អង្គការ​អន្តរជាតិ​រក​ឃើញ​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​ស្ថិត​ក្នុង​គ្រោះថ្នាក់

0:00 / 0:00

ការស្រាវជ្រាវ​ថ្មី​មួយ​របស់​អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន (Reporters Without Borders) ដែល​ជា​អង្គការ​អន្តរជាតិ​ឃ្លាំមើល​សេរីភាព​សារព័ត៌មាន​លើ​ពិភពលោក រក​ឃើញ​ថា វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា កំពុង​ជួប​ហានិភ័យ ដោយសារ​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​លក្ខណៈ​ប្រមូលផ្ដុំ​ខ្លាំង។ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ ត្រូវ​បាន​ចងក្រង និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​លើ​គេហទំព័រ​ថ្មី​មួយ គឺ http://www.who-owns-the-media-kh.com

គម្រោង "ឃ្លាំមើល​ភាពជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ" របស់​អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ នេះ រក​ឃើញ​ថា ការ​ប្រមូល​ផ្ដុំ​ខ្លាំង​នៃ​ភាពជា​ម្ចាស់​កម្មសិទ្ធិ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា កំពុង​ធ្វើ​ឲ្យ​វិស័យ​នេះ​ស្ថិត​ក្នុង​សភាព​គ្រោះថ្នាក់។

ក្នុង​ចំណោម​ម្ចាស់​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​២៧ ដែល​អង្គការ​នេះ​ស៊ើប​អង្កេត មាន ៩​នាក់ ជា​កម្មសិទ្ធិ​របស់​ឧកញ៉ា ឬ​ជា​អ្នកមាន​ឥទ្ធិពល ដែល​ជា​អ្នក​ជិតស្និទ្ធ​នឹង​គណបក្ស​កាន់​អំណាច មាន​ន័យ​ថា ពួកគេ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មុខ​ជំនួញ​ផ្សេងទៀត​ក្រៅពី​សកម្មភាព​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ពួកគេ រាប់​ចាប់ពី​វិស័យ​កសិកម្ម ពាណិជ្ជកម្ម​ទូទៅ រហូត​ដល់​អចលនទ្រព្យ។ ពួកគេ​ខ្លះ​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​អំណាច​បំផុត​នៅ​ក្នុង​ប្រទេស។

​អង្គការ​អន្តរជាតិ​នេះ សហការ​ជាមួយ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បាន​ស្រាវជ្រាវ​ពី​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​ប្រភេទ​នៅ​កម្ពុជា រួមមាន​ទូរទស្សន៍ វិទ្យុ សារព័ត៌មាន​បោះពុម្ព និង​សារព័ត៌មាន​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។

ការ​ស្រាវជ្រាវ​បង្ហាញ​ថា ក្នុង​ចំណោម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង ៤​ប្រភេទ​នេះ ទូរទស្សន៍​ជា​ប្រភេទ​មាន​ប្រជាប្រិយភាព​ខ្លាំង​ជាង​គេ និង​មាន​ភាពជា​ម្ចាស់​កម្មសិទ្ធិ​ប្រមូលផ្ដុំ​ខ្លាំង​ជាង​គេ​ដែរ។ របាយការណ៍​ស្រាវជ្រាវ​ដដែល​នេះ​គូស​បញ្ជាក់​ថា ក្នុង​ចំណោម​ប៉ុស្តិ៍​ទូរទស្សន៍​ចំនួន ១០ មាន​ប៉ុស្តិ៍​ចំនួន ៧ ដែល​មាន​ម្ចាស់​ជាប់​ពាក់ព័ន្ធ​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​ការ​ប្រមូលផ្ដុំ​នៃ​ភាពជា​ម្ចាស់​កម្មសិទ្ធិ​ខ្ពស់​ដែរ​នោះ គឺ​ផ្នែក​បោះពុម្ពផ្សាយ។

