ប៉ូលិស​ខេត្ត​ក្រចេះ​រង​ការ​ចោទ​ថា​គំរាម​និង​ប្រើ​ហិង្សា​លើ​ពលរដ្ឋ

0:00 / 0:00

ប៉ូលិស​មួយ​រូប​នៅ​វរៈ​ព្រំដែន​លេខ​៦១៩ ខេត្ត​ក្រចេះ និង​ជា​សន្តិសុខ​យាម​ឲ្យ​ក្រុមហ៊ុន​វៀតណាម រង​ការ​ចោទ​ថា គំរាម និង​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ។ ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​មន្ត្រី​ប៉ូលិស​រូប​នោះ ព្យាយាម​រារាំង និង​បិទ​ផ្លូវ​មិន​ឲ្យ​ពលរដ្ឋ​ចំនួន ១៨​គ្រួសារ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​បាន ព្រម​ទាំង​គំរាម​ដោយ​អាវុធ និង​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា។ មន្ត្រី​សិទ្ធិ​មនុស្ស អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ស៊ើប​អង្កេត​ករណី​នេះ។

ពលរដ្ឋ​ចំនួន ១៨​គ្រួសារ រស់នៅ​ភូមិ​គ្រញូង​សែន​ជ័យ​ខាង​ជើង ឃុំ​ឃ្សឹម ស្រុក​ស្នួល នៅ​ថ្ងៃ​ទី​៧ សីហា អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជំនាញ​អនុវត្ត​ច្បាប់​លើ​មន្ត្រី​នគរបាល​វរៈ​ព្រំដែន​លេខ​៦១៩ និង​ជា​សន្តិសុខ​យាម​ឲ្យ​ក្រុមហ៊ុន​វៀតណាម ទាក់ទិន​ការ​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​ភូមិ​ម្នាក់ កាល​ពី​ថ្ងៃ​ទី​២ សីហា។ អ្នក​ភូមិ​ចាត់​ទុក​ការ​ប្រើ​អំពើ​ហិង្សា​នោះ ថា​ជា​ចេតនា​គុំកួន​ក្នុង​បញ្ហា​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន សាយ​ដុង កៅស៊ូ ឌុក​ដុង (Say dong Kawsaou Douk Dong) របស់​វៀតណាម។

អ្នក​ភូមិ​ម្នាក់ លោក វណ្ណ ចាន់ណេង ចោទ​ប្រកាន់​ថា ប៉ូលិស​វរៈ​ព្រំដែន​លេខ​៦១៩ និង​ជា​សន្តិសុខ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ កែវ សិរីវុទ្ធ បាន​រារាំង​អ្នក​ភូមិ​ចំនួន ៣​នាក់ ដែល​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ មិន​ឲ្យ​ឆ្លង​កាត់​ទីតាំង​ត្រួត​ពិនិត្យ ឬ​បារាស​របស់​ក្រុមហ៊ុន ដែល​ដាក់​នៅ​លើ​ផ្លូវ​ចាំបាច់​របស់​អ្នក​ភូមិ​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់ កាល​ពី​រសៀល​ថ្ងៃ​ទី​២ សីហា និង​ប្រើ​អាវុធ​គំរាម​ដោយ​ចេតនា ព្រម​ទាំង​ប្រើ​អំពើ​ហិង្សា​លើ​រូប​លោក​ទៀត​ផង។ លោក​បន្ត​ថា បន្ទាប់​ពី​កើត​ហេតុ​ភ្លាម ក្រុម​ពលរដ្ឋ​បាន​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​ស្នាក់ការ​នគរបាល​គ្រញូង​សែន​ជ័យ តែ​រហូត​មក​ដល់​ថ្ងៃ​ទី​៧ សីហា នៅ​មិន​ទាន់​ដោះស្រាយ​នៅ​ឡើយ​ទេ៖ «ដល់​ពេល​ជន​ដែល​ធាក់​ម៉ូតូ​ខ្ញុំ​ដួល​ហ្នឹង​បង មក​ដល់​អត់​មាន​និយាយ​ផង គ្រាន់​វ៉ៃ​ចន្ទល់​ម៉ូតូ​ក្តាប់​សោ​ម៉ូតូ វ៉ៃ​ត្រូវ​ភ្នែក​ខ្ញុំ​ពីរ​បី​ដៃ កុំ​បាន​ប្រជាពលរដ្ឋ​នៅ​កន្លែង​ហ្នឹង​ជួយ កុំ​អី​ខ្ញុំ​ត្រូវ​ងាប់ ហើយ​ពេល​វ៉ៃ​ហើយ​ទាញ​កាំភ្លើង​ពី​គ្នា​គាត់​ដែល​មក​ជួយ​ឃាត់ ទាញ​កាំភ្លើង​ប្រមាណ​រក​បាញ់​រូប​ខ្ញុំ​សម្លាប់ ហើយ​ពលរដ្ឋ​ទាំងអស់​គ្នា ប៉ុន្តែ​ទាញ​មិន​បាន»

