សង្គម​ស៊ីវិល​សុំ​ឲ្យ​អ.ស.ប​ស៊ើប​អង្កេត​​ករណី​ចាប់​​​​ព្រះសង្ឃ​ខ្មែរ​ក្រោម​៥​អង្គ

អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​អ្នក​រាយការណ៍​ពិសេស​​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ (អ.ស.ប) លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​កម្ពុជា សុំ​ឲ្យ​ស៊ើប​អង្កេត​ករណី​អាជ្ញាធរ​ចាប់​ព្រះសង្ឃ​ខ្មែរ​ក្រោម ៥​អង្គ ពេល​ចូល​រួម​បាតុកម្ម​​ជាមួយ​កម្មករ​កាលពី​ថ្ងៃ​ទី​២ មករា កន្លង​ទៅ​នេះ។

លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​នាយក​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគតិច លោក អាង ចន្ទរិទ្ធ សរសេរ​ថា រដ្ឋាភិបាល​កម្ពុជា និង​គិញ​វៀតណាម មាន​គោល​ដៅ​ចាប់​ព្រះសង្ឃ​ខ្មែរ​ក្រោម​ទាំង​នោះ​ដោយ​ចេតនា​នយោបាយ ព្រោះ​ថា នៅ​ពេល​នោះ​មាន​ព្រះសង្ឃ​ខ្មែរ​ច្រើន​អង្គ​ទៀត ដែល​ចូល​រួម​ធ្វើ​បាតុកម្ម​មិន​ត្រូវ​បាន​ចាប់​ខ្លួន​ទេ៖ «យើង​សុំ​ទាញ​អារម្មណ៍​លោក​ថា ការ​ចាប់​ព្រះសង្ឃ​ខ្មែរ​ក្រោម ៥​អង្គ​កាល​ពី​ថ្ងៃ​ទី​២ មករា ឆ្នាំ​២០១៤ ជាក់ស្ដែង​ពួកគេ (ព្រះសង្ឃ​ទាំង​៥​អង្គ) ត្រូវ​បាន​គេ​​កំណត់​មុខ​សញ្ញា​ស្រេច​ហើយ ក្នុង​ចំណោម​ព្រះសង្ឃ​ដទៃ​ទៀត នៅ​កន្លែង​បាតុកម្ម​នោះ»

ស្រប​ពេល​នេះ​ដែរ អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគតិច ក៏​បាន​​ផ្ញើ​របាយការណ៍​អំពី​ការ​រំលោភ​សិទ្ធិ​ព្រះសង្ឃ​ខ្មែរ​ក្រោម ដោយ​កង​ទាហាន​ឆត្រ​យោង​លេខ ៩១១ ដោយ​ចោទ​ថា កង​ទាហាន​ឆត្រ​យោង​បាន​វាយ​ដំ​​យ៉ាង​ឃោរឃៅ មុន​នឹង​ចាប់​ព្រះសង្ឃ​កម្ពុជា​ក្រោម ៥​អង្គ​ចង​ស្លាបសេក បញ្ជូន​ចូល​ក្នុង​បន្ទាយ​កាល​ពី​ថ្ងៃ​ទី​២។ របាយការណ៍​អំពី​ការ​រំលោភ​ព្រះសង្ឃ​ខ្មែរ​ក្រោម​​នោះ​សរសេរ​ថា ​អំឡុង​ពេល​ឃុំ​ខ្លួន​​នៅ​ក្នុង​បន្ទាយ​ទាហាន ព្រះសង្ឃ​ទាំង ៥​អង្គ​ត្រូវ​បាន​កង​ទាហាន​វាយ​​ធ្វើ​ទារុណកម្ម ដូចជា​វាយ​ព្រះ​កែស និង​ព្រះ​កាយ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ។

របាយការណ៍​ដដែល​រៀបរាប់​អំពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សិទ្ធិ​សេរីភាព​របស់​ព្រះសង្ឃ​កម្ពុជា​ក្រោម ដែល​ភៀស​ព្រះ​កាយ​ពី​ស្រុក​កំណើត មក​​ជ្រកកោន​នៅ​កម្ពុជា សព្វថ្ងៃ​ថា កំពុង​រង​ការ​ធ្វើ​បាប គាប​សង្កត់​សិទ្ធិ​សេរីភាព​ពី​សំណាក់​​​រដ្ឋាភិបាល​កម្ពុជា ​និង​គិញ​វៀតណាម​ ហើយ​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា និង​គិញ​វៀតណាម បាន​តាម​ដាន​សកម្មភាព​រស់​នៅ​​ប្រចាំ​ថ្ងៃ​យ៉ាង​ដិតដល់ ដូច​ជា​បាន​លួច​​ថត​រូបភាព ​ឬ​ជា​ខ្សែ​វីដេអូ ទុក​ជា​ឯកសារ​ធ្វើ​ជា​ភស្តុតាង​​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។