នារី​ដែល​អះអាង​ថា​អធិការ​ស្រុក​កំពង់ត្រឡាច​ចាប់​រំលោភ​និង​គំរាម​សម្លាប់​អំពាវនាវ​រក​យុត្តិធម៌

ដោយ ជិន ជេដ្ឋា
2016-02-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
នារី​រងគ្រោះ រំលោភ កំពង់ឆ្នាំង ២០១៥ ៨៥៥
នារី​ដែល​អះអាង​ថា ជា​ជន​រងគ្រោះ​ក្នុង​រឿង​ចាប់​រំលោភ​ពី​សំណាក់​លោក អធិការ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ទទួល​ការ​ប្រឹក្សា​ផ្លូវ​ច្បាប់​ពី​មន្ត្រី​សមាគម​អាដហុក (Adhoc) ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Chin Chetha
RFA/Chin Chetha

នារី​វ័យ ១៩​ឆ្នាំ​ដែល​អះអាង​ថា​ត្រូវ​អធិការ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ចាប់​រំលោភ​នោះ និង​គំរាម​បាញ់​សម្លាប់ ទន្ទឹង​រង់ចាំ​មើល​ចំណាត់​ការ​របស់​សាលា​ឧទ្ធរណ៍។ នារី​ដែល​អះអាង​ថា​ជា​ជន​រងគ្រោះ បាន​ពឹងពាក់​មេធាវី​ឲ្យ​ប្ដឹង​ទៅ​ឧទ្ធរណ៍ កាល​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ បន្ទាប់​ពី​តំណាង​អយ្យការ​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង តម្កល់​សំណុំ​រឿង​គាត់​ទុក​ឥត​ចាត់​ការ។

អតីត​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​មួយ​ក្នុង​ស្រុក​កំពង់ត្រឡាច ដែល​អ្នក​និពន្ធ​ដាក់​ឈ្មោះ​ឲ្យ​ថា កញ្ញា បុប្ផា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ថា ខ្លួន​កំពុង​រស់នៅ​ក្នុង​ភាព​អាម៉ាស់ និង​ខូច​អនាគត ក្រោយ​ពី​អធិការ​ស្រុក លោក ហ៊ុល វាសនា បំពារបំពាន​លើ​រូប​រាង​កាយ​របស់​នាង។ អស់​រយៈពេល​ច្រើន​ខែ​ហើយ​ដែល​មេធាវី និង​កញ្ញា មិន​ទាន់​ទទួល​បាន​សេចក្ដី​ជូន​ដំណឹង ឬ​សាល​ដីកា​ណា​មួយ​ពី​សាលា​ឧទ្ធរណ៍​នៅ​ឡើយ​ទេ។

កញ្ញា បុប្ផា មាន​ប្រសាសន៍​ថា ព្រះរាជអាជ្ញា​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង មិន​បាន​រក​យុត្តិធម៌​ឲ្យ​នាង​ឡើយ ប៉ុន្តែ​នៅ​សង្ឃឹម​ថា សាលា​ឧទ្ធរណ៍​នឹង​បើក​ការ​ស៊ើប​អង្កេត និង​ផ្ដល់​យុត្តិធម៌​ជូន​នាង៖ «ខ្ញុំ​នៅ​តែ​រក្សា​ពាក្យ​ដដែល​បង បាន​ឲ្យ​គេ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ។ រាល់​ថ្ងៃ​រៀន​អត់​ចូល ហើយ​មាន​ការ​ភ័យ​ខ្លាច។ បច្ចុប្បន្ន​នៅ​ភ្នំពេញ​ជាមួយ​យាយ»

ចំណែក​មេធាវី សន ស៊ូដាលែន ដែល​ការពារ​សិទ្ធិ​ឲ្យ កញ្ញា បុប្ផា ថ្លែង​ថា អ្នកស្រី​នឹង​តាម​ដាន​លើ​ដំណើរ​ការ​សំណុំ​រឿង​នេះ​នៅ​សាលា​ឧទ្ធរណ៍ ឬ​អាច​ធ្វើ​លិខិត​សុំ​ពន្លឿន​នីតិវិធី​តែ​ម្ដង បើ​សាលា​ឧទ្ធរណ៍​នៅ​តែ​យឺតយ៉ាវ។ អ្នកស្រី​ថា នៅ​ក្នុង​ច្បាប់​មិន​បាន​ចែង​ពី​រយៈពេល​នៃ​ការ​ចាត់​ការ​បណ្ដឹង​សាលា​ឧទ្ធរណ៍ ប៉ុន្តែ​ក្រុម​គ្រួសារ​ជន​រងគ្រោះ ចង់​ឲ្យ​តុលាការ​ពន្លឿន​នីតិវិធី ដើម្បី​ទទួល​បាន​យុត្តិធម៌។

កញ្ញា បុប្ផា បាន​ដាក់​បណ្ដឹង​ទៅ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង ប្រឆាំង​នឹង លោក ហ៊ុល វាសនា ក្រោយ​ពី​នាង​អះអាង​ថា លោក ហ៊ុល វាសនា បាន​ប្រើ​កាំភ្លើង​គំរាម និង​ប៉ុនប៉ង​រំលោភ​នាង​ចំនួន​ពីរ​ដង​នៅ​ថ្ងៃ​ខុសៗ​គ្នា​មិន​បាន​សម្រេច ប៉ុន្តែ​ក្រោយ​មក​ទៀត​នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥ វេលា​ម៉ោង ១២​ថ្ងៃ​ត្រង់ លោក ហ៊ុល វាសនា ចាប់​រំលោភ​នាង​បាន​សម្រេច​នៅ​ក្នុង​បន្ទប់​នា​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច។

ចំណែក​អតីត​អធិការ​ស្រុក​កំពង់ត្រឡាច លោក ហ៊ុល វាសនា ដែល​ត្រូវ​ថ្នាក់​លើ​ដក​តំណែង​ឲ្យ​មក​ឈរ​ជើង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ថ្លែង​យ៉ាង​ខ្លី​ថា រូប​លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​ស្នើ​ឲ្យ​សារព័ត៌មាន​ឈប់​ផ្សព្វផ្សាយ​រឿង​នេះ។ យ៉ាង​ណា លោក ហ៊ុល វាសនា ធ្លាប់​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ត្រូវរ៉ូវ​រួម​រស់​ជាមួយ​គ្នា​ជាច្រើន​ដង​នៅ​ផ្ទះ​សំណាក់​ជាមួយ កញ្ញា បុប្ផា តែ​លោក​ប្រកែក​ថា មិន​បាន​ប្រើ​កាំភ្លើង​គំរាម​សម្លាប់ ឬ​បង្ខំ​ចាប់​រំលោភ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល