មន្ត្រីក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល និងជនជាតិដើមភាគតិចព័រ ជាង ៣០០នាក់ បានចូលរួមក្នុងអង្គសមាជ ស្ដីពីការអនុម័តលក្ខន្តិកៈសហគមន៍ជនជាតិដើមភាគតិចព័រ កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣ នៅវត្តភ្នំរៃ ភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
មន្ត្រីអង្គការលីកាដូ (Licadho) ប្រចាំខេត្តបាត់ដំបង លោក ហេង សាយហុង ថ្លែងថា សមាជដែលបានធ្វើ ឡើងនៅលើទឹកដីជនជាតិដើមភាគតិចព័រ កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា គឺបានអានបញ្ជាក់យ៉ាងលំអិតលើលក្ខន្តិកៈ និងលិខិតស្នាមនានាដែលអាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក ខេត្ត បានចុះហត្ថលេខាយល់ព្រមទទួលស្គាល់ ក្នុងការបង្កើតសហគមន៍ជនជាតិដើមភាគតិចព័រ នាពេលកន្លងមក។
លោក ហេង សាយហុង៖ «ឥឡូវនេះ គ្រាន់តែធ្វើសមាជបញ្ជាក់ឡើងវិញពីជំហរសរុប ដំណាក់កាលនេះគាត់ព្រមព្រៀងអស់ហើយ។ យើងយកឯកសារទាំងអស់ ស្នាមមេដៃចៅហ្វាយខេត្ត អភិបាលស្រុកស៊ីញេហ្នឹង ទៅឲ្យក្រសួង។ ក្រសួងមហាផ្ទៃ គេចុះមកពីរដងហើយ ចុះមកពីមុនគេសួរពន្យល់បញ្ជាក់លើលក្ខន្តិកៈ។ គេមកលើកនេះ គេធ្វើសមាជចុងក្រោយដើម្បីបញ្ជាក់ឡើងវិញ»។
មន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិដីធ្លី មន្ត្រីសង្គមស៊ីវិល និងមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ របស់រដ្ឋាភិបាល កន្លងទៅនេះបានរួមសហការគ្នាចុះផ្សព្វផ្សាយអប់រំជនជាតិដើមភាគតិចព័រ ឲ្យយល់ដឹងពីនីតិវិធីនៃការធ្វើស្វ័យកំណត់អត្តសញ្ញាណជនជាតិដើមភាគតិច នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ ចំណែកឯសហគមន៍ជនជាតិដើមភាគតិចព័រ ក្នុងរយៈកាលកន្លងទៅនេះ បានខំប្រឹងនាំគ្នារៀនសូត្រ និងស្វែងយល់ពីនីតិវិធីនៃការធ្វើស្វ័យកំណត់អត្តសញ្ញាណជនជាតិដើមភាគតិច ដើម្បីឈានទៅរកការចុះបញ្ជីដីធ្លីរបស់ សហគមន៍ជនជាតិដើមជាសមូហភាព។
ប្រធានសហគមន៍ជនជាតិដើមភាគតិចព័រ លោក ឈើត ឈន ថ្លែងថា ជនជាតិដើមភាគតិចព័រ ចំនួន ៣០០នាក់ ដែលបានចូលរួមស្ដាប់នៅក្នុងអង្គសមាជ បានយល់ពីមាត្រានីមួយៗលើលក្ខន្តិកៈ និងបានលើកដៃគាំទ្រទទួលស្គាល់តំណាងសហគមន៍ជនជាតិរបស់គេចំនួន ៩ភូមិ៖ «ខ្ញុំយល់ថាយើងធ្វើបាន៧។ ជំហានទី១ ជនជាតិដើមភាគតិចហ្នឹង ក្លាយជានីតិបុគ្គល ហើយយើងឈានការចុះបញ្ជីដីធ្លីជាសមូហភាព គោលបំណងយើងធ្វើសមាជហ្នឹង ការពារជនជាតិដើមភាគតិច និងការពារដីធ្លីធនធានធម្មជាតិ»។
មន្ត្រីអង្គការលីកាដូ ប្រចាំខេត្តបាត់ដំបង លោក ហេង សាយហុង ថ្លែងថា ជនជាតិដើមភាគតិចព័រ ដែលបានចូលរួមនោះមានការសប្បាយចិត្តក្នុងការបង្កើតជាសហគមន៍ ដែលអាចរក្សាបាននូវវប្បធម៌ប្រពៃណីរបស់ខ្លួនបានឡើងវិញ៖ «ទី២ គាត់អាចគ្រប់គ្រងលើដីធ្លីរបស់គាត់ដែលធ្លាប់រងគ្រោះ ក្រុមហ៊ុនធ្លាប់រំលោភបំពានកន្លងមក អ៊ីចឹងគាត់អាចធានាបាននៅលើដែនដីព្រៃព្រឹក្សាទឹកដីរបស់គាត់ឡើងវិញ គេទទួលស្គាល់គាត់កាន់តែខ្លាំង ទាក់ទងបញ្ហាសន្តិសុខ ការរស់នៅរបស់គាត់ ទំនាក់ទំនងល្អជាមួយអាជ្ញាធរអ៊ីចឹង»។
ជនជាតិដើមភាគតិចព័រ ដែលបានចុះបញ្ជីបញ្ជូនទៅក្រសួងមហាផ្ទៃ នារយៈពេលកន្លងមកមានចំនួន ១៥៣គ្រួសារ។ របាយការណ៍របស់អាជ្ញាធរឃុំតាតោក បានបង្ហាញថា បច្ចុប្បន្នជនជាតិដើមភាគតិចព័រ មានចំនួន ១៥៩គ្រួសារ។ ដីលំនៅឋានមានទំហំជិត ២០០ហិកតារ (១៨០ហិកតារ)។ ដីព្រៃមានទំហំជិត ៧៥០ហិកតារ (៧៤៣ហិកតារ)។ ដីកប់សពមានជាង ១ហិកតារ (១ហិកតារកន្លះ)។ ដីសហគមន៍មានទំហំជិត ៥០០ហិកតារ (៤៨៥ហិកតារ) និងដីដែលមានប៉ះពាល់ជាមួយក្រុមហ៊ុនឯកជនទំហំ ២៧០ហិកតារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
