មេ​ប៉ុស្តិ៍​នគរបាល​សង្កាត់​២​ក្រុង​ព្រះសីហនុ​ជាប់​ចោទ​ប្រើ​ហិង្សា​ទះ​កំផ្លៀង​អ្នក​កាសែត

0:00 / 0:00

អ្នក​យក​ព័ត៌មាន​អោយ​សារព័ត៌មាន "អំណាច​ខ្មែរ" ក្នុង​ខេត្ត​ព្រះសីហនុ ទទូច​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​មាន​តុលាការ​សាលាដំបូង​ខេត្ត និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ជួយ​រក​យុត្តិធម៌។ អ្នក​យក​ព័ត៌មាន​អោយ​សារព័ត៌មាន "អំណាច​ខ្មែរ" រូប​នោះ ចោទ​នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​លេខ២ ក្រុង​ព្រះសីហនុ លោក សំ ប្រាក់ ថា​បាន​ប្រើ​អំពើ​ហិង្សា​ទះកំផ្លៀង​នៅ​ក្នុង​បន្ទប់​ធ្វើ​ការ​របស់​លោក កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៥។

មន្ត្រី​សង្គម​ស៊ីវិល និង​សមាគម​ការពារ​អ្នក​កាសែត ក៏​កំពុង​តាមដាន​ទៅ​លើ​ការ​អនុវត្ត​នីតិវិធី​ទៅ​លើ​ពាក្យ​បណ្ដឹង​ប្រើ​ហិង្សា​ទៅ​លើ​អ្នក​កាសែត​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់។

បុរស​ឈ្មោះ តែ សារិត ហៅ ជ្រឹង ដែល​អះអាង​ថា ជា​ភ្នាក់ងារ​សារព័ត៌មាន "អំណាច​ខ្មែរ" បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា គិត​មក​ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៥ ពាក្យ​បណ្ដឹង​របស់​លោក​ដែល​ដាក់​ជូន​សាលាដំបូង​ខេត្ត​ព្រះសីហនុ ឲ្យ​ជួយ​រក​យុត្តិធម៌ នៅ​មិន​ទាន់​ឃើញ​មាន​ចំណាត់​ការ​នៅ​ឡើយ​ទេ។

​បុរស​ដដែល​ខាង​លើ​នេះ​អះអាង​ថា លោក​ជា​ក្មេង​កំព្រា។ បុរស​រូប​នេះ​ដែល​មើល​ទៅ​មាន​រូបរាងកាយ​ស្គមស្គាំង ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​កើត​ហេតុ លោក សំ ប្រាក់ បាន​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ទូរស័ព្ទ​ហៅ​រូប​លោក​ឲ្យ​ទៅ​ជួប​ក្នុង​បន្ទប់​ធ្វើ​ការ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ២ ដោយ​សួរនាំ​បញ្ហា​ផ្សេងៗ ដែល​រូប​លោក​ធ្លាប់​ប្រព្រឹត្តិ​កំហុស​ឆ្គង​កន្លង​មក។ ប៉ុន្តែ​ការ​សួរ​នាំ​នោះ ក៏​បាន​ឈាន​ដល់​លោក​នាយ​ប៉ុស្តិ៍​សង្កាត់២ ឈ្មោះ សំ ប្រាក់ បាន​ទះ​កំផ្លៀង​លោក​ចន្លោះ​ពី ៤ ទៅ ៥​ដៃ។

ផ្ដើម​ពី​បញ្ហា​នេះ លោក តែ សារិត ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមាគម​អាដហុក (ADHOC) ដើម្បី​ស្នើ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ខាង​ស្ថាប័ន​អនុវត្ត​ច្បាប់​មួយ​នេះ​មិន​រវល់​អើពើ ទើប​រូប​លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ចូល​ទៅ​កាន់​តុលាការ​សាលាដំបូង​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ដើម្បី​ស្នើ​ជួយ​រក​យុត្តិធម៌។ ប៉ុន្តែ​សំណុំ​រឿង​នេះ គិត​មក​ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ នៅ​មិន​ទាន់​មាន​មន្ត្រី​ពី​ស្ថាប័ន​ណា​មួយ​ចេញ​មុខ​ជួយ​រក​ដំណោះស្រាយ​ជូន​ទេ។ លោក​ក៏​ស្នើ​ដល់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឲ្យ​ជួយ​អន្តរាគមន៍​ដែរ។

