លោក សុរិយា ស៊ូប៊ែឌី បញ្ចេញ​របាយការណ៍​ទី​៦​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

ដោយ យាង សុជាមេត្តា
2014.08.23
សុរិយា ស៊ូប៊ែឌី ៦១០ អ្នក​រាយការណ៍​ពិសេស​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) ធ្វើ​សន្និសីទ​កាសែត នៅ​ការិយាល័យ​នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​១៦ មករា ឆ្នាំ​២០១៤។
RFA/Uon Chhin

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) កាល​ពី​ថ្ងៃ​ទី​២២ សីហា បាន​ចេញ​ផ្សាយ​របាយការណ៍​ទី​៦ ដែល​ជា​របាយការណ៍​ចុង​ក្រោយ​បង្អស់​របស់​លោក ក្នុង​ឋានៈ​លោក​ជា​អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា។

លោក ស៊ូប៊ែឌី នឹង​ធ្វើ​បទ​បង្ហាញ​អំពី​របាយការណ៍​របស់​លោក ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ក្នុង​ទីក្រុង​ហ្សឺណែវ (Geneva) នៅ​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៤ ខាង​មុខ​នេះ។

របាយការណ៍​ទី​៦​របស់ លោក សុរិយា ស៊ូប៊ែឌី ហើយ​ក៏​ជា​របាយការណ៍​ចុង​ក្រោយ​របស់​លោក​ដែរ​នោះ លើក​ឡើង​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ចន្លោះ​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៤។

របាយការណ៍​ដែល​មាន​ទាំងអស់ ២០​ទំព័រ​ជា​ភាសា​អង់គ្លេស ផ្ដោត​ទៅ​លើ​រឿងរ៉ាវ​មួយ​ចំនួន​រួម​មាន ស្ថានភាព​ទូទៅ​អំពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ពី​ការ​ប្រាស្រ័យ​ទាក់ទង​រវាង​អង្គការ​សហប្រជាជាតិ និង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស ពី​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​ឯករាជ្យ ស្រប​តាម​គោលការណ៍​ទីក្រុង​ប៉ារីស (Paris Principles) ពី​ការ​អនុវត្ត​អនុសាសន៍​របស់ លោក ស៊ូប៊ែឌី ដែល​បាន​លើក​ឡើង​ក្នុង​របាយការណ៍​មុនៗ ទាក់ទង​កំណែ​ទម្រង់​តុលាការ ការ​បោះ​ឆ្នោត​សភា និង​ដីធ្លី។

ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស លោក ស៊ូប៊ែឌី បាន​លើក​ឡើង​ពី​រឿងរ៉ាវ​ដែល​បាន​កើត​ឡើង​តាំង​ពី​ដើម​ខែ​កក្កដា ឆ្នាំ​២០១៣ មក ដែល​ក្នុង​នោះ​រួម​មាន ការ​រៀបចំ​ការ​បោះ​ឆ្នោត ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ការ​ធ្វើ​បាតុកម្ម​របស់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត ការ​រារាំង​របស់​សមត្ថកិច្ច ការ​វាយ​សំពង​លើ​អ្នក​កាសែត ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​កម្មករ ដែល​ក្រោយ​មក​ត្រូវ​សមត្ថកិច្ច​វាយ​បង្ក្រាប និង​បាញ់​ប្រហារ ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស ហើយ​ច្រើន​នាក់​ផ្សេង​ទៀត​ត្រូវ​ចាប់​ខ្លួន។ លើស​ពី​នេះ លោក​ក៏​លើក​ឡើង​ពី​ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ ការ​ហាម​មិន​ឲ្យ​ពលរដ្ឋ​ប្រមូល​ផ្តុំ​គ្នា ព្រម​ទាំង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​គំរាម​កំហែង​សម្លុត​បំភ័យ​តំណាង​សហជីព ហើយ​ថ្មីៗ​នេះ គឺ​ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​ការ​ទាមទារ​ឲ្យ​ដោះ​លែង​ទីលាន​ប្រជាធិបតេយ្យ ជាដើម។

