ក្តីបារម្ភនេះបន្ទាប់ពីរដ្ឋាភិបាលបានប្រើកម្លាំងប្រដាប់អាវុធជាច្រើនរយនាក់បោសសម្អាតក្រុមបាតុកម្មករនៅទីលានប្រជាធិបតេយ្យ និងការបង្ក្រាបដោយហិង្សាទៅលើហ្វូងបាតុកម្មរបស់កម្មករនៅផ្លូវវ៉េងស្រេង ដែលបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច៤នាក់ និងរបួសប្រមាណ ៤០នាក់ ព្រមទាំងមានការចាប់ខ្លួនជាច្រើននាក់ផ្សេងទៀត។
ពាក់ព័ន្ធបញ្ហានេះ មន្រ្តីរដ្ឋាភិបាលអះអាងថា មិនមែនជាការបង្ក្រាបទេ គឺជាយុទ្ធនាការទប់ស្កាត់អំពើហិង្សាដើម្បីរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម។
បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ជាច្រើនឆ្នាំមកនេះ ប្រៀបបាននឹងទឹកជោរទឹកនាច និងកំពុងរុញច្រានកម្ពុជា ឲ្យស្ថិតនៅមាត់ជ្រោះនៃអំពើហិង្សា ដែលអាចឈានដល់ការគ្រប់គ្រងប្រទេសដោយកម្លាំងប្រដាប់អាវុធ។
មន្រ្តីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្ស «លីកាដូ» លោក អំ សំអាត មានប្រសាសន៍ថា ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃ បានខំប្រឹងចូលរួមក្នុងសកម្មភាពសិទ្ធិមនុស្សយ៉ាងផុលផុស និងមានការយល់ដឹងកាន់តែច្រើនលើបញ្ហានេះ ប៉ុន្តែរដ្ឋាភិបាលទៅវិញទេ ដែលតែងតែបង្រ្កាប និងកាត់បន្ថយសិទ្ធិសេរីភាពរបស់ពួកគាត់ក្នុងការចូលរួមលើកស្ទួយ និងការពារសិទ្ធិមនុស្សនេះ៖ « បើយើងមើលចន្លោះនេះ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺកំពុងតែថយក្រោយយ៉ាងខ្លាំងមែនទែន ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ ដែលចែងថា ប្រទេសកម្ពុជាប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស អ៊ីចឹងគឺថយទាំងអស់ ពហុបក្សក៏បាត់ ប្រជាធិបតេយ្យហ្នឹងក៏ថយ ថយទាំងអស់ ដំណាក់កាលនេះធ្ងន់ទៅៗ ចង់វិលទៅរករបបកុម្មុយនិស្តឡើងវិញ » ។
លោកបន្តថា ក្នុងស្ថានភាពបង្ក្រាបបាតុកម្មដោយហិង្សានៅលើផ្លូវវ៉េងស្រេង ត្រង់ចំណុចតំបន់សេដ្ឋកិច្ចពិសេសកាណាឌីយ៉ា និងក្រោយការបង្រ្កាបបានបង្ហាញនូវភាពមួយធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច ដោយសារតំបន់នោះត្រូវគ្រប់គ្រងដោយកម្លាំងប្រដាប់អាវុធ ដែលប្រៀបបាននឹងតំបន់សង្គ្រាមមួយ ស្ថិតនៅកណ្តាលក្រុង៖ « យើងឃើញហើយ ការបាញ់ ការអីឲ្យស្លាប់កាលនោះ គេមិនប្រើកម្លាំងយោធាឯណា…? មានចេញពីកងរាជអាវុធហត្ថ ពីប៉ូលិស ដល់ពេលបង្ក្រាបហើយអីហើយ ស្រាប់តែយកទាហានមកដាក់ អានេះជារឿងមួយ ដែលប្លែក ដែលយើងគិតថា របបនេះ ចង់ក្លាយជាការយកប្រើប្រាស់នូវកម្លាំងប្រដាប់អាវុធការពារផលប្រយោជន៍របស់ខ្លួនទៅវិញ លែងអនុវត្តរបបលទ្ធិប្រជាធិបតេយ្យ ដែលយើងជ្រើសរើសយកការចរចារគ្នាដោយសន្តិវិធី » ។

