អង្គការ វ៉ាយថល វ៉យស៍ (Vital Voices) សហការជាមួយមូលនិធិ អូផេន សូសាយអឺធី (Open Society) និងអង្គការស្ត្រីខ្មែរនៅកម្ពុជា គ្រោងរៀបចំសិក្ខាសាលាពីរថ្ងៃចាប់ផ្ដើមពីថ្ងៃទី១៦ និង១៧ ឧសភា នេះ នៅសណ្ឋាគារ ឡឺ រ៉ូយ៉ាល់ (Le Royal) ក្នុងក្រុងភ្នំពេញ។
ក្នុងសិក្ខាសាលានេះ នឹងមានអ្នកចូលរួមជាស្ត្រីប្រមាណជិត ៣០នាក់ ក្នុងនោះរួមមាន មន្ត្រីសង្គមស៊ីវិល សកម្មជនជាស្ត្រីខ្មែរ ព្រមទាំងស្ត្រីដឹកនាំភូមា ចំនួន ៨នាក់ មកពីប្រទេសភូមា។
វាគ្មិនកិត្តិយសនៅក្នុងសិក្ខាសាលាពីរថ្ងៃនេះ គឺអ្នកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាទីប្រឹក្សារបស់អង្គការស្ត្រីខ្មែរ។ អ្នកស្រីមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៥ ឧសភា ថា គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺផ្តល់វគ្គបណ្ដុះបណ្ដាលលើការតស៊ូមតិ ភាពជាអ្នកដឹកនាំ និងការបង្កើតបណ្ដាញថ្នាក់ជាតិ និងអន្តរជាតិ នៃក្រុមដឹកនាំសង្គមស៊ីវិល និងអ្នកដឹកនាំនយោបាយ។
អ្នកស្រី មូរ សុខហួរ៖ «យើងនឹងបង្កើតឲ្យមានកម្មវិធីដែលជាផែនការសកម្មភាពជាក់លាក់នៅក្នុងការជំរុញឲ្យស្ត្រីចូលរួមក្នុងឆាកនយោបាយ ជាពិសេស គឺស្ត្រីវ័យក្មេងដែលមានការសិក្សាខ្ពស់ ដើម្បីឲ្យស្ត្រីវ័យក្មេងនោះជាអ្នកជំរុញចលនាហ្នឹង។ ហើយយើងជាស្ត្រីវ័យចាស់ ដែលបានចូលរួមសង្គម និងនយោបាយច្រើនទៅហើយ ដល់ពេលយើងបន្តវេនហើយ។ អ្វីដែលសំខាន់នោះ គឺជំរុញឲ្យមានការផ្លាស់ប្ដូរ»។
អ្នកស្រី មូរ សុខហួរ ធ្លាប់បានផ្តល់វគ្គបណ្ដុះបណ្ដាលអំពីការតស៊ូមតិ និងការពង្រឹងអង្គការសង្គមស៊ីវិល នៅក្នុងប្រទេសភូមា ដោយមានសហការជាមួយតំណាងរាស្ត្រនៃគណបក្សប្រឆាំងភូមា គឺអ្នកស្រី អង់សាន ស៊ូជី និងអង្គការ វ៉ាយថល វ៉យស៍ កាលពីពេលកន្លងទៅនេះ។ អ្នកស្រីបន្តថា កិច្ចសន្ទនាភាពជាអ្នកដឹកនាំជាមួយសង្គមស៊ីវិលជាស្ត្រីនេះ គឺជាលទ្ធផលនៃផែនការសកម្មភាព ដែលរួមសហការរវាងស្ត្រីនៅប្រទេសកម្ពុជា និងភូមា។
អ្នកចាត់ចែងសិក្ខាសាលា កញ្ញា នាង សុវ៉ាតណា ថ្លែងថា អ្នកចូលរួមទាំងអស់ដែលមានស្ត្រីប្រមាណជិត ៣០នាក់ នឹងចែករំលែកបទពិសោធន៍ និងលើកឡើងពីឧបសគ្គមួយចំនួនរបស់ស្ត្រី ក្នុងការចូលរួមនយោបាយ និងការអភិវឌ្ឍសង្គម៖ «អ្នកចូលរួមមិនច្រើនទេ តាមពិត គឺយើងប្រមូលគ្នាក្នុងគោលបំណងសំខាន់ គឺជជែកសន្ទនាគ្នា។ ហើយកិច្ចសន្ទនានេះ គឺវាតភាគ ពីព្រោះពីមុនមកអ្នកមីង មូរ សុខហួរ និងលោកស្រី អង់សាន ស៊ូជី ធ្លាប់បានជួបគ្នានៅប្រទេសភូមា ហើយគាត់បានជជែកគ្នាពីបញ្ហាស្ត្រីជាច្រើន ម្ល៉ោះហើយពួកគាត់ទាំងពីរនាក់គិតថា កិច្ចសន្ទនារវាងស្ត្រី និងស្ត្រី នៅក្នុងប្រទេសពីរខុសគ្នា ភូមា និងខ្មែរ គឺមានសារសំខាន់ណាស់។ ដោយសារតែខ្ញុំធ្វើការនៅស្ថានីយវិទ្យុ ខ្ញុំនឹងចែករំលែកបទពិសោធន៍ទាក់ទងនឹងការប្រើប្រាស់វិទ្យុ ក្នុងការផ្លាស់ប្ដូរផ្នត់គំនិតរបស់ស្ត្រី»។
កញ្ញា នាង សុវ៉ាតណា បន្តថា នៅក្នុងសិក្ខាសាលាពីរថ្ងៃនេះ ក៏មានវាគ្មិនមួយចំនួនទៀតចែករំលែកបទពិសោធន៍ និងជជែកពិភាក្សាផងដែរ អំពីបញ្ហាសិទ្ធិមនុស្ស បញ្ហានានារបស់ស្ត្រី ព្រមទាំងការរំលោភដីធ្លី ជាដើម។ វាគ្មិនទាំងនោះរួមមាន កញ្ញា ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សកម្មជនដីធ្លីបឹងកក់ អ្នកស្រី ទេព វន្នី និងស្ត្រីភូមា ៨នាក់ទៀត ដែលជាស្ត្រីពាណិជ្ជករ មន្ត្រីសង្គមស៊ីវិល និងជាមន្ត្រីពីក្រសួងស្ថាប័នរបស់រដ្ឋាភិបាលភូមា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
