អ្នកស្រី រ៉ូណា ស្មីត ថា​ការ​ស៊ើប​អង្កេត​លើ​ឃាតកម្ម​បណ្ឌិត កែម ឡី មិន​ទាន់​មាន​តម្លាភាព

ដោយ យាង សុជាមេត្តា
2017-08-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រូបថត​បណ្ឌិត កែម ឡី ក្នុង​ពិធី​បុណ្យ​ខួប ១​ឆ្នាំ​នា​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៧។
រូបថត​បណ្ឌិត កែម ឡី ក្នុង​ពិធី​បុណ្យ​ខួប ១​ឆ្នាំ​នា​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៧។
Photo: RFA

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ថ្លែង​ថា អាជ្ញាធរ​ខ្មែរ​ស៊ើប​អង្កេត​ករណី​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​មិន​ទាន់​មាន​តម្លាភាព​ដូច​ដែល​អ្នកស្រី​ធ្លាប់​បាន​ទទូច​ស្នើ​ឡើយ។ ការ​អះអាង​នេះ ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​បូក​សរុប​លទ្ធផល​ការងារ​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​លើក​ទី​៤ របស់​អ្នកស្រី មក​កាន់​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៨ សីហា។

បើ​ទោះ​ជា​សមត្ថកិច្ច​កម្ពុជា បាន​ចាប់​ខ្លួន​បុរស​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ហើយ​តុលាការ​ក៏​បាន​កាត់​ទោស​ឲ្យ​បុរស​រូប​នេះ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ដោយ​ចោទ​ប្រកាន់​ថា​បាន​បាញ់​សម្លាប់​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ក្តី អ្នកស្រី រ៉ូណា ស្មីត នៅ​តែ​ចាត់​ទុក​ថា ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​៣ មក​កាន់​កម្ពុជា កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦ ពោល​គឺ ៣​ខែ​ក្រោយ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី អ្នកស្រី រ៉ូណា ស្មីត បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខ្មែរ​បើក​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​ឯករាជ្យ មិន​លម្អៀង និង​មាន​តម្លាភាព​លើ​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី។

រ៉ូណា ស្មីត ២០១៧
អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានកាល​ពី​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Chuop Sereyroth

ទោះ​ជា​យ៉ាង​ណា ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​អាស៊ីសេរី​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​លើក​ទី​៤ នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៨ សីហា អ្នកស្រី រ៉ូណា ស្មីត វាយ​តម្លៃ​ថា ការ​ស៊ើប​អង្កេត​ទៅ​លើ​ឃាតកម្ម​បណ្ឌិត កែម ឡី នៅ​តែ​មិន​ទាន់​មាន​តម្លាភាព​ដដែល៖ «ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី គេ​មិន​ឃើញ​មាន​ការ​វិវឌ្ឍន៍​អ្វី​ថ្មី​នោះ​ទេ ឬ​ក៏​មាន​ការ​ស៊ើប​អង្កេត​ណា​មួយ​ប្រកប​ដោយ​ភាព​យុត្តិធម៌ និង​តម្លាភាព​នោះ​ឡើយ ដូច្នេះ​វា​មិន​ឃើញ​មាន​ការ​ប្រែប្រួល​អ្វី​នោះ​ទេ»

បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ជាង ១​ឆ្នាំ​មក​ហើយ។ បើ​ទោះ​ជា​តុលាការ​បាន​កាត់​ទោស​បុរស​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​រួច​ហើយ​ក្តី អ្នក​គោរព​ស្រឡាញ់​បណ្ឌិត កែម ឡី នៅ​មិន​ទាន់​អស់​ចិត្ត​នោះ​ទេ និង​នៅ​តែ​ទាមទារ​ឲ្យ​តុលាការ​វែក​មុខ​មេខ្លោង​ដែល​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​នេះ​មក​ផ្ដន្ទាទោស ព្រោះ​ពួក​គេ​មិន​ជឿ​ថា អឿត អាង បាញ់​សម្លាប់​បណ្ឌិត កែម ឡី ដោយសារ​តែ​រឿង​ជំពាក់​លុយ​នោះ​ទេ។

បន្ថែម​ពី​លើ​នេះ សវនាការ​កាត់​ទោស អឿត អាង ហៅ ជួប សម្លាប់ កាល​ពី​ដើម​ខែ​មីនា មិន​បាន​ជម្រះ​មន្ទិល​សង្ស័យ​របស់​ពលរដ្ឋ​ឡើយ ជាពិសេស​ទៅ​ទៀត វីដេអូ​ឃ្លីប​ដែល​តុលាការ​យក​ពី​ហាង​ស្តារ​ម៉ាត (Star Mart) កាល់តិច (Caltex) ក្នុង​ថ្ងៃ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ដាក់​បង្ហាញ​នៅ​ក្នុង​សវនាការ គឺ​មាន​រូបភាព​ព្រិល បង្ហាញ​មុខ​មនុស្ស​មិន​ច្បាស់ ចាញ់​រូបភាព​ដែល​យក​ចេញ​ពី​កាមេរ៉ា​សុវត្ថិភាព​ដែល​គេ​ដាក់​នៅ​តាម​ផ្លូវ​ទៅ​ទៀត។