ក្រុមប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបានអះអាងថា ការបង្រ្កាបរបស់សមត្ថកិច្ចជ្រុលហួសហេតុទៅលើជនស៊ីវិល ប្រៀបដូចជាការប្រយុទ្ធជាមួយខ្មាំងសត្រូវនៅលើសមភូមិសង្រ្គាម ហើយសូម្បីតែពលរដ្ឋដែលមិនបានចូលរួមបាតុកម្ម ដោយគ្រាន់តែឆ្លងកាត់តំបន់នោះ ក៏ត្រូវរងគ្រោះដោយការគំរាមកំហែង និងវាយដំដូចសត្វធាតុ។
មន្រ្តីសិទ្ធិមនុស្សនៃអង្គការអាដហុក លោក ចាន់ សុវ៉េត បានសម្ដែងក្តីសោកស្តាយចំពោះការប្រើហិង្សាទៅលើជនស៊ីវិល ដោយកងកម្លាំងប្រដាប់អាវុធ រហូតធ្វើឲ្យបាត់បង់ជីវិតមនុស្សដោយសារគ្រាប់កាំភ្លើងសមត្ថកិច្ចចម្រុះរបស់រដ្ឋាភិបាល និងចាប់មនុស្សធ្វើទារុណកម្មធ្ងន់ធ្ងរចំពោះជនណាដែលសង្ស័យថាបានប្រឆាំង ឬតតាំងជាមួយកងកម្លាំងប្រដាប់អាវុធនោះ។
លោកបន្តថា ស្ថានភាពនៃការប្រើប្រាស់កម្លាំងកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីចាប់ខ្លួនពលរដ្ឋអ្នកតវ៉ាប្រឆាំងនោះ គឺមិនបានអនុវត្តទៅតាមនីតិវិធីច្បាប់ទេ ហើយកំពុងតែត្រួតត្រាជារបៀបរបបយោធា ហើយព្យាយាមដោះស្រាយអ្វីៗដោយប្រដាប់អាវុធ៖ « ច្បាប់បាតុកម្មក៏រំលោភ ច្បាប់រដ្ឋធម្មនុញ្ញក៏រំលោភ រំលោភទាំងសិទ្ធិនយោបាយថែមទៀតផង ហើយសេចក្តីថ្លែងការណ៍ជាសកលក៏រំលោភដែរ អ៊ីចឹងខ្ញុំមើលឃើញប្រទេសកម្ពុជា ឥឡូវនេះកំពុងធ្លាក់ចូលទៅក្នុងការគ្រប់គ្រងដោយរដ្ឋអំណាចយោធា » ។
លោកបង្ហាញទៀតថា បើនៅតែធ្វើរបៀបនេះបន្តទៀត រដ្ឋាភិបាលសព្វថ្ងៃលែងមានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សទៀតហើយ។
យ៉ាងណាក្តីមន្រ្តីរដ្ឋាភិបាលបានប្រតិកម្មភ្លាមៗ ក្រោយការបង្រ្កាបនោះថា ការប្រើកម្លាំងប្រដាប់អាវុធគឺសំដៅតែទៅលើក្រុមអនាធិបតេយ្យប្រើអំពើហិង្សាបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដើម្បីគ្រប់គ្រងស្ថានការណ៍កុំឲ្យមានភាពវឹកវរ ឈានដល់អសន្តិសុខក្នុងសង្គមទាំងមូល។