លោក តែ សារិត៖ «នៅ​ពេល​ឲ្យ​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​កញ្ចក់ សមត្ថកិច្ច​ប៉ូលិស​ឈ្មោះ សារ៉េត គាត់​បាន​បិទ​ទ្វារ​បន្ទប់ ហើយ​លោក​នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់២ សួរ​ខ្ញុំ​ថា ពេល​ណា​ខ្ញុំ​សង​លុយ​គេ ៥០​ដុល្លារ​អាមេរិក​ថ្លៃ​ធ្វើ​ឲ្យ​បែក​កញ្ចក់​គេ​នៅ​ពេល​កន្លង​មក? ហើយ​ខ្ញុំ​បាន​ឆ្លើយ​ថា ខ្ញុំ​មិន​ទាន់​មាន​លុយ​ឲ្យ​ទេ នៅ​ពេល​ខ្ញុំ​មាន​លុយ​ចាំ​ខ្ញុំ​ឲ្យ។ ប៉ុន្តែ​ពេល​នោះ គាត់​លែង​និយាយ​អ្វី​ទៀត ក៏​ទះ​កំផ្លៀង​ខ្ញុំ​តែម្ដង»

​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី មាន​ប្រសាសន៍​ថា អាដហុក បាន​ដាក់​លិខិត​ស្នើ​អន្តរាគមន៍​ចូល​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ចំណាត់​ការ​បែប​ណា​ទេ។

អ្នកស្រី ជៀប សុធារី សង្កត់​ធ្ងន់​ថា ការ​ព្រងើយ​កន្តើយ​មិន​រក​ដំណោះស្រាយ​ចំពោះ​ករណី​នេះ បង្ហាញ​ឲ្យ​ឃើញ​ពី​អំពើ​បក្សពួកនិយម និង​រំលោភ​សិទ្ធិមនុស្ស៖ «លោក​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ខាង​ការិយាល័យ​បុគ្គល​កោះ​ហៅ ភាគី​លោក តែ សារិត និង​លោក សំ ប្រាក់ ដើម្បី​មក​សាកសួរ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ អ្នក​ទទួល​បន្ទុក​ការិយាល័យ​បុគ្គល​ស្នងការ បាន​ប្រាប់​ខ្ញុំ​ថា មិន​ទាន់​បាន​ធ្វើ​ការ​រឿង​នេះ​នៅ​ឡើយ​ទេ»

​លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា ករណី​នេះ ត្រូវ​បុរស​ឈ្មោះ តែ សារិត ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​ស្ថាប័ន​ជា​ច្រើន។ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ​ចុះ ស្ថាប័ន​នេះ​នឹង​ពិនិត្យ​អនុវត្ត​ឲ្យ​ស្រប​តាម​ច្បាប់៖ «ខ្ញុំ​មិន​ដឹង​ថា ត្រូវ​ចាត់ការ​របៀប​ម៉េច​ទេ បុគ្គល​ឈ្មោះ តែ សារិត បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ​ប្រហែល ៥​កន្លែង ហើយ​ករណី​នេះ កើត​ឡើង​ភ្លាមៗ ខ្ញុំ​ក៏​បាន​កោះហៅ​អ្នក​ពាក់ព័ន្ធ​ករណី​នេះ​មក​ធ្វើការ ឬ​សាកសួរ។ ឥឡូវ​នេះ​ខ្ញុំ​ឲ្យ​លោក​ស្នងការ​រង​នគរបាល លោក កុល ផល្លី ឲ្យ​កោះ​ហៅ​ភាគី​ពាក់ព័ន្ធ​មក​សាកសួរ​បញ្ជាក់​ឡើង​វិញ។ ប៉ុន្តែ​ពេល​នេះ ខ្ញុំ​ទទួល​បាន​ព័ត៌មាន​មក​ថា លោក តែ សារិត បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្ថាប័ន​ព្រះរាជអាជ្ញា​មួយ​ទៀត មិន​ដឹង​ថា គាត់​ចង់​យ៉ាង​ម៉េច​ទេ។ ឥឡូវ​ខ្ញុំ​បាន​ដាក់​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​អនុវត្ត​តាម​ច្បាប់​រួច​ហើយ»

​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ អ្នកស្រី ចាត សូរស្មី បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ស្ថាប័ន​នេះ​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​បុរស​ឈ្មោះ តែ សារិត រួច​ហើយ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ហើយ​បាន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ពិនិត្យ មុន​នឹង​ឈាន​ដល់​មាន​ចំណាត់​ការ​តាម​នីតិវិធី​បន្ត​ទៀត។

ទាក់ទិន​បញ្ហា​នេះ នាយក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​លេខ២ លោក សំ ប្រាក់ បាន​បដិសេធ​ថា មិន​បាន​ទះ​កំផ្លៀង​បុរស​ឈ្មោះ តែ សារិត ដូច​ការ​ចោទ​នោះ​ទេ។ ជាង​នេះ​ទៀត លោក​ចោទ​បុគ្គល តែ សារិត ថា​ជា​ក្មេង​កំព្រា គ្មាន​ទីពឹង ឬ​គ្មាន​ការ​អប់រំ​ត្រឹមត្រូវ និង​ធ្លាប់​មាន​សកម្មភាព​មិន​ល្អ​ពី​អតីតកាល ហើយ​ជា​ក្មេង​ដែល​រូប​លោក​ធ្លាប់​ផ្ដល់​លុយ​កាក់​ឲ្យ​ចាយ​វាយ​កន្លង​មក។

