យុវជន​ស្ម័គ្រ​ចិត្ត​មួយ​ក្រុម​រៀបចំ​កម្មវិធី​ប្រកួត​រូបថត​ទាក់ទង​នឹង​បញ្ហា​របស់​ស្ត្រី

0:00 / 0:00

យុវជន​មួយ​ក្រុម​ដែល​កំពុង​រៀន​នៅ​មហាវិទ្យាល័យ បាន​រួម​គ្នា​ធ្វើ​ការងារ​ដោយ​ស្ម័គ្រ​ចិត្ត​រយៈពេល​ជិត ៤​ឆ្នាំ​ហើយ​លើ​បញ្ហា​ស្ត្រី និង​កុមារ។ ក្រុម​នេះ​មាន​ឈ្មោះ​ថា ក្លឹប​រួបរួម​នៃ​យុវជន​កម្ពុជា ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ជេ.អូ.វ៉ាយ (JOY = Joint of Youth Cambodia)។

ក្នុង​ពេល​នេះ ពួក​គេ​កំពុង​ធ្វើ​ការងារ​ជា​ដៃគូ​ជាមួយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក ដើម្បី​កៀរគរ​សាធារណជន​ឲ្យ​យល់​ដឹង​ពី​បញ្ហា​ស្ត្រី​ក្នុង​ផ្នែក​សំខាន់ៗ​មួយ​ចំនួន រួម​មាន ស្ត្រី និង​ភាព​ជា​អ្នក​ដឹក​នាំ ស្ត្រី​នៅ​ក្នុង​ដំណើរ​ការ​ធ្វើ​សេចក្ដី​សម្រេច និង​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា និង​សារ​គមនាគមន៍ ហៅ​កាត់​ថា អាយ.ស៊ី.ធី (ICT)។ សកម្មភាព​ថ្មី​នេះ​រួម​មាន ការ​ប្រកួត​រូបថត ការ​ជជែក​ដេញ​ដោល និង​ការ​ចែក​រំលែក​បទពិសោធន៍​របស់​ស្ត្រី​ដែល​មាន​បទពិសោធន៍​ការងារ​ពាក់ព័ន្ធ។

នៅ​ពេល​ថ្ងៃ​ត្រង់​នៅ​ក្នុង​បន្ទប់​ភោជនីយដ្ឋាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ យុវជន​មួយ​ក្រុម​មាន​គ្នា ៥​នាក់ មាន​អាយុ​ជាង ២០​ឆ្នាំ កំពុង​ធ្វើ​ការ​រួម​គ្នា។ ពួក​គេ​កំពុង​ផ្ដោត​លើ​សកម្មភាព​ថ្មី ដែល​ពួក​គេ​កំពុង​ទទួល​បន្ទុក​ត្រូវ​ធ្វើ​នៅ​ក្រៅ​ម៉ោង​សិក្សា ដែល​នោះ​ជា​គម្រោង​លើក​កម្ពស់​សិទ្ធិ​ស្ត្រី។

តំណាង​ក្រុម​មួយ​រូប គឺ​យុវជន ព្រីង ឃុន ដែល​មាន​អាយុ ២២​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​ទំនាក់ទំនង​អន្តរជាតិ លើក​ឡើង​ថា ក្រុម​នេះ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១២ ដោយ​ចាប់​ផ្ដើម​ការងារ​ស្ម័គ្រ​ចិត្ត​ទៅ​លើ​បញ្ហា​កុមារ​បោះ​បង់​ចោល​ការ​សិក្សា​នៅ​ក្នុង​ខេត្ត​តាកែវ។ បន្តបន្ទាប់​មក​ទៀត ក៏​បាន​សហការ​ធ្វើ​ការងារ​ផ្នែក​ស្ត្រី និង​កុមារ​ជាមួយ​អង្គការ​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន រួម​ទាំង​មូលនិធិ​អង្គការ​សហប្រជាជាតិ​ដើម្បី​ស្ត្រី ហៅ​ថា យូ.អិន.វ៉ូមែន (UNWOMEN) និង​មូលនិធិ​សហប្រជាជាតិ​ដើម្បី​កុមារ ហៅ​កាត់​ថា យូនីសេហ្វ (UNICEF)។ សម្រាប់​ដើម​ឆ្នាំ​២០១៦ នេះ ពួក​គេ​កំពុង​ជាប់​ដៃ​នឹង​គម្រោង​សហការ​ជាមួយ​គណៈកម្មការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ៖ « រហូត​ មក​ដល់ សព្វថ្ងៃ​នេះ យើង ​កំពុង​តែ​ ធ្វើ​គម្រោង​មួយ ​ទៀត គឺ​ទទួល​បាន ​ថវិកា​ ពី​សីលការ ដោយ​គាំទ្រ​ពី​អង្គការ​អុកស្វាម (Oxfarm) »

