អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លើកឡើងថា មណ្ឌលសង្គមកិច្ចរាជធានីភ្នំពេញ ឬហៅថាមណ្ឌលអប់រំវិជ្ជាជីវៈព្រៃស្ពឺ នាពេលនេះមានស្ថានភាពអាក្រក់ជាងមុន។ អ្នកស្រី រ៉ូណា ស្មីត ទាមទារឲ្យក្រសួងសង្គមកិច្ច ខិតខំដោះស្រាយ និងកែលំអស្ថានភាពនោះឡើងវិញ។ រីឯរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នៅតែថ្លែងការពារថា ស្ថានភាពមណ្ឌលព្រៃស្ពឺ ល្អប្រសើរជាងមុន ប៉ុន្តែលោកមិនបដិសេធក្នុងការទទួលយកអនុសាសន៍ឡើយ។
បញ្ហាមិនប្រក្រតីនៅក្នុងមណ្ឌលព្រៃស្ពឺ បានក្លាយជាប្រធានបទដ៏សំខាន់មួយនៅក្នុងជំនួបពិភាក្សារវាងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) និងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី១៦ ខែសីហា នាទីស្ដីការក្រសួង។
អ្នកស្រី រ៉ូណា ស្មីត មានប្រសាសន៍ក្នុងជំនួបនោះថា បន្ទាប់ពីទស្សនកិច្ចនៅមណ្ឌលព្រៃស្ពឺ កាលពីថ្ងៃទី១៥ ខែសីហា នោះ អ្នកស្រីមើលឃើញថា ស្ថានភាពមណ្ឌលព្រៃស្ពឺនាពេលនេះមានស្ថានភាពអាក្រក់ជាងលើកមុន ដោយសារតែមានចំនួនមនុស្សរស់នៅច្រើនតាន់តាប់ រហូតដល់ទៅ ៥២៤នាក់។ ក្រៅពីនេះ អ្នកស្រីថាអ្នករស់នៅក្នុងមណ្ឌលព្រៃស្ពឺ នៅមានចន្លោះប្រហោងក្នុងការទទួលបានសេវាថែទាំ និងនៅពុំទាន់មានការដោះស្រាយបញ្ហាជូនពួកគាត់នៅឡើយទេ៖ « យើងឃើញថានៅមានបញ្ហាប្រឈមជាច្រើនចំពោះកុមារ និងជនទីទាល់ក្រ ហាក់ដូចជាពុំទាន់មានដំណោះស្រាយឲ្យសមរម្យនៅឡើយ។ ដូចយើងបានលើកបញ្ហាអំពីអ្នកដើរសុំទានតាមចិញ្ចើមថ្នល់អ៊ីចឹង ដោយកង្វល់គឺថា ការដែលប្រមែប្រមូលអ្នកដែលសុំទានទាំងឡាយយកទៅដាក់នៅក្នុងមណ្ឌលមួយ ដើម្បីចាក់សោទុកមួយកន្លែង ហាក់ដូចជាការដោះស្រាយបញ្ហានេះមិនទាន់បានសមរម្យនៅឡើយទេ។ ការដោះលែងកុមារ គឺរឿងគួរឲ្យអបអរសាទរ ហើយសុំឲ្យដោះលែងស្ត្រីមានផ្ទៃពោះ និងជនឯកោ ហើយសុំឲ្យគិតគូរដល់ពួកគាត់ និងជួយដល់ការទ្រទ្រង់ផ្សេងៗ » ។
មណ្ឌលសង្គមកិច្ចរាជធានីភ្នំពេញ ឬហៅថាមណ្ឌលអប់រំវិជ្ជាជីវៈព្រៃស្ពឺ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ គឺជាកន្លែងដែលអាជ្ញាធរបានចាប់មនុស្សចាស់ និងកុមារនៅតាមចិញ្ចើមផ្លូវ អ្នកគ្មានទីជម្រក អ្នកប្រើប្រាស់គ្រឿងញៀន ស្ត្រីរកស៊ីផ្លូវភេទ និងជនវិកលចរិត ជាដើម យកទៅអប់រំកែប្រែ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ កន្លងទៅ អាជ្ញាធរក៏បានយកពលរដ្ឋបុរីកីឡាដែលតវ៉ាក្នុងពេលអាជ្ញាធរឈូសឆាយផ្ទះសម្បែង យកទៅដាក់នៅទីនោះបណ្ដោះអាសន្នដែរ។ នៅរាល់ពេលមានពិធីបុណ្យជាតិ និងកិច្ចប្រជុំធំៗ អាជ្ញាធរតែងតែប្រមូលជនអនាថា ឬអ្នកសុំទាន ឲ្យទៅរស់នៅទីនោះមួយរយៈពេល។

ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង សូត ថ្លែងការពារថា មណ្ឌលព្រៃស្ពឺនៅពេលនេះ គឺមានស្ថានភាពល្អជាងមុន បើទោះបីជាការគ្រប់គ្រងមនុស្សនៅមណ្ឌលព្រៃស្ពឺ គឺនៅមានចំណុចខ្វះចន្លោះក្តី។
លោក វង សូត អះអាងថា ក្រសួងនឹងព្យាយាមកែលំអមណ្ឌលព្រៃស្ពឺឲ្យកាន់តែល្អប្រសើរថែមទៀត។ បច្ចុប្បន្ន ក្រសួងកំពុងកសាងមណ្ឌលពិនិត្យ ព្យាបាល ថែទាំ ជាពិសេសសម្រាប់ជនវិកលចរិត ស្ថិតនៅឃុំកំពង់កន្ទួត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ដែលអាចនឹងរួចរាល់នៅចុងឆ្នាំ២០១៧ ឬដើមឆ្នាំ២០១៨ ហើយក្រសួងនឹងផ្ទេរអ្នករស់នៅក្នុងមណ្ឌលព្រៃស្ពឺប្រមាណ ១០០ ទៅ ២០០នាក់ទៅកាន់មណ្ឌលថ្មីនោះ។