លើស​ពី​នេះ ការ​ស៊ើប​សង្កេត​របស់​អាស៊ីសេរី ដែល​បាន​ទៅ​សាកសួរ​ម្តាយ ប្រពន្ធ មិត្តភ័ក្ដិ និង​ព្រះសង្ឃ​ដែល​ធ្លាប់​ស្គាល់ អឿត អាង ហៅ ជួប សម្លាប់ ពួក​គេ​អះអាង​ថា ជួប សម្លាប់ មិន​ដែល​និយាយ​ពី​ឈ្មោះ​បណ្ឌិត កែម ឡី ម្តង​ណា​ឡើយ ហើយ​បើ​និយាយ​ថា​បណ្ឌិត កែម ឡី ជំពាក់​លុយ ជួប សម្លាប់ ចំនួន ៣​ពាន់​ដុល្លារ​ទៀត​នោះ ពួក​គេ​រឹត​តែ​មិន​ជឿ​ថែម​ទៀត ដោយសារ​តែ ជួប សម្លាប់ រក​លុយ​ចិញ្ចឹម​ជីវិត​ខ្លួន​ឯង​ស្ទើរ​តែ​មិន​រស់​ផង​នោះ។

ឆ្លើយតប​ចំពោះ​ការ​រិះគន់​របស់​អ្នកស្រី រ៉ូណា ស្មីត អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អះអាង​នៅ​ថ្ងៃ​ទី​២១ សីហា ថា សំណុំ​រឿង​ឃាតកម្ម​នេះ​កំពុង​ឋិត​នៅ​ក្នុង​ដៃ​របស់​តុលាការ ហើយ​តុលាការ​ក៏​កំពុង​តែ​បន្ត​នីតិវិធី​របស់​ខ្លួន​ដែរ។ លោក​ថា នៅ​ពេល​តុលាការ​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​យ៉ាង​ណា​នោះ អាជ្ញាធរ​នឹង​ធ្វើ​តាម​ការ​ចង់​បាន​របស់​តុលាការ។

លោក ខៀវ សុភ័គ ថ្លែង​ដែរ​ថា តាម​ការ​កត់​សម្គាល់​របស់​លោក ឲ្យ​តែ​នៅ​ក្នុង​អាណត្តិ​របស់​ខ្លួន អ្នក​រាយការណ៍​សិទ្ធិ​មនុស្ស​តែង​រិះគន់​រដ្ឋាភិបាល​កម្ពុជា តែ​នៅ​ពេល​ចប់​អាណត្តិ​ទៅ​វិញ ពួក​គេ​តែង​មាន​សមាន​ចិត្ត​ចំពោះ​រដ្ឋាភិបាល៖ «រ៉ូណា ស្មីត គាត់​ឈរ​រឿង​នយោបាយ​ច្រើន​ជាង។ គាត់​មិន​មែន​ជា​អ្នក​ជំនាញ​ទេ ហើយ​គាត់​បំពេញ​តួនាទី​តាម​អាណត្តិ​របស់​គាត់ តាម​ការ​កត់​សម្គាល់​ឃើញ​ថា​ពេល​បំពេញ​ការងារ តែងតែ​រិះគន់​រដ្ឋាភិបាល ប៉ុន្តែ​ខ្ញុំ​ចាប់​អារម្មណ៍​មួយ ក្រោយ​ការ​បញ្ចប់​បេសកកម្ម គឺ​ជា​មិត្ត​របស់​រដ្ឋាភិបាល​វិញ»

យ៉ាង​ណា​ក៏ដោយ​ចុះ ភ្លាមៗ​ក្រោយ​ពី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី មិន​ត្រឹម​តែ​អ្នកស្រី រ៉ូណា ស្មីត នោះ​ទេ​ដែល​បាន​ថ្កោលទោស​ចំពោះ​ឃាតកម្ម​នេះ សូម្បី​តែ​អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​នានា​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) រួម​ទាំង​អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) ផង សុទ្ធតែ​បាន​ចេញ​មុខ​សម្ដែង​ការ​សោកស្តាយ ថ្កោលទោស និង​ទទូច​ឲ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើប​អង្កេត​ពេញលេញ និង​ឯករាជ្យ ដើម្បី​ពិនិត្យ​មើល​គ្រប់​ជ្រុងជ្រោយ​ជុំវិញ​ការ​បាញ់​សម្លាប់​នេះ។

ក្រោយ​ការ​កាត់​ទោស ជួប សម្លាប់ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត បើ​ទោះ​ជា​តុលាការ​បាន​សម្រេច​បំបែក​សំណុំ​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី ដើម្បី​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ក្តី តែ​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​មិន​ការ​វិវឌ្ឍន៍​ណា​មួយ​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ។

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ចំពោះ​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២១ សីហា ដោយ​លោក​ថា​កំពុង​ជាប់​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។

ទោះ​ជា​យ៉ាង​ណា ក្រៅ​ពី​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស៊ើប​អង្កេត​ឲ្យ​ឆាប់​រហ័ស ហ្មត់ចត់ និង​មិន​លម្អៀង អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ អះអាង​ថា ពួក​គេ​នឹង​បន្ត​តាមដាន​ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី នេះ​យ៉ាង​ដិត​ដល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក


ប្រជារាស្រ្តដឹងហើយថានរណានៅពីក្រោយការសម្លាប់របស់វីរជនខ្មែរ។ បើកូនខ្មែរស្លូតត្រង់លេងនៅក្នុងហ្វេសប៊ុកពួកតិរច្ឆានរកឃើញមិនបង្អង់យួរ តែបើឃាតកសម្លាប់អ្នកប្រាជ្ញខ្មែរពួកតិរច្ឆានរកមិនឃើញទេ គួរឲ្យសង្សៃទេ?

Aug 21, 2017 09:27 PM

គេហទំព័រ​ទាំងមូល