អ្នកនាំពាក្យនៃអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី៤ ខែមករា ថា ព្រឹត្តិការណ៍កន្លងមកនេះ មិនមែនជាការបង្រ្កាបទេ ដោយលោកពន្យល់ថា ជាការប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងក្រុមអនាធិបតេយ្យ ដែលព្យាយាមបង្កហិង្សា ហើយសមត្ថកិច្ចចាំបាច់ត្រូវតែមានវិធានការទប់ស្កាត់៖ « អ៊ីចឹងទាក់ទងនឹងរឿងប៉ះទង្គិចនេះ យើងត្រូវតែការពារ ហើយក្រុមអនាធិបតេយ្យ ប្អូនឃើញហើយ មានដបសាំងដបអី មានដំបង ចម្ពាមកៅស៊ូ គឺគេមានការហាត់ហ្វឹកហ្វឺនរបស់គេច្បាស់លាស់ អានេះមិនធម្មតាទេណា អត់មានកាំភ្លើងផងខ្លាំងប៉ុណ្ណឹង បើសិនជាមានកាំភ្លើងផង យើងស្លាប់ដោយសារគាត់អត់មានរស់បានទេ គ្មានខ្មែរណារស់បានទេ » ។
លោកបញ្ជាក់ថា ខាងកងកម្លាំងសមត្ថកិច្ចក៏មានរងរបួសធ្ងន់ជាច្រើននាក់ដែរ។
លោក អំ សំអាត មានប្រសាសន៍ថា យ៉ាងណាក៏ដោយ ជនស៊ីវិលនៅតែរងគ្រោះធ្ងន់ធ្ងរ និងទទួលបានភាពអយុត្កិធម៌ជាទីបំផុត ពីព្រោះអ្នកស្លាប់ក្នុងការប៉ះទង្គិចដោយហិង្សា ជាទូទៅជាប្រជាពលរដ្ឋ ហើយតុលាការមិនដែលរកជនដៃដល់ពិតប្រាកដឃើញ ហើយយកមកផ្តន្ទាទោសនោះទេ ចំណែកពលរដ្ឋអ្នករងរបួសត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការថែមទៀត៖ « យើងមិនចង់ឃើញមានអំពើហិង្សាកើតឡើងហើយ អ្នកដែលរងគ្រោះហើយត្រូវជាប់ពន្ធនាគារទៀត យើងឃើញហើយរាល់ពេលមានអំពើហិង្សាកើតឡើង មិនដែលឃើញជនដៃដល់ ឬអ្នកដែលដឹកនាំបង្ក្រាបបាតុកម្មហ្នឹងប្រឈមមុខនឹងច្បាប់ទេ ប៉ុន្តែផ្ទុយទៅវិញ ដែលជាប់ពន្ធនាគារ គឺអ្នកដែលរងគ្រោះស្រាប់ហើយ ត្រូវបានគេចាប់ គេយកមកធ្វើទារុណកម្ម គេយកមកចោទប្រកាន់ដាក់ពន្ធនាគារ » ។
ទាក់ទងបញ្ហានេះដែរ បណ្តាញអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា រួមនឹងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃសុក្រ ទី៣ មករា បានថ្កោលទោស ការប្រើប្រាស់គ្រាប់កាំភ្លើងពិត របស់កងរាជអាវុធហត្ថ បាញ់ទៅលើក្រុមកម្មករ បណ្តាលឲ្យកម្មករចំនួន ៥នាក់ស្លាប់ និងប្រមាណ៤០នាក់ផ្សេងទៀតរងរបួស។ អង្គការសហប្រជាជាតិស្នើឲ្យសមត្ថកិច្ចរដ្ឋាភិបាល បញ្ឈប់ការប្រើប្រាស់គ្រាប់កាំភ្លើងពិតបង្ក្រាបបាតុកម្ម។
រីឯអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ពីទីក្រុងហ្សឺណែវ ឯណោះវិញ ក៏បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រ ទី៣ ខែមករា ដែរ ដោយសំដែងការសោកស្តាយ អំពើការបង្ក្រាបដោយហិង្សាទៅលើក្រុមកម្មករ។ លោកស្នើឲ្យមានការស៊ើបអង្កេត ចំពោះការបង្ក្រាបដោយការប្រើប្រាស់កម្លាំងលើសលុបរបស់កងកម្លាំងប្រដាប់អាវុធទៅលើបាតុករ កាលពីថ្ងៃសុក្រ ទី៣ មករានោះ និងការបង្ក្រាបមួយចំនួនទៀត កាលពីពេលថ្មីៗកន្លងមកនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
