ជនជាតិ​វៀតណាម​នៅ​ខេត្ត​ស្ទឹងត្រែង​មិន​ទាន់​ត្រៀម​ខ្លួន​រុះរើ​ផ្ទះ​ចេញ​ពី​មាត់​ទន្លេ

0:00 / 0:00

ពលរដ្ឋ​វៀតណាម រស់នៅ​មាត់​ទន្លេ​មេគង្គ និង​ទន្លេ​សេកុង ក្រុង​ស្ទឹងត្រែង ខែត្រ​ស្ទឹងត្រែង នៅ​ពុំ​ទាន់​ត្រៀម​លក្ខណៈ​រុះរើ​លំនៅឋាន​ស្រប​តាម​សេចក្តី​ជូន​ដំណឹង​របស់​អាជ្ញាធរ​នៅ​ឡើយ​ទេ ដោយសារ​ពួក​គេ​ភាគច្រើន​មាន​ជីវភាព​ក្រីក្រ និង​គ្មាន​ប្រាក់​រុះរើ។ ពួក​គេ​ទទូច​ឲ្យ​អភិបាល​ខែត្រ​ស្ទឹងត្រែង លោក ម៉ុម សារឿន គិតគូរ​រៀបចំ​លំនៅឋាន​ថ្មី និង​ដី​សម្បទាន​សង្គមកិច្ច​នៅ​តំបន់​ណា​ឲ្យ​ពួក​គេ​រស់នៅ​បាន​សមរម្យ មាន​អគ្គិសនី និង​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់។

ពលរដ្ឋ​វៀតណាម និង​មួយ​ចំនួន​តូច​ជា​ពលរដ្ឋ​ខ្មែរ ហាក់​កំពុង​ស្ទាក់ស្ទើរ​សម្រេច​ចិត្ត​រុះរើ​លំនៅឋាន​តាម​សំណើ​អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង ដោយសារ​តំបន់​នោះ​បាន​ក្លាយ​ជា​ទម្លាប់​ពួក​គេ​រស់នៅ​ច្រើន​ឆ្នាំ​ទៅ​ហើយ។ ពួក​គេ​ភាគច្រើន ប្រកប​មុខ​របរ​នេសាទ​ត្រី ធ្វើ​អាជីវកម្ម​ឈើ​ប្រណិត និង​កែច្នៃ​គ្រឿង​សង្ហារិម។

ជនជាតិ​វៀតណាម រស់នៅ​តាម​ទន្លេ​នៃ​ភូមិ​បាចុង សង្កាត់​ព្រះបាទ គឺ​លោកស្រី ចាំង ធីសាម ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ កុម្ភៈ ថា លោកស្រី​ពុំ​ជំទាស់​វិធានការ​របស់​អាជ្ញាធរ​នោះ​ទេ តែ​លោកស្រី​ពុំ​មាន​ប្រាក់​គ្រប់គ្រាន់​រុះរើ​ផ្ទះ​ទៅ​តាំង​ទី​លំនៅ​ថ្មី​នោះ​ឡើយ។ លោកស្រី​ថា អាជ្ញាធរ​ក្រុង​នៅ​ពុំ​ទាន់​ជូន​ដំណឹង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ដើម្បី​ឲ្យ​ពួក​គាត់​កក់ក្តៅ​នៅ​ឡើយ។ លោកស្រី​បញ្ជាក់​ថា ពួក​គេ​មិន​អាច​រស់នៅ​តំបន់​ដាច់ស្រយាល​បាន​ទេ ព្រោះ​លំបាក​រក​ស៊ី ហើយ​ការ​ដែល​រស់នៅ​តាម​មាត់​ទន្លេ​ងាយ​ស្រួល​នេសាទ​ចិញ្ចឹម​ជីវិត ជាដើម៖ « បើ​គេ​ព្រម​ឲ្យ​យើង​មាន​ភ្លើង​ ទឹក​គ្រប់គ្រាន់ កន្លែង​ណា​ក៏​ទៅ​ដែរ បើ​ថា​ដូច​មុន​ដេញ​ទទេៗ មិន​ដឹង ​នៅ​ណា​ទេ។ បើ​យើង​លើក​ទៅ គេ​ឲ្យ​លុយ​បន្តិចបន្តួច​ក៏​បាន​ដែរ »

ពលរដ្ឋ​វៀតណាម ម្នាក់​ទៀត​ដែល​កំពុង​ធ្វើ​អាជីវកម្ម​ឈើ​ប្រណិត​ក្រោម​ផ្ទះ​ជិត​មាត់​ទន្លេ នៃ​សង្កាត់​ព្រះបាទ លោក ស្វាយ ចាន់ខាត់ណា លើក​ឡើង​ថា លោក​ពុំ​ទាន់​ទទួល​បាន​សេចក្តី​ជូន​ដំណឹង​ស្ដីពី​ការ​ជម្លៀស​ចេញ​ពី​លំនៅឋាន​នៅ​ឡើយ​ទេ។ លោក​បញ្ជាក់​ថា គ្រួសារ​លោក​ផ្ដើម​រស់នៅ​មាត់​ទន្លេ​ជាង ២០​ឆ្នាំ​មក​ហើយ និង​ចាប់​យក​អាជីព​កែច្នៃ​គ្រឿង​សង្ហារិម៖ « កាល​ខ្ញុំ​នៅ​កំលោះ រហូត​ដល់​មាន​ប្រពន្ធ​កូន គឺ​ខ្ញុំ​ស៊ី​អា​ហ្នឹង ( ធ្វើ​អាជីវកម្ម​ ឈើ​ប្រណិត ) ប្រជាជន​ក្នុង​ភូមិ​រក​ឈើ​មក​ជួល​ខ្ញុំ​ធ្វើ គឺ​ខ្ញុំ​ ធ្វើ គេ ​ថា​អត់​គឺ​អត់ៗ មិន​ដែល រក​ស៊ី ​អី​ផង »