លោក ស៊ូប៊ែឌី សម្ដែង​ការ​សោកស្ដាយ ដែល​មិន​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​អាច​ជឿ​ទុក​ចិត្ត​បាន ដើម្បី​នាំ​យក​ជន​ប្រព្រឹត្តិ​ហិង្សា​មក​ផ្ដន្ទាទោស។ លោក​ថា អំពើ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ កំពុង​តែ​កើត​ឡើង​នៅ​កម្ពុជា នៅ​ឡើយ ហើយ​ថា រដ្ឋាភិបាល​ត្រូវ​មាន​កាតព្វកិច្ច​ក្នុង​ការ​ធានា​ថា រាល់​ការ​ប្រើប្រាស់​កម្លាំង​ទាំងអស់ លុះ​ណា​តែ​ស្រប​ច្បាប់ ចាំបាច់ និង​សមាមាត្រ ហើយ​ត្រូវ​ធានា​ថា អ្នក​ល្មើស​ច្បាប់​មិន​អាច​រួច​ពី​សំណាញ់​ច្បាប់​បាន​ឡើយ។ លោក ស៊ូប៊ែឌី កត់​សម្គាល់​ដែរ​ថា សមត្ថកិច្ច​ដែល​បាញ់​ប្រហារ​លើ​បាតុករ មិន​ត្រូវ​បាន​នាំ​យក​មក​ផ្ដន្ទាទោស​ឡើយ តែ​ចំណែក​ពលរដ្ឋ​ដែល​សមត្ថកិច្ច​ចោទ​ថា ប្រព្រឹត្ត​ហិង្សា​លើ​ពួក​គេ​វិញ​នោះ ត្រូវ​បាន​តុលាការ​ចាត់​ការ​យ៉ាង​ឆាប់​រហ័ស។

ចំពោះ​បញ្ហា​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​វិញ ទន្ទឹម​នឹង​ការ​អបអរ​សាទរ​ទៅ​លើ​ការ​បង្កើត​ច្បាប់​ថ្មី​ចំនួន​៣ ពាក់ព័ន្ធ​វិស័យ​នេះ លោក ស៊ូប៊ែឌី ក៏​រិះគន់​ទៅ​លើ​របៀប​នៃ​ការ​តាក់តែង​ច្បាប់​ទាំង​នេះ​ដែរ ដោយ​លោក​ថា គ្មាន​ការ​បើក​ចំហ​ឲ្យ​មាន​ការ​ពិភាក្សា ឬ​ចែក​ចាយ​សេចក្តី​ព្រាង​ច្បាប់​ឲ្យ​អ្នក​ពាក់ព័ន្ធ​ដឹង​មុន​នោះ​ទេ ហើយ​សភា​ក៏​មិន​បាន​ចំណាយ​ពេល​វេលា​ច្រើន ដើម្បី​ពិភាក្សា​នោះ​ដែរ។ លោក ស៊ូប៊ែឌី ក៏​យល់​ថា ច្បាប់​ទាំង​នេះ​មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​បែង​ចែក​អំណាច​ឲ្យ​ដាច់​ស្រឡះ​ពី​គ្នា​ឡើយ មាន​ន័យ​ថា តុលាការ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ស្ថិត​ក្រោម​ស្ថាប័ន​នីតិប្រតិបត្តិ​ដដែល។ មួយ​វិញ​ទៀត លោក​ថា អង្គការ​តុលាការ​នៅ​តែ​រង​ឥទ្ធិពល​របស់​អ្នក​នយោបាយ ដោយ​លោក​ថា ក្រោយ​ពី​អ្នក​នយោបាយ​ចរចា​ត្រូវ​គ្នា​ភ្លាម តុលាការ​ក៏​ដោះ​លែង​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ភ្លែត។ លោក​ក៏​ជំរុញ​ឲ្យ​កម្ពុជា ធ្វើ​កំណែ​ទម្រង់​រដ្ឋសភា ដើម្បី​អាច​ឲ្យ​បក្ស​ប្រឆាំង​ដើរ​តួនាទី​ប្រកប​ដោយ​អត្ថន័យ​ក្នុង​រដ្ឋសភា។ លោក​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​រដ្ឋសភា ធានា​ការ​បើក​ចំហ និង​តម្លាភាព​ក្នុង​ដំណើរ​ការ​ធ្វើ​ច្បាប់។ ចំណែក​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​វិញ លោក ស៊ូប៊ែឌី ថា លោក​សោកស្ដាយ​ដែល​ស្ថាប័ន គ.ជ.ប មិន​ត្រូវ​បាន​កែ​ទម្រង់​ឲ្យ​បាន​មុន​ពេល​បោះ​ឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៣ តាម​អនុសាសន៍​របស់​លោក។ លោក​សង្ឃឹម​ថា កំណែ​ទម្រង់​ស្ថាប័ន គ.ជ.ប គឺ​ជា​ការងារ​អាទិភាព​មួយ​សម្រាប់​បក្ស​នយោបាយ​ទាំង​២ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​បញ្ហា​ក្រោយ​ការ​បោះ​ឆ្នោត​ដូច​សព្វថ្ងៃ​ជា​ថ្មី​ទៀត​ក្នុង​ពេល​អនាគត។

