ការស្រាវជ្រាវថ្មីមួយរបស់អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters Without Borders) ដែលជាអង្គការអន្តរជាតិឃ្លាំមើលសេរីភាពសារព័ត៌មានលើពិភពលោក រកឃើញថា វិស័យប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា កំពុងជួបហានិភ័យ ដោយសារភាពជាម្ចាស់កម្មសិទ្ធិនៃប្រព័ន្ធផ្សព្វផ្សាយមានលក្ខណៈប្រមូលផ្ដុំខ្លាំង។ លទ្ធផលនៃការស្រាវជ្រាវនេះ ត្រូវបានចងក្រង និងផ្សព្វផ្សាយជាសាធារណៈលើគេហទំព័រថ្មីមួយ គឺ http://www.who-owns-the-media-kh.com។
គម្រោង "ឃ្លាំមើលភាពជាម្ចាស់កម្មសិទ្ធិនៃប្រព័ន្ធផ្សព្វផ្សាយ" របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ នេះ រកឃើញថា ការប្រមូលផ្ដុំខ្លាំងនៃភាពជាម្ចាស់កម្មសិទ្ធិប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា កំពុងធ្វើឲ្យវិស័យនេះស្ថិតក្នុងសភាពគ្រោះថ្នាក់។
ក្នុងចំណោមម្ចាស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយទាំង២៧ ដែលអង្គការនេះស៊ើបអង្កេត មាន ៩នាក់ ជាកម្មសិទ្ធិរបស់ឧកញ៉ា ឬជាអ្នកមានឥទ្ធិពល ដែលជាអ្នកជិតស្និទ្ធនឹងគណបក្សកាន់អំណាច មានន័យថា ពួកគេមានជាប់ពាក់ព័ន្ធជាមួយមុខជំនួញផ្សេងទៀតក្រៅពីសកម្មភាពក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេ រាប់ចាប់ពីវិស័យកសិកម្ម ពាណិជ្ជកម្មទូទៅ រហូតដល់អចលនទ្រព្យ។ ពួកគេខ្លះស្ថិតនៅក្នុងចំណោមមនុស្សដែលមានអំណាចបំផុតនៅក្នុងប្រទេស។
អង្គការអន្តរជាតិនេះ សហការជាមួយមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានស្រាវជ្រាវពីម្ចាស់ប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទនៅកម្ពុជា រួមមានទូរទស្សន៍ វិទ្យុ សារព័ត៌មានបោះពុម្ព និងសារព័ត៌មានលើប្រព័ន្ធអ៊ីនធឺណិត។
ការស្រាវជ្រាវបង្ហាញថា ក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយទាំង ៤ប្រភេទនេះ ទូរទស្សន៍ជាប្រភេទមានប្រជាប្រិយភាពខ្លាំងជាងគេ និងមានភាពជាម្ចាស់កម្មសិទ្ធិប្រមូលផ្ដុំខ្លាំងជាងគេដែរ។ របាយការណ៍ស្រាវជ្រាវដដែលនេះគូសបញ្ជាក់ថា ក្នុងចំណោមប៉ុស្តិ៍ទូរទស្សន៍ចំនួន ១០ មានប៉ុស្តិ៍ចំនួន ៧ ដែលមានម្ចាស់ជាប់ពាក់ព័ន្ធនយោបាយជាមួយគណបក្សកាន់អំណាច។ ប្រព័ន្ធផ្សព្វផ្សាយដែលមានការប្រមូលផ្ដុំនៃភាពជាម្ចាស់កម្មសិទ្ធិខ្ពស់ដែរនោះ គឺផ្នែកបោះពុម្ពផ្សាយ។
ចំពោះកង្វះខាតផ្នែកច្បាប់ទាក់ទងនឹងភាពជាម្ចាស់កម្មសិទ្ធិលើប្រព័ន្ធផ្សព្វផ្សាយនេះ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង មានប្រសាសន៍ថា ដំណើរការលទ្ធិប្រជាធិបតេយ្យរងផលប៉ះពាល់ដោយសារការប្រមូលផ្ដុំនៃភាពជាម្ចាស់កម្មសិទ្ធិប្រព័ន្ធផ្សព្វផ្សាយ ដូចដែលការស្រាវជ្រាវបានរកឃើញ៖ «កាលណាប្រព័ន្ធផ្សព្វផ្សាយមួយវាស្ថិតនៅក្រោមឥទ្ធិពលនៃគណបក្សណាមួយ ឬក្រុមនយោបាយណាមួយ អ៊ីចឹងបានន័យថា ទោះបីប្រព័ន្ធផ្សព្វផ្សាយច្រើនក៏ដោយ ប៉ុន្តែវាធ្វើឲ្យសំឡេងចេញទៅ គឺវាស្របគ្នាតែមួយ តាមរយៈបន្ទាត់នយោបាយរបស់ក្រុមគណបក្សនយោបាយ ឬក្រុមនយោបាយហ្នឹង។ អ៊ីចឹងបានន័យថា វាធ្វើឲ្យបាត់បង់ការគិត ការឆ្លាតវៃរបស់ប្រជាពលរដ្ឋទីមួយ។ ទីពីរទៀត ដោយសារស្ថិតនៅក្នុងក្រុមនយោបាយតែមួយអ៊ីចឹង វាធ្វើឲ្យមានការឃុបឃិតគ្នាលាក់បាំងព័ត៌មាន វាធ្វើឲ្យបាត់តម្លាភាពវាអាចបង្កើតនូវអំពើពុករលួយ ដែលជាការរាំងស្ទះដ៏សំខាន់ដល់ការអភិវឌ្ឍ ហើយចុងក្រោយបញ្ចប់ប្រជាពលរដ្ឋជាអ្នកក្រីក្រ»។
