អង្គការសហប្រជាជាតិ នៅថ្ងៃទី២១ ខែមីនា អំពាវនាវឲ្យរដ្ឋជាភាគីទាំងអស់នៃអនុសញ្ញា ស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ លើកកម្ពស់ការយល់ដឹងដល់ពលរដ្ឋរបស់ពួកគេអំពីអនុសញ្ញានេះ។
ការអំពាវនាវរបស់អង្គការសហប្រជាជាតិ ធ្វើឡើងនៅចំគម្រប់ខួប ៥០ឆ្នាំ ដែលពិភពលោកប្រារព្ធទិវាអន្តរជាតិស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍។ ប្រធានបទសម្រាប់ឆ្នាំនេះ គឺផ្ដោតទៅលើការរៀនសូត្រពីប្រវត្តិនៃសោកនាដកម្មក្នុងអតីតកាល ដើម្បីប្រយុទ្ធប្រឆាំងនឹងការរើសអើងពូជសាសន៍ក្នុងពេលបច្ចុប្បន្ន។
អនុសញ្ញាអន្តរជាតិស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ ត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ និងបើកឲ្យចុះហត្ថលេខាផ្តល់សច្ចាប័ន នៅឆ្នាំ១៩៦៥។ ដោយឡែកកម្ពុជា បានក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះនៅឆ្នាំ១៩៨៣។
អនុសញ្ញាអន្តរជាតិស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ ចែងថា រដ្ឋភាគីគួរចាត់វិធានការនានា ដើម្បីលុបបំបាត់រាល់ការរើសអើងពូជសាសន៍ និងថា សិទ្ធិមនុស្សទាំងអស់គួរត្រូវបានធានាការពារនៅក្នុងប្រទេសនីមួយៗ ដោយគ្មានការបែងចែក ដោយសារតែពូជសាសន៍នោះទេ។ អនុសញ្ញាក៏ចែងដែរថា ជនរងគ្រោះនៃការរើសអើងពូជសាសន៍ គួរតែមានដំណោះស្រាយដ៏មានប្រសិទ្ធភាពមួយ ទោះតាមរយៈតុលាការ ឬតាមស្ថាប័ន ឬយន្តការដទៃទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
