សភា​សហរដ្ឋ​អាមេរិក​ថ្កោលទោស​អំពើ​ទណ្ឌកម្ម​នៅ​វៀតណាម

សភា​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ឲ្យ​ដឹង​ថា ប្រទេស​វៀតណាម គ្រាន់​តែ​មាន​ឈ្មោះ​ល្បីល្បាញ​ខាង​ការ​ធ្វើ​ទារុណកម្ម​ដល់​អ្នក​ទោស​មនសិការ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ប្រទេស​មួយ​ដែល​មាន​ឈ្មោះ​អាក្រក់​ក្នុង​អំពើ​ជួញ​ដូរ​មនុស្ស​ថែម​ទៀត។
ដោយ តាំង សារ៉ាដា
2014.01.17
គ្រីស្តូភើ ស្មីត (Christopher Smith) ៦១០ ១៧-មករា-២០១៤៖ លោក គ្រីស្តូភើ ស្មីត (Christopher Smith) តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ប្រចាំ​រដ្ឋ ញីវជឺស៊ី (New Jersey)។
Photo: RFA

លោក គ្រីស្តូភើ ស្មីត (Christopher Smith) តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ប្រចាំ​រដ្ឋ ញីវជឺស៊ី (New Jersey) បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា សហរដ្ឋ​អាមេរិក នឹង​មិន​អនុគ្រោះ​ដល់​ប្រទេស​វៀតណាម ទេ ប្រសិន​បើ​វៀតណាម នៅ​តែ​មិន​ធ្វើ​ឲ្យ​ប្រសើរ​ខាង​ការ​គោរព​សិទ្ធិ​មនុស្ស។ លោក​បន្ត​ថា អ្វី​ដែល​សភា​សហរដ្ឋ​អាមេរិក អាច​ធ្វើ​ទៅ​បាន​នោះ គឺ​បង្កើត​ច្បាប់​មួយ​ដើម្បី​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​ដល់​វៀតណាម។

លោក គ្រីស្តូភើ ស្មីត៖ «ដូច​លោក​បាន​ជ្រាប​ហើយ​ថា ខ្ញុំ​ជា​អ្នក​ដឹក​នាំ​បង្កើត​ច្បាប់​មួយ ដើម្បី​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នៅ​វៀតណាម ក្នុង​ឆ្នាំ​២០០០ ដែល​យើង​បាន​រក​ឃើញ​ថា វៀតណាម ជា​ប្រទេស​មួយ​ដែល​រំលោភ​សិទ្ធិ​កម្មករ មាន​អំពើ​ជួញ​ដូរ​មនុស្ស និង​ការ​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ ហើយ​ដែល​សហគមន៍​អន្តរជាតិ​ឲ្យ​ចំណាត់​ថ្នាក់​លេខ​៣ ជា​ប្រទេស​ដែល​អាក្រក់​បំផុត​ក្នុង​ការ​រំលោភ​សិទ្ធិ​មនុស្ស»

លើស​ពី​នេះ​ទៅ​ទៀត បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ពន្ធនាគារ​នៅ​ប្រទេស​វៀតណាម កំពុង​ស្ថិត​ជា​ចំណោទ​ដ៏​ធំ​មួយ។

ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​ស៊ើប​អង្កេត​រក​ឃើញ​ថា មាន​ករណី​មួយ​ចំនួន​ដែល​ជន​ភៀស​ខ្លួន​វៀតណាម ហើយ​ដែល​ជា​ក្រុម​មាន​និន្នាការ​ទៅ​រក​លោក​សេរី​នោះ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា បញ្ជូន​ទៅ​ឃុំឃាំង និង​ធ្វើ​ទារុណកម្ម​នៅ​ប្រទេស​វៀតណាម។

អ្នក​ជំនាញ​ខាង​ផ្នែក​សិទ្ធិ​មនុស្ស​សម្រាប់​ប្រទេស​កម្ពុជា និង​វៀតណាម អ្នកស្រី សារ៉ា ខូម៍ (Sara Colm) បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា កន្លង​មក កម្ពុជា បាន​រំលោភ​លើ​អនុសញ្ញា​ស្ដីពី​ជន​ភៀស​ខ្លួន ដោយសារ​រដ្ឋាភិបាល​បាន​បញ្ជូន​ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​ចំនួន​ដែល​ជា​សកម្មជន​សិទ្ធិ​មនុស្ស ទៅ​ឃុំ​ខ្លួន​នៅ​វៀតណាម ហើយ​វៀតណាម បាន​ធ្វើ​ទារុណកម្ម​អ្នក​ទាំង​នោះ​យ៉ាង​ធ្ងន់ធ្ងរ។

អ្នកស្រី សារ៉ា ខូម៍៖ «ជន​ភៀស​ខ្លួន​វៀតណាម ខ្លះ ដែល​មក​ជ្រក​កោន​នៅ​កម្ពុជា ប្រសិន​បើ​ពួក​គេ​សកម្ម​ខាង​ការ​រិះគន់ រដ្ឋាភិបាល​វៀតណាម នោះ ពួក​គេ​ប្រាកដ​ជា​រង​នូវ​សម្ពាធ​ផ្សេងៗ រួម​ទាំង​ការ​ធ្វើ​ទុក្ខបុកម្នេញ​រហូត​ដល់​មាន​ការ​ចាប់​បញ្ជូន​ទៅ​វៀតណាម វិញ។ ជាក់ស្តែង ដូច​ជា​ករណី​ព្រះតេជព្រះគុណ ទឹម សាខន ដែល​គេ​បញ្ជូន​ខ្លួន​ពី​ខេត្ត​តាកែវ ទៅ​ឃុំ​ខ្លួន​នៅ​វៀតណាម ហើយ​ម្នាក់​ទៀត គឺ​លោក លេជីទ្វេ ដែល​ជា​មេ​ដឹក​នាំ​កម្មករ នៅ​ពេល​លោក​មក​ដល់​កម្ពុជា ក្នុង​ឆ្នាំ​២០០៧ ដើម្បី​សុំ​សិទ្ធិ​ជ្រក​កោន​ផ្នែក​នយោបាយ​នោះ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​បាត់​ទៅ ហើយ​គ្មាន​ដំណឹង​ទាល់​តែ​សោះ​រហូត​មក​ដល់​ពេល​នេះ។ ដូច្នេះ វា​បង្ហាញ​យ៉ាង​ច្បាស់​ថា កម្ពុជា មិន​មែន​ជា​ឋានសួគ៌​ដ៏​មាន​សុវត្ថិភាព​ក្នុង​ការ​អនុវត្ត​សិទ្ធិ​បញ្ចេញ​មតិ​បាន​ទេ ដោយសារ​សមត្ថកិច្ច​កម្ពុជា អាច​ចាប់​ខ្លួន​អ្នក​ទាំង​នោះ​បញ្ជូន​ទៅ​វៀតណាម វិញ ហើយ​វៀតណាម នឹង​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ»

‍‍ការ​អះអាង​របស់ អ្នកស្រី សារ៉ា ខូម៍ ធ្វើ​ឡើង​នៅ​ក្នុង​សភា​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី​សន្និសីទ​បង្ហាញ​របាយការណ៍​មួយ ស្តី​អំពី​ការ​ធ្វើ​ទារុណកម្ម​លើ​អ្នក​ទោស​នយោបាយ និង​អ្នក​ទោស​សាសនា​ក្នុង​ប្រទេស​វៀតណាម។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​សម្រាប់​កម្ពុជា ក្នុង​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ដែល​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​កម្ពុជា ទៅ​ប្រទេស​ដើម​របស់​គេ​វិញ​នោះ។ កាល​ពី​ឆ្នាំ​២០០៩ កម្ពុជា ក៏​បាន​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ជនជាតិ អ៊ុយហ្គរ៍ (Uyghur) ចំនួន ២០​នាក់​ទៅ​ប្រទេស​ចិន វិញ​ដែរ ជា​ថ្នូរ​នឹង​ការ​ផ្តល់​ប្រាក់​កម្ចី​ដែល​មាន​ការ​ប្រាក់​ទាប​ចំនួន ១​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក របស់​ចិន មក​ដល់​កម្ពុជា។

