ក្រុមសហគមន៍ កម្មករ និងអ្នកប្រកបរបរនៃចង្កោមសេដ្ឋកិច្ចក្រៅប្រព័ន្ធ តែងប្រមូលផ្ដុំគ្នានៅក្បែរៗអគារតុលាការ នៅពេលមានការជំនុំជម្រះលើសំណុំសកម្មជនការពារសិទ្ធិមនុស្ស និងក្រុមកម្មករទាំង ២៣នាក់។
ក្នុងការតវ៉ាម្ដងៗ ពួកគេតែងលើកបដា ចងក្រណាត់នៅលើក្បាល អុជធូបបន់ស្រន់អោយអាជ្ញាធរពាក់ព័ន្ធ ពិចារណាផ្ដល់យុត្តិធម៌ និងដោះលែងគ្នាគេអោយមានសេរីភាព។ ស្របគ្នានោះ បទចម្រៀងមួយចំនួនក៏ត្រូវគេប្រើប្រាស់ក្នុងការស្រែកតវ៉ាទាមទារនោះផង។ បទចម្រៀងជាច្រើនត្រូវនិពន្ធដោយអ្នកសហគមន៍ ក្នុងនោះក៏មានបទចម្រៀងដែលនិពន្ធដោយអ្នកដែលកំពុងជាប់ពន្ធនាគារផង។
«...សូមយុត្តិធម៌ជួយរាស្ត្រល្អ អោយផុតទុក្ខ...»
សំឡេងចម្រៀងនេះបានបន្លឺឡើងល្វើយៗ នៅជ្រុងម្ខាងនៃផ្លូវចូលទៅកាន់ខាងមុខតុលាការរាជធានីភ្នំពេញ នៅថ្ងៃដែលបុរសទាំង ២១នាក់ ត្រូវគេនាំទៅអោយឆ្លើយក្នុងរង្វង់ក្រចកសេះនៅនឹងមុខចៅក្រម។
បុរសទាំង ២១នាក់ គឺឋិតក្នុងចំណោមបុរស ២៣នាក់ ដែលត្រូវចាប់ខ្លួនកាលពីថ្ងៃទី២ និងទី៣ ខែមករា នៅក្បែររោងចក្រ យ៉ាក ជីន តាមបណ្ដោយផ្លូវជាតិលេខ៤ និងសួនឧស្សាហកម្មកាណាឌីយ៉ា តាមបណ្ដោយផ្លូវវ៉េងស្រេង នៅពេលកងកម្លាំងអាជ្ញាធរបង្ក្រាបបាតុកម្មរបស់កម្មករ ទាមទារដំឡើងប្រាក់ខែគោលអោយបាន ១៦០ដុល្លារ ចំណែក ២នាក់ទៀតត្រូវដោះលែងអោយនៅក្រៅឃុំ។ ភ្លាមៗក្រោយពេលចាប់ខ្លួន ពួកគេត្រូវបញ្ជូនទៅមណ្ឌលកែប្រែម៣ ឬហៅថា គុកត្រពាំងផ្លុង។
សកម្មជនសិទ្ធិមនុស្ស និងកម្មករទាំង ២១នាក់ ត្រូវចោទប្រកាន់ពីបទប្រើប្រាស់ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនាមានស្ថានទម្ងន់ទោស បទបិទផ្លូវសាធារណៈបង្កឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈ និងបទប្រមាថ។
«...ជួយរាស្ត្រល្អអោយផុតទុក្ខ រួចចេញពីគុក នៅក្នុងភពខ្មៅសែនងងឹត...»
ទំនុកបទចម្រៀងយុត្តិធម៌ ២៣នាក់នេះ ត្រូវតែងឡើងដោយអ្នកសហគមន៍បឹងកក់ ដែលចេញស្ថានភាពពិតនៃក្រុមគ្រួសារសកម្មជនបឹងកក់ លោក ចាន់ ពុទ្ធិសក្ដិ និងអ្នកដទៃទៀតដែលកំពុងទន្ទឹងចាំផ្លូវប្ដីចាំឪពុកត្រឡប់មកផ្ទះវិញ។
«...សូមយុត្តិធម៌ កើតមានដល់ ២១នាក់ វិលត្រឡប់មកផ្ទះ គ្រួសារអ្នកកំពុងរង់ចាំ...»
