គ្រូ​បង្រៀន​ម្នាក់​រង​ការ​ចោទ​ថា​បៀតបៀន​កេរ្តិ៍ខ្មាស​សិស្ស​ស្រី​នៅ​កំពង់ឆ្នាំង

គ្រូ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​ថ្មកែវ ម្នាក់​រង​ការ​ចោទ​ប្រកាន់​ថា បាន​បៀតបៀន​កេរ្តិ៍​ខ្មាស​សិស្ស​ស្រី ដែល​ជា​អនីតិជន​ក្នុង​ថ្នាក់​ជាច្រើន​នាក់។ បន្ទាប់​ពី​មាន​ការ​ប្ដឹង​ផ្ដល់​ដោយ​មិន​មាន​ដំណោះស្រាយ កុមារី​រង​គ្រោះ​ជាច្រើន​នាក់​ដែល​ចេញ​មុខ​បើក​កកាយ​រឿង​អាស្រូវ​នេះ បាន​បោះបង់​ការ​សិក្សា ព្រោះ​តែ​ការ​ភ័យ​ខ្លាច។

0:00 / 0:00

ឪពុក​ម្ដាយ​សិស្ស​ចំនួន ៤​នាក់ បាន​ប្ដឹង​ចោទ​ប្រកាន់​គ្រូ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​ថ្មកែវ ស្ថិត​ក្នុង​ភូមិ​ថ្មកែវ ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ថា​បាន​បៀតបៀន​កេរ្តិ៍ខ្មាស​កូន​ស្រី​ពួក​គាត់។

ឪពុក​កុមារី​អាយុ ១៤​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី៦ នៃ​សាលា​បឋម​សិក្សា​ថ្មកែវ។ គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី២៦ ឧសភា ថា ឈ្មោះ កែម ចាន់ឈេន ជា​គ្រូ​បង្រៀន​ថ្នាក់​ទី៦ នៅ​សាលា​បឋម​សិក្សា​ថ្មកែវ បាន​ប្រព្រឹត្ត​អំពើ​ពុំ​គប្បី​ចំពោះ​កូន​ស្រី​គាត់​ជាច្រើន​លើក​ច្រើន​សា តែ​នៅ​លើក​ចុង​ក្រោយ គឺ​លោកគ្រូ​រូប​នេះ​មាន​បំណង​ចាប់​រំលោភ តែ​ពុំ​បាន​សម្រេច៖ «រឿង​នេះ​មិន​មែន​ធម្មតា​ឯ​ណា​អូន មិន​មែន​តែ​កូន​ខ្ញុំ​ម្នាក់​ឯ​ណា មាន​កូន​គេ ៣​នាក់​ទៀត។ ដល់​ពួក​ខ្ញុំ​ប្ដឹង​ឡើង​ទៅ ហើយ​ខាង​ប៉ូលិស ប៉េអិម គេ​បែរ​ជា​ធ្វើ​មិន​ដឹង។ ឥឡូវ​គ្រូ​ហ្នឹង​គាត់​មក​បង្រៀន​វិញ ធ្វើ​ឲ្យ​ក្មេងៗ​ខ្លាច​អត់​ហ៊ាន​ទៅ​រៀន​ទេ»

កុមារី ៤​នាក់ ដែល​រង​ការ​បៀតបៀន​កេរ្តិ៍ខ្មាស​ពី​សំណាក់​លោកគ្រូ កែម ចាន់ឈេន បាន​ឲ្យ​ដឹង​ដូចៗ​គ្នា​ថា គ្រូ​រូប​នេះ​បាន​ប្រព្រឹត្ត​អំពើ​ឥត​កេរ្តិ៍ខ្មាស​មក​លើ​ពួក​ខ្លួន​ទាំង ៤​នាក់​នេះ​ជាច្រើន​ដង​រាប់​មិន​អស់ ហើយ​បាន​គំរាម​ថា បើ​ដឹង​ឮ​ដល់​អ្នក​ផ្សេង ពួក​នាង​នឹង​រង​ទណ្ឌកម្ម និង​ដាក់​ពិន្ទុ​សូន្យ​ជាដើម៖ «ពេល​គេ​ចេញ​ទៅ​ពលកម្ម គាត់​ឲ្យ​ខ្ញុំ​នៅ​ចាំ​ថ្នាក់។ ដល់​ពេល​គេ​ចេញ​ទៅ​អស់ គាត់​មក​ចាប់​សម្រាត​សំពត់​ខ្ញុំៗ​រើ​បម្រាស​យ៉ាង​ខ្លាំង ខ្ញុំ​ធាក់​ចំ​ពង​គាត់​មួយ​ជើង រួច​ខ្ញុំ​ស្ទុះ​រត់​ចេញ។ គាត់​គំរាម​ខ្ញុំ និង​មិត្តភ័ក្ដិ​ខ្ញុំ ថា​បើ​ខ្ញុំ​ប្រាប់​ម៉ែ​ឪ គាត់​អត់​ដាក់​ពិន្ទុ​ឲ្យ​ពួក​ខ្ញុំ​ទេ»

