភ្នំពេញ ព្រោះដើម្បីមកសួរនាំស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិលនានាពីការរីកចម្រើននៃពាក្យបណ្ដឹង ដែលលោកបានដាក់ប្ដឹងកន្លងមក។
បុរសដែលមានសម្បុរខ្មៅ ចិញ្ចើមក្រាស់ រៀបរាប់ដោយសំឡេងមួយៗថា កាលពីឆ្នាំ២០១៤ បន្ទាប់ពីទទួលដំណឹងថា កូនរបស់លោកបាត់ខ្លួន លោកបានដាក់ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃ អង្គការលីកាដូ (LICADHO) និងអង្គការសិទ្ធិមនុស្សមួយចំនួន ដើម្បីស្វែងរកកូនប្រុសរបស់លោក៖ «មកភ្នំពេញចង់ឲ្យរដ្ឋាភិបាល និងអង្គការទាំងអស់ ជួយរកយុត្តិធម៌ដល់កូនខ្ញុំផង បើថាស្លាប់ឲ្យឃើញសាកសព បើរស់ឲ្យដឹងដំណឹង»។
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ កម្មករកម្មការិនីរាប់ម៉ឺននាក់ បានផ្ទុះការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារក្នុងមួយខែ ដែលបានធ្វើឲ្យកងកម្លាំងចម្រុះរបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកការបង្ក្រាបដោយបាញ់គ្រាប់កាំភ្លើងពិតលាន់ឮកងរំពងកណ្ដាលទីក្រុង។ ការបាញ់បង្ក្រាបទៅលើកម្មករ ដែលប្រើដុំថ្មជាអាវុធក្នុងគ្រានោះ បណ្ដាលឲ្យកម្មករ ៤នាក់ស្លាប់ ម្នាក់បាត់ខ្លួន និងរបួសជាង ៤០នាក់។

លោក ខឹម សឿន មានប្រសាសន៍ថា លោកគ្មានសង្ឃឹមថា កូនរបស់លោកនៅមានជីវិតឡើយ ដោយរៀបរាប់ថា សាក្សីដែលនៅក្នុងហេតុការណ៍បានប្រាប់លោកថា កូនរបស់លោកត្រូវសមត្ថកិច្ចបាញ់ចំដើមទ្រូង ហើយបានដេកស្លាប់នៅនឹងកន្លែងបាត់ទៅហើយ៖ «ឮគេថាកូនខ្ញុំដួលនៅផ្លូវ គេលើកបោះៗចូលក្នុងឡាន ម្នាក់មកឃើញហ្នឹងត្រូវរបួសដៃ កុំតែបានក្មេងស្រីអូសចូលបន្ទប់ចាក់សោទេ កុំអីគេយកទៅទាំងអស់»។
ដំណាលគ្នានឹង លោក ខឹម សឿន រំឭករឿងនេះឡើងវិញ ស្ត្រីម្នាក់អង្គុយនៅក្បែរជាប្រពន្ធរបស់លោក ប្រែទឹកមុខទៅជាក្រហម តំណក់ទឹកភ្នែកក៏រមៀលធ្លាក់ចុះ ហើយផ្ដើមនិយាយដោយសំឡេងយំខ្សឹបខ្សួល៖ «ខ្ញុំយំខ្ញុំនឹកកូនខ្ញុំ មិនគួរបាញ់សម្លាប់ដូចសត្វធាតុ មិនគួរណាគេធ្វើចឹង កូនខ្ញុំនៅក្មេងសោះ ហេតុអី?»។
លោកស្រី អ៊ិន លក្ខិណា ប្រាប់ថា កាលពីកូនលោកស្រីនៅរស់ តែងតែផ្ញើប្រាក់ទៅលោកស្រីក្នុងមួយខែៗជិត ២០០ដុល្លារ ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ។ លោកស្រីថា ចាប់ពីបាត់បង់កូនប្រុសរបស់លោកស្រី ជីវភាពគ្រួសារក៏ធ្លាក់ដុនដាប។ លោកស្រីស្ទើរមិនជឿថា កម្លាំងរដ្ឋាភិបាល លោក ហ៊ុន សែន ធ្វើការបង្ក្រាបលើពលរដ្ឋខ្លួនដូច្នេះទេ៖ «មិនគួរអីលោកពល (កងកម្លាំង) បាញ់សម្លាប់កូនខ្ញុំ គ្នាមិនដឹងអីសោះ ដឹងតែរកលុយផ្ញើឲ្យម៉ែឲ្យឪ ខ្ញុំក្របានឲ្យកូនមកធ្វើការ»។