សម្រាប់​បញ្ហា​ដីធ្លី លោក ស៊ូប៊ែឌី ស្វាគមន៍​ចំណាត់​ការ​វាស់វែង​ដីធ្លី​ឲ្យ​ប្រជាពលរដ្ឋ ព្រម​ទាំង​បញ្ឈប់​ការ​ផ្តល់​ដី​សម្បទាន​ថ្មី និង​ពិនិត្យ​មើល​ឡើង​វិញ ចំពោះ​ដី​សម្បទាន​ដែល​បាន​ប្រគល់​រួច។ លោក​ក៏​ស្វាគមន៍​ផង​ដែរ ចំពោះ​ការ​អនុម័ត​គោល​នយោបាយ​ជាតិ​លំនៅឋាន​របស់​រដ្ឋាភិបាល។

យ៉ាង​ណា​ក៏ដោយ លោក ស៊ូប៊ែឌី មិន​ភ្លេច​រិះគន់​លើ​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ដី និង​លំនៅឋាន​ដោយ​បង្ខំ និង​ការ​ជម្លៀស​ពួក​គេ​ទៅ​រស់នៅ​កន្លែង​មិន​សមរម្យ​នោះ​ឡើយ។ លោក​ក៏​រិះគន់​រដ្ឋាភិបាល និង​តុលាការ​ថា ពេល​ខ្លះ​ពួក​គេ​គ្មាន​ឆន្ទៈ ឬ​មិន​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​រំលោភ​ដីធ្លី​តែ​ម្តង ហើយ​ថា បណ្ដឹង​របស់​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ដីធ្លី ក៏​ពេល​ខ្លះ តុលាការ​មិន​ចាត់​ការ​ឡើយ។

ឆ្លើយ​តប​ចំពោះ​របាយការណ៍​របស់ លោក ស៊ូប៊ែឌី រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន កត់​សម្គាល់​ថា អ្វី​ដែល​អ្នក​រាយការណ៍​ពិសេស​នេះ​លើក​ឡើង វា​គ្រាន់​តែ​ជា​ការ​យល់​ឃើញ និង​ជា​ការ​វិនិច្ឆ័យ​របស់​បុគ្គល​ម្នាក់​ប៉ុណ្ណោះ មិន​មាន​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ទេ។ លោក​ថា សម្រាប់​កម្ពុជា កម្ពុជា កំពុង​ប្រឹងប្រែង​ធ្វើ​ឲ្យ​ខ្លួន​ឯង​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង ហើយ​ថា កម្ពុជា ក៏​ត្រូវ​បាន​គេ​មើល​ឃើញ និង​វាយ​តម្លៃ​ថា មាន​ភាព​ប្រសើរ​ជាង​មុន​ដែរ។ លោក ផៃ ស៊ីផាន បន្ត​ថា អ្វី​ដែល​កម្ពុជា ធ្វើ គឺ​ឋិត​លើ​កត្តា​សំខាន់​២ គឺ​ស្ថិរភាព សន្តិភាព និង​ប្រក្រតី​ភាព​នៃ​ដំណើរ​ការ​អំណាច​សាធារណៈ ព្រម​ទាំង​ការ​អភិវឌ្ឍ​ដើម្បី​ឆ្លើយ​តប​នឹង​សេចក្តី​ត្រូវ​ការ​របស់​ពលរដ្ឋ។ លោក​ថា រដ្ឋាភិបាល គឺ​ជា​អ្នក​ធ្វើ ចំណែក​ឯ​អ្នក​ថា​វិញ ទុក​ភារកិច្ច​ឲ្យ​គេ​ចុះ។