ចំណែកប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ដែលបានជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ដែរនោះ បាននិពន្ធបទចម្រៀងឆ្លើយតបមកដែរថា លោកពិតជាចង់ចាកចេញពីពន្ធនាគារ ជាទីដែលដកហូតសេរីភាពរបស់លោកទាំងអយុត្តិធម៌។ លោក វន់ ពៅ បានរំឭកពីជីវភាពក្នុងពន្ធនាគារត្រពាំងផ្លុង។ បទចម្រៀងរបស់លោកត្រូវពលរដ្ឋក្រុមអ្នកតវ៉ា ស្រែកច្រៀងនៅពេលមានការតវ៉ាឲ្យដោះលែងអ្នក ២១នាក់ម្ដងៗ។
«...គ្មានទោសអ្វីសោះ គេចាប់ខ្លួនឃុំ គេចាប់ទាំងបង្ខំ ចាប់យកមកឃុំព្រាត់ប្រពន្ធកូន ព្រាត់ញាតិព្រាត់បង ព្រាត់ប្អូន ឈឺចាប់ផ្ទួនៗរបួសពេញខ្លួនគួរអោយអនិច្ចា...»
សកម្មជនបឹងកក់ម្នាក់ គឺកញ្ញា សុង ស្រីលាភ ដែលធ្លាប់ជាប់ពន្ធនាគារ និងតែងចូលរួមច្រៀងទាមទារអោយដោះលែងអ្នកទាំង ២១នាក់ ថ្លែងថា ស្ថានភាពក្នុងពន្ធនាគារពិតជាមិនខុសគ្នាពីអ្វីដែល លោក ពុទ្ធិសក្តិ បានតែងជាបទចម្រៀងនេះឡើយ៖ «សម្រាប់ខ្ញុំដែលធ្លាប់ជាប់ពន្ធនាគារអស់រយៈពេល ១ខែ ៣ថ្ងៃ ខ្ញុំមានសេចក្តីឈឺចាប់ និងសេចក្តីខ្លោចផ្សាខ្លាំងមែនទែន ដែលប្រជាពលរដ្ឋត្រូវបានជាប់ឃុំជាបន្តបន្ទាប់ ដោយសាររដ្ឋាភិបាលយកពលរដ្ឋខ្លួនឯងធ្វើជាអ្នកទោស។ ពួកខ្ញុំធ្លាប់ជាប់គុកក៏ខ្ញុំអត់អស់សង្ឃឹមដែរ ពួកខ្ញុំត្រូវតែផ្តល់ក្តីសង្ឃឹមហ្នឹងទៅកាន់ពួកគាត់ទាំងជាង ២៣នាក់ហ្នឹងជាបន្តទៀត អោយពួកគាត់តស៊ូនៅក្នុងគុក ដើម្បីរួមគ្នាទាំងអស់គ្នា ដើម្បីទាមទាររកយុត្តិធម៌ពីរដ្ឋាភិបាលកម្ពុជា»។
ក្រៅពីរៀបរាប់ពីជីវភាពប្រចាំថ្ងៃក្នុងពន្ធនាគារ លោក វន់ ពៅ ក៏បានអំពាវនាវអោយពលរដ្ឋងាកមកយកចិត្តទុកដាក់ចំពោះយុត្តិធម៌សង្គម៖ «...ដេកផ្ទុយជើងគ្នារស់នៅសែនថោក ញ៉ាំបាយត្រឡោក រស់សែនស្មោកគ្រោកពូតបាយជាដុំ។ ត្រពាំងផ្លុងម៣ ព្រំដែនខ្មែរយួន ដួងចិត្តខ្ញុំសែនអង្រួន ប្រាប់ញាតិបងប្អូនអោយរួមសាមគ្គី ខ្មែរអើយក្រោកឡើងប្ដូរជីវី គ្រប់ទិសគ្រប់ទី រួបរួមសាមគ្គីទើបជួយជាតិបាន...»។
ក្នុងការទាមទារអោយដោះលែងអ្នកជាប់ឃុំទាំង ២១នាក់នេះដែរ ក្រុមអ្នកតវ៉ាក៏បានច្រៀងចម្រៀងដែលនិយាយដល់ការបែងចែកអំណាចរវាងរដ្ឋសភា អំណាចតុលាការ និងរដ្ឋាភិបាល។ ពួកគេជំរុញអោយអំណាចតុលាការត្រូវនៅឯករាជ្យ ស្វែងរកយុត្តិធម៌ពិតដល់ពលរដ្ឋ។
«...ត្រូវតែគិតរាស្ត្រជាជាងគិតពីអំណាច យុត្តិធម៌ឯករាជ្យត្រូវតែអនុវត្តអោយបាន ទើបសមនឹងឈ្មោះអ្នកដឹកនាំក្លាហានៗ ប្រទេសសុខសាន្តប្រទេសរុងរឿងថ្លៃថ្លា...»
