លោក ស ខេង អំពាវនាវ​ឲ្យ​សង្គម​ស៊ីវិល​ជួយ​ស្ថាប័ន​ប្រឆាំង​ការ​ធ្វើ​ទារុណកម្ម

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា អង្គភាព​បង្ការ​ការ​ធ្វើ​ទារុណកម្ម ដែល​កម្ពុជា បាន​ផ្ដល់​សច្ចាប័ន​ចាប់​តាំង​ពី​ឆ្នាំ​២០០៧ មក​នោះ នៅ​មិន​ទាន់​អាច​ដំណើរ​បាន​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ ដែល​ជា​ហេតុ​ទាមទារ​ឲ្យ​គ្រប់​សមភាព មាន​សង្គម​ស៊ីវិល និង​ដៃគូ​ម្ចាស់​ជំនួយ​ដទៃ​ទៀត គប្បី​ជួយ​ជ្រោមជ្រែង​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ស្ថាប័ន​មួយ​នេះ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​លើ​វិស័យ​សិទ្ធិ​មនុស្ស និង​ផ្នែក​ដទៃ​ផ្សេង​ទៀត ប្រកប​ដោយ​ថាមពល ឯករាជ្យ ប្រកាន់​ខ្ជាប់​វិជ្ជាជីវៈ សុចរិត​ភាព តម្លាភាព និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ថា ដើម្បី​ឲ្យ​ស្ថាប័ន​នៃ​អនុ​គណៈកម្មការ​ប្រឆាំង​ទារុណកម្ម​របស់​អង្គការ​សហប្រជាជាតិ អាច​ដំណើរ​ការ​ទៅ​បាន ទាមទារ​ការ​គាំទ្រ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​អ្នក​ជំនាញ​ពី​អង្គការ​សង្គម​ស៊ីវិល និង​ម្ចាស់​ជំនួយ​ដទៃ​ទៀត។ ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សិក្ខា​សាលា​ស្ដីពី​ការ​បង្កើត​ស្ថាប័ន​ឯករាជ្យ ដើម្បី​ទប់ស្កាត់​ការ​ធ្វើ​ទារុណកម្ម​នៅ​សណ្ឋាគារ អ៊ិនធើខន់ធីណិនថល (Intercontinental) រាជធានី​ភ្នំពេញ ដែល​រៀប​ចំ​ដោយ​ការិយាល័យ​នៃ​ឧត្ដម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក ស ខេង បញ្ជាក់​ថា កម្ពុជា ពិត​ជា​ខ្វះ​ខាត​នៅ​ឡើយ ទាំង​បច្ចេកទេស និង​ធនធាន​សម្ភារៈ ដើម្បី​ជំរុញ​ឲ្យ​អង្គភាព​មួយ​នេះ​អាច​ដំណើរ​បាន​ដោយ​ប្រសិទ្ធភាព។

«សំឡេង»

បើ​ទោះ​ជា​បែប​ណា លោក ស ខេង មិន​បាន​ផ្តល់​បទ​សម្ភាសន៍​ណា​មួយ​ជាមួយ​អ្នក​សារព័ត៌មាន​ទេ ក្រោយ​ពី​បិទ​បញ្ចប់​សេចក្តី​ថ្លែងការណ៍​របស់​លោក​រួច ដោយ​ក្រុម​មន្ត្រី​ដែល​អម​ដំណើរ​ជាមួយ លោក ស ខេង អះអាង​ថា លោក ស ខេង មាន​ភារកិច្ច​បន្ទាន់​មិន​អាច​ផ្តល់​បទ​សម្ភាសន៍​ណា​មួយ​បាន​ឡើយ។

ដោយ​ឡែក សេចក្ដី​ថ្លែងការណ៍​របស់ លោក ស ខេង កម្រាស់ ៥​ទំព័រ​ជា​ភាសា​ខ្មែរ បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា បាន​ផ្ដល់​សច្ចាប័ន​ចាប់​តាំង​ពី​ឆ្នាំ​២០០៧ មក ក្នុង​ការ​បង្កើត​ឲ្យ​មាន​ស្ថាប័ន​ប្រឆាំង​ការ​ធ្វើ​ទារុណកម្ម និង​ទប់ស្កាត់​អំពើ​ឃោរឃៅ ប៉ុន្តែ​អង្គភាព​មួយ​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សាកល្បង​នៅ​ឡើយ។

សេចក្ដី​ថ្លែងការណ៍​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន កម្ពុជា គឺ​ជា​រដ្ឋ​ភាគី​តែ​មួយ​គត់​ក្នុង​ចំណោម​ប្រទេស​ទាំង​ប្រាំ ក្រៅ​ពី​ហ្វីលីពីន ថៃ ឥណ្ឌូនេស៊ី និង​ឡាវ ដែល​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ទប់ស្កាត់​ការ​ធ្វើ​ទារុកម្ម​ក្នុង​សមាគម​ប្រទេស ដែល​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ដែល​បោះ​ជំហាន​មុន​គេ ឈាន​ទៅ​បង្កើត​ឲ្យ​មាន​អង្គភាព​អន្តរ​ក្រសួង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។