លោក ផៃ ស៊ីផាន៖ «នៅ​ក្នុង​ពិភពលោក អ្នក​ណា​ក៏​អាច​និយាយ​បាន​ដែរ អ្នក​ខ្លះ​មាន​គំនិត​ថា អាមេរិកាំង ល្អ ប៉ុន្តែ​អ្នក​ខ្លះ​ថា អាមេរិកកាំង អាក្រក់ អ្នក​ខ្លះ​ថា​រុស្ស៊ី ល្អ អ្នក​ខ្លះ​ថា រុស្ស៊ី អាក្រក់ អា​នេះ​ជា​ភាព​សម្បូរ​បែប​នៃ​ការ​គិត ប៉ុន្តែ​រាជ​រដ្ឋាភិបាល​យើង​យល់​ច្បាស់​ណាស់ ក្នុង​រយៈ​កន្លង​មក រហូត​ដល់​ពេល​នេះ គឺ​យើង​បាន​ធ្វើ​សង្គម​កម្ពុជា ស្ថិត​នៅ​ក្នុង​ស្ថិរភាព សន្តិភាព និង​ការ​វិវឌ្ឍ​ជានិច្ច អា​ហ្នឹង​ជា​ការ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល។ ដូច្នេះ​ការ​លើក​ឡើង គ្រាន់​តែ​ជា​ការ​លើក​ឡើង»

ក្រៅ​ពី​បញ្ហា​ខាង​ដើម របាយការណ៍​របស់ លោក ស៊ូប៊ែឌី ក៏​លើក​ឡើង​ពី​បញ្ហា​ប្រកាន់​ជាតិ​សាសន៍​ប្រឆាំង​ជនជាតិ​វៀតណាម ពី​ការ​បញ្ជូន​ពលករ​ខ្មែរ​មក​កម្ពុជា ដោយ​អាជ្ញាធរ​ថៃ ពី​បញ្ហា​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី មក​កម្ពុជា និង​ពី​ការ​ពិនិត្យ​ឡើង​វិញ​បញ្ហា​សិទ្ធិ​មនុស្ស​តាម​ពេល​វេលា​កំណត់​ជា​សកល ដែល​ហៅ​តាម​ភាសា​អង់គ្លេស​ថា យូនីវើស៊ល ភើរៀដឌិក រីវ្យូ (Universal Periodic Review) ផង​ដែរ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ឲ្យ​ដឹង​ថា លោក សុរិយា ស៊ូប៊ែឌី នឹង​មក​បំពេញ​បេសកកម្ម​ការងារ​ចុង​ក្រោយ​របស់​លោក​នៅ​កម្ពុជា នៅ​ខែ​មករា ឆ្នាំ​២០១៥ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៥ លោក​នឹង​បញ្ចប់​តួនាទី​ជា​អ្នក​រាយការណ៍​ពិសេស​របស់​លោក​រយៈពេល ៦​ឆ្នាំ ហើយ​អ្នក​រាយការណ៍​ថ្មី​នឹង​ត្រូវ​ឡើង​មក​ជំនួស​លោក។

លោក ស៊ូប៊ែឌី បាន​ថ្លែង​ក្នុង​របាយការណ៍​របស់​លោក​ថា លោក​មាន​កិត្តិយស​ដែល​បាន​បម្រើ​ការងារ​ជា​អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា តាំង​ពី​ឆ្នាំ​២០០៩ មក។ លោក​ថា ស្ថានភាព​នៅ​កម្ពុជា ក្នុង​រយៈពេល ៦​ឆ្នាំ​ចុង​ក្រោយ​នេះ មិន​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​នោះ​ទេ ហើយ​បច្ចុប្បន្ន ប្រទេស​នេះ​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​អន្តរកាល​នយោបាយ​សន្តិភាព។ លោក​ថា ក្នុង​រយៈពេល ៦​ឆ្នាំ​នេះ គឺ​ជា​ឆ្នាំ​ដែល​គួរ​ឲ្យ​លើក​ទឹក​ចិត្ត ជា​ការ​ប្រឈម និង​ជា​កិត្តិយស​ផង​ដែរ​សម្រាប់​លោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។