អ្នកស្រី សារ៉ា ខូម៍ មាន​ប្រសាសន៍​ថា កម្ពុជា បាន​រំលោភ​លើ​អនុសញ្ញា​ស្ដីពី​ជន​ភៀស​ខ្លួន​ក្នុង​នាម​កម្ពុជា ជា​ប្រទេស​ម្ចាស់​ហត្ថលេខី​នោះ។

អនុសញ្ញា​ស្ដីពី​ជន​ភៀស​ខ្លួន​ចែង​ថា រាល់​ប្រទេស​ជា​ម្ចាស់​ហត្ថលេខី​ទាំងអស់ មិន​ត្រូវ​បញ្ជូន​ជន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ដើម​របស់​គេ​ជា​ដាច់​ខាត ប្រសិន​បើ​ប្រទេស​នោះ​ជា​ប្រទេស​ដែល​អាច​ធ្វើ​ឲ្យ​ជីវិត និង​សេរីភាព​របស់​ពួក​គេ​ជួប​នឹង​ភាព​ប្រថុយប្រថាន។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​សេចក្តី​អត្ថាធិប្បាយ​ពី​សមត្ថកិច្ច​របស់​កម្ពុជា បាន​ទេ កាល​ពី​ថ្ងៃ​សុក្រ ទី​១៧ មករា។

ជន​ភៀស​ខ្លួន​ភាគ​ច្រើន​ដែល​ត្រូវ​សមត្ថកិច្ច​កម្ពុជា បញ្ជូន​ខ្លួន​ទៅ​កាន់​ប្រទេស​ចិន ឬ​ប្រទេស​វៀតណាម តែង​ទទួល​រង​នូវ​ទណ្ឌកម្ម​ធ្ងន់ធ្ងរ ហើយ​អ្នក​ខ្លះ​ទទួល​ទោស​ដ៏​យូរ​ឆ្នាំ។

ទាក់ទិន​នឹង​ការ​ធ្វើ​ទារុណកម្ម​ក្នុង​មន្ទីរ​ឃុំឃាំង​នៅ​ប្រទេស​វៀតណាម នេះ​ដែរ ព្រះតេជព្រះគុណ ដាញ់ ថុល ជា​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម មាន​ថេរ​ដីកា​ថា សមត្ថកិច្ច​វៀតណាម ឃុំ​ខ្លួន​ព្រះអង្គ​ក្នុង​គុក​ងងឹត​រយៈពេល ៦​ខែ ដោយ​បង្អត់​ចង្ហាន់។ ព្រះតេជព្រះគុណ​បន្ត​ថា ក្រុម​អាជ្ញាធរ​វៀតណាម បាន​ចាប់​សម្រាត​ស្បង់​ជីព​ព្រះសង្ឃ​បញ្ចូល​គុក​ដូច​ជា​សត្វ​ធាតុ។

«សំឡេង»

ព្រះតេជព្រះគុណ ដាញ់ ថុល មាន​ថេរ​ដីកា​ថា នៅ​ពេល​ដែល​ព្រះអង្គ​ជាប់​ក្នុង​គុក​ងងឹត​វៀតណាម កាល​ពី​ឆ្នាំ​២០០៩ នោះ ព្រះអង្គ​តែង​ទទួល​រង​ការ​វាយ​ធ្វើ​ទារុណកម្ម និង​បង្អត់​អាហារ​យ៉ាង​ធ្ងន់ធ្ងរ។ ហើយ​រហូត​មក​ទល់​ពេល​នេះ សុខភាព​របស់​ព្រះអង្គ​តែង​មាន​ការ​ភ្លេចភ្លាំង​ច្រើន និង​សុបិន្ដ​អាក្រក់​រៀង​រាល់​យប់​ថែម​ទៀត។

