ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី១៦ ខែមករា នៅការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី បានថ្លែងថា លោកបានលើកបញ្ហានេះនៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ កាលពីពេលថ្មីៗនេះ។
លោក ស៊ូប៊ែឌី បានថ្លែងបន្តទៀតថា លោកភ័យព្រួយចំពោះការប្រើពាក្យប្រឆាំងនឹងជនជាតិវៀតណាម នៅតាមទីសាធារណៈដោយក្រុមអ្នកប្រឆាំង។ លោកថា ការផ្សព្វផ្សាយគំនិតរើសអើងជាតិសាសន៍ ឬការញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ ប្រឆាំងទៅនឹងក្រុមមនុស្សណាមួយដែលមានពណ៌សម្បុរ ឬដើមកំណើតផ្សេងទៀត គឺជាសកម្មភាពផ្ទុយនឹងសង្គមប្រជាធិបតេយ្យ។ តែទោះជាយ៉ាងណាក៏ដោយ លោក ស៊ូប៊ែឌី មិនបានចោទប្រកាន់គណបក្សប្រឆាំង ថាជាអ្នកញុះញង់ឲ្យមានការរើសអើងជាតិសាសន៍នោះទេ។
លោក សុរិយា ស៊ូប៊ែឌី៖ «ការព្រួយបារម្ភដែលលើកឡើងដោយរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលផ្សេងទៀត ពីពាក្យប្រឆាំងនឹងជនជាតិវៀតណាម ដែលចោទប្រកាន់ថា ប្រើប្រាស់ដោយថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយចំនួននោះ នៅពេលដែលខ្ញុំបានជួបនឹងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ខ្ញុំពិតជាបានបញ្ជូនសារនេះដល់ពួកគេ។ ខ្ញុំក៏បានបញ្ជាក់យ៉ាងច្បាស់ថា ភាពអនុគ្រោះ និងការចុះសម្រុងជាតិសាសន៍ គឺជាកត្តាសំខាន់មួយសម្រាប់អនាគតប្រជាធិបតេយ្យនៅកម្ពុជា»។
កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានផ្ញើលិខិតចំហមួយជូនថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ សម្ដែងក្តីបារម្ភអំពីការប្រើប្រាស់ពាក្យពេចន៍រើសអើងជាតិសាសន៍ ប្រឆាំងជនជាតិវៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ លិខិតនោះ ធ្វើឡើងបន្ទាប់ពីប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានហៅជនជាតិវៀតណាម ថា “យួន” ក្នុងកំឡុងពេលថ្លែងទៅកាន់អ្នកគាំទ្ររបស់លោកក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១០ ធ្នូ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានមានប្រសាសន៍នៅថ្ងៃទី១៦ មករា ថា គណបក្សសង្គ្រោះជាតិ មិនមានការរើសអើងជាតិសាសន៍ណាមួយនោះទេ តែលោកថា គណបក្សសង្គ្រោះជាតិ គ្រាន់តែចង់ឲ្យប្រទេសកម្ពុជា អនុវត្តច្បាប់សញ្ជាតិ និងច្បាប់អន្តោប្រវេសន៍ឲ្យមានប្រសិទ្ធភាពប៉ុណ្ណោះ។ លោកថា គណបក្សសង្គ្រោះជាតិ ថ្កោលទោសចំពោះអំពើឃោរឃៅផ្សេងៗ បើទោះជាធ្វើលើជាតិសាសន៍ណាក៏ដោយ។ លោក យឹម សុវណ្ណ ថា ពាក្យថា “យួន” គឺត្រូវបានគេប្រើតាំងពីដើមមកម្ល៉េះ។
លោក យឹម សុវណ្ណ៖ «ពាក្យហ្នឹងដែលគេប្រើតាំងតែពីដើមមក យួន សៀម ថៃ អីហ្នឹង អាហ្នឹងជាពាក្យដែលគេប្រើធម្មតា ក៏ប៉ុន្តែចេះតែយកលេសមួលបង្កាច់ក្នុងន័យដើម្បីឲ្យប៉ះពាល់រូបភាពគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ តាំងតែពីសម័យដើមមក គេតែងតែប្រើពាក្យហ្នឹងទៅហើយ ដល់មកទើបសម័យនេះយកពាក្យនេះថាញុះញង់»។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ស្ថាប័នរបស់ខ្លួនធ្វើការដើម្បីលើកកម្ពស់ និងការពារសិទ្ធិរបស់មនុស្សគ្រប់រូប មិនមែនការពារត្រឹមតែសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ហើយថាការទម្លាក់កំហុសលើជនជាតិវៀតណាម និងការស្តីបន្ទោសពួកគេចំពោះបញ្ហាដែលប្រជាពលរដ្ឋកម្ពុជា ប្រឈមទាំងផ្នែកសង្គម និងសេដ្ឋកិច្ច មិនត្រឹមតែទាញចំណាប់អារម្មណ៍ចេញឆ្ងាយពីកិច្ចសន្ទនា ដើម្បីស្ថាបនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពរបស់ពលរដ្ឋវៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
