បុរសម្នាក់ដែលជាអ្នករត់រ៉ឺម៉កម៉ូតូកង់បីនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប កំពុងពឹងពាក់ឲ្យអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល ជួយជ្រោមជ្រែងផ្នែកច្បាប់ ព្រមទាំងធ្វើពាក្យបណ្ដឹងប្រឆាំងនឹងមន្ត្រីប៉ូលិសប៉ុស្តិ៍គោកចក ពីបទថាបានព្រួតគ្នាវាយដំលើរូបកាយ ក្នុងពេលដែលប៉ូលិសចាប់រូបគាត់បញ្ជូនទៅប៉ុស្តិ៍ដោយគ្មានកំហុស។
ការចោទប្រកាន់លើមន្ត្រីប៉ូលិសនេះ ធ្វើឡើងនៅក្នុងពេលដែលបុរសនោះកំពុងមានសភាពហើម និងជាំពេញផ្ទៃមុខ ព្រមទាំងភ្នែកជាំឈាមដោយសាររបួសធ្ងន់ធ្ងរ។
សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) និងអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តសៀមរាប មានគម្រោងនឹងចុះស៊ើបអង្កេតករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរមួយនៅសង្កាត់គោកចក ក្រុងសៀមរាប នៅថ្ងៃទី១៧ ខែមីនា។
គម្រោងសហការគ្នាស៊ើបអង្កេតនេះ គឺដើម្បីស្វែងរកការពិតមួយពាក់ព័ន្ធនឹងករណីដែលបុរសអ្នករត់រ៉ឺម៉កម៉ូតូម្នាក់ រងរបួសធ្ងន់ធ្ងរជាច្រើនកន្លែងលើផ្ទៃមុខ ថាតើពិតជាបណ្ដាលមកពីមន្ត្រីប៉ូលិសប៉ុស្តិ៍គោកចក ព្រួតគ្នាវាយដំដូចការចោទប្រកាន់មែន ឬក៏យ៉ាងណា?
បុរសម្នាក់ឈ្មោះ អាន សំអឿន អាយុ ៣៦ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិត្រពាំងសេះ សង្កាត់គោកចក ដែលមានស្នាមជាំ និងផ្ទៃមុខហើមពោរ ព្រមទាំងភ្នែកឡើងពណ៌ក្រហមដូចឈាម ដោយសាររងរបួស បានមកសុំជំនួយផ្នែកច្បាប់ពីសមាគមការពារសិទ្ធិមនុស្សអាដហុក កាលពីព្រឹកថ្ងៃពុធ ទី១៦ ខែមីនា។ បុរសរូបនេះ ចោទប្រកាន់នាយប៉ុស្តិ៍ និងប៉ូលិសសង្កាត់គោកចក ជាច្រើននាក់ ថាបានចោមរោមវាយដំរូបកាយ នៅពេលដែលប៉ូលិសចាប់គាត់បញ្ជូនទៅប៉ុស្តិ៍កាលពីរាត្រីថ្ងៃទី១៤ ខែមីនា កន្លងទៅ។ លោក អាន សំអឿន បញ្ជាក់ថា នៅយប់ថ្ងៃទី១៤ ខែមីនា នោះ គឺលោកបានយកប្រាក់ចំនួន ៦០ដុល្លារអាមេរិកទៅសងគេនៅភូមិត្រពាំងសេះ។ ពេលទៅដល់ភូមិនោះ លោកឃើញអ្នកភូមិ ២-៣នាក់ជុំគ្នាផឹកស្រាបៀ រូបលោកក៏សុំចូលរួមផឹកជាមួយគេ ដោយសុំជួយចេញស្រាបៀចំនួន ៦កំប៉ុង។ នៅពេលកំពុងផឹកស៊ីនោះ ប្រពន្ធដើមរបស់លោកដែលនៅផ្ទះជិតនឹងកន្លែងផឹកដែរ មិនដឹងបានកាំបិតពីណា យកមកទម្លាក់ ទើបបណ្ដាលឲ្យប៉ូលិសសង្កាត់គោកចក លើកគ្នាមកចាប់លោកបញ្ជូនទៅប៉ុស្តិ៍ ព្រមទាំងវាយដំលើរាងកាយយ៉ាងខ្លាំង៖ « ទៅដល់ប៉ុស្តិ៍គេច្រានខ្ញុំផ្ដួលរួចហើយ គេវាយ គេទាត់ខ្ញុំ រួចហើយគេចាប់ឲ្យខ្ញុំទទួលកំហុសថាបានជេរប្រមាថប៉ូលិស »។
ទោះបីជាយ៉ាងណា នាយប៉ុស្តិ៍នគរបាលសង្កាត់គោកចក លោក ឈុម សំបាន អះអាងថា មូលហេតុដែលកម្លាំងប៉ូលិសទៅចាប់ខ្លួនបុរសឈ្មោះ អាន សំអឿន ដោយសារតែនៅយប់ថ្ងៃទី១៤ ខែមីនា គាត់ផឹកស្រវឹងស្រែកឡូឡា និងកាន់កាំបិតដេញចាក់ប្រពន្ធដើមរបស់គាត់។ នាយប៉ូលិសប៉ុស្តិ៍ដដែលបញ្ជាក់ថា បុរសឈ្មោះ អាន សំអឿន នោះ គឺមានប្រពន្ធពីរ ដែលប្រពន្ធដើមមានអាយុចាស់ជាងប្ដី ហើយមិនមានកូនទេ បណ្ដាលឲ្យបុរសនោះទៅយកប្រពន្ធចុងមួយទៀត តែមិនដឹងប្រពន្ធចុងនៅទីណាទេ។ ជាញឹកញាប់នៅពេលស្រវឹង បុរសម្នាក់នោះតែងប្រើអំពើហិង្សាលើប្រពន្ធដើម ហើយនៅថ្ងៃទី១៤ ខែមីនា គឺឈ្មោះ សំអឿន ស្រវឹងដេញចាក់ប្រពន្ធ ទើបសមត្ថកិច្ចទៅចាប់ខ្លួន ប៉ុន្តែប៉ូលិសមិនបានវាយដំរូបកាយដូចការចោទប្រកាន់នោះទេ៖ « ប៉ុន្តែអ្វីដែលខ្ញុំចង់ឲ្យគាត់ល្អ គឺមិនចង់ឲ្យគាត់ប្រើហិង្សាទៅលើគ្រួសារគាត់។ ទី២ គឺយើងការពារច្បាប់ ពីព្រោះអ្វីដែលគាត់ធ្វើ គឺវាមិនស្របច្បាប់ »។
អ្នកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តសៀមរាប លោក ចាន់ ចំរើន ពន្យល់ថា នៅក្នុងផ្លូវច្បាប់គ្មានចំណុចណាមួយដែលអនុញ្ញាតឲ្យសមត្ថកិច្ច ទៅចាប់ជនសង្ស័យយកមកវាយដំធ្វើទារុណកម្មទេ។ លោក ចាន់ ចំរើន បញ្ជាក់ថា សមាគមការពារសិទ្ធិមនុស្សអាដហុក និងអង្គការសិទ្ធិមនុស្សលីកាដូ នឹងបើកការស៊ើបអង្កេតករណីនេះ ហើយបើរកឃើញថា ប៉ូលិសប៉ុស្តិ៍គោកចក ពិតជាបានវាយដំលើបុរសឈ្មោះ អាន សំអឿន មែននោះ គឺអង្គការសិទ្ធិមនុស្ស នឹងធ្វើពាក្យបណ្ដឹងប្រឆាំងនឹងមន្ត្រីប៉ូលិសទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
