អ្នក​រាយការណ៍​អ.ស.ប​ស្នើ​អភិបាល​ខេត្ត​ស្ទឹងត្រែង​ឲ្យ​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច ដែល​រង​ផល​ប៉ះពាល់​ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ និង​ជនជាតិ​ដើម​ភាគ​តិច​ដទៃ​ទៀត ដែល​រស់នៅ​ក្នុង​ខេត្ត​នោះ។ ការ​លើក​ឡើង​របស់​អ្នកស្រី ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ម៉ុម សារឿន នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មីនា នា​សាលា​ខេត្ត។

​ជំនួប​​របស់ អ្នកស្រី រ៉ូណា ស្មីត ជាមួយ​អាជ្ញាធរ​ខេត្ត​នេះ គឺ​នៅ​បន្ទាប់​ពី​អ្នកស្រី​បាន​ចុះ​ជួប​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ដែល​មិន​ព្រម​ទទួល​យក​សំណង​ផល​ប៉ះពាល់​ពី​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ និង​ធ្វើ​ទស្សនកិច្ច​នៅ​ការដ្ឋាន​សាងសង់​ទំនប់​នោះ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា។

ក្រោយ​ជំនួប​បិទ​ទ្វារ​រយៈពេល ១​ម៉ោង​កន្លះ អ្នកស្រី រ៉ូណា ស្មីត ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា អ្នកស្រី​បាន​លើក​យក​បញ្ហា​របស់​ជនជាតិ​ដើម​ភាគ​តិច​ដែល​រង​ផល​ប៉ះពាល់​​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ទៅ​ជជែក​ជាមួយ​អភិបាល​ខេត្ត។ អ្នកស្រី​មាន​ប្រសាសន៍​បន្ត​ថា អ្នកស្រី​បាន​សិក្សា​ស្វែង​យល់​ពី​ទស្សនៈ​របស់​លោក​អភិបាល​ខេត្ត និង​អាជ្ញាធរ​ខេត្ត អំពី​ការ​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​ខេត្ត​នេះ។

អ្នកស្រី​ថា អាជ្ញាធរ​ខេត្ត​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច ហើយ​អ្នកស្រី​នឹង​បន្ត​តាម​ដាន​បញ្ហា​ទាំង​នេះ​ត​ទៅ​ទៀត។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​នឹង​​យក​អនុសាសន៍​របស់ អ្នកស្រី រ៉ូណា ស្មីត ទៅ​ពិចារណា ដោយ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​ខេត្ត​ស្ទឹងត្រែង។

ជំនួប​របស់ អ្នកស្រី រ៉ូណា ស្មីត គឺ​ជា​ការ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ​នៅ​ខេត្ត​ស្ទឹងត្រែង ដើម្បី​ស៊ើប​អង្កេត​ពី​ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា។ បន្ទាប់​ពី​ជំនួប​នោះ អ្នកស្រី រ៉ូណា ស្មីត បាន​បន្ត​ដំណើរ​ទៅ​ខេត្ត​ព្រះវិហារ ដើម្បី​សិក្សា​ពី​ស្ថានភាព​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​ខេត្ត​នោះ​ជា​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។