ពលរដ្ឋមួយគ្រួសាររស់នៅឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ចោទនគរបាល ៣រូប និងប្រជាការពារភូមិម្នាក់ ថាបានប្រើហិង្សាដោយចេតនាលើយុវជនម្នាក់របួសធ្ងន់កាលពីយប់ថ្ងៃទី២៩ តុលា។ ក្រុមគ្រួសារជនរងគ្រោះ កំពុងដង្ហោយរកយុត្តិធម៌។
ក្រុមគ្រួសារជនរងគ្រោះនៅថ្ងៃទី៣១ តុលា បានប្ដឹងសមត្ថកិច្ចទាំងនោះទៅតំណាងអយ្យការខេត្តស្ទឹងត្រែង ពីបទប្រើអំពើហិង្សាដោយចេតនា។ លើសពីនេះ យុវជនឈ្មោះ ឌីម កវី ដែលត្រូវសមត្ថកិច្ចព្រួតគ្នាវាយ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ពុំទាន់ធូរស្រាលទេ។
ឪពុកជនរងគ្រោះ លោក ហៀង ខន ឲ្យដឹងនៅថ្ងៃទី៣១ តុលា ថា កូនប្រុសរបស់លោកឈ្មោះ ឌីម កវី អាយុ ១៨ឆ្នាំ បានទៅរាំធុងបាសនៅវត្តកោះព្រះ កាលពីយប់ថ្ងៃទី២៩ តុលា ក្មេងស្ទាវម្នាក់មកវាយឆ្មក់កូនរបស់លោកពីក្រោយ ហើយកូនរបស់លោកមិនបានតដៃវិញទេ ក៏ត្រឡប់មកផ្ទះវិញដោយដើរដល់ខ្លោងទ្វារវត្ត ត្រូវបាននគរបាល ៣នាក់ និងប្រជាការពារភូមិម្នាក់ដឹកនាំដោយមេប៉ុស្តិ៍កោះព្រះ ឈ្មោះ អ៊ុំ សុគុណ ស្ទាក់វាយទាត់ធាក់ និងដាក់ខ្នោះបណ្ដាលឲ្យកូនរបស់លោកជាំភ្នែកសងខាង និងឈាមច្រមុះ បណ្ដាលឲ្យរងរបួសធ្ងន់។ លោកបញ្ជាក់ថា កូនរបស់លោកពុំបានបង្ករបួសស្នាមដល់នរណាម្នាក់ឡើយក្នុងរឿងជម្លោះនោះ៖ « មុនដំបូង ក្មេងៗវ៉ៃ គ្នាពីរ ដៃ វាក៏អត់ចង់ តដៃ ដោយ ដើរទៅ ផ្ទះបាន ១០០ម៉ែត្រ វាក៏តាមវ៉ៃកូន របស់ខ្ញុំ ដូចក្របីដូចគោ។ វ៉ៃហើម មុខជាំ ភ្នែក ហើយដាក់ ខ្នោះ ហើយវ៉ៃ ថែមទៀត »។
បុរសដដែលសម្ដែងការខកចិត្តលើសមត្ថកិច្ចរដ្ឋាភិបាល ថាជាអ្នកអនុវត្តច្បាប់ បែរជាវាយធ្វើបាបកូនរបស់លោកតាមអំពើចិត្តក្នុងរឿងជម្លោះតិចតួច ដោយមិនបានដោះស្រាយបញ្ហានេះផ្អែកតាមច្បាប់។ លោកកត់សម្គាល់ថា កន្លងទៅ មេប៉ុស្តិ៍កោះព្រះ ឈ្មោះ អ៊ុំ សុគុណ ក៏ធ្លាប់បានវាយបុរសម្នាក់ក្នុងភូមិឈ្មោះ នួន ឆេង បង្កឲ្យរបួសធ្ងន់រហូតដល់ធ្លាក់ឈាមទៀតផង៖ « និយាយហ្នឹង ដើម្បីចោទប្រកាន់ រកហេតុ រកផលដើម្បីបង្កហេតុផល។ ការពិតស្លាកស្នាម កូនខ្ញុំទៅវ៉ៃគេ វាអត់មានផង យកហេតុផលហ្នឹងមកនិយាយមកថា ដើម្បីជាចំណូល របស់គេ ឲ្យតែ ប្រជាជនមាន ការជឿជាក់ »។
អាស៊ីសេរី មិនអាចទាក់ទងមេប៉ុស្តិ៍កោះព្រះ លោក អ៊ុំ សុគុណ ដើម្បីបំភ្លឺករណីនេះបានទេនៅថ្ងៃទី៣១ តុលា។
ស្នងការខេត្តស្ទឹងត្រែង លោក ម៉ៅ តារា បញ្ជាក់យ៉ាងខ្លីថា លោកពុំទាន់ទទួលដំណឹងនេះទេ។ លោកសន្យាថា លោកនឹងស្រាវជ្រាវករណីនេះ៖ « មិនអីទេ ខ្ញុំនឹងស្រាវជ្រាវមើលវា មានព័ ត៌មាន ចឹងមែន អត់ ?»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូ សំអុល ដែលបានចុះអង្កេតរឿងនេះ ឲ្យដឹងថា ការប្រើអំពើហិង្សាដោយចេតនាបណ្ដាលឲ្យរបួសធ្ងន់ ជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌ និងជាទម្រង់នៃការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោកបញ្ជាក់ថា សមត្ថកិច្ចពុំមានសិទ្ធិប្រើហិង្សា និងបង្ករបួសស្នាមនោះទេ ហើយការប្រើហិង្សាដោយអាងអំណាចជានគរបាល ក៏ជាករណីខុសវិជ្ជាជីវៈរបស់នគរបាលដែរ។ លោកថា សមាគមអាដហុក នឹងត្រៀមផ្តល់មេធាវីដល់គ្រួសារជនរងគ្រោះ ប្រសិនបើជនរងគ្រោះពុំទទួលបានយុត្តិធម៌នោះទេ៖ « ឃើញថា មាន ស្ថានភាពធ្ងន់ធ្ងរ ចឹងវាជាករណី រំលោភសិទ្ធិ មនុស្សធ្ងន់ធ្ងរណាស់។ វាពាក់ព័ន្ធ មន្ត្រីប៉ូលិស ៤នាក់ទៅវ៉ៃក្មេងម្នាក់អ៊ីចឹង។ យើង ឃើញថា មានភាពសាហាវ មែនទែន ដោយសារយើងឃើញស្ថានភាពចឹង។ ហើយតាម ការឆ្លើយបំភ្លឺ របស់ ជនរងគ្រោះ ហ្នឹង ឃើញវ៉ៃហើយអូសទៀត »។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ ធ្លាប់ណែនាំឲ្យនគរបាលទាំងអស់អនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ហើយលោកក៏ជំរុញឲ្យនគរបាលអនុវត្តច្បាប់ដោយយុត្តិធម៌ ស្មោះត្រង់ និងមានវិជ្ជាជីវៈ។
ច្បាប់ព្រហ្មទណ្ឌមាត្រា២១៧ ចែងថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀលទៅ ៦លានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។