អ.ស.ប ជំរុញ​រដ្ឋាភិបាល​ក្នុង​ពិភពលោក​គាំទ្រ​ជន​រងគ្រោះ​នៃ​អំពើ​ទារុណកម្ម

ក្រុម​ជំនាញ​នៃ​អង្គការ​សហប្រជាជាតិ (អ.ស.ប) ជំរុញ​រដ្ឋាភិបាល​ទាំងអស់​ក្នុង​ពិភពលោក ត្រូវ​ធ្វើ​ការ​បន្ថែម​ទៀត​ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ជួយ​គាំទ្រ​ដល់​ជន​រងគ្រោះ​នៃ​អំពើ​ទារុណកម្ម និង​ក្រុម​គ្រួសារ​របស់​គេ។ សេចក្តី​អំពាវនាវ​នេះ បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​ប្រារព្ធ ទិវា​អន្តរជាតិ​គាំទ្រ​ជន​រងគ្រោះ​នៃ​ការ​ធ្វើ​ទារុណកម្ម​ថ្ងៃ​២៦ មិថុនា។

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សហប្រជាជាតិ ផ្នែក​សិទ្ធិ​មនុស្ស កាល​ពី​ថ្ងៃអង្គារ បាន​ឲ្យ​ដឹង​ថា បុគ្គលិក​ស្ម័គ្រចិត្ត​របស់​អង្គការ​សហប្រជាជាតិ បាន​ផ្តល់​កិច្ច​គាំពារ និង​ជួយ​ដល់​ជន​រងគ្រោះ​នៃ​អំពើ​ទារុណកម្ម​ចំនួន​ប្រមាណ ៧​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ។

លោក ក្លូឌីយ៉ូ ហ្គ្រូសមែន (Claudio Grossman) ប្រធាន​គណៈកម្មាធិការ​ប្រឆាំង​អំពើ​ទារុណកម្ម​របស់​អង្គការ​សហប្រជាជាតិ បាន​អះអាង​ថា រដ្ឋាភិបាល​ប្រទេស​ជាច្រើន​នៅ​តែ​បន្ត​អនុវត្ត​អំពើ​ទារុណកម្ម​ដល់​ពលរដ្ឋ និង​បញ្ហា​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ជន​រងគ្រោះ ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​គេ។ ជា​ទូទៅ ជន​រងគ្រោះ​ទាំង​នោះ​ជួប​ការ​លំបាក​ទាំង​ផ្លូវ​កាយ ផ្លូវ​ចិត្ត និង​ពុំ​ទទួល​បាន​យុត្តិធម៌​ឡើយ។ មិន​តែ​ប៉ុណ្ណោះ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​នោះ​មិន​បាន​ផ្តល់​សេវា និង​ធានា​ឲ្យ​ជន​រងគ្រោះ និង​ក្រុម​គ្រួសារ​របស់​គេ​អាច​កសាង​ជីវិត និង​ចូល​ទៅ​រស់នៅ​ក្នុង​សង្គម​របស់​ពួក​គេ​ឡើង​វិញ​បាន​ឡើយ។

ក្រុម​អ្នក​ជំនាញ​បន្ត​ថា គន្លឹះ​សំខាន់​របស់​រដ្ឋាភិបាល​ប្រទេស​នីមួយៗ​ដែល​ត្រូវ​អនុវត្ត ដើម្បី​ការពារ និង​ទប់ស្កាត់​អំពើ​ទារុណកម្ម គឺ​លុប​បំបាត់​អំពើ​និទ្ទណ្ឌភាព ឬ​ភាព​មិន​ដាក់​ទោស និង​ពង្រឹង​ប្រព័ន្ធ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។