HRW៖ កុមារ​ខ្មែរ​ជាច្រើន​ដែល​ចំណាក​ស្រុក​ទៅ​ថៃ​កំពុង​បាត់​បង់​សិទ្ធិ​ជា​មូលដ្ឋាន

0:00 / 0:00

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch = HRW) រក​ឃើញ​ថា កុមារ​កម្ពុជា ជាច្រើន​នាក់ ដែល​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ កំពុង​បាត់​បង់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន នៅ​ពេល​ពួក​គេ​ត្រូវ​គេ​បញ្ជូន​អោយ​ទៅ​រស់នៅ​បណ្ដោះ​អាសន្ន ក្នុង​មណ្ឌល​សម្រាប់​កុមារ​ចំណាក​ស្រុក។

របាយការណ៍​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា របស់​អង្គការ​ដដែល​បញ្ជាក់​ថា ក្នុង​មណ្ឌល​នោះ​ពួក​គេ​ខ្វះខាត​អាហារ​បរិភោគ ខ្វះ​សេវា​សុខភាព ការ​អប់រំ និង​ការ​កម្សាន្ត​ដែល​ចាំបាច់​សម្រាប់​កុមារ។ ករណី​នេះ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​កម្ពុជា ប្រាថ្នា​អោយ​រដ្ឋាភិបាល​ចាត់​វិធានការ​ជួយ​កុមារ​ទាំង​នោះ​ជា​បន្ទាន់។

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្វើ​ការងារ​ផ្នែក​សិទ្ធិ​មនុស្ស ជំរុញ​អោយ​ក្រសួង​ការ​បរទេស​កម្ពុជា ចាប់​ផ្ដើម​ស៊ើប​អង្កេត និង​រិះរក​មធ្យោបាយ​យ៉ាង​ណា ដែល​អាច​ធានា​ថា កុមារ​ខ្មែរ​ដែល​ធ្វើ​ចំណាក​ស្រុក ទទួល​បាន​សិទ្ធិ​ជា​មូលដ្ឋាន។

សំណើ​របស់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ រក​ឃើញ​ថា កុមារ​កម្ពុជា ជាច្រើន​ដែល​ធ្វើ​ចំណាក​ស្រុក​ជាមួយ​ឪពុក​ម្ដាយ​របស់​ពួក​គេ ត្រូវ​ការ​ចាំបាច់​នូវ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន នៅ​ពេល​ពួក​គេ​ត្រូវ​បញ្ជូន​អោយ​ទៅ​រស់​នៅ​ក្នុង​មណ្ឌល​សម្រាប់​កុមារ​ចំណាក​ស្រុក។

ក្នុង​របាយការណ៍​កម្រាស់​ជាង ៦០​ទំព័រ អង្គការ​នេះ​បាន​សម្ភាស​កុមារ ៤១​នាក់ និង​វ័យ​ជំទង់​ចំនួន ៦០​នាក់ ដែល​ជាប់​នៅ​ក្នុង​មណ្ឌល​ក្នុង​ប្រទេស​ថៃ ទាំង​នោះ។ កុមារ​ទាំង​នោះ​បញ្ជាក់​ថា ពួក​គេ​ត្រូវ​អោយ​រស់​នៅ​បែក​ពី​ឪពុក​ម្ដាយ ពុំ​មាន​អាហារ​ហូប​ចុក​គ្រប់គ្រាន់ ពុំ​ទទួល​បាន​សេវា​សុខភាព​ត្រឹមត្រូវ ពុំ​បាន​ទទួល​ការ​អប់រំ និង​ការ​កម្សាន្ត ដែល​កុមារ​ត្រូវ​ការ។ បញ្ហា​ទាំង​នោះ ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​លូតលាស់​ទាំង​ផ្នែក​រាង​កាយ និង​បញ្ញា​ស្មារតី​របស់​កុមារ។ យ៉ាង​ណា អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ពុំ​បាន​បញ្ជាក់​ថា កុមារ​កម្ពុជា នៅ​ទីនោះ​មាន​ចំនួន​ប៉ុន្មាន​នាក់​ឡើយ គឺ​គ្រាន់​តែ​បញ្ជាក់​ថា ជា​រៀង​រាល់​ឆ្នាំ មាន​កុមារ​ប្រមាណ ២.៥០០​នាក់​មក​ពី​កម្ពុជា និង​ឡាវ បាន​ចូល​ទៅ​កាន់​មណ្ឌល​ទាំង​នោះ។ ចំណែក​របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសក៍ មក​ដល់​ពេល​នេះ​មាន​កុមារ​ជាង ៣៧​ម៉ឺន​នាក់ កំពុង​រស់​នៅ​ចំណាក​ស្រុក​ក្នុង​ប្រទេស​ថៃ ភាគ​ច្រើន​មក​ពី​ប្រទេស​ភូមា បន្ទាប់​មក គឺ​កម្ពុជា។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ក្រសួង​ការ​បរទេស​កម្ពុជា ត្រូវ​ចាប់​ផ្ដើម​ការងារ​ចាំបាច់​មួយ​ចំនួន ក្នុង​ការ​រក​មធ្យោបាយ​ជួយ​អោយ​ពួក​គេ​ទទួល​បាន​សិទ្ធិ​ជា​មូលដ្ឋាន​ឡើង​វិញ៖ «ស្ថានទូត​យើង ឬ​ក្រសួង​ការ​បរទេស​ហ្នឹង គឺ​ត្រូវ​តែ​ពិនិត្យ​មើល​កុមារ​កម្ពុជា យើង ដែល​នៅ​ក្នុង​មណ្ឌល​ហ្នឹង ធ្វើ​អោយ​ពួក​គេ​ទទួល​បាន​កិច្ច​ការពារ​ដោយ​សមរម្យ​ក្នុង​នាម​ជា​កុមារ»

