អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គឺអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅព្រឹកថ្ងៃពុធ ទី១២ តុលា បានចូលជួបសំណេះសំណាលជាមួយរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត ជុំវិញរឿងរ៉ាវនានាពាក់ព័ន្ធនឹងជនងាយរងគ្រោះ។ ដូចនឹងការរំពឹងទុក មណ្ឌលព្រៃស្ពឺដែលជាប្រធានបទក្តៅ ក៏ត្រូវបានលើកយកមកពិភាក្សាដែរ។
អ្នកស្រី រ៉ូណា ស្មីត ជាមួយនឹងក្រុមការងារមានដូចជា តំណាងការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) ចំណាយពេលជាងពីរម៉ោងជជែកជាមួយក្រសួងពីបញ្ហានានាទាក់ទងនឹងកុមារ ជនពិការ និងជនអនាថា និងស្តាប់ក្រសួងរ៉ាយរ៉ាប់ពីសមិទ្ធផលដែលខ្លួនបានធ្វើឡើង ដែលក្នុងនោះមានការកែប្រែមជ្ឈមណ្ឌលព្រៃស្ពឺផងដែរ។
មជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ដែលគេស្គាល់ថាមណ្ឌលព្រៃស្ពឺ ត្រូវបានទទួលការរិះគន់ជាច្រើនកន្លងទៅពីសំណាក់ប្រជាជន ស្ថាប័នសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ព្រមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ ជុំវិញរបាយការណ៍រកឃើញថា មានអំពើទារុណកម្ម អំពើហិង្សា អំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សជាច្រើនរូបភាពទៀតនៅក្នុងមណ្ឌលមួយនេះ ប៉ុន្តែបញ្ហាទាំងប៉ុន្មាន ត្រូវបានប្រធានមណ្ឌលច្រានចោល។
អគ្គលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា ដែលចូលរួមកិច្ចពិភាក្សាជាមួយអ្នកស្រី រ៉ូណា ស្មីត ថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រោយពីរដ្ឋមន្ត្រីក្រសួងបានផ្តល់ព័ត៌មានជាក់ស្តែងដល់អ្នកស្រី រ៉ូណា ស្មីត អ្នកស្រីមានភាពភ្ញាក់ផ្អើល និងកោតសរសើរដល់ក្រសួង ព្រោះព័ត៌មានដែលអ្នកស្រីបានទទួលពីសង្គមស៊ីវិលកន្លងទៅ គឺបង្ហាញពីភាពអវិជ្ជមាន។
ឧទាហរណ៍ជាក់ស្តែង គឺមណ្ឌលព្រៃស្ពឺ។ លោក ឯម ច័ន្ទមករា អញ្ជើញមន្ត្រីសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ទៅមើលដោយផ្ទាល់លើការកែប្រែ ដូចជាអគារថ្មី ចំណីអាហារ និងសេវាកម្មសុខភាព ដែលលោកថាកើតឡើងដោយសារផែនការរបស់រដ្ឋាភិបាល មិនមែនមកពីសម្ពាធពីសង្គមស៊ីវិលនោះទេ៖ « ការពិតរឿងទាំងអស់នេះមិនមែនទាល់តែអង្គការយូ . អិន (UN) គាត់លើកឡើង បានមានការកែប្រែនោះទេ ប៉ុន្តែជាដំណាក់កាលនៃការអភិវឌ្ឍ មានន័យថាជាជំហានៗ »។
អ្នកស្រី រ៉ូណា ស្មីត ឲ្យដឹងថា អ្នកស្រីពិតជាបានជជែកទៅលើបញ្ហាមណ្ឌលព្រៃស្ពឺមែន ប៉ុន្តែអ្នកស្រីមិនបានចែករំលែកពីខ្លឹមសារលម្អិតមកអ្នកសារព័ត៌មានឡើយ។ ទោះជាយ៉ាងនេះក្តី អ្នករាយការណ៍ពិសេសរូបនេះ បានលើកឡើងពីអ្វីដែលអ្នកស្រីចង់ឃើញនៅក្នុងមណ្ឌលសំចតមួយនេះ៖ « យើងត្រូវធានាឲ្យបានថា ពួកគេមានបរិយាកាសរស់នៅមួយដែលមានសុវត្ថិភាព ហើយរាល់សិទ្ធិរបស់ពួកគេត្រូវបានការពារ ជាពិសេសសិទ្ធិទទួលបានសុវត្ថិភាព អាហារ ទឹក និងអនាម័យ។ យើងជួយទាក់ទងរកគ្រួសាររបស់ពួកគេ ផ្តល់សេវាសុខភាពដល់ពួកគេ ហើយជួយសម្រួលដល់ការត្រឡប់ទៅរកគ្រួសារ ឬសហគមន៍របស់គេវិញ »។
កាលពីខែកញ្ញា កន្លងទៅ ស្ត្រីម្នាក់ដែលបានរត់រួចពីមណ្ឌលព្រៃស្ពឺ បានផ្តល់បទសម្ភាសន៍ឲ្យអាស៊ីសេរី ក្រោមលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ។ អ្នកស្រីបានពណ៌នានូវទិដ្ឋភាពដូចជា ការវាយដំដល់សន្លប់ ចងទុកចោលនៅកណ្ដាលវាល ការប្រើមនុស្សឲ្យធ្វើការរហូតដល់ដាច់ខ្យល់ស្លាប់ និងការទទួលលុយសំណូកជាថ្នូរនឹងការដោះលែង។ ការពណ៌នាទាំងនេះ ត្រូវបានមន្ត្រីមណ្ឌលព្រៃស្ពឺ ថាជាការស្រមើស្រមៃរបស់ស្ត្រីដែលមានសតិមិនល្អ មិនអាចយកជាការបានទេ។
ទោះបីជាយ៉ាងណា កន្លងទៅ អង្គការក្រៅរដ្ឋាភិបាលក៏បានរកឃើញពីការរំលោភសិទ្ធិមនុស្សនៅក្នុងមណ្ឌលព្រៃស្ពឺនេះដែរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលកន្លងទៅ ក៏បានលើកយករឿងមណ្ឌលព្រៃស្ពឺមកនិយាយ។ លោកថា បើអាជ្ញាធរមិនយកចិត្តទុកដាក់ធ្វើឲ្យមណ្ឌលព្រៃស្ពឺនេះប្រសើរឡើងទេ លោកលើកទឹកចិត្តឲ្យបិទមណ្ឌលព្រៃស្ពឺនេះតែម្តង៕
វីដេអូ៖ អ្នកស្រី រ៉ូណា ស្មីត លើកបញ្ហាមណ្ឌលព្រៃស្ពឺពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសង្គម
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។