ព្រឹទ្ធសភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម​ទោះ​មាន​ការ​តវ៉ា

ដោយ យាង សុជាមេត្តា
2015-07-24
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ក្រុម​អង្គការ​សង្គម​ស៊ីវិល​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ព្រឹទ្ធសភា​ដែល​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​អង្គការ​សមាគម កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​កក្កដា។ ពួកគេ​ចាត់​ទុក​ការ​អនុម័ត​របស់​ព្រឹទ្ធសភា​ថា​ ​រឿង​អកុសល និង​ប្ដេជ្ញា​បន្ត​ការ​តវ៉ា។

​បើ​ទោះ​ជា​មាន​ការ​តវ៉ា និង​ការ​ទទូច​ស្នើ​សុំ​មិន​ឈប់ឈរ​ពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ ឲ្យ​ព្រឹទ្ធ​សភា​ពិចារណា​ឡើង​វិញ​ពី​សេចក្ដី​ព្រាង​ច្បាប់​ដែល​រដ្ឋសភា​បាន​អនុម័ត​រួច​ហើយ​ក្តី ប៉ុន្តែ​ព្រឹទ្ធ​សភា​បាន​សម្រេច​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​នេះ ដោយ​គ្មាន​ការ​កែប្រែ​អ្វី​ទាំង​អស់។

ការ​អនុម័ត​បាន​ធ្វើ​ឡើង​ដោយ​សំឡេង​គាំទ្រ ៤៤ លើ ៤៤​សំឡេង​នៃ​សមាជិក​ព្រឹទ្ធ​សភា​សរុប ដែល​បាន​ចូល​រួម​ប្រជុំ។ ចំណែក​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ទាំង​អស់​ចំនួន ១១ រូប​បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​ប្រជុំ​អនុម័ត​ឡើយ ដោយ​ពួកគេ​យល់​ថា ច្បាប់​នេះ​នឹង​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។

ការ​អនុម័ត​បាន​ធ្វើ​ឡើង​ជា​កញ្ចប់ បន្ទាប់​ពី​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៨​រូប ត្រូវ​បាន​ប្រធាន​ព្រឹទ្ធ​សភា លោក សាយ ឈុំ ផ្តល់​ពេល​វេលា​ម្នាក់ ១០​នាទី​ឲ្យ​ឡើង​បញ្ចេញ​មតិ​លើ​សេចក្ដី​ព្រាង​ច្បាប់។ ពួកគេ​ទាំង​អស់​បាន​ថ្លែង​គាំទ្រ​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​ដោយ​លើក​ឡើង​ថា ច្បាប់​នេះ​នឹង​ជួយ​ការពារ​ផលប្រយោជន៍​របស់​អង្គការ​សង្គម​ស៊ីវិល ការពារ​សិទ្ធិ​សេរីភាព សេចក្ដី​ថ្លៃថ្នូរ និង​កិត្តិយស​របស់​អង្គការ​សង្គម​ស៊ីវិល ព្រម​ទាំង​ជួយ​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​សង្គម។

​លើស​ពី​នេះ ពួកគេ​ថា សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម​ធ្វើ​ឡើង គឺ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​នានា ដែល​កម្ពុជា ជា​ភាគី។

ទោះ​ជា​យ៉ាង​ណា ស្រប​ពេល​ដែល​ព្រឹទ្ធសភា​កំពុង​ប្រជុំ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នៅ​ខាង​មុខ​មន្ទីរ​ព្រឹទ្ធ​សភា​ឯ​ណោះ ក្រុម​អង្គការ​សង្គម​ស៊ីវិល សកម្មជន​សិទ្ធិមនុស្ស និង​ដីធ្លី​ប្រមាណ ៥០០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​ស្រែក​តវ៉ា ដើម្បី​កុំ​ឲ្យ​ព្រឹទ្ធ​សភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់ និង​បញ្ជូន​ច្បាប់​នេះ​ត្រឡប់​ទៅ​កាន់​រដ្ឋសភា​ពិភាក្សា​ឡើង​វិញ។ ក្នុង​ពេល​តវ៉ា​នោះ ក៏​មាន​ការ​រុញ​ច្រាន​ជាមួយ​សមត្ថកិច្ច​ដែរ ប៉ុន្តែ​មិន​បាន​ធ្វើ​ឲ្យ​ភាគី​ណាមួយ​រង​របួស​នោះ​ទេ។ ក្រៅ​ពី​នេះ អ្នក​តវ៉ា​ក៏​បាន​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា ដែល​នៅ​ក្បែរ​នោះ ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន ជួយ​អន្តរាគមន៍​ផង​ដែរ។