ករណីហិង្សាដែលកើតឡើងនៅឆ្នាំ២០១៤ ធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់ធ្ងន់ធ្ងរនៃការរំលោភសិទ្ធិមនុស្ស។ របាយការណ៍ស្ដីពីការរំលោភសិទ្ធិមនុស្សលើពិភពលោកក្នុងឆ្នាំ២០១៤ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ឆ្នាំ២០១៤ បង្ហាញថា បញ្ហារំលោភសិទ្ធិមនុស្សជាច្រើនកំពុងកើតនៅក្នុងប្រទេសកម្ពុជា។
បញ្ហាទាំងនោះរួមមាន ការវាយដំ និងការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស និងកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់នៅលើកំណាត់ផ្លូវវ៉េងស្រេង កាលពីដើមឆ្នាំ២០១៤ ការរឹតបន្តឹងលើសិទ្ធិសេរីភាពក្នុងការជួបប្រជុំ ប្រព័ន្ធតុលាការគ្មានប្រសិទ្ធភាព និងមានការជ្រៀតជ្រែកពីអ្នកនយោបាយ ការរឹតត្បិតទៅលើសេរីភាពរបស់អ្នកសារព័ត៌មាន ការរំលោភបំពានលើអ្នកជាប់ឃុំ អំពើពុករលួយ ស្ថាប័នសិទ្ធិមនុស្សជាតិគ្មានប្រសិទ្ធភាព និងអំពីនិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ ជាដើម។
អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត និយាយថា យុត្តិធម៌សម្រាប់ជនរងគ្រោះ និងសាច់ញាតិជនរងគ្រោះដោយករណីហិង្សានេះ នៅឆ្ងាយដូចជើងមេឃ។ ទោះបែបនេះក្តី មន្ត្រីអង្គការសង្គមស៊ីវិលដដែល ស្នើទៅរដ្ឋាភិបាលប្រឹងឲ្យអស់ពីលទ្ធភាព ដើម្បីរកយុត្តិធម៌ជនរងគ្រោះ៖ «យើងជំរុញឲ្យរដ្ឋាភិបាល ព្រោះទី១ គឺរដ្ឋាភិបាលមានតែរដ្ឋាភិបាលទើបរកយុត្តិធម៌បាន ហើយជាការបង្ហាញឆន្ទៈរបស់រដ្ឋាភិបាលក្នុងការធ្វើការងារស៊ើបអង្កេតរឿងនេះ»។

ក្នុងខួបលើកទី២ នៃការបាញ់បង្ក្រាបកម្មករនៅផ្លូវវ៉េងស្រេង នេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ខៀវ សុភ័គ ឲ្យដឹងថា គណៈកម្មការដែលរដ្ឋាភិបាលបង្កើតដើម្បីស្រាវជ្រាវករណីនេះ បានបញ្ចប់ការងាររបស់ខ្លួនទៅហើយ។ លោកអះអាងថា លទ្ធផលរកឃើញថា ករណីហិង្សានេះមានអ្នកនយោបាយនៅពីក្រោយ មិនមែនជាបាតុកម្មទាមទារប្រាក់ឈ្នួលទេ។ លោកថែមទាំងបញ្ជាក់ថា សមត្ថកិច្ចរកមិនឃើញថាមានករណីបាត់ខ្លួនទេ។ ក្រៅពីបង្ហាញការសោកស្ដាយចំពោះការបាត់បង់ជីវិតកម្មករ អ្នកនាំពាក្យក្រសួងមហាផ្ទៃ រូបនេះបន្ថែមថា លោកមិនចង់រំឭករឿងចាស់ឡើងវិញទេ៖ «រឿងហ្នឹងដើមហេតុមកពីកុបកម្មមានការញុះញង់ផ្ដួលរំលំរដ្ឋាភិបាល ប៉ុន្តែយើងមិនបានយកមកពិចារណាឡើងវិញទេ ព្រោះស្ថានការណ៍នយោបាយធូរស្រាលឡើងវិញហើយ។ យើងមិនចង់ឲ្យមានភាពល្អក់កករទេ»។