ការសិក្សាស្រាវជ្រាវនេះបានបង្ហាញថា បទបញ្ញត្តិលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា «នៅក្មេងខ្ចី» នៅឡើយ ហើយថា កម្រិតខ្ពស់នៃការប្រមូលផ្ដុំភាពជាកម្មសិទ្ធិក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយបង្ហាញថា ក្របខ័ណ្ឌច្បាប់សម្រាប់វិស័យនេះនៅមានកម្រិតទាបនៅឡើយ។
នាយកប្រតិបត្តិប្រចាំផ្នែកអាល្លឺម៉ង់ នៃអង្គការអ្នករាយការណ៍គ្មានព្រំដែន លើកឡើងថា អង្គការលោកលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជា និងអ្នកតំណាងរាស្ត្របង្កើតស្ថាប័នឯករាជ្យ ដើម្បីគ្រប់គ្រងលើកម្មសិទ្ធិ និងការប្រមូលផ្ដុំនៃប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេស។ លោកបញ្ជាក់ថា ការផ្ដល់អាជ្ញាប័ណ្ណប្រកបដោយតម្លាភាពជារឿងដែលត្រូវធ្វើដំបូងគេ។
ឆ្លើយតបនឹងរបាយការណ៍ស្រាវជ្រាវនេះ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង មានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជាមានស្ថាប័នគ្រប់គ្រាន់ដែលធ្វើការលើកិច្ចការនេះហើយ៖ «នៅពេលនេះយើងមានក្រសួងមានសមត្ថកិច្ចរួចហើយ ហើយសួរកន្លែងនេះ វាលើសពីសមត្ថកិច្ចរបស់ខ្ញុំ បានន័យថា នៅពេលនេះយើងមានក្រសួង ជាពិសេសក្រសួងព័ត៌មាន និង ទូរគមនាគមន៍ ដែលពាក់ព័ន្ធនឹងបញ្ហាប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិក ដូចជាអ៊ីនធឺណិត ដូចជាទូរទស្សន៍ ដូចជាវិទ្យុ។ អ៊ីចឹងយើងមានអស់ហើយស្ថាប័នហ្នឹង។ នេះជាការយល់ឃើញរបស់ខ្ញុំ ថារដ្ឋាភិបាលដូចជាអត់មានត្រូវបង្កើតអីលើសពីហ្នឹងទៀតទេ»។
បច្ចុប្បន្ន កម្ពុជាមានច្បាប់ស្ដីពីរបបសារព័ត៌មានតាំងពីឆ្នាំ១៩៩៥ មក តែច្បាប់នេះត្រូវបានអ្នកច្បាប់រិះគន់ថា គួរមានការពិនិត្យឡើងវិញត្រង់ចំណុចមួយចំនួន។
អ្នកជំនាញផ្នែកច្បាប់ លោកមេធាវី សុក សំអឿន លើកឡើងថា ច្បាប់ដែលមានស្រាប់នោះ មិនទាន់ចែងពីភាពជាម្ចាស់កម្មសិទ្ធិលើប្រព័ន្ធផ្សព្វផ្សាយឲ្យបានច្បាស់លាស់នៅឡើយទេ៖ «ក្នុង បញ្ហានេះ ប្រទេសយើងខ្ញុំឃើញថា ច្បាប់បានឲ្យអំណាចទៅក្រសួងព័ត៌មាន និងក្រសួងទូរគមនាគមន៍ហើយ ប៉ុន្តែមិនបានបញ្ជាក់ឲ្យបានច្បាស់លាស់ថា តើរដ្ឋាភិបាលអាចលូកដៃកម្រិតណាដើម្បីជួយទប់ ជួយការពារកុំឲ្យស្ថាប័នសារព័ត៌មានហ្នឹងស្ថិតនៅក្រោមការគ្រប់គ្រង ឬការប្រមូលផ្ដុំម្ចាស់តែម្នាក់ ឬក៏និយាយរួមទៅ គឺម្ចាស់កម្មសិទ្ធិតែម្នាក់»។
អ្នកច្បាប់រូបនេះបន្តថា ក្រសួងព័ត៌មានគួរពិចារណាបំពេញចំណុចខ្វះខាតនៃច្បាប់ទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធានាតម្លាភាព និងឯករាជ្យភាពរបស់វិស័យសារព័ត៌មាន ដែលជាអ្នកឃ្លាំមើលអំណាចទាំង៣ រួមមានអំណាចនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។
នៅក្នុងរបាយការណ៍នេះ បានបញ្ជាក់ថា ក្រសួងព័ត៌មានមានតួនាទីសំខាន់នៅក្នុងការផ្ដល់អាជ្ញាប័ណ្ណ និងដកអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយណាមួយ តែដំណើរការនេះ មិនមានភាពច្បាស់លាស់នៅឡើយ ដោយសារតែកម្រិតនៃការអនុវត្តច្បាប់មិនទាន់ភាពត្រឹមត្រូវនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
