អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស (អ.ស.ប) ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ (Geneva)បានអំពាវនាវឲ្យរដ្ឋាភិបាលដោះលែងអ្នកការពារសិទ្ធិមនុស្ស និងអគ្គលេខាធិការរង គ.ជ.ប ជាបន្ទាន់។ ការអំពាវនាវរបស់អង្គការសហប្រជាជាតិ នៅពេលនេះ ស្របពេលនៃការឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្សទាំង ៥រូបនេះ បានអូសបន្លាយជិត ១ឆ្នាំមកហើយ។ ប៉ុន្តែមន្ត្រីក្រសួងយុត្តិធម៌ បានរិះគន់ថា ការអំពាវនាវនេះវាស្ទើរក្លាយទៅជាទម្លាប់ទៅហើយ។
ក្រុមអ្នកវិភាគបញ្ហាសង្គម និងនយោបាយយល់ឃើញថា ថ្វីបើសារអំពាវនាវរបស់អង្គការសហប្រជាជាតិ នៅពេលនេះមិនអាចធ្វើអ្វីបានចំពោះរដ្ឋាភិបាលភ្លាមៗក៏ដោយចុះ ក៏ការទាមទាររបស់ស្ថាប័នកំពូលផ្នែកសិទ្ធិមនុស្សនេះ នឹងធ្វើឲ្យប៉ះពាល់ដល់មុខមាត់កម្ពុជា នៅលើឆាកអន្តរជាតិ និងក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើងៗ។
ការរិះគន់ពីក្រុមអ្នកវិភាគនេះ ធ្វើឡើងនៅពេលអ្នកជំនាញរបស់អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានចេញសេចក្ដីអំពាវនាវឲ្យរដ្ឋាភិបាលដោះលែងអ្នកការពារសិទ្ធិមនុស្សដែលកំពុងជាប់ឃុំជាបន្ទាន់។
សេចក្ដីប្រកាសព័ត៌មានសរសេរទៀតថា ការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សទាំង ៥រូបកាលពីខែឧសភា ឆ្នាំ២០១៦ ពីបទចោទថាបានផ្ដល់ជំនួយដល់ស្ត្រីម្នាក់ឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ ដែលគេចាត់ទុកថារឿងនេះគឺជារឿងនយោបាយ។ លើសពីនេះទៀត កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមការងាររបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហានៃការឃុំខ្លួនដោយបំពាន បានសម្រេចថា ការឃុំខ្លួនពួកគេគឺជាការឃុំខ្លួនដោយបំពាន។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ចាត់ទុកថា ការធ្វើព្រងើយកន្តើយរបស់រដ្ឋាភិបាលប្រឆាំងខ្លឹមសាររបស់អង្គការសហប្រជាជាតិ នេះ ប្រាកដណាស់វានឹងធ្វើឲ្យកេរ្តិ៍ឈ្មោះមិនល្អរបស់កម្ពុជា កាន់បន្តរីកសាយភាយបន្ថែមទៀត។ លោកបន្តថា « ខ្ញុំមានជំនឿថា ដរាបណារដ្ឋាភិបាលនៅតែរក្សាដូចរាល់ថ្ងៃនេះ យើងខូចកិត្តិយសទាំងក្នុងស្រុក និងខូចទាំងនៅក្រៅស្រុក។ នៅក្នុងស្រុក យើងដឹងហើយថា ឥឡូវនេះតើពលរដ្ឋរងសម្ពាធប៉ុនណាទៅលើរដ្ឋាភិបាល ទាក់ទងទៅនឹងការធ្វើឲ្យមានអំពើអយុត្តិធម៌ចេះតែមាន »។
ជុំវិញរឿងនេះ កាលពីថ្ងៃទី២៣ មករា អង្គការសង្គមស៊ីវិល និងសហគមន៍រងគ្រោះដីធ្លីចំនួន ២៥ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយថ្កោលទោសអាជ្ញាធរកម្ពុជា ដែលមិនព្រមដោះលែងបុគ្គលិកសមាគមអាដហុក (ADHOC) ទាំង ៤រូបរួមទាំងលោក នី ចរិយា អគ្គលេខាធិការរងនៃ គ.ជ.ប ម្នាក់ផង។
ប្រតិកម្មនឹងការអំពាវនាវនេះ កាលពីថ្ងៃទី២៤ មករា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានហៅជំហររបស់សង្គមស៊ីវិលទាំងនោះថា ជាការអំពាវនាវដែលគ្មានប្រយោជន៍។ ឆ្លើយតបតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) លោក គឹម សន្តិភាព បង្ហោះជាសាធារណៈនៅលើផេករបស់លោកផ្ទាល់ សរសេរទៀតថា បើពិតជាមានសមានចិត្តមែន ត្រូវរកអ្នកច្បាប់ដែលមានជំនាញ ហើយតតាំងគ្រប់ដំណាក់កាលនៃនីតិវិធីតាមផ្លូវតុលាការវិញ ប្រសើរជាងធ្វើរឿងឥតប្រយោជន៍ ហើយដដែលៗបែបនេះ។
បើទោះជាបែបណា លោក គឹម សុខ អ្នកឃ្លាំមើលសង្គម និងនយោបាយ យល់ឃើញថា របាយការណ៍របស់អង្គការសហប្រជាជាតិ នេះ ពិតជាមានភាពរឹងមាំផ្នែកផ្លូវច្បាប់។ លោកបន្តថា ចង់មិនចង់ រឿងនេះវាពិតជាធ្វើឲ្យប៉ះពាល់មុខមាត់កម្ពុជា អំពីការរំលោភសិទ្ធិមនុស្សកាន់តែខ្លាំងឡើង។ លោកបន្តថា « គេធ្វើអ្វីជាអង្គការអន្តរជាតិច្បាប់ធំ គឺគេប្រាកដជាធ្វើក្នុងហេតុផលច្បាស់លាស់ហ្នឹងជាចំណុចទី១។ ចំណុចទី២ ការអំពាវនាវបែបនេះ គឺមានឥទ្ធិពលមិនអាចឥទ្ធិពលទេ ពីព្រោះហេតុផលដែលសំខាន់ គឺគេធ្វើដោយឆ្លងកាត់ការស្រាវជ្រាវច្បាស់លាស់ »។
អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលត្រូវបានដកស្រង់សម្ដីដាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះថា ការប្រើប្រាស់បទប្បញ្ញត្តិព្រហ្មទណ្ឌ គឺជាលេសមួយ ដើម្បីបង្ក្រាប និងទប់ស្កាត់ការអនុវត្តសិទ្ធិសេរីភាពស្របច្បាប់ក្នុងការសម្ដែងមតិ ព្រមទាំងបំបិទសំឡេងអ្នកការពារសិទ្ធិមនុស្ស ដែលនេះវាមិនស្របនឹងមាត្រា១៩ នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលប្រទេសកម្ពុជា បានចុះហត្ថលេខានោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
