អង្គការ​សហប្រជាជាតិ​ថ្កោលទោស​ចំពោះ​ការ​បាញ់​សម្លាប់​ក្រុម​កម្មករ

បណ្ដាញ​អង្គការ​សហប្រជាជាតិ ប្រចាំ​ប្រទេស​កម្ពុជា រួម​និង​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​សុក្រ ទី​៣ មករា បាន​ថ្កោលទោស​ការ​ប្រើប្រាស់​គ្រាប់​កាំភ្លើង​ពិត​របស់​កង​រាជ​អាវុធហត្ថ បាញ់​ទៅ​លើ​ក្រុម​កម្មករ បណ្ដាល​ឲ្យ​កម្មករ​ចំនួន ៤​នាក់​ស្លាប់ និង ៣៧​នាក់​ផ្សេង​ទៀត​រង​របួស។ អង្គការ​សហប្រជាជាតិ ស្នើ​ឲ្យ​សមត្ថកិច្ច​រដ្ឋាភិបាល បញ្ឈប់​ការ​ប្រើប្រាស់​គ្រាប់​កាំភ្លើង​ពិត​បង្ក្រាប​បាតុកម្ម។

សេចក្តី​ថ្លែងការណ៍​អង្គការ​សហប្រជាជាតិ ក៏​ស្នើ​ឲ្យ​ភាគី​កម្មករ និង​រោងចក្រ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវ​តែ​បន្ត​កិច្ច​ខំ​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​តាម​រយៈ​ការ​ជួប​ចរចា​គ្នា។

អង្គការ​សហប្រជាជាតិ នឹង​ជួយ​ផ្តល់​ជំនួយ​បច្ចេកទេស​ដល់​រដ្ឋាភិបាល ដើម្បី​កំណត់​ប្រាក់​ខែ​គោល​របស់​កម្មករ ដើម្បី​ធានា​ឲ្យ​កម្មករ​ទទួល​បាន​ប្រាក់​ខែ​គ្រប់គ្រាន់ និង​ទទួល​បាន​សិទ្ធិ​រស់​នៅ​សមរម្យ។

រីឯ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ពី​ទីក្រុង​ហ្សឺណែវ ឯណោះ​វិញ ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​សុក្រ ដែរ សម្ដែង​ការ​សោកស្ដាយ​អំពី​ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ក្រុម​កម្មករ។ លោក​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ចំពោះ​ការ​បង្ក្រាប​ដោយ​ការ​ប្រើប្រាស់​កម្លាំង​លើសលប់​របស់​កង​កម្លាំង​ប្រដាប់​អាវុធ ទៅ​លើ​បាតុករ កាល​ពី​ថ្ងៃ​សុក្រ ទី​៣ មករា និង​ការ​បង្ក្រាប​មួយ​ចំនួន​ទៀត កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ។

លោក​ក៏​ស្នើ​ឲ្យ​បាតុករ កុំ​ប្រើប្រាស់​អំពើ​ហិង្សា​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ដើម្បី​ត្រូវ​មាន​ការ​ចរចា​មួយ ដើម្បី​ដោះស្រាយ​សំណើ​របស់​កម្មករ​ស្ដីពី​ការ​ដំឡើង​ប្រាក់​ខែ​គោល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។