យុវជន​មួយ​រូប​ទៀត​ដែល​ជា​សមាជិក​ក្នុង​ក្រុម​នេះ​ដែរ ឈ្មោះ យាង សិដ្ឋសមប្រាថ្នា ឲ្យ​ដឹង​ថា ឈ្មោះ​នៃ​គម្រោង​នេះ គឺ​យុវជន​ដើម្បី​ស្ត្រី​ក្នុង​ភាព​ជា​អ្នក​ដឹក​នាំ៖ « យើង​បាន ​ធ្វើ​ចាប់​ពី​ ពាក់​កណ្ដាល​ ខែ​មករា រហូត​ដល់​ចុង​ខែ​មីនា។ ក្នុង​ហ្នឹង​មាន​កម្មវិធី​យុវជន​ជជែក​ពិភាក្សា ។ កម្មវិធី​ទី​២ គឺ​ កម្មវិធី​ប្រកួត ​ប្រជែង​រូបថត​ដែល​យើង​បាន​ផ្សព្វផ្សាយ​តាម បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ទី​៣ គឺ​កិច្ច​ពិភាក្សា​ជ្រុង​មួយ​នៃ​ស្ត្រី ដែល​ស្ត្រី​គាត់​មក​ចូលរួម​ចែក​រំលែក​ បទពិសោធន៍ »

គម្រោង​របស់​ក្រុម​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ស្រស់ (SROS) របស់​គណៈកម្មការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ នៃ​អង្គការ​សីលការ។ កម្មវិធី​ដែល​មាន​រយៈពេល​ជិត ៣​ខែ ជា​សកម្មភាព​ចុង​ក្រោយ​របស់​គម្រោង​ស្រស់។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ពី​ការ​ប្រកួត​រូបថត​បញ្ជាក់​ថា ការ​ប្រកួត​នេះ​មាន​ប្រធានបទ​ថា ចលនា​ស្ត្រី​នៅ​កម្ពុជា នៅ​សតវត្ស​ទី​២១។ ការ​ប្រកួត​នេះ ជា​ចំណែក​មួយ​ក្នុង​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី​ថ្ងៃ​ទី​៨ ខែ​មីនា ខាង​មុខ។

យុវជន យោក សេងហុង ដែល​មាន​វ័យ ២១​ឆ្នាំ​ជា​និស្សិត​រួម​ជំនាន់​នឹង​យុវជន​ទាំង​ពីរ​ខាង​ដើម​ដែរ​នោះ លើក​ឡើង​ថា គោល​បំណង​នៃ​ការ​ប្រកួត​រូបថត​នេះ គឺ​ចង់​នាំ​យក​បញ្ហា​របស់​ស្ត្រី​ដែល​មិន​សូវ​បាន​យក​ចិត្ត​ទុក​ដាក់​មក​បង្ហាញ​សាធារណជន៖ « រង្វាន់​គឺ​យើង​នឹង​ចែក​ជូន​នាឡិកា​វៃ​ឆ្លាត (Smart Watch) បើ​តាម ​គំនិត​ ពួក​យើង គឺ​ចង់​ឲ្យ​ពួក​គាត់​យល់​ដឹង ​ថា ស្ត្រី ​គួរ​តែ ​បាន​ លើក​កម្ពស់​ពួក​គាត់ គួរ​តែ ​មាន​សិទ្ធិ​ចូលរួម។ គាត់​គួរ ​តែ​ត្រូវ​បាន​អ្នក​ គ្រប់​គ្នា ទទួល​ស្គាល់ ​ថា គាត់​អាច​ធ្វើ​អ្វី​បាន​ដូច​ បុរស​ដែរ។ រង្វាន់​មិន​ច្រើន​ដូច​កម្មវិធី​ផ្សេងៗ ដោយសារ​យើង​ចង់​ឲ្យ​គាត់​ចូលរួម​ដោយ​សុទ្ធ​ចិត្ត ក្នុង​ន័យ​ ឲ្យ​មាន ការ​ផ្លាស់ប្ដូរ មិន​មែន​សំខាន់​លើ​រង្វាន់ »

យុវជន យោក សេងហុង ក៏​បាន​លើក​ឡើង​ពី​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​ត្រូវ​អនុវត្ត​ក្នុង​ការ​ចូលរួម​ការ​ប្រកួត​នេះ៖ « យើង​ មិន​សំខាន់ ​ថា​ គាត់​ប្រើប្រាស់ កាមេរ៉ា​ ប្រភេទ​ណា​ទេ មិន​ថា​ទូរស័ព្ទ​ដៃ​ទេ សំខាន់​ទំហំ​រូបថត​មិន​លើស​ពី ៥​មហ្គា​បៃត៍ (5MB) ឲ្យ​តែ ​មាន​ លក្ខណៈ​ច្នៃ​ប្រឌិត​ ដែល​មិន​មែន​ជា​ ការ​កែច្នៃ​ ក្នុង​កម្មវិធី​ ផ្សេងៗ​ទេ គឺ​ជា​រូបភាព​ ច្នៃ​ប្រឌិត »

ក្រុម​នេះ​បាន​ចាប់​ផ្ដើម​ប្រកាស​ពី​ការ​ចូលរួម​ការ​ប្រកួត​នេះ​តាំង​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ កន្លង​ទៅ ហើយ​គ្រោង​នឹង​ឈប់​ទទួល​រូបថត​ត្រឹម​ថ្ងៃ​ទី​២៩ ខែ​ដដែល​នេះ។