នៅខាងមុខតុលាការដែរ ស្ត្រីបឹងកក់ អ្នកស្រី យ៉ោម បុប្ផា ដែលត្រូវតុលាការនេះកាត់អោយមានទោសក្នុងសំណុំរឿងអំពើហិង្សាក្នុងភូមិ បានស្រែកច្រៀងតំណាងអោយអ្នកដែលលួងចិត្តអ្នកតវ៉ា និងក្រុមគ្រួសារជនជាប់ចោទទាំង ២១នាក់ បានរសាយចិត្តមួយពេល។
«...គុកដាក់ពុកបានតែប្រាណទេណាកូនអើយ ពុកមិនចាញ់ឡើយ កូនអើយយកឈ្នះអោយបាន ពុកស៊ូលំបាកកូនអើយ អើយកូន អោយតែកូនសុខសាន្ត ទុក្ខព្រួយប៉ុន្មានកូនអើយកូន ក៏ពុកស៊ូរ៉ាប់រង...»
ចំពោះសកម្មជនបឹងកក់ កញ្ញា សុង ស្រីលាភ ក៏មិនខុសពីអ្នកតវ៉ាផ្សេងទៀតដែរ សង្ឃឹមថាបទចម្រៀងដែលពួកគេបានច្រៀង បានចូលដល់ត្រចៀកអាជ្ញាធរ និងចាប់ផ្ដើមយកចិត្តទុកដាក់រាល់ការទាមទាររបស់ពលរដ្ឋ៖ «ជាពិសេស កងកម្លាំងអាជ្ញាធរដែលគាត់ឈរនៅទីនេះ គាត់នឹងយល់ពីការពិតរបស់ពលរដ្ឋ ពីព្រោះកន្លងមកយើងបានឮការចោទប្រកាន់ពីអាជ្ញាធរកងកម្លាំងដែលគាត់មកឈរនៅចំពោះមុខយើង ពីសំណាក់មេគាត់ថា ពួកយើងអ្នកដែលតវ៉ានៅទីនេះស៊ីឈ្នួល សម្ដែងកុនសម្ដែងអី»។
បើទោះជាមានការទាមទារ និងផ្លាស់ប្ដូរមធ្យោបាយជាញឹកញយយ៉ាងណាក៏ដោយ ក៏ចៅក្រមនៅសាលាដំបូង និងសាលាឧទ្ធរណ៍បានបដិសេធការសុំនៅក្រៅឃុំរបស់អ្នកទាំង ២១នាក់ ជាច្រើនសាមកហើយ។ មកដល់ពេលនេះ ពួកគេកំពុងរង់ចាំសេចក្ដីសម្រេចរបស់តុលាការកំពូល ចំពោះបណ្ដឹងសុំនៅក្រៅឃុំដែលគ្រោងនឹងប្រកាសអោយដឹងនៅថ្ងៃទី៩ ខែឧសភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