«សំឡេង»

អ្នក​ទោស​នយោបាយ​ក្នុង​គុក​ងងឹត​នៅ​វៀតណាម ភាគ​ច្រើន​ត្រូវ​បាន​ឃុំឃាំង​ក្នុង​បន្ទប់​តូច​ចង្អៀត​មួយ​ទំហំ​ប្រហែល បី​ម៉ែត្រ​ការ៉េ គ្មាន​កន្ទេល គ្មាន​មុង គ្មាន​ភួយ និង​គ្មាន​ខ្នើយ។ អ្នក​ទោស​រស់​នៅ​ក្នុង​គុក​នោះ​ដោយ​ការ​ស្រេក​ឃ្លាន អ្នក​ខ្លះ​ចាប់​សត្វ​ល្អិត​ធ្វើ​ជា​អាហារ​ប្រចាំ​ថ្ងៃ។ នៅ​ពេល​យប់​គេ​តែង​ឮ​សំឡេង​មនុស្ស​ទ្រហោ​យំ ដោយសារ​ការ​ឈឺ​ចុក​ចាប់​ពី​ការ​ធ្វើ​ទារុណកម្ម​របស់​ឆ្មាំ​គុក ដើម្បី​សួរ​ចម្លើយ។ ទីនោះ​ប្រៀប​ដូច​ជា​ឋាននរក ៩​ជាន់​ដែរ ដែល​សូម្បី​តែ​អាហារ​ក៏​ពួក​គេ​មិន​អាច​មើល​ឃើញ​ថា តើ​ជា​អាហារ​ប្រភេទ​ណា​ដែរ។

ព្រះតេជព្រះគុណ ដាញ់ ថុល មាន​ថេរ​ដីកា​ថា អ្នក​ទោស​មនសិការ​ភាគ​ច្រើន ត្រូវ​វាយ​បញ្ច្រក​ថ្នាំ​ដែល​គេ​មិន​ឲ្យ​ស្គាល់​ថា​ជា​ថ្នាំ​អ្វី​នោះ​ឡើយ។ ហើយ​ថា នៅ​ពេល​អ្នក​ទោស​ទាំង​នោះ​ត្រូវ​បាន​គេ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ មនុស្ស​ភាគ​ច្រើន​មាន​សតិ​អារម្មណ៍​មិន​នឹងនរ ហើយ​បី​បួន​ឆ្នាំ​ក្រោយ​មក ក៏​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ទៀត។

របាយការណ៍​របស់ លោក គ្រីស្តូភើ ស្មីត តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​អ្នក​ទោស​មនសិការ​ជាង ៦០០​នាក់ ភាគ​ច្រើន​ជា​សកម្មជន​នយោបាយ សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​សាសនា ដែល​កំពុង​រង​ការ​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​ក្នុង​គុក​ងងឹត​នៅ​វៀតណាម។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ មាន​ព្រះសង្ឃ​ខ្មែរ​ក្រោម​ចំនួន ២​អង្គ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ចំនួន ៦​នាក់ កំពុង​ជាប់​ឃុំឃាំង​ក្នុង​គុក​ងងឹត​របស់​វៀតណាម។ សហព័ន្ធ​ខ្មែរ​ក្រោម​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង ហាណយ (Hanoi) ដោះ​លែង​អ្នក​ទោស​ទាំង​នោះ​ឲ្យ​មាន​សេរីភាព​ដោយ​គ្មាន​លក្ខខណ្ឌ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។