យុវជនម្នាក់នៅខេត្តកំពង់ធំ ដែលត្រូវបានតុលាការឃុំខ្លួនពាក់ព័ន្ធករណីគំរាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមបណ្ដាញសង្គម ប្រកាសឈប់ប្រើគណនេយ្យហ្វេសប៊ុក (Facebook) របស់ខ្លួនបន្តទៀត។ ការប្រកាសនេះ ធ្វើឡើងក្រោយពេលតុលាការខេត្តកំពង់ធំ សម្រេចដោះលែងយុវជនរូបនោះឲ្យនៅក្រៅឃុំ កាលពីថ្ងៃទី៤ កុម្ភៈ។
ក្រោយពេលតុលាការដោះលែងពីពន្ធនាគារ យុវជន ម៉ាន់ សំអ៊ាន់ បានប្រកាសថា គណនេយ្យហ្វេសប៊ុកចាស់របស់ខ្លួន គឺលោកឈប់ប្រើប្រាស់ទៀតហើយ។ មិនតែប៉ុណ្ណោះ យុវជនរូបនេះបញ្ជាក់ថា ប្រសិនបើមានហេតុការណ៍អាក្រក់ណាមួយកើតឡើងនៅលើគណនេយ្យហ្វេសប៊ុកឈ្មោះ សំអ៊ាន់ កូកូ (Som Orn KoKo) គឺលោកមិនទទួលខុសត្រូវឡើយ។
រស់នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន លោក ម៉ាន់ សំអ៊ាន់ សម្ដែងអារម្មណ៍រីករាយក្រោយពេលតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំ ប៉ុន្តែក្តីរីករាយនេះនៅមិនទាន់ឲ្យលោករីករាយអស់ពីចិត្តនោះទេ ពីព្រោះលោកចង់ឲ្យតុលាការលើកលែងការចោទប្រកាន់ទាំងឡាយ ដើម្បីឲ្យលោកមានសេរីភាពដូចដើមវិញ។ ជាមួយគ្នានេះ លោកប្រកាសឈប់ទទួលស្គាល់គណនេយ្យហ្វេសប៊ុកចាស់ដែលមានឈ្មោះ សំអ៊ាន់ កូកូ ទៀតផង ប៉ុន្តែលោកនៅមិនទាន់ប្រាកដថា នឹងបង្កើតគណនេយ្យហ្វេសប៊ុកថ្មីសម្រាប់ប្រើបន្តទៀត ឬយ៉ាងណានៅឡើយទេ ពីព្រោះលោកមិនមានទូរស័ព្ទប្រើប្រាស់ ម្យ៉ាងខ្លាចមានបញ្ហាម្តងទៀត៖ «ខ្ញុំឈប់ប្រើទៀត ណាមួយខ្ញុំអត់មានលទ្ធភាពទិញទូរស័ព្ទប្រើដែរ។ ខ្ញុំប្រកាសបិទលេខហ្នឹងទៅ ថ្ងៃក្រោយប្រសិនបើមានបញ្ហាអី ខ្ញុំអត់ទទួលស្គាល់ទៀតទេ»។
យុវជន ម៉ាន់ សំអ៊ាន់ ត្រូវបានសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ ចាប់ខ្លួនកាលពីថ្ងៃទី៦ មករា ហើយឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ធំ កាលពីថ្ងៃទី៩ មករា ដោយតុលាការចោទប្រកាន់ពីបទគំរាមកំហែងថា នឹងសម្លាប់ ព្រមទាំងបទប្រមាថលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីដើមខែមករា។
ជាមួយគ្នានេះ កាលពីថ្ងៃទី៤ កុម្ភៈ សាលាដំបូងខេត្តកំពង់ធំ ដែលមានចៅក្រមស៊ើបសួរ លោក ស៊ិត វណ្ណៈ បានសម្រេចដោះលែងយុវជនរូបនេះឲ្យស្ថិតនៅក្រៅឃុំ ប្រសិនបើយុវជននោះមិនត្រូវបានចោទប្រកាន់ពីបទផ្សេងទៀតទេ។
ក្រោយពេលតុលាការដោះលែងបានមួយថ្ងៃ លោក ម៉ាន់ សំអ៊ាន់ បានទៅធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់គណនេយ្យហ្វេសប៊ុកចាស់របស់ខ្លួនឈ្មោះ សំអ៊ាន់ កូកូ (Som Orn KoKo) ព្រមទាំងឈប់ប្រើលេខទូរស័ព្ទដែលបានភ្ជាប់នឹងគណនេយ្យនោះ នៅប៉ុស្តិ៍នគរបាលសង្កាត់ស្រយ៉ូវ។
ម្ដាយរបស់ លោក ម៉ាន់ សំអ៊ាន់ គឺអ្នកស្រី ចេង លី មានប្រសាសន៍ថា ក្រោយពេលកូនគាត់ជាប់ឃុំ គឺធ្វើឲ្យជីវភាពក្រុមគ្រួសារអ្នកស្រីកាន់តែលំបាកមួយកម្រិតទៀត ហើយធ្វើឲ្យអ្នកស្រីពិបាកចិត្តរហូតមក។ បន្ថែមពីនេះ អ្នកស្រីចង់ឲ្យតុលាការលើកលែងការចោទប្រកាន់ទាំងឡាយពាក់ព័ន្ធនឹងកូនប្រុសរបស់អ្នកស្រីទៀតផង៖ «ដល់នេះ គាត់ក៏មិនបានដាក់យើងយូរដែរណា។ ដូចថាគាត់រកឃើញថា គេលួចយកហ្វេសប៊ុកយើងទៅប្រើអ៊ីចឹងទៅណា»។
ទាក់ទងការប្រើប្រាស់បណ្ដាញសង្គមនេះដែរ កាលពីថ្ងៃទី៨ កុម្ភៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ស៊ី.ស៊ី.អេច្ឆ.អ (CCHR) បានចេញផ្សាយកម្រងសិក្សាមួយបង្ហាញថា ការបង្ក្រាបទៅលើអ្នកប្រើប្រាស់ហ្វេសប៊ុកមានការកើនឡើង។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចាត់ទុកហ្វេសប៊ុក គឺជាសមរភូមិថ្មីសម្រាប់សេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា បន្ទាប់ពីមានមនុស្ស ៧នាក់ ត្រូវបានចាប់ខ្លួន និង ២៤នាក់ផ្សេងទៀតរងការគំរាមកំហែងជាសាធារណៈ គិតចាប់ពីខែសីហា ឆ្នាំ២០១៥ ដល់ដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយសារបង្ហោះសារ ឬបញ្ចេញមតិយោបល់តាមបណ្ដាញអ៊ីនធឺណិត (Internet)។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា យល់ថា ការកើនឡើងនូវការចាប់ខ្លួនប្រជាពលរដ្ឋដោយសារការរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបុគ្គលសាធារណៈល្បីៗ បានគំរាមកំហែងដល់ដំណើរការលទ្ធិប្រជាធិបតេយ្យក្នុងបរិយាកាសសេរី និងបើកចំហនៅកម្ពុជា។ ការប្រើប្រាស់បទបរិហារកេរ្តិ៍ និងការញុះញង់ ដើម្បីរារាំងដល់ការរិះគន់លើបុគ្គលសាធារណៈ គឺជាការរំលោភបំពានដល់សិទ្ធិសេរីភាពមូលដ្ឋានក្នុងការបញ្ចេញមតិ ដូចដែលបានប្រកាសក្នុងលិខិតុបករណ៍អន្តរជាតិ និងស្ថាប័នអន្តរជាតិជាច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។