បើ​ទោះ​ជា​មិន​បាន​កំណត់​ថា អ្នក​ថត​រូប​មិន​មែន​ជា​អ្នក​អាជីព ក៏​ការ​ប្រកួត​នេះ អ្នក​ចូលរួម​ត្រូវ​គិត​ពី​បច្ចេកទេស​ក្នុង​ការ​ថត​រូប ពី​ក្រម​សីលធម៌ និង​ត្រូវ​ចេះ​បកស្រាយ​ពី​អត្ថន័យ​នៃ​រូបថត​នោះ​ផង។

ប្រធានបទ​នៃ​ការ​ប្រកួត​ដែល​អ្នក​ចូលរួម​ត្រូវ​យក​ចិត្ត​ទុក​ដាក់ គឺ​បញ្ហា​ស្ត្រី និង​ភាព​ជា​អ្នក​ដឹក​នាំ​ស្ត្រី​នៅ​ក្នុង​ដំណើរ​ការ​ធ្វើ​សេចក្ដី​សម្រេច និង​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​សារ​គមនាគមន៍ ហៅ​កាត់​ថា អាយ.ស៊ី.ធី (ICT)។

អ្នក​សម្រប​សម្រួល​នៃ​គណៈកម្មការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ កញ្ញា សេង រាសី មាន​ប្រសាសន៍​ថា ការ​ចាប់​ដៃគូ​ជាមួយ​ក្រុម​យុវជន​នេះ គឺ​ដោយសារ​ពួក​គាត់​សកម្ម​ក្នុង​ការ​បំពេញ​ការងារ​ផ្នែក​លើក​កម្ពស់​សិទ្ធិ​ស្ត្រី និង​កុមារ៖ « ក្រុម​យុវជន ​ហ្នឹង​គាត់​មាន​ សមាជិក​គាត់​ទាំងអស់​សុទ្ធតែ មាន​ប្រវត្តិ​ធ្វើ​កិច្ច​ការងារ ​ផ្នែក​សិទ្ធិ​ស្ត្រី និង​ភាព​ជា​អ្នក​ដឹក​នាំ ជាពិសេស​ ជាមួយ​អង្គការ​សហប្រជាជាតិ »

ចំពោះ​គម្រោង​ប្រកួត​ថត​រូប កញ្ញា សេង រាសី លើក​ឡើង​ថា គម្រោង​រំពឹង​ថា យុវជន​កាន់​តែ​ច្រើន​បាន​ចូលរួម​ស្វែង​យល់​ពី​តួនាទី​ស្ត្រី​ក្នុង​សង្គម​តាំង​ពី​ពេល​មុន​មក​ដល់​បច្ចុប្បន្ន៖ « រូបភាព​ដែល​ ចេញ​មក ​ហ្នឹង ចង់​ឲ្យ​ឃើញ​ថា ស្ត្រី​ពី​មុន​មក​ដល់​ឥឡូវ​ហ្នឹង គាត់​ដើរ​ដល់​ណា​ហើយ ។ អ្វី​ ដែល​យើង​មើល​ឃើញ ​ពី​មុន គ្រាន់​តែ​ជា​រឿង​ពី​មុន។ ឥឡូវ​ជា​រឿង​មួយ​ថ្មី ថា​តើ​យើង​ធ្វើ​យ៉ាង​ណា​ដែល​អាច​ដើរ​ទៅ​មុខ​ទៀត​បាន »

កញ្ញា សេង រាសី សង្ឃឹម​ដែរ​ថា នឹង​មាន​អ្នក​ចូលរួម​ច្រើន​ក្នុង​ការ​ប្រកួត​រូបថត​នេះ៖ « ប្រសិន​បើ​គាត់​អាច​ផ្ដល់​រូប​ថត​ដែល​ពេញ​លេញ មាន​អត្ថន័យ​សមស្រប។ គាត់​ពិត​ជា​បាន​ជំរុញ​លើក​ទឹក​ចិត្ត​យុវជន ជាពិសេស​យុវតី​កាន់​តែ​ច្រើន​បាន​ចូលរួម​កិច្ចការ​សង្គម ក៏ដូចជា​ដើរ​តួនាទី​ស្មើ​ភាព​គ្នា​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ក្នុង​ប្រទេស​យើង​ដែរ »

កម្មវិធី​ផ្គូផ្គង​ជ្រើស​រើស​អ្នក​ដែល​ទទួល​ជ័យ​លាភី នឹង​ធ្វើ​នៅ​ចំពោះ​មុខ​គណៈកម្មការ នៅ​ថ្ងៃ​ទី​២ ខែ​មីនា។

នៅ​ចុង​ក្រោយ​នៃ​គម្រោង​នេះ គឺ​ការ​វាយ​តម្លៃ និង​ការ​ចែក​រំលែក​បទពិសោធន៍​របស់​ស្ត្រី​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។