ទាក់ទងរឿងនេះដែរ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីខែមករា ឆ្នាំ២០១៥ ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ថា ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កភាពវឹកវរដល់សន្តិសុខសង្គម នៅក្រោយការតវ៉ាដំឡើងប្រាក់ខែកម្មករនៅផ្លូវវ៉េងស្រេង និងក្បែររោងចក្រយ៉ាកជីន (Yakjin) ដែលត្រូវអាជ្ញាធរបង្ក្រាបដោយហិង្សា។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ទាមទារឲ្យរដ្ឋាភិបាលត្រូវផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងផ្ដន្ទាទោសចំពោះជនប្រព្រឹត្តិ។ លោកបន្តថា ជនរងគ្រោះមួយចំនួន គណបក្សលោកជួយផ្តល់មធ្យោបាយដើម្បីដាក់ពាក្យប្ដឹងទៅស្ថាប័នអន្តរជាតិ ខណៈពួកគេគ្មានជំនឿលើតុលាការក្នុងស្រុក៖ «រដ្ឋាភិបាលចាំបាច់រកយុត្តិធម៌ជូនជនរងគ្រោះ បើរដ្ឋាភិបាលសព្វថ្ងៃរកមិនឃើញ រដ្ឋាភិបាលក្រោយៗទៀតត្រូវរកឲ្យឃើញ ព្រោះការបាញ់សម្លាប់មនុស្សជាទោសឧក្រិដ្ឋ»។
កាលពីខែតុលា ឆ្នាំ២០១៤ លោក រីឆាដ រ៉ូជើរ (Richard Rogers) នៃក្រុមហ៊ុនមេធាវី គ្លូប៊ល ឌីលិជេនស៍ (Global Diligence) ដែលមានទីតាំងនៅប្រទេសអង់គ្លេស តំណាងឲ្យដើមបណ្ដឹងប្រជាពលរដ្ឋខ្មែរដែលជាជនរងគ្រោះនៃការរំលោភបំពាន និងបង្ខំបណ្ដេញចេញពីផ្ទះសម្បែង និងដីធ្លី បានដាក់ពាក្យបណ្ដឹងមួយច្បាប់ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីករណីសមត្ថកិច្ចប្រើហិង្សាលើអ្នកតវ៉ានៅផ្លូវវ៉េងស្រេង និងក្បែររោងចក្រយ៉ាកជីន។
ក្នុងពាក្យបណ្ដឹងនោះ ចោទប្រកាន់មន្ត្រីមានអំណាចក្នុងជួររដ្ឋាភិបាលកម្ពុជា ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលបានប្រព្រឹត្តក្នុងរយៈពេលជាង ១២ឆ្នាំចុងក្រោយនេះ។
អង្គការសង្គមស៊ីវិល ក្រុមសហជីព ព្រះសង្ឃ និងក្រុមគ្រួសារជនរងគ្រោះ ដែលនាំគ្នាធ្វើពិធីរំឭកខួបពីរឆ្នាំនៃការបាញ់ស្លាប់កម្មករនៅផ្លូវវ៉េងស្រេង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ ត្រូវបានអាជ្ញាធរហាមឃាត់។ កម្លាំងបង្ក្រាបចម្រុះរបស់សាលាក្រុងភ្នំពេញ ប្រដាប់ដោយអាវុធ ខែល ដំបងឫស្សី ដំបងឆក់ ត្រូវបានគេដាក់ពង្រាយជាច្រើនរយនាក់តាំងពីព្រឹកព្រលឹម និងច្រើនកន្លែងនៅតាមបណ្តោយផ្លូវវ៉េងស្រេង។ អ្នកចូលរួមពិធីរំឭកខួបពីរឆ្នាំទាំងអស់ ត្រូវបានអាជ្ញាធរដេញរុញច្រានឲ្យបែកខ្ញែក មិនអាចធ្វើពិធីបានត្រឹមត្រូវឡើយ។
ដោយឡែក លោកស្រី អ៊ិន លក្ខិណា ម្តាយយុវជន ខឹម សុផាត មានប្រសាសន៍ថា ប្រសិនបើកូនរបស់លោកស្រីបាត់បង់ជីវិត លោកស្រីចង់ឃើញសាកសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ហើយសមត្ថកិច្ចមានកាតព្វកិច្ចក្នុងការរកយុត្តិធម៌ជូនពលរដ្ឋខ្លួន៖ «គេថាកាត់ចិត្តទៅ កាត់ចិត្តអីបើខែបុណ្យទានឃើញមានកូនគេមកជួបម៉ែឪ បាត់តែកូនខ្ញុំ។ បើសិនបាញ់គ្នាសម្លាប់ហើយ ទុកសាកសពឲ្យយកទៅស្រុកទៅស្រែធ្វើបុណ្យ។ ចុះហេតុអីដឹកគ្នាទៅណាបំបាត់ភស្តុតាង»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