ចំពោះការឃុំខ្លួនជនអនាថាមិនឲ្យចេញក្រៅនោះ ត្រូវបានលោករដ្ឋមន្ត្រីដែលល្បីមួយប្រាវរឿងព្រមានវាយក្បាលអ្នកតវ៉ានឹងគល់ឫស្សីរូបនេះ ពន្យល់ដែរថា ដោយសារខ្លាចជនអនាថាទាំងនោះដើរចេញពេញវាលអនាធិបតេយ្យ និងដើរសុំទានគេជាដើម ព្រោះពួកគេមួយចំនួនមិនកែទម្លាប់ ហើយនឹងមិនទទួលយកសេវាថែទាំរបស់មណ្ឌល ជាដើម៖ « ដូចលោកស្រីប្រាប់មិញថា ពេលចូលទៅហើយ អ្នកខ្លះគ្នាចង់ចេញ អត់បានចេញ ដូច្នេះនេះគឺទាក់ទិននឹងការគ្រប់គ្រង។ ម្ខាងរវាងសិទ្ធិរបស់បងប្អូនដែលជាគោលដៅ និងម្ខាងទៀតរវាងសិទ្ធិដែលស្របទៅតាមផ្លូវច្បាប់អំពីការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ នោះគឺក៏ជាផ្នែកមួយដែរ ប៉ុន្តែនិយាយដូច្នេះមិនមែនខ្ញុំបកស្រាយយករួចខ្លួនទេ មានន័យថា អ្វីដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងជំនាញដែលមានការពាក់ព័ន្ធ យើងខិតខំធ្វើការនេះឲ្យបានកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់ » ។
ផ្ទុយទៅវិញ អ្នកស្រី រ៉ូណា ស្មីត យល់ឃើញថា មូលហេតុដែលជនអនាថាទាមទារចេញពីមណ្ឌលព្រៃស្ពឺ ឬពួកគេចង់វិលទៅដើរសុំទានគេនោះ ក៏ព្រោះតែពួកគេត្រូវការបំពេញន័យជីវិត ឬចិញ្ចឹមជីវិត និងម្យ៉ាងទៀត ការផ្តល់សេវាថែទាំនៅក្នុងមណ្ឌលនៅមិនទាន់គ្រប់គ្រាន់សម្រាប់ពួកគេ ជាដើម៖ « យើងខ្ញុំយល់ឃើញថា ប្រសិនបើជាមណ្ឌលសំចតមែន ត្រូវតែមានផ្តល់លក្ខខណ្ឌទាំងឡាយ ដូចជាមានការផ្តល់ទឹកស្អាត ការផ្តល់ម្ហូប និងអនាម័យ ព្រមទាំងការផ្តល់នូវសុខាភិបាលអីផ្សេងៗ » ។
កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមានឲ្យបិទមណ្ឌលព្រៃស្ពឺនេះចោលម្តងដែរ ប្រសិនជាក្រសួងសង្គមកិច្ច និងអាជ្ញាធររាជធានីភ្នំពេញ ខ្វះសមត្ថភាពគ្រប់គ្រងកែលំអមណ្ឌលមួយនេះ ហើយតែងបន្សល់ឲ្យមានបញ្ហារ៉ាំរ៉ៃ និងតែងរងការរិះគន់ពីមជ្ឈដ្ឋាននានាកាលពីពេលកន្លងទៅ។
កន្លងទៅ អង្គការជាតិ និងអន្តរជាតិ ត្អូញត្អែរថា ការប្រមូលផ្ដុំមនុស្សក្នុងមជ្ឈមណ្ឌលនេះ ក្នុងហេតុផលអប់រំផ្ដល់ឱកាសរៀនសូត្រជំនាញដើម្បីកែប្រែស្ថានភាពជីវិតរស់នៅប្រសើរឡើងវិញ ប៉ុន្តែភាពពិតជាក់ស្ដែង គឺផ្ទុយពីគោលការណ៍ដើម។ ពួកគេមើលឃើញថា មណ្ឌលមួយនេះមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ មានការឃុំឃាំងមនុស្សខុសច្បាប់ដោយធ្វើទារុណកម្ម ការប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជាការសេពសន្ថវៈ ការទុកមនុស្សមានជំងឺឲ្យស្លាប់ដោយមិនបញ្ជូនទៅមន្ទីរពេទ្យ ហើយពួកគេម្នាក់ៗមានសភាពមិនខុសពីអ្នកទោសនៅក្នុងពន្ធនាគារប៉ុន្មានឡើយ។
អ្នកស្រី រ៉ូណា ស្មីត ក៏បានស្នើឲ្យលោក វង សូត ជំរុញឲ្យក្រសួងពាក់ព័ន្ធនានាចូលរួមធ្វើការងារឡើងវិញ និងអនុវត្តតាមអនុសាសន៍ ឬគោលការណ៍ណែនាំទាំងឡាយរបស់អង្គការសហប្រជាជាតិ ដែលមានកន្លងទៅ។ អ្នកស្រីក៏សន្យាថា នឹងចុះទៅពិនិត្យមើលការវិវឌ្ឍន៍នៃស្ថានភាពមណ្ឌលសំចត និងមណ្ឌលស្ដារនីតិសម្បទានានាម្តងទៀតក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លើកក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
