ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី១៨ ឧសភា ថា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សថ្មីប្រចាំកម្ពុជា បានលើកពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា។
នៅក្នុងសេចក្ដីជូនដំណឹងដដែល បញ្ជាក់ថា មូលហេតុដែលអ្នកស្រី រ៉ូណា ស្មីត លើកពេលមកកម្ពុជា គ្មានពេលកំណត់នេះ ដោយសារតែបញ្ហាលំបាកផ្នែកភស្តុតាង និងផ្នែករដ្ឋបាល។
តាមគម្រោង អ្នកស្រី រ៉ូណា ស្មីត នឹងមកទស្សនកិច្ចជាលើកដំបូងរបស់អ្នកស្រី ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ឧសភា បន្ទាប់ពីអ្នកស្រីត្រូវបានអង្គការសហប្រជាជាតិតែងតាំងជំនួស លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) អតីតអ្នករាយការណ៍ពិសេសប្រចាំនៅកម្ពុជា។
រិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នឹងផ្ដល់ដំណឹងឆាប់ៗខាងមុខ ចំពោះការកំណត់ពេលវេលាជាថ្មីមកកម្ពុជា របស់អ្នកស្រី រ៉ូណា ស្មីត។
យ៉ាងនេះក្ដី មន្ត្រីជាន់ខ្ពស់នៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិសុំមិនបញ្ចេញឈ្មោះបញ្ជាក់ថា អ្នកស្រី រ៉ូណា ស្មីត នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅខែមិថុនា ខាងមុខ ព្រោះថា អ្នកស្រីត្រូវមកពិនិត្យមើលបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា និងប្រមូលព័ត៌មានជាក់ស្តែងដោយផ្ទាល់ស្ដីពីស្ថានភាពសិទ្ធិមនុស្សពេលបច្ចុប្បន្ន ហើយបន្ទាប់មកអ្នកស្រីនឹងធ្វើរបាយការណ៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅសម័យប្រជុំលើកទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
