ប្រជាពលរដ្ឋនៅស្រុកបវេល ខេត្តបាត់ដំបង ប្រមាណ ៦០នាក់ នៅព្រឹកថ្ងៃទី១០ មីនា នាំគ្នាតវ៉ានៅមុខសាលាស្រុក ទាមទារឲ្យមេបញ្ជាការកងរាជអាវុធហត្ថស្រុកនេះ ទម្លាក់ការចោទប្រកាន់របស់ខ្លួនទៅលើក្មេងប្រុសចំនួន ២នាក់។ ការតវ៉ានេះ បន្ទាប់ពីអ្នកភូមិទទួលបានលិខិតកោះហៅរបស់សមត្ថកិច្ចចំនួន ២ច្បាប់ ឲ្យអាណាព្យាបាលក្មេងប្រុស ២នាក់នោះ ទៅបំភ្លឺរឿងការដុតឆេះដើមក្រដាស ឬហៅដើមយូខា កាលពីពេលកន្លងទៅ។
ការតវ៉ានេះ ពលរដ្ឋខ្លះបានពាក់បដាទំហំប្រមាណកន្លះម៉ែត្រជាប់នឹងខ្លួន ដែលមានសរសេរខ្លឹមសារថា អយុត្តិធម៌សម្រាប់ពលរដ្ឋ និងសូមឲ្យអភិបាលស្រុកបវេល ជួយរកយុត្តិធម៌ជូនពួកគាត់ ជាដើម។
តំណាងអ្នកតវ៉ាម្នាក់រស់នៅភូមិត្រពាំងក្បាលស្វា ឃុំឃ្លាំងមាស គឺលោក ម៉ាន់ សុគុណ ថ្លែងនៅមុខសាលាស្រុកបវេល ថា លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកបវេល ឈ្មោះ សុខ ជាសំណាង បានប្រើអំណាចរបស់ខ្លួនចេញលិខិតកោះហៅអាណាព្យាបាលរបស់ក្មេងចំនួន ២នាក់ ទៅសាកសួរទាំងបង្ខំ និងដោយអយុត្តិធម៌ ពីព្រោះលោកអះអាងថា ពួកគាត់ពុំបានធ្វើអ្វីខុសដូចការចោទប្រកាន់នោះឡើយ៖« គេហៅតាមទូរស័ព្ទដៃផង តាមលោកមេភូមិផង ដើម្បីឲ្យនាំក្មេងនោះទៅឲ្យគេ។ ពួកខ្ញុំទាំងអស់គ្នាខ្លាចណាស់ ទើបបានជានាំគ្នាមកទាមទារសេរីភាពនេះឡើងវិញ »។
បន្ទាប់ពីការតវ៉ាប្រមាណ ១៥នាទី អភិបាលស្រុកបវេល លោក ទឹម ដារ៉េត បានចេញមកជួបពួកគាត់ ដោយជំរុញឲ្យក្រុមអ្នកតវ៉ាទៅដោះស្រាយជាមួយទីបញ្ជាការកងរាជអាវុធហត្ថស្រុក ដែលមានចម្ងាយប្រមាណ ៥០ម៉ែត្រពីសាលាស្រុកជំនួសវិញ។
ឆ្លើយតបនឹងបញ្ហានេះ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបវេល លោក សុខ ជាសំណាង មានប្រសាសន៍ថា ការកោះហៅពលរដ្ឋទាំង ២នាក់នោះ ដោយសារកាលពីថ្ងៃទី៤ មីនា កន្លងទៅ ឃើញកូនរបស់ពួកគាត់ ២នាក់ ដុតភ្លើងរាលទៅឆេះដើមក្រដាស ឬហៅដើមយូខា របស់លោកអស់ជិត ២ពាន់ដើម នៅភូមិត្រពាំងក្បាលស្វា ដើម្បីសាកសួររកអ្នកទទួលខុសត្រូវ៖« កូនរបស់ពួកគាត់ដុតឆេះរបស់ខ្ញុំហើយ បានអីគាត់មកសុំទោសខ្ញុំបន្តិច ក៏អស់ចិត្តដែរ ប៉ុន្តែគាត់អត់សុំទោសខ្ញុំសោះ »។
ត្រង់ចំណុចនេះ អ្នកភូមិបានបដិសេធថា ជាការចោទប្រកាន់កូនរបស់អ្នកស្រុកដោយគ្មានការពិតនោះឡើយ។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី ដែលបានចុះអង្កេតផ្ទាល់ដល់ទីកន្លែងតវ៉ានោះ ពន្យល់ថា បើទោះជាប្រជាពលរដ្ឋមានកំហុសក៏ដោយ ករណីនេះគឺជាតួនាទីរបស់សមត្ថកិច្ចប៉ូលិស ពុំមែនជាសិទ្ធិអំណាចរបស់មន្ត្រីកងរាជអាវុធហត្ថកោះហៅប្រជាពលរដ្ឋទាំងនោះឡើយ៖ « រឿងនេះប្រសិនបើលោកមេបញ្ជាការគាត់និយាយស្រួលដូចពេលនេះ ខ្ញុំគិតថាពួកហ្នឹងមិនមកតវ៉ានោះទេ។ ម្យ៉ាងទៀត ខ្ញុំទទួលដំណឹងថា ចាប់តាំងពីលោកមេបញ្ជាការទៅកាន់តំណែងទីនោះជាង ២ឆ្នាំមក គឺប្រជាពលរដ្ឋមិនបានសេចក្ដីសុខនោះទេ »។
ពលរដ្ឋទាំង ២នាក់ដែលសមត្ថកិច្ចកោះហៅសាកសួរ គឺលោក សំ យ៉ាត អាយុ ៤១ឆ្នាំ និងលោក សូ ព្រលឹង អាយុ ៣៨ឆ្នាំ រស់នៅភូមិត្រពាំងក្បាលស្វា ឃុំឃ្លាំងមាស ឲ្យចូលទៅបំភ្លឺរឿងធ្វើឲ្យខូចខាតដោយចេតនា នៅថ្ងៃទី៧ មីនា។ ក្រោយពីការតវ៉ារបស់ប្រជាពលរដ្ឋជាង ១ម៉ោង លោកមេបញ្ជាការបានយល់ព្រមឈប់ប្ដឹងក្រុមអ្នកតវ៉ា ប៉ុន្តែពុំបានសរសេរជាលាយលក្ខណ៍អក្សរនោះទេ។ អ្នកភូមិបញ្ជាក់ថា ប្រសិនបើលោកមេបញ្ជាការសើរើរឿងនេះទៀត ពួកគាត់នឹងតវ៉ាសាជាថ្មីក្នុងពេលឆាប់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
