អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក លោក ជេ រ៉ាមែន (Jay Raman) ឲ្យដឹងនៅថ្ងៃទី១១ ឧសភា ថា ស្ថានទូតអាមេរិក មិនពាក់ព័ន្ធនឹងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅទេ ប៉ុន្តែសហរដ្ឋអាមេរិក គាំទ្រជានិច្ចដល់អង្គការសង្គមស៊ីវិលនៅកម្ពុជា និងសិទ្ធិក្នុងការប្រមូលផ្ដុំដោយសន្តិវិធី។
ការបញ្ជាក់របស់ស្ថានទូតសហរដ្ឋអាមេរិក នេះ ធ្វើឡើងក្រោយពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក វីល្លៀម ហៃដ្ត៍ (William Heidt) បានជួបនឹងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន នៅព្រឹកថ្ងៃទី១១ ឧសភា នៅទីស្ដីការក្រសួង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យសេដ្ឋកិច្ច និងស្ថានការណ៍នយោបាយនៅកម្ពុជា។
ស្ថានទូតសហរដ្ឋអាមេរិក បដិសេធមិនអត្ថាធិប្បាយលម្អិតពីខ្លឹមសារនៃជំនួបទេ ដោយបញ្ជាក់ថា ជំនួបរវាងលោក វីល្លៀម ហៃដ្ត៍ និងលោក ប្រាក់ សុខុន ជាកិច្ចសន្ទនាឯកជន។
កាលពីថ្ងៃទី៤ ឧសភា ឯកអគ្គរដ្ឋទូតអាមេរិក លោក វីល្លៀម ហៃដ្ត៍ រួមជាមួយនឹងឯកអគ្គរដ្ឋទូតនៃប្រទេសកាន់លទ្ធិប្រជាធិបតេយ្យមួយចំនួនទៀត ក្នុងនោះក៏មានឯកអគ្គរាជទូតជប៉ុន ផងដែរ បានជួបជុំជាមួយសាច់ញាតិរបស់មន្ត្រីការពារសិទ្ធិមនុស្សកំពុងជាប់ឃុំ និងមន្ត្រីការពារសិទ្ធិមនុស្សផ្សេងទៀត ដើម្បីបរិភោគអាហារជុំគ្នា និងពិភាក្សាពីស្ថានការណ៍នៅពេលបច្ចុប្បន្ន។ ក្នុងពេលនោះ លោក វីល្លៀម ហៃដ្ត៍ បានថ្លែងគាំទ្រសកម្មភាពរបស់ក្រុមសង្គមស៊ីវិលដែលកំពុងជាប់ឃុំ និងលើកទឹកចិត្តសាច់ញាតិអ្នកជាប់ឃុំ កុំឲ្យមានការតក់ស្លុតចំពោះស្ថានការណ៍នៅពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
