មន្ត្រី​អ.ស.ប​​ផ្នែក​សិទ្ធិមនុស្ស​ព្រមាន​ថា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​រង​ការ​គំរាមកំហែង

ដោយ មួង ណារ៉េត
2017.10.12
រ៉ូណា ស្មីត ២០១៧ ៨៥៥ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Cheu Sideth

មន្ត្រី​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ ព្រមាន​អំពី​គ្រោះថ្នាក់ នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ពី​សំណាក់​គណបក្ស​កាន់អំណាច ដែល​ប៉ុនប៉ង​រំលាយ​គណបក្សប្រឆាំង ដ៏​ធំ​ជាង​គេ​តែមួយ​គត់ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ស្រប​ពេល​ដែល​មន្ត្រី​បក្ស​ប្រឆាំង ប្រមើល​ឃើញ​ការ​ក្រោក​រើ​បម្រះ​ពី​អ្នកគាំទ្រ​បក្ស​ជាង​ពាក់​កណ្ដាល​នគរ បើ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅតែ​បន្ត​រុញច្រាន ស្ថានការណ៍​ធ្វើ​ទុក្ខបុកម្នេញ​លើ​បក្ស​ប្រឆាំង ឲ្យ​ទឹក​ដល់​ច្រមុះ។ ប៉ុន្តែ មន្ត្រី​បក្ស​កាន់អំណាច មិន​ខ្វល់​រឿង​អត់​គណបក្សប្រឆាំង មានតែ​បន់​ថែម​ឲ្យ​តែ​រលាយ​ឆាប់។

មន្ត្រី​សិទ្ធិមនុស្ស នៃ​អង្គការ​សហប្រជាជាតិ កត់​សម្គាល់​ឃើញ​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុង​រង​ការ​គំរាមកំហែង ដោយសារ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាត់ការ​កម្ចាត់​បក្ស​ប្រឆាំង ចេញ​ពី​ឆាក​នយោបាយ។ អ្នករាយការណ៍​របស់​អង្គការសហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ចេញ​សេចក្ដីថ្លែងការណ៍ នៅ​ថ្ងៃ​ទី១២ ខែ​តុលា ពី​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) ថា សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា កំពុង​រង​ការ​រំលោភបំពាន​យ៉ាង​គំហុក ដែល​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង ដល់​ដំណើរការ​បោះឆ្នោត​ជាតិ​ខាងមុខ និង​ប៉ះពាល់​ដល់​អនាគត​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អ្នកស្រី រ៉ូណា ស្មីត ដែល​ត្រូវ​បាន​អង្គការសហប្រជាជាតិ តែងតាំង​ឲ្យ​ធ្វើជា​អ្នករាយការណ៍​ពិសេស អំពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា តាំងតែ​ពី​ខែ​មីនា ឆ្នាំ ២០១៥ បញ្ជាក់​បន្ថែម ថា ប្រជាធិបតេយ្យ មាន​ន័យថា ផ្ដល់​សេរីភាព ឲ្យ​ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​សេរីភាព ក្នុង​ការ​បញ្ចេញមតិ និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្រេចចិត្ត​ជ្រើសរើស​មេដឹកនាំ​ណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណាមួយ ទៅ​តាម​ឆន្ទៈ​របស់​ខ្លួន។ ក្នុង​ន័យ​នេះ អ្នកស្រី​ក្រើន​រម្លឹក​រដ្ឋាភិបាល ថា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​អនុវត្ត​សិទ្ធិ​សេរីភាព​ទាំងនេះ​បាន គឺ​ទាល់តែ មានការ​បើកទូលាយ ឲ្យ​មាន​មតិ​ជំទាស់ និង​អនុញ្ញាត​ឲ្យ​គណបក្សប្រឆាំង ចូលរួម​ក្នុង​ដំណើរការ​នេះ​បាន ដោយ​គ្មាន​ការភ័យខ្លាច ឬ​គំរាមកំហែង។ អ្នកស្រី រ៉ូណា ស្មីត កត់​សម្គាល់​ឃើញ​ថា ចំណាត់ការ​របស់​រដ្ឋាភិបាល មក​លើ​គណបក្សប្រឆាំង​បែប​សព្វ​ថ្ងៃ​នេះ គឺ​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ បាត់បង់​សិទ្ធិ​សេរីភាព​ទាំងអស់​នោះ​ហើយ។ អ្នកស្រី​ថា មន្ត្រី​គណបក្ស​កាន់អំណាច កំពុង​យក​លេស ដោយ​ប្រើប្រាស់​យន្តការ​ច្បាប់ និង​ប្រព័ន្ធ​តុលាការ ដែល​មជ្ឈដ្ឋាន​ទូទៅ​យល់ ថា ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​ពី​រដ្ឋាភិបាល ដើម្បី​ពន្លឿន​ការ​រំលាយ​គណបក្សប្រឆាំង។

ដោយ​មិន​បង្អន់​ដៃ និង​កំពុង​ប្រញាប់​ប្រញាល់ នៅ​ថ្ងៃទី១២ ខែ​តុលា នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដែល​មាន​តែ​តំណាងរាស្ត្រ មក​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ចូល​ប្រជុំ ព្រោះ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​ពហិការ បាន​ជជែក​បញ្ចប់ សេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤ ដើម្បី​ដកហូត​អាសនៈ បក្ស​ប្រឆាំង បើ​គណបក្ស​នេះ ត្រូវ​បាន​រំលាយ​ចោល។ ហើយ​អាសនៈ​របស់​បក្ស​ប្រឆាំង នឹង​យក​ទៅ​ចែក​គ្នា​ជាមួយ​គណបក្ស​ផ្សេងៗ​ទៀត។

អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យ​សារព័ត៌មាន​ក្នុងស្រុក ដឹង​ថា សេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤​នេះ ទើប​បញ្ជូន​ទៅ​ដល់ដៃ​គណៈកម្មាធិការ​ជំនាញ​រដ្ឋសភា ក្រោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​បាន​ត្រួតពិនិត្យ​រួចហើយ។ ទោះជា​យ៉ាង​នេះ​ក្តី លោក ឡេង ប៉េងឡុង មិនទាន់​បញ្ជាក់ ថា​សេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់​ទាំងនេះ នឹង​ត្រូវ​សភា​ប្រជុំ​អនុម័ត នៅ​ពេល​ណា​នៅឡើយ​ទេ។

ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ព្យាករណ៍​ថា មិន​យូរ​ទេ​នឹង​អាច​រំលាយ​បក្ស​ប្រឆាំង​នេះ​បាន​ហើយ៖ «គេ​និយាយ​តែ​ពី​រឿង​បញ្ហា​ពហុបក្ស សូម​បញ្ជាក់​ថា បើ​បក្ស​មួយ​រំលាយ បក្ស​ប្រាំ​ទៀត​ចូល​ជំនួស។ បាន​សេចក្ដី​ថា ពី​បក្ស​២ ឡើង​បក្ស​៦ នៅ​ក្នុង​សភា។ វា​នឹង​កើត​នៅ​ពេល​មិន​យូរ​ប៉ុន្មាន នៅ​ពេល​ខាងមុខនេះ»

ពាក់ព័ន្ធ​បញ្ហា​នេះ អ្នកស្រី រ៉ូណា ស្មីត លើកឡើង ថា​អ្នកស្រី​មានការ​ព្រួយបារម្ភ ដោយសារ​រដ្ឋាភិបាល​កំពុង​យក​នីតិរដ្ឋ មក​ធ្វើជា​ឡប់ឡែ ដើម្បី​ជា​លេស​បិទបាំង បន្លំ​ការ​បង្ក្រាប​នេះ។ អ្នកស្រី លើកឡើង​បន្ថែម​ទៀត ថា ពាក្យ​ថា នីតិរដ្ឋ គឺ​មិនមែន​ត្រឹមតែ​យក​ច្បាប់​មក​អនុវត្ត​តែ​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ ត្រូវ​គោរព​សិទ្ធិមនុស្ស និង​បង្ហាញ​ឲ្យ​ឃើញ​ពី​គោលការណ៍​នៃ​ភាព​ត្រឹមត្រូវ យុត្តិធម៌ និង ការចូលរួម​ពី​សាធារណជន​ទូទៅ​ផង​ដែរ បើ​មិន​ដូច្នេះ​ទេ វា​លែង​ជា​នីតិរដ្ឋ​ហើយ គឺ​វា​ទៅជា​រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​អំណាច​ទៅវិញ។

ការ​រង​ការ​ធ្វើទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត និង​ភាព​អយុត្តិធម៌ ដែល​គណបក្ស​កាន់អំណាច កំពុង​ប្រព្រឹត្ត​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ត្រូវ​បាន​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រមើល​ឃើញ​ការ​រើ​បម្រះ​របស់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត។ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃទី១១ ខែ​តុលា ថា​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បោះឆ្នោត​គាំទ្រ គណបក្ស​សង្គ្រោះ​ជាតិ​ជាង ៣​លាន​នាក់ នឹង​មិន​អាច​នៅ​ស្ងៀម​ឲ្យ​គណបក្ស​កាន់អំណាច ធ្វើបាប​តាម​អំពើ​ចិត្ត​បែបនេះ​ទេ៖ «វា​ធម្មតា កាលណា​ទឹក​ចូល​ដល់​ច្រមុះ​ហើយ គឺ​មនុស្ស​គេ​ត្រូវ​ប្រវេប្រវា​ហើយ។ នេះ​គេ​មក​សម្លាប់​យើង ដូច្នេះ​យើង​មិន​អាច​ឈរ​ឲ្យ​គេ​សម្លាប់​យើង​ងាយស្រួល​ពេក​ទេ។ ខ្ញុំ​ជឿ​ថា ប្រជាពលរដ្ឋ​ខ្មែរ​កន្លះ​នគរ​ហ្នឹង ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​លោក​មិន​សុខចិត្ត​ដែរ ហើយ​អន្តរជាតិ​ក៏​មិន​បណ្ដោយ​ឲ្យ​មេដឹកនាំ​ផ្ដាច់ការ ធ្វើ​អ្វី​តាម​អំពើ​ចិត្ត ដែល​នាំ​កម្ពុជា​ឲ្យ​ធ្លាក់​ក្នុង​អតីតកាល​ដ៏​ខ្មៅ​ងងឹត​វិញ​នោះ​ទេ»

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ដដែល អ្នកស្រី រ៉ូណា ស្មីត រម្លឹក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​ស្មារតី​នៃ​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា។ អ្នកស្រី​បញ្ជាក់ ថា​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​តាក់តែង​ឡើង ដើម្បី​ការពារ​កុំ​ឲ្យ​ប្រទេស​នេះ ធ្លាក់​ចូល​ក្នុង​របប​គ្រប់គ្រង​ដោយ​ឯក​បក្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។