មិន​ខុស​គ្នា​ដែរ អនុប្រធាន​ផ្នែក​សិទ្ធិ​ស្ត្រី និង​កុមារ​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) អ្នកស្រី លឹម មុនី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មាន​តួនាទី​សំខាន់​ក្នុង​ការ​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​ក្នុង​ប្រទេស​ថៃ ដើម្បី​អោយ​សិទ្ធិ​ទាំង​ឡាយ​របស់​កុមារ​ត្រូវ​អនុវត្ត៖ «បញ្ហា​ធំ​បែប​នេះ គឺ​ត្រូវ​តែ​រដ្ឋាភិបាល​ដែល​លោក​មាន​អំណាច​នៅ​ក្នុង​ការ​ធ្វើ​កិច្ច​ការងារ​ហ្នឹង ចំណែក​ចំណុច​ខ្វះខាត​ដោយ​ប្រការ​ណា​មួយ យើង​ចាំ​បំពេញ​បន្ថែម»

ឆ្លើយ​តប​នឹង​សំណើ​នេះ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក កុយ គួង មាន​ប្រសាសន៍​ថា កន្លង​មក​មាន​ករណី​កុមារ​មួយ​ចំនួន​ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​ថែរក្សា​កុមារ ដែល​នៅ​ពេល​ដែល​ទៅ​ជាមួយ​ឪពុក​ម្ដាយ ពួក​គេ​មាន​ទោស​ជាប់​ពន្ធនាគារ​ដោយ​ប្រការ​ផ្សេងៗ ឬ​កុមារ​ដែល​ត្រូវ​មេ​ខ្យល់​នាំ​ទៅ​ប្រទេស​ថៃ ហើយ​ត្រូវ​អាជ្ញាធរ​ថៃ ចាប់​បាន ជាដើម។ លោក កុយ គួង បន្ត​ថា ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ថៃ កំពុង​បំពេញ​ការងារ​មួយ​ចំនួន​ជាមួយ​ភាគី​ថៃ ដើម្បី​អោយ​កុមារ​ខ្មែរ​ដែល​ធ្វើ​ចំណាក​ស្រុក​ទាំង​ឡាយ បាន​ទទួល​សិទ្ធិ​ជា​មូលដ្ឋាន​ពេញ​លេញ៖ «ភាគី​ថៃ កន្លង​មក​នេះ គឺ​បាន​សន្យា​ថា ធ្វើ​អោយ​ពួក​គាត់​មាន​សិទ្ធិ​ដូច​ពលករ​ដទៃ​នៅ​ប្រទេស​ថៃ ដែរ គេ​ក៏​បាន​សន្យា​រៀបចំ​កូនៗ​ហ្នឹង​អោយ​ចូល​រៀន​ត្រឹមត្រូវ​នៅ​សាលា​ដូច​គេ​ដូច​ឯង»

លោក កុយ គួង បញ្ជាក់​ថា មក​ដល់​ពេល​នេះ មណ្ឌល​ច្រក​ចេញ​ចូល​តែ​មួយ ដែល​សហការ​រវាង​អាជ្ញាធរ​កម្ពុជា និង​ថៃ បាន​ផ្ដល់​ភាព​ស្រប​ច្បាប់​ទៅ​អោយ​ពលករ​ចំណាក​ស្រុក ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ នោះ​បាន​ចំនួន​ជាង ៣៧​ម៉ឺន​នាក់ ក្នុង​នោះ​មាន​កុមារ និង​សមាជិក​គ្រួសារ​ដែល​ទៅ​ជាមួយ​មាន​ចំនួន​ជាង ២​ម៉ឺន​នាក់។

ក្នុង​ករណី​នេះ នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​បញ្ជក់​ដែរ​ថា តាម​ច្បាប់​អន្តោប្រវេសន៍​របស់​ថៃ រាល់​ការ​ឆ្លង​ដែន​ចូល​ក្នុង​ប្រទេស​នេះ​ដោយ​ខុស​ច្បាប់ គឺ​ត្រូវ​ផាក​ពិន័យ និង​ជាប់​ពន្ធនាគារ។ អង្គការ​នេះ​ក៏​បាន​អំពាវនាវ​ទៅ​ស្ថាប័ន​អន្តរជាតិ​ពាក់ព័ន្ធ រួម​មាន​អង្គការ​សហប្រជាជាតិ និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន (Asean) អោយ​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​ថៃ ដើម្បី​ធានា​បញ្ចប់​អំពើ​រំលោភ​សិទ្ធិ​កុមារ​ចំណាក​ស្រុក និង​បញ្ចប់​អំពើ​ជួញ​ដូរ​កុមារ​ទៅ​ក្នុង​ប្រទេស​ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។