ក្រុមការងារដើម្បីសន្តិភាព គ្រោងនឹងធ្វើយុទ្ធនាការដើរក្បួនពីរមណីយដ្ឋានវត្តភ្នំ ឆ្ពោះទៅព្រះអង្គដងកើ ដើម្បីប្រារព្ធពិធីពិសាខបូជា នៅថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០១៤ ដើម្បីផ្សព្វផ្សាយមេត្តាធម៌ អហិង្សា និងសន្តិភាពដល់បណ្ដាជន នារាជធានីភ្នំពេញ។
តំណាងក្រុមការងារដើម្បីសន្តិភាព លោក ឈាង ឬទ្ធី ថ្លែងថា ជារៀងរាល់ឆ្នាំតែងធ្វើពិធីនេះនៅតាមតំបន់ព្រំដែន ដើម្បីផ្សព្វផ្សាយពីធម៌អហិង្សា។ ប៉ុន្តែឆ្នាំនេះ បានមកធ្វើនៅរាជធានីភ្នំពេញ គឺដោយសារកាលពីពេលថ្មីៗនេះ ក្រុមកម្មករតវ៉ាដំឡើងប្រាក់ឈ្នួលដែលបង្កឲ្យមានការបង្ក្រាបពីសំណាក់កងកម្លាំងរដ្ឋាភិបាល ការបាញ់សម្លាប់ និងធ្វើឲ្យមនុស្ស ៥នាក់ស្លាប់ និងជាច្រើននាក់រងរបួសនោះ។ លោកបន្តថា អ្នករួមពិធីនេះ ក៏មានសាសនិកជនទាំង៣ មកពីសាសនាព្រះពុទ្ធ សាសនាម៉ូស្លីម និងគ្រីស្ទាន ក៏ចូលរួមផងដែរ។
លោក ឈាង ឬទ្ធី៖ «យើងមានកាន់បដាសន្តិភាពរក្សាភាពស្ងៀមស្ងាត់រហូតដល់មុខព្រះអង្គដងកើ ទើបយើងឲ្យសាសនាទាំង៣ហ្នឹងថ្លែងជាសារសន្តិភាពរបស់គាត់ ចំណាប់អារម្មណ៍នៅក្នុងថ្ងៃហ្នឹង និងសារសន្តិភាពទៅដល់សាធារណជន ទាក់ទងរឿងការផ្សព្វផ្សាយមេត្តាធម៌គោលការណ៍សន្តិភាព តាមរយៈសាសនាទាំងបី។ យើងនឹងមានសារមួយពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ដែលគាត់ផ្ញើសារនៅក្នុងថ្ងៃពិសាខបូជាឆ្នាំ២០១៤ នៅពេលនេះយើងត្រូវការស្មារតីអហិង្សាជាងអ្វីៗទាំងអស់ ដើម្បីលើកកម្ពស់សន្តិភាព និងលុបបំបាត់នូវទំនាស់»។
ក្រុមការងារនេះបានដាក់លិខិតទៅសាលារាជធានី ជូនដំណឹងពីការជួបជុំប្រមាណ ៣០០នាក់នៅរមណីយដ្ឋានវត្តភ្នំ ប៉ុន្តែសាលារាជធានីមិនទទួល ដោយថា លិខិតខុសរដ្ឋបាល។ នៅថ្ងៃច័ន្ទ ទី១២ ក្រុមនេះអះអាងថា នឹងដាក់លិខិតជូនដំណឹងម្ដងទៀត។ យ៉ាងណា ក្រុមការងារនេះបានអំពាវនាវឲ្យពលរដ្ឋចូលរួម ដើម្បីកសាងសន្តិភាព និងអបអរពិធីពិសាខបូជា ថ្ងៃទី១៣ ខែឧសភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