ប៉ុន្តែ លោកគ្រូ កែម ចាន់ឈេន បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​សិស្ស​ទាំង ៤​រូប ព្រម​ទាំង​ឪពុក​ម្ដាយ​សិស្ស​ទាំង​នោះ ថា​បាន​ចោទ​ប្រកាន់​លោក​ដោយ​គ្មាន​ភស្តុតាង៖ «ខ្ញុំ​អត់​បាន​ធ្វើ​អ៊ីចឹង​ទេ​បង គេ​ស្អប់​ខ្ញុំ ហើយ​ចេះ​តែ​ចោទ​ប្រកាន់​ខ្ញុំ​ទេ»

បន្ទាប់​ពី​ឪពុក​ម្ដាយ​កុមារី​ទាំង ៤​រូប​នេះ​បាន​ដាក់​ពាក្យ​បណ្ដឹង អាជ្ញាធរ​បាន​កោះ​ហៅ​លោកគ្រូ​បង្រៀន​រូប​នេះ​ទៅ​សាកសួរ។ តែ​បច្ចុប្បន្ន គេ​ឃើញ​លោកគ្រូ កែម ចាន់ឈេន នៅ​តែ​បន្ត​បង្រៀន​ដដែល ជា​ហេតុ​ធ្វើ​ឲ្យ​កុមារី​ទាំង ៤​រូប ដែល​បាន​បើក​កកាយ​អំពើ​អាស្រូវ​នេះ​មាន​ការ​ភ័យ​ខ្លាច និង​បោះបង់​ចោល​ការ​សិក្សា។

ទាក់ទិន​ចំពោះ​បញ្ហា​នេះ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ​ផ្នែក​ព្រហ្មទណ្ឌ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង លោក លឹម ហាក់ មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ហៅ​មក​សាកសួរ​លោកគ្រូ កែម ចាន់ឈេន បាន​បដិសេធ​ការ​ចោទ​ប្រកាន់។ លោក​ថា ដោយ​ករណី​នេះ​មិន​មែន​ជា​រឿង​ព្រហ្មទណ្ឌ​ជាក់ស្ដែង គេ​ពុំ​អាច​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ទេ៖ «ដោយ​ករណី​នេះ​ជា​ករណី​មិន​ជាក់ស្ដែង ដូច្នេះ​យើង​គ្រាន់​តែ​ឃាត់​ខ្លួន​គេ​បណ្ដោះ​អាសន្ន ដើម្បី​សាកសួរ​ប៉ុណ្ណោះ យើ​ពុំ​អាច​ឃុំ​ខ្លួន​គេ​ទេ។ លុះត្រា​ព្រះរាជ​អាជ្ញា ទើប​មាន​សិទ្ធិ​បញ្ជា​ការ​ឃុំ​ខ្លួន។ តែ​រឿង​នេះ គាត់​អត់​បញ្ជា​ឲ្យ​ឃុំ​ខ្លួន​ទេ ហេតុ​បើ​យើង​ឃុំ​ខ្លួន​គេ គឺ​ខុស​នឹង​នីតិវិធី​ហើយ»

យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា តាម​នីតិវិធី គេ​ត្រូវ​បញ្ឈប់​បណ្ដោះ​អាសន្ន ឬ​ផ្លាស់​ប្ដូរ​សាលា មិន​ត្រូវ​បន្ត​ឲ្យ​លោក កែម ចាន់ឈេន បង្រៀន​នៅ​សាលា​ដដែល​ដូច្នេះ​ទេ ព្រោះ​អាច​បណ្ដាល​ឲ្យ​ដើម​បណ្ដឹង​មាន​ការ​ភ័យ​ខ្លាច ព្រោះ​ជន​សង្ស័យ​ជា​អ្នក​មាន​ឥទ្ធិពល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។