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៨ កុម្ភៈ ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​ទទួល។ តែ​លោក​ធ្លាប់​បញ្ជាក់​ថា រដ្ឋបាល​ខែត្រ​ស្ទឹងត្រែង បាន​បង្កើត​គណៈកម្មការ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ បន្ទាប់​ពី​អាជ្ញាធរ​បាន​ស្រង់​ទិន្នន័យ និង​ផ្ទៀងផ្ទាត់​ធ្វើ​បច្ចុប្បន្នភាព​ឡើង​វិញ ហើយ​គ្រោង​ប្រជុំ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​រុះរើ​ចេញ​ពី​ដី​ចំណី​ទន្លេ​នេះ។ លើស​ពី​នេះ អាជ្ញាធរ​គ្រោង​ជូន​ដំណឹង​ឲ្យ​ពលរដ្ឋ​ជ្រើសរើស​ដី​សម្បទាន​សង្គមកិច្ច​សម្រាប់​ឲ្យ​ពលរដ្ឋ​ផ្លាស់ប្ដូរ​លំនៅឋាន ទៅ​រស់នៅ​ទីតាំង​ថ្មី​ឲ្យ​បាន​សមរម្យ៖ « យើង​នឹង​ប្រាប់​ពី​ទីតាំង​ ដែល​គាត់​នឹង​ អាច​ធ្វើ ការ​ជ្រើសរើស ​យក​ដី​សង្គមកិច្ច »

កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៧ អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង បាន​ជូន​ដំណឹង​ឲ្យ​ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​សេកុង និង​ទន្លេ​មេគង្គ រុះរើ​សំណង់​លំនៅឋាន​ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ សោភ័ណភាព​បរិស្ថាន​ល្អ ដើម្បី​ត្រៀម​ប្រារព្ធ​ពិធី​បុណ្យ​ទន្លេ​នៅ​ខែ​មីនា ឆ្នាំ​២០១៧ ខាង​មុខ ហើយ​ករណី​ពលរដ្ឋ​មិន​អនុវត្ត​សេចក្តី​ជូន​ដំណឹង​នេះ អាជ្ញាធរ​ក្រុង​នឹង​សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ ចាត់​វិធានការ​រដ្ឋបាល។

មន្ត្រី​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ ពន្យល់​ថា ទីតាំង​មាត់​ទន្លេ និង​លើ​ផ្ទៃ​ទឹក​ទន្លេ គឺ​ជា​សម្បត្តិ​សាធារណៈ​មិន​អាច​មាន​មនុស្ស​មួយ​ក្រុម​រស់នៅ​ជា​កម្មសិទ្ធិ​ឯកជន​បាន​ទេ។ បញ្ហា​នេះ ដើម្បី​ធានា​សុវត្ថិភាព​បរិស្ថាន​ធម្មជាតិ ទន្លេ និង​គុណភាព​ទឹក អាជ្ញាធរ​រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ករណី​នេះ ឈរ​លើ​ស្មារតី​ទទួល​ខុស​ត្រូវ គោរព​សិទ្ធិ​មនុស្ស និង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ។ លោក​ចាត់​ទុក​វិធានការ​ជម្លៀស​ពលរដ្ឋ​រស់នៅ​តាម​ច្រាំង​ទន្លេ​ចេញ ថា​ជា​ការ​កែលំអ​បរិស្ថាន​ស្អាត ក៏ប៉ុន្តែ​បើ​ការ​បណ្ដេញ​ចេញ​នោះ​ធ្វើ​ឡើង​ពុំ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច គឺ​ជា​កំហុស​របស់​អាជ្ញាធរ ហើយ​អាច​នឹង​ផ្ទុះ​ការ​តវ៉ា៖ « ជា​ការ ​ល្អ​ណាស់ បើ​ គាត់​រក ​កន្លែង​ ណា​មួយ ​ឲ្យ​គាត់​រស់នៅ​ ផុត​ពី ទឹក តាម គោល​នយោបាយ ណា​មួយ ​សមរម្យ ហើយ​ បើ​ជនជាតិ ​បរទេស​រស់នៅ​ ខុស​ច្បាប់ ​ហ្នឹង គឺ​យើង​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​របស់​យើង​ទៅ។ ការ​តាំង​ទីលំនៅ​លើ​ទឹក គឺ​បណ្ដា​ឲ្យ​ទឹក​ខូច​បង្ក​ជំងឺ​ឆ្លង »

របាយការណ៍​របស់​អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង កាល​ពី​ឆ្នាំ​២០១៦ ឲ្យ​ដឹង​ថា ពលរដ្ឋ​រស់នៅ​តាម​ច្រាំង​ទន្លេ និង​លើ​ផ្ទៃ​ទឹក​ក្នុង​ក្រុង​ស្ទឹងត្រែង មាន​ចំនួន​ជាង ៣០០​គ្រួសារ ដែល​ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្មែរ​ជាង ៣០​ភាគរយ។ អាជ្ញាធរ​គ្រោង​ជម្លៀស​ជនជាតិ​វៀតណាម ទាំងនោះ​ទៅ​ទីតាំង​ថ្មី​នៅ​គីឡូម៉ែត្រ​លេខ​១៤ ផ្លូវ​ជាតិ​លេខ​៧ ឋិត​នៅ​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ផ្លូវ​ទៅ​ប្រទេស​ឡាវ។ មក​ទល់​ពេល​នេះ ជនជាតិ​វៀតណាម ទាំងនោះ​បាន​រុះរើ​ចេញ​ពី​មាត់​ទន្លេ​ចំនួន ២​គ្រួសារ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។