ចំពោះ​កង្វះខាត​ផ្នែក​ច្បាប់​ទាក់ទង​នឹង​ភាពជា​ម្ចាស់​កម្មសិទ្ធិ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង មាន​ប្រសាសន៍​ថា ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ប្រមូល​ផ្ដុំ​នៃ​ភាពជា​ម្ចាស់​កម្មសិទ្ធិ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូច​ដែល​ការ​ស្រាវជ្រាវ​បាន​រក​ឃើញ៖ «កាល​ណា​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​វា​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នៃ​គណបក្ស​ណា​មួយ ឬ​ក្រុម​នយោបាយ​ណា​មួយ អ៊ីចឹង​បាន​ន័យ​ថា​ ទោះ​បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន​ក៏​ដោយ​ ប៉ុន្តែ​វា​ធ្វើឲ្យ​សំឡេង​ចេញ​ទៅ គឺ​វា​ស្រប​គ្នា​តែ​មួយ​ តាម​រយៈ​បន្ទាត់​នយោបាយ​​របស់​ក្រុម​គណបក្ស​នយោបាយ​ ឬ​ក្រុម​នយោបាយ​ហ្នឹង។ អ៊ីចឹង​បាន​ន័យ​ថា​ វា​ធ្វើ​ឲ្យ​បាត់​បង់​ការ​គិត ការ​ឆ្លាតវៃ​របស់​ប្រជាពលរដ្ឋ​ទី​មួយ។ ទី​ពីរ​ទៀត ដោយសារ​ស្ថិត​នៅ​ក្នុង​ក្រុម​នយោបាយ​តែមួយ​អ៊ីចឹង​ វា​ធ្វើ​ឲ្យ​​មាន​ការ​ឃុបឃិត​គ្នា​លាក់​បាំង​ព័ត៌មាន​ វា​ធ្វើ​ឲ្យ​បាត់​តម្លាភាព​វា​អាច​បង្កើត​នូវ​អំពើ​ពុករលួយ​ ដែល​ជា​ការ​រាំង​ស្ទះ​ដ៏​សំខាន់​ដល់​ការ​អភិវឌ្ឍ ហើយ​ចុង​ក្រោយ​បញ្ចប់​ប្រជាពលរដ្ឋ​ជា​អ្នក​ក្រីក្រ»

ការ​សិក្សា​ស្រាវជ្រាវ​នេះ​បាន​បង្ហាញ​ថា បទបញ្ញត្តិ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា «នៅ​ក្មេងខ្ចី» នៅ​ឡើយ ហើយ​ថា កម្រិត​ខ្ពស់​នៃ​ការ​ប្រមូលផ្ដុំ​ភាព​ជា​កម្មសិទ្ធិ​ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បង្ហាញ​ថា ក្របខ័ណ្ឌ​ច្បាប់​សម្រាប់​វិស័យ​នេះ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។

នាយក​ប្រតិបត្តិ​ប្រចាំ​ផ្នែក​អាល្លឺម៉ង់ នៃ​អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន លើក​ឡើង​ថា អង្គការ​លោក​លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​អ្នក​តំណាងរាស្ត្រ​បង្កើត​ស្ថាប័ន​ឯករាជ្យ ដើម្បី​គ្រប់​គ្រង​លើ​កម្មសិទ្ធិ និង​ការ​ប្រមូលផ្ដុំ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស។ លោក​បញ្ជាក់​ថា ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ប្រកប​ដោយ​តម្លាភាព​ជា​រឿង​ដែល​ត្រូវ​ធ្វើ​ដំបូង​គេ។

