មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​អ្នក​រាយការណ៍​សិទ្ធិ​មនុស្ស​អ.ស.ប​ជំរុញ​រដ្ឋាភិបាល​បញ្ឈប់​បង្ក​ការ​លំបាក

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង ស្នើ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជំរុញ​ទៅ​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​បង្ក​ការ​លំបាក​ដល់​បក្ស​ប្រឆាំង។ ការ​ស្នើ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង និង​អង្កេត នៃ​ព្រឹទ្ធសភា លោក គង់ គាំ ជាមួយ អ្នកស្រី រ៉ូណា ស្មីត នៅ​ព្រឹក​ថ្ងៃ​ទី​២៤ មីនា។

ក្រោយ​ពី​បាន​ជួប​ប្រជុំ​ជាមួយ​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស និង​ទទួល​ពាក្យ​បណ្ដឹង នៃ​រដ្ឋសភា មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង កាល​ពី​ថ្ងៃ​ទី​២៣ មីនា នៅ​ថ្ងៃ​ទី​២៤ មីនា អ្នកស្រី រ៉ូណា ស្មីត បាន​ជួប​ប្រជុំ​ជាមួយ លោក គង់ គាំ ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស និង​ទទួល​ពាក្យ​បណ្ដឹង នៃ​ព្រឹទ្ធសភា ដែល​មក​ពី​គណបក្ស​ប្រឆាំង​ដូច​គ្នា។

លោក គង់ គាំ ឲ្យ​ដឹង​ថា ក្នុង​ជំនួប​ជាមួយ អ្នកស្រី រ៉ូណា ស្មីត លោក​បាន​លើក​ឡើង​ពី​ការ​រឹតត្បិត​របស់​រដ្ឋាភិបាល​ទៅ​លើ​ការ​សម្ដែង​មតិ​របស់​តំណាង​រាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា មក​ពី​បក្ស​ប្រឆាំង ក្នុង​នោះ​ក៏​មាន​ករណី​របស់​សមាជិក​ព្រឹទ្ធសភា មក​ពី​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ដែល​ត្រូវ​បាន​សមាជិក​ព្រឹទ្ធសភា មក​ពី​បក្ស​កាន់​អំណាច​បោះឆ្នោត​ដក​អភ័យ​ឯកសិទ្ធិ​សភា ហើយ​ពេល​នេះ​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ដោយសារ​ការ​សម្ដែង​មតិ​របស់​ខ្លួន។

លោក គង់ គាំ ប្រាប់ អ្នកស្រី រ៉ូណា ស្មីត បន្ថែម​ថា ក្នុង​ករណី​ចាប់​ខ្លួន លោក ហុង សុខហួរ នេះ គឺ​ដោយសារ​ស្ថាប័ន​តុលាការ និង​ស្ថាប័ន​ព្រឹទ្ធសភា បាន​ទទួល​សម្ពាធ​ពី​រដ្ឋាភិបាល៖ « យើង​បាន​ លើក​ឧទាហរណ៍ ​ជាក់ស្តែង​ពី​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ នីតិវិធី​ដែល​ធ្វើ​ចំពោះ លោក ហុង សុខហួរ គឺ​មិន​រក្សា​នូវ​នីតិវិធី​នីតិប្បញ្ញត្តិ​ឯករាជ្យ​ពី​នីតិប្រតិបត្តិ​នោះ​ទេ ហាក់​ទទួល​ឥទ្ធិពល និង​សម្ពាធ ​យ៉ាង​រហ័ស មិន​ ទុក​ពេល ​ឲ្យ​ ឆ្លើយ​តប មិន​ ទុក​ពេល ​ឲ្យ​ កែ​តម្រូវ មិន​ទុក​ពេល​ឲ្យ​បង្កើត​គណៈកម្មការ​ស្វែងរក​ការ​ពិត​ជុំវិញ​ការ​ចោទ​ប្រកាន់​ លើ លោក ហុង សុខហួរ »

ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ការិយាល័យ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ឲ្យ​ដឹង​ថា ក្នុង​ជំនួប​ជាមួយ លោក គង់ គាំ អ្នកស្រី រ៉ូណា ស្មីត ពិភាក្សា​អំពី​សេរី​សម្ដែង​មតិ សេរីភាព​ជួប​ប្រជុំ និង​បាតុកម្ម​ដោយ​សន្តិវិធី សិទ្ធិ​ជនជាតិ​ដើម និង​ឯករាជ​ភាព​របស់​តុលាការ ជាដើម។

មុន​នឹង​ជួប​ប្រជុំ​ជាមួយ លោក គង់ គាំ អ្នកស្រី រ៉ូណា ស្មីត ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ។ ក្នុង​ជំនួប​នោះ ភាគី​ទាំង​ពីរ​បាន​ជជែក​ពី​នីតិវិធី​ដក​អភ័យ​ឯកសិទ្ធិ​សមាជិក​សភា ពី​វិធានការ​របស់​ព្រឹទ្ធសភា ក្នុង​ការ​ពិនិត្យ​ឡើង​វិញ​នូវ​ច្បាប់​នានា ដើម្បី​ឲ្យ​ស្រប​តាម​ការ​គោរព​សិទ្ធិ​មនុស្ស ពី​សេរីភាព​សម្ដែង​មតិ ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី និង​ពី​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ។

អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង មាន​ប្រសាសន៍​ថា ក្នុង​ជំនួប​ជាមួយ អ្នកស្រី រ៉ូណា ស្មីត ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ បាន​ពន្យល់​អ្នកស្រី​ពី​ផ្លូវ​ច្បាប់​ទាក់ទង​នឹង​សំណុំ​រឿង​របស់ លោក ហុង សុខហួរ ព្រម​ទាំង​ពី​នីតិវិធី​នៃ​ការ​ដក​អភ័យ​ឯកសិទ្ធិ​សភា​របស់​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​រូប​នេះ ដែល លោក សាយ ឈុំ អះអាង​ថា បាន​ធ្វើ​ឡើង​ដោយ​ស្រប​តាម​ផ្លូវ​ច្បាប់៖ « គាត់​ចង់​ដឹង​តែ​ផ្លូវ​ច្បាប់​ទេ សម្ដេច​បាន​ជម្រាប​ហើយ​ថា​វា​ ផុត​ដៃ ​ព្រឹទ្ធសភា​ ទៅ​ហើយ គឺ​ នៅ​លើ ​សមត្ថកិច្ច​ របស់​តុលាការ និង​ ក្រសួង​មហាផ្ទៃ។ អ៊ីចឹង​ស្ថាប័ន​ទាំង​ពីរ គឺ​ជា​អ្នក​អនុវត្ត បើ​គាត់​ ចង់​ដឹង ​ហេតុផល​ អ្វី​ផ្សេង​ទៀត គឺ​ទៅ​ក្រសួង​ទៅ ប៉ុន្តែ​គាត់​អត់​និយាយ​ថា​ពិចារណា​ឡើង​វិញ​អ្វី​ឡើយ គឺ​គាត់​និយាយ​តែ​ពី​ផ្លូវ​ច្បាប់​ប៉ុណ្ណោះ​ទេ »

ក្រៅ​ពី​ជួប លោក សាយ ឈុំ និង​លោក គង់ គាំ នៅ​ថ្ងៃ​ទី​២៤ មីនា ដដែល អ្នកស្រី រ៉ូណា ស្មីត ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន និង​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក អ៊ឹម ឈុនលឹម ផង​ដែរ។

ដោយឡែក​នៅ​ថ្ងៃ​ទី​២៥ មីនា អ្នកស្រី រ៉ូណា ស្មីត នឹង​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល លោក ម៉ក់ សម្បត្តិ និង​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក ជា សុផារ៉ា។

មន្ត្រី​ទំនាក់ទំនង​នៃ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា នៅ​លើក​នេះ អ្នកស្រី រ៉ូណា ស្មីត នឹង​មិន​ជួប​ពិភាក្សា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។