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៧ សីហា មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី លោក កែវ សិរីវុទ្ធ ដើម្បី​សុំ​បំភ្លឺ​ពី​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ។

ចំណែក​តំណាង​ក្រុមហ៊ុន​វៀតណាម សាយ​ដុង កៅស៊ូ ឌុក​ដុង លោក ឆេន បដិសេធ​ថា ការ​លើក​ឡើង​របស់​អ្នក​ភូមិ គឺ​ជា​រឿង​មិន​ពិត។ លោក​ថា មាន​តែ​ពលរដ្ឋ​ទាំង​នោះ​ទៅ​វិញ​ទេ ដែល​ស្រវឹង​ស្រា និង​ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួន​ឯង។ ជាង​នេះ​ទៅ​ទៀត ក្រុមហ៊ុន​ពុំ​បាន​រារាំង​អ្នក​ភូមិ​មិន​ឲ្យ​ឆ្លង​កាត់​ឡើយ គឺ​គ្រាន់​តែ​សាកសួរ​ពលរដ្ឋ ពេល​ពួក​គាត់​ឆ្លង​កាត់​តាម​បារាស​ក្រុមហ៊ុន៖ «តាម​ប្រជាពលរដ្ឋ​គាត់​នាំ​គ្នា​មក​ច្រើន មក​រក​រឿង​វ៉ៃ​គាត់ សន្តិសុខ​ខ្ញុំ​មាន​ស្លាក​ស្នាម​នៅ​មុខ​ទៀត ហើយ​ឥឡូវ​ខាង​ប្រជាពលរដ្ឋ​ក៏​ប្ដឹង ខាង​ប៉ូលិស​ខ្ញុំ​ក៏​ប្ដឹង មិន​ដឹង​ខាង​ណា​ត្រូវ ខាង​ណា​ត្រូវ»

ទាក់ទិន​ករណី​នេះ មេ​ប៉ុស្តិ៍​ស្នាក់ការ​រដ្ឋបាល​គ្រញូង​សែន​ជ័យ ហៅ កាបី លោក កែវ រាត់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ សីហា ថា លោក​បាន​បញ្ជូន​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ទៅ​មន្ត្រី​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល រួច​រាល់​ហើយ។ ចំណែក​ការ​អនុវត្ត​ច្បាប់​យ៉ាង​ណា​នោះ ជា​ភារកិច្ច​របស់​អធិការដ្ឋាន​ស្រុក៖ «ខ្ញុំ​បាន​និយាយ​ប្រាប់​គាត់​ហើយ ខ្ញុំ​បាន​បញ្ជូន​ទៅ​ខាង​ជំនាញ»

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (adhoc) ដែល​បាន​ចុះ​អង្កេត​ករណី​នេះ លោក ឌិត ខន្នី លើក​ឡើង​ថា ការ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​គិត​ទុក​ជា​មុន ត្រូវ​ទទួល​ទោស​ក្រម​ព្រហ្មទណ្ឌ ទោះ​បី​អ្នក​ប្រព្រឹត្តិ​ជា​មន្ត្រី​នគរបាល​ក្តី។ លោក​ចាត់​ទុក​ការ​គំរាម​កំហែង​ដោយ​អាវុធ និង​ប្រើ​អំពើ​ហិង្សា គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ហើយ​អាជ្ញាធរ​ជំនាញ ត្រូវ​អនុវត្ត​ច្បាប់​ដល់​ជន​ដែល​ប្រព្រឹត្ត​ល្មើស។ លោក​ថា មន្ត្រី​នគរបាល​សម្រាប់​បម្រើ​ជាតិ និង​ពលរដ្ឋ បែរ​ជា​បម្រើ​ឲ្យ​ក្រុមហ៊ុន​ឯកជន​វៀតណាម ទៅ​វិញ។ លោក​ចាត់​ទុក​ថា​ជា​ករណី​ខុស​នីតិវិធី ហើយ​រដ្ឋាភិបាល​មិន​គួរ​មើល​រំលង​ករណី​នេះ​ឡើយ៖ «ហេតុ​ដែល​មិន​ព្រម​ដោះស្រាយ ដោយសារ​តែ​បុគ្គល​ហ្នឹង​អត់​ព្រម​ចូល​ខ្លួន ហើយ​ប៉ូលិស​ព្រហ្មទណ្ឌ​គាត់​មិន​ព្រម​តាម​ចាប់​បុគ្គល​ហ្នឹង​មក​ផ្ដន្ទាទោស»

ក្រម​ព្រហ្មទណ្ឌ​ឆ្នាំ​២០០៩ មាត្រា​២១៧ ចែង​ថា អំពើ​ហិង្សា​ប្រព្រឹត្ត​ដោយ​ចេតនា​លើ​អ្នក​ដទៃ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ​ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២​លាន​រៀល ទៅ ៦​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។