ឆ្លើយតប​នឹង​របាយការណ៍​ស្រាវជ្រាវ​នេះ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ កម្ពុជា​មាន​ស្ថាប័ន​គ្រប់គ្រាន់​ដែល​ធ្វើការ​លើ​កិច្ចការ​នេះ​ហើយ៖ «នៅ​ពេល​នេះ​យើង​មាន​ក្រសួង​មាន​សមត្ថកិច្ច​រួច​ហើយ​ ហើយ​សួរ​កន្លែង​នេះ វា​លើស​ពី​សមត្ថកិច្ច​របស់​ខ្ញុំ​ បាន​ន័យ​ថា​ នៅ​ពេល​នេះ​យើ​ង​មាន​ក្រសួង​ ជា​ពិសេស​ក្រសួង​ព័ត៌មាន​ និង​ ​ទូរគមនាគមន៍​ ដែល​ពាក់​ព័ន្ធ​នឹង​បញ្ហា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អេឡិចត្រូនិក ដូចជា​អ៊ីនធឺណិត ដូចជា​ទូរទស្សន៍​ ដូចជា​វិទ្យុ។ អ៊ីចឹង​យើង​មាន​​​អស់​ហើយ​ស្ថាប័ន​ហ្នឹង។ នេះ​ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ ថា​រដ្ឋាភិបាល​ដូច​ជា​អត់​មាន​ត្រូវ​បង្កើត​អី​លើស​ពី​ហ្នឹង​ទៀត​ទេ»

បច្ចុប្បន្ន កម្ពុជា​មាន​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​តាំង​ពី​ឆ្នាំ​១៩៩៥ មក តែ​ច្បាប់​នេះ​ត្រូវ​បាន​អ្នកច្បាប់​រិះគន់​ថា គួរ​មាន​ការ​ពិនិត្យ​ឡើង​វិញ​ត្រង់​ចំណុច​មួយ​ចំនួន។

អ្នក​ជំនាញ​ផ្នែក​ច្បាប់ លោក​មេធាវី សុក សំអឿន លើក​ឡើង​ថា ច្បាប់​ដែល​មាន​ស្រាប់​នោះ មិន​ទាន់​ចែង​ពី​ភាពជា​ម្ចាស់​កម្មសិទ្ធិ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្បាស់លាស់​នៅ​ឡើយ​ទេ៖ «ក្នុង ​បញ្ហា​នេះ ប្រទេស​យើង​ខ្ញុំ​ឃើញ​ថា ច្បាប់​បាន​ឲ្យ​អំណាច​ទៅ​ក្រសួង​ព័ត៌មាន​ និង​ក្រសួង​ទូរគមនាគមន៍​ហើយ​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ថា តើ​រដ្ឋាភិបាល​អាច​លូក​ដៃ​កម្រិត​ណា​ដើម្បី​ជួយ​ទប់​ ជួយ​ការពារ​កុំ​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​ហ្នឹង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង ឬ​ការ​ប្រមូល​ផ្ដុំ​ម្ចាស់​តែ​ម្នាក់​ ឬក៏​និយាយ​រួម​ទៅ គឺ​ម្ចាស់​កម្មសិទ្ធិ​តែ​ម្នាក់»

អ្នកច្បាប់​រូប​នេះ​បន្ត​ថា ក្រសួង​ព័ត៌មាន​គួរ​ពិចារណា​បំពេញ​ចំណុច​ខ្វះខាត​នៃ​ច្បាប់​ទាក់ទង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ធានា​តម្លាភាព និង​ឯករាជ្យភាព​របស់​វិស័យ​សារព័ត៌មាន ដែល​ជា​អ្នកឃ្លាំមើល​អំណាច​ទាំង​៣ រួម​មាន​អំណាច​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ។

នៅ​ក្នុង​របាយការណ៍​នេះ បាន​បញ្ជាក់​ថា ក្រសួង​ព័ត៌មាន​មាន​តួនាទី​សំខាន់​នៅ​ក្នុង​ការ​ផ្ដល់​អាជ្ញាប័ណ្ណ និង​ដក​អាជ្ញាប័ណ្ណ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​មួយ តែ​ដំណើរ​ការ​នេះ មិន​មាន​ភាព​ច្បាស់លាស់​នៅ​ឡើយ ដោយសារតែ​កម្រិត​នៃ​ការ​អនុវត្ត​ច្បាប់​មិនទាន់​ភាព​ត្រឹមត្រូវ​នៅ​ឡើយ៕ ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។