ក្រុម​អ្នក​តវ៉ា​លើក​ឡើង​ថា ពួកគេ​មិន​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម​នេះ​ទេ ព្រោះ​ពួកគេ​ថា រដ្ឋាភិបាល​បង្កើត​ច្បាប់​នេះ គឺ​ដើម្បី​រារាំង​ពួកគេ​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌ បញ្ឈប់​ពួកគេ​មិន​ឲ្យ​ជួប​ជុំ និង​ប្រមូល​ផ្តុំ​គ្នា ព្រមទាំង​ដើម្បី​ចោទ​ប្រកាន់​ពួកគេ​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ បំបិទ​សំឡេង និង​រឹតត្បិត​សេរីភាព​របស់​ពួកគេ៖ «យើង​គិត​ថា ច្បាប់​នេះ​នឹង​ដំណើរ​ការ​ហើយ ហើយ​នឹង​ត្រូវ​អនុម័ត​ចប់​សព្វគ្រប់​ទៅ តាម​អ្វី​ដែល​ថ្នាក់ដឹកនាំ​កំពូល​របស់​រដ្ឋាភិបាល ក៏ប៉ុន្តែ​យើង​គិត​ថា ផល​ប៉ះពាល់​យើង​នឹង​មើល​ឃើញ ជាពិសេស​នៅ​ពេល​មានការ​បោះឆ្នោត​​ខាង​មុខ​នោះ យើង​នឹង​មើល​ឃើញ​ថា សំឡេង​នៃ​ការ​គាំទ្រ​ទៅ​លើ​គណបក្ស​កាន់​អំណាច​មាន​ការ​កើន​ឡើង ឬ​ក៏​ថយ​ចុះ»

ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ប្រឆាំង​នឹង​សេចក្ដី​ព្រាង​ច្បាប់​គំរាម​ថា ពួកគេ​នឹង​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណា​ដែល​គាំទ្រ​ច្បាប់​នេះ​ឡើយ។ យ៉ាងណាក៏ដោយ ការ​គំរាម​នេះ​មិន​បាន​ធ្វើ​សមាជិក​សភា និង​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​បាត់បង់​កៅអី​រដ្ឋ​សភា​ជា​ច្រើន​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាល​ពី​ឆ្នាំ​២០១៣ ញញើតញញើម​ឡើយ។

អ្នកនាំពាក្យ​ព្រឹទ្ធ​សភា លោក ម៉ម ប៊ុននាង ឲ្យ​ដឹង​នៅ​ក្រោយ​ការ​អនុម័ត​ច្បាប់​ថា ព្រឹទ្ធ​សភា​អាច​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​នេះ​ទៅ​កាន់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​នៅ​សប្ដាហ៍​ក្រោយ​មុន​នឹង​ថ្វាយ​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា​ប្រកាស​ឲ្យ​ប្រើ។ ក្រុម​អ្នក​តវ៉ា​ប្រកាស​ថា ពួកគេ​នឹង​ស្នើ​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ឲ្យ​ពិចារណា​សេចក្ដី​ព្រាង​ច្បាប់​ដែល​ព្រឹទ្ធសភា​ទើប​អនុម័ត​នេះ តែ​ទោះ​យ៉ាង​ណា គេ​ពុំ​សូវ​មាន​សង្ឃឹម​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​មាន​សមាជិក​ភាគ​ច្រើន​ចេញ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ពិចារណា​តាម​ការ​ទាមទារ​របស់​សង្គម​ស៊ីវិល​នោះ​ឡើយ។

ដោយសារ​ច្បាប់​នេះ នឹង​ត្រូវ​ឆ្លង​ការ​ឡាយ​ព្រះហស្តលេខា​ប្រកាស​ឲ្យ​ប្រើ​របស់​ព្រះមហាក្សត្រ អគ្គលេខាធិការ​នៃ​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) លោក សាលីល ស្សែតទី (Salil Shetty) កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា បាន​ផ្ញើ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ស្នើ​ព្រះអង្គ​បដិសេធ​នូវ​សេចក្ដី​ព្រាង​ច្បាប់​របស់​រដ្ឋាភិបាល។

​លោក សាលីល ស្សែតទី ទូល​ថ្វាយ​ព្រះមហាក្សត្រ​ថា បើ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម​ក្លាយ​ជា​ច្បាប់​មែន​នោះ ច្បាប់​នេះ​នឹង​រំលោភ​លើ​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ និង​នៅ​ក្នុង​សន្ធិសញ្ញា​សិទ្ធិមនុស្ស​អន្តរជាតិ​នានា ដែល​កម្ពុជា ជា​ភាគី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

មិនត្រូវមានការសោកស្ដាយទេ ព្រោះគេដឹងថាព្រៃខ្លៅតាំងពីដើមមកហ្អើយ។

Jul 25, 2015 12:38 AM

ក្មេងវត្ត

ពី វត្តភ្នំ

អរគុណលោកសាលិលដែលមានចិត្តជួយស្រុកនិងរាស្ត្រខ្មែរតែគួរឱ្យ
ស្ដាយព្រោះលោកចំណាយពេលឥតប្រយោជន៍អង្វរជនដែលរស់ដោយ
សារការបន្តក់អាហារពីហ៊ុនសែន។អ្នកដែលលោកគួរនិងត្រូវអង្វរនោះ
គឺចៅហ្វាយហ៊ុនសែន(ចិននិងយួន)នោះទេ។

Jul 24, 2015 04:34 PM

អ្នក​អាន​អនាមិក

>. ពួក មនុស្ស យន្ត លើកដៃ ដូចគេ ចុច កុងតាក់ !

Jul 24, 2015 11:42 AM

អ្នក​អាន​អនាមិក

I do not think a king will not sing a bill.He will be signed watch.If he is real Cambodian he won't sign it.

Jul 24, 2015 10:39 AM

អ្នក​អាន​អនាមិក

He won't be different than what the second comment above says.

Jul 25, 2015 03:15 AM

គេហទំព័រ​ទាំងមូល