ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក៖ កម្ពុជា​ត្រូវ​ពង្រឹង​សេរីភាព​សារព័ត៌មាន

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា លោក វីល្លៀម ថត (William E. Todd) សរសេរ​នៅ​ក្នុង​ប្លុក (Blog) របស់​លោក​នៅ​ថ្ងៃ​ទី៩ ខែ​សីហា ថា កម្ពុជា ត្រូវ​ការ​ពង្រឹង​សេរីភាព​សារព័ត៌មាន និង​សេរីភាព​ទទួល​បាន​ព័ត៌មាន ប្រសិន​បើ​ប្រទេស​នេះ​ចង់​ធានា​នូវ​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​ដ៏​ពិត​ប្រាកដ​មួយ។

លោក វីល្លៀម ថត លើក​ឡើង​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដែល​ទើប​កន្លង​ទៅ​ថ្មីៗ​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ពលរដ្ឋ​កម្ពុជា ចង់​អោយ​ប្រទេស​នេះ​ឈាន​ទៅ​មុខ​តាម​រយៈ​ការ​កែទម្រង់ ដែល​អាច​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​ពិត​ប្រាកដ។

ជា​ទស្សនៈ​ផ្ទាល់​ខ្លួន លោក វីល្លៀម ថត បញ្ជាក់​ថា មធ្យោបាយ​មួយ​ក្នុង​ការ​ផ្លាស់​ប្ដូរ​បរិយាកាស​នា​ពេល​បោះ​ឆ្នោត ដើម្បី​ពង្រឹង​ដំណើរ​ការ​ប្រជាធិបតេយ្យ គឺ​ការ​ផ្តល់​ព័ត៌មាន​ដែល​មាន​តុល្យភាព និង​អាច​ទទួល​បាន​នៅ​ទូទាំង​ប្រទេស។ ស្រប​គ្នា​នេះ សេរីភាព​ទទួល​បាន​ព័ត៌មាន​ក៏​ជា​កត្តា​ចាំបាច់។ លោក​បន្ត​ថា ពលរដ្ឋ​មិន​អាច​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​បាន នៅ​ពេល​ដែល​ពួក​គេ​ពុំ​បាន​ទទួល​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ។ ករណី​នេះ បាន​កើត​ឡើង​នៅ​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត​កន្លង​ទៅ នៅ​ពេល​ដែល​ពលរដ្ឋ​ពិបាក​ក្នុង​ការ​ស្វែង​រក​ព័ត៌មាន​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន។

លោក​បន្ត​ថា ទោះ​បី​ពលរដ្ឋ​ចាប់​ផ្ដើម​ងាក​មក​រក​ព័ត៌មាន​តាម​អ៊ីនធឺណិត និង​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ដើម្បី​ទទួល​ព័ត៌មាន ក៏​ព័ត៌មាន​ទាំង​នោះ​ពុំ​ទាន់​អាច​ចាត់​ទុក​ថា​ជា​មូលដ្ឋាន​ក្នុង​ការ​ជំរុញ​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​ឡើយ។ កត្តា​ចម្បង គឺ​ការ​ផ្តល់​សេរីភាព​ពេញលេញ​ដល់​សារព័ត៌មាន​វិជ្ជាជីវៈ មាន​កាសែត វិទ្យុ និង​ទូរទស្សន៍​ជា​ដើម ដែល​ពលរដ្ឋ​ត្រូវ​ការ​អោយ​ដើរ​តួ​ជា​ភ្នែក ជា​ត្រចៀក ជា​អ្នក​ស៊ើប​អង្កេត​ចំពោះ​រឿងរ៉ាវ​ដែល​ពួក​គេ​ចង់​ដឹង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។