លោក​នាយ​ប៉ុស្តិ៍​ដែល​កាន់​តំណែង​ច្រើន​ជាង ១០​ឆ្នាំ នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​២ រូប​នេះ គំរាម​ប្ដឹង​បក​ទៅ​ភ្នាក់ងារ​កាសែត "អំណាច​ខ្មែរ" ឈ្មោះ តែ សារិត នៅ​លើ​សំណុំ​រឿង​នេះ​នៅ​ពេល​ខាង​មុខ៖ «ខ្ញុំ​កាន់​តំណែង​ជា​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់២ ជាង ១០​ឆ្នាំ​មក​ហើយ ហើយ​បាន​ដូរ​តួនាទី​តំណែង​អភិបាល​ក្រុង និង​អធិការ​ចំនួន ២ ទៅ ៣​នាក់ មក​ហើយ​ដែរ។ ខ្ញុំ​មាន​អាយុ ៥០​ប្លាយ​ឆ្នាំ​ទៅ​ហើយ គឺ​មិន​ទៅ​ធ្វើ​សកម្មភាព​ផ្ដេសផ្ដាស ឬ​ប្រើ​ហិង្សា​ដូច​ការ​ចោទ​នោះ​ទេ។ បញ្ហា​នេះ​សិទ្ធិ​អ្នក​ប្ដឹង​គឺ​ឲ្យ​គេ​ប្ដឹង​ទៅ ប៉ុន្តែ​ចាំ​មើល​ដល់​ដៃ​តុលាការ ចាំ​ខ្ញុំ​វាយ​បក​វិញ»

​យ៉ាង​ណា​ក៏ដោយ​ចុះ លោក មឿន ឈានណារិទ្ធ នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​ព័ត៌មាន មាន​ប្រសាសន៍​ថា មិន​ដឹង​បញ្ហា​ផ្សេងៗ នៅ​ពី​ក្រោយ​ហេតុការណ៍​ឈាន​ដល់​មេ​ប៉ុស្តិ៍​នគរបាល​សង្កាត់២ ឈ្មោះ សំ ប្រាក់ ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​កាសែត​អំណាច​ខ្មែរ ឈ្មោះ តែ សារិត ឲ្យ​ច្បាស់​នោះ​ទេ។ ប៉ុន្តែ​លោក​ថា រាល់​ការ​ប្រើ​អំពើ​ហិង្សា គឺ​ជា​អំពើ​ល្មើសច្បាប់ និង​ទាមទារ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​ត្រូវ​ស្វែង​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ។

លោក មឿន ឈានណារិទ្ធ៖ «ការ​ប្រើ​អំពើ​ហិង្សា ការ​វាយ​ប្រហារ​ទៅ​លើ​អ្នក​សារព័ត៌មាន គឺ​ជា​ការ​វាយ​ប្រហារ​ទៅ​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ក៏​ដូចជា​សេរីភាព​សារព័ត៌មាន។ អ៊ីចឹង​ខ្ញុំ​គិត​ថា ទោះ​បី​អ្នក​កាសែត​ម្នាក់​ធ្វើ​ការ​អង្គភាព​សារព័ត៌មាន​មួយ​ដែល​គេ​មិន​សូវ​ស្គាល់ ឬ​អង្គភាព​សារព័ត៌មាន​មួយ​ដែល​មាន​ភាព​ចម្រូងចម្រាស​បែប​ណា​ក៏ដោយ ប៉ុន្តែ​យើង​មាន​ការ​ព្រួយបារម្ភ ព្រោះ​យើង​តែងតែ​គិត​ថា ការ​វាយ​ប្រហារ​ទៅ​លើ​អ្នក​សារព័ត៌មាន​ណា​ម្នាក់ គឺ​ជា​ការ​គំរាមកំហែង​ចំពោះ​ទាំង​អ្នក​សារព័ត៌មាន ក៏​ដូចជា​សេរីភាព​សារព័ត៌មាន​ទូទៅ»

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល និង​សមាគម​ការពារ​អ្នក​កាសែត​មួយ​ចំនួន​នៅ​កម្ពុជា ថ្លែង​ថា នឹង​រង់ចាំ​មើល​ការ​អនុវត្ត​ច្បាប់​ទៅ​លើ​សំណុំរឿង​ប្រើ​អំពើ​ហិង្សា ដែល​បុរស​ឈ្មោះ តែ សារិត ភ្នាក់ងារ​កាសែត "អំណាច​ខ្មែរ" ថា​តើ​តុលាការ​សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ក្រសួង​មហាផ្ទៃ មាន​នីតិវិធី​ផ្លូវ​ច្បាប់​បែប​ណា​ដើម្បី​រក​